ពលរដ្ឋ​ចោទ​ក្រុមហ៊ុន​សម្អាត​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ថា​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង អះអាង​ថា ក្រុមហ៊ុន​សម្អាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ បាន​ឈូស​ឆាយ​តំបន់​ព្រៃ​សមូហភាព​សហគមន៍ ឬ​ព្រៃ​អ្នកតា​រកា​កាន់ អស់​រយៈពេល ៤​ថ្ងៃ​មក​ហើយ​គិត​មក​ដល់​ថ្ងៃ​ទី​១២ ខែ​មីនា។ សហគមន៍​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​តំណាង​ក្រុមហ៊ុន ផ្តល់​ព័ត៌មាន​ជាក់លាក់​ស្ដីពី​ការ​កំណត់​ព្រំ​ប្រទល់​ផ្ទៃ​អាង​ក្នុង​តំបន់​ព្រៃ​សហគមន៍។

សហគមន៍​ឃុំ​ស្រែគរ ស្រុក​សេសាន នៅ​ថ្ងៃ​ទី​១២ មីនា អំពាវនាវ​ឲ្យ​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ អន្តរាគមន៍​បញ្ឈប់​ការ​ឈូស​ឆាយ​ព្រៃ​សមូហភាព​សហគមន៍ ឬ​ព្រៃ​អ្នកតា​រកា​កាន់ ដោយ​ក្រុមហ៊ុន​សម្អាត​បាត​អាង។

តំណាង​ពលរដ្ឋ លោកស្រី សារឿន សាខុម បារម្ភ​ថា ព្រៃ​អ្នកតា​រកា​កាន់ មាន​ដើម​ឈើ​ធំៗ​មួយ​ចំនួន​នៅ​សេសសល់​ចុង​ក្រោយ​ជាច្រើន​ហិកតារ ប្រឈម​ការ​បាត់បង់ បន្ទាប់​ពី​ក្រុមហ៊ុន​សម្អាត​បាត​អាង​យក​គ្រឿងចក្រ​ឈូស​ឆាយ​ក្នុង​បរិវេណ​ដី​ព្រៃ​សហគមន៍​រយៈពេល ៤​ថ្ងៃ​កន្លង​មក។ លោកស្រី​ថា អ្នក​ភូមិ​មិន​ទាន់​កំណត់​ទំហំ​ផ្ទៃដី​នៃ​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​នោះ​ទេ បន្ទាប់​ពី​សហគមន៍​ប្រទះ​ឃើញ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន បាន​ឈូស​ឆាយ​ព្រៃ​សហគមន៍​កាល​ពី​ថ្ងៃ​ទី​៩ មីនា៖ « ក្រុមហ៊ុន​បាត​អាង​ឈូស​ឆាយ។ ខ្ញុំ​ឆ្ងល់​ណាស់​កន្លែង​ណា​ក៏​បាត​អាងៗ ជុំ​ទិស ទន្លេ​ស្រែពក ចូល​មក​ទន្លេ​សេសាន សុទ្ធតែ​បាត​អាង​ទាំងអស់ តាំង​ពី​ត្រើយ​ម្ខាង​ទៅ​នោះ ក៏​បាត​អាង​ទាំងអស់ »

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​សម្អាត​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ លោក អ៊ុំ រ៉េត ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១២ មីនា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ព្រៃ​សហគមន៍​ឃុំ​ស្រែគរ ឬ​ព្រៃ​អ្នកតា​រកា​កាន់ ឋិត​នៅ​អម​សង​ខាង​ផ្លូវ​ចូល​ការដ្ឋាន​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ មាន​ទំហំ​ជាង ២.៦០០​ហិកតារ ជា​តំបន់​ព្រៃ​ត្រៀម​បម្រុង​សម្រាប់​ការ​ប្រើប្រាស់​ជា​លក្ខណៈ​សមូហភាព​សហគមន៍ ដែល​មិន​ឋិត​ក្នុង​បរិវេណ​សម្អាត​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។

ករណី​នេះ​ដែរ មេ​ឃុំ​ស្រែគរ និង​ជា​សមាជិក​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់ លោក សៀក មេគង្គ និយាយ​ថា កន្លង​ទៅ ក្រុមហ៊ុន​បាន​កំណត់​ព្រំប្រទល់​ឈូស​ឆាយ​ដើម្បី​សម្អាត​បាត​អាង ប៉ុន្តែ​មិន​ទាន់​ចូលរួម​ពី​សហគមន៍​ឡើយ។ លោក​អះអាង​ថា អាជ្ញាធរ​ឃុំ នឹង​ពាំនាំ​ការ​ព្រួយ​បារម្ភ​របស់​សហគមន៍ ស្នើ​ទៅ​អាជ្ញាធរ​ស្រុក ដើម្បី​សម្រប​សម្រួល​បញ្ហា​នេះ។ លោក​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​សម្អាត​បាត​អាង និង​អាជ្ញាធរ មិន​ផ្តល់​ព័ត៌មាន​ស្ដីពី​ការ​បែង​ចែក​តំបន់​ដែល​ត្រូវ​ទឹក​លិច និង​តំបន់​ដែល​ត្រូវ​ឈូស​ឆាយ​ជាក់លាក់​ជូន​សហគមន៍​ជ្រាប​នៅ​ឡើយ​ទេ៖ « ខ្ញុំ​កំពុង​ព្យាយាម​និយាយ​ត​ទៀត គ្រាន់​តែ​ថា​ពួក​គាត់​ចង់​ដឹង​ជាក់លាក់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ហ្នឹង​ថា តំបន់​បាត​អាង​ត្រឹម​ណាៗ គាត់​ចង់​ដឹង​ប៉ុណ្ណឹង »

ទីប្រឹក្សា​នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន កត់​សម្គាល់​ថា ក្រុមហ៊ុន​សម្អាត​បាត​អាង​ទំនប់​វារីអគ្គិសនី មិន​ទាន់​កំណត់​ព្រំប្រទល់​តំបន់​ព្រៃ​ត្រូវ​សម្អាត​ជាក់លាក់ ជា​ដើម​ចម​បង្ក​ឲ្យ​បាត់បង់​ដី​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​នៅ​តំបន់​ផ្សេង​ទៀត។ លោក​ថា ប្រសិន​បើ​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​គួរ​តែ​ចេញ​លិខិត​បទដ្ឋាន ស្នើ​មក​សហគមន៍ និង​កោះ​ប្រជុំ​ដក​ហូត​ដី​សហគមន៍​វិញ​មាន​ទំហំ​ប៉ុណ្ណា​ឲ្យ​ប្រាកដ ដើម្បី​ងាយ​ស្រួល​សហគមន៍​អភិរក្ស​ព្រៃ​សហគមន៍​តំបន់​ណា​ដែល​មិន​ប៉ះពាល់៖ « កម្ពស់​របស់​វា​ហ្នឹង​វា​មាន​កម្ពស់​ប៉ុន្មាន​ដល់​ត្រឹម​ណា ? វា​ឡើង​ដល់​ត្រឹម​ណា​ទឹក​ហ្នឹង។ យើង​កំណត់​ការ​ឈូស​ឆាយ​ឲ្យ​បាន​ជាក់លាក់​ទៅ។ អត់​បាន​ធ្វើ​ចឹង សហគមន៍​នៅ​តែ​មន្ទិល »

គោល​នយោបាយ​ផ្តល់​សំណង​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ ឋិត​ក្នុង​គម្រោង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ទៅ​តាំង​ទីលំនៅ​កន្លែង​ថ្មី ក្រៅ​ពី​សំណង​ផ្ទះ​សម្បែង ដី​លំនៅឋាន ផល​ដំណាំ រាជ​រដ្ឋាភិបាល​សម្រេច​ផ្តល់​ដី​កសិកម្ម​ជា​កម្មសិទ្ធិ​ជូន​អ្នក​ភូមិ​ក្នុង​មួយ​គ្រួសារ ៥​ហិកតារ​ដូចៗ​គ្នា។ រហូត​ទល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ ២៥០​គ្រួសារ​ក្នុង​ចំណោម​អ្នក​ភូមិ​សរុប​ចំនួន ៥៧០​គ្រួសារ មិន​ទាន់​យល់ព្រម​ទទួល​យក​សំណង​នោះ​នៅ​ឡើយ ព្រោះ​ពលរដ្ឋ​ទាមទារ​បង្កើត​ផែនការ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយ​ខ្លួន​ឯង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។