ក្នុងកិច្ចប្រជុំគណៈកម្មការរួមកម្ពុជា-អឺរ៉ុប លើកទី៩ នៅថ្ងៃទី៤ ឧសភា នៅក្រសួងការបរទេសកម្ពុជា ប្រធានផ្នែកអាស៊ីខាងកើតនៃសហភាពអឺរ៉ុប លោក ភីធឺ ប៊ឺស (Peter Berz) ថ្លែងបញ្ជាក់ថា សហភាពអឺរ៉ុប ចង់ឃើញកម្ពុជា ដែលជាប្រទេសនាំទំនិញទៅផ្គត់ផ្គង់ទីផ្សារអឺរ៉ុប ធានាបានថា គ្មានការរំលោភបំពានសិទ្ធិមនុស្ស ការប្លន់យកដីធ្លី ឬរឹបអូសយកដីប្រជាពលរដ្ឋនៅពេលធ្វើការវិនិយោគ។
ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប នេះ សំដៅទៅលើជម្លោះដីធ្លីរ៉ាំរ៉ៃរវាងពលរដ្ឋ និងក្រុមហ៊ុនផលិតស្ករសនៅតាមបណ្ដាខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា។ សហភាពអឺរ៉ុប បញ្ជាក់ថា ខ្លួនចង់ឃើញរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធ ដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករសនេះចេញជាសកម្មភាពជាក់ស្ដែង៖ « យើងមើលឃើញថា ការនាំស្ករចេញពីប្រទេសកម្ពុជា ទៅអឺរ៉ុប កំពុងធ្លាក់ចុះ ហើយយើងមិនច្បាស់ថា វាបណ្ដាលមកពីជម្លោះនេះ ឬយ៉ាងណា។ យើងក៏បានធ្វើការជាមួយរដ្ឋាភិបាល ដើម្បីធានាថា ជម្លោះដីធ្លីនេះត្រូវបានដោះស្រាយត្រឹមត្រូវ ដូចជាការផ្ដល់សំណងសមរម្យជូនពលរដ្ឋ »។
ភាគីកម្ពុជា វិញ បានពន្យល់ប្រាប់សហភាពអឺរ៉ុប ពីស្ថានភាពវិវឌ្ឍន៍នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដីធ្លីស្ករសនេះ។
អនុរដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ មានប្រសាសន៍ថា រដ្ឋាភិបាលបានផ្ដល់អាជ្ញាសឹកដល់រដ្ឋបាលថ្នាក់ខេត្ត ដើម្បីសម្របសម្រួលក្នុងដំណើរការស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះដីធ្លីនេះ។ លោកក៏បានលើកឡើងពីចំណាត់ការរបស់រដ្ឋាភិបាល ដែលដកយកដីសម្បទានសេដ្ឋកិច្ចមកវិញ ហើយពិនិត្យផ្ទៀងផ្ទាត់ឡើងវិញពីលក្ខខណ្ឌនៃការផ្ដល់ដីសម្បទាន ដើម្បីធានាថាប្រជាពលរដ្ឋមិនទទួលរងគ្រោះដោយសារគម្រោងវិនិយោគ។ បន្ថែមពីលើនេះ កម្ពុជា បង្ហាញពីយន្តការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម មុននឹងសម្រេចឲ្យមានការវិនិយោគ។

ប្រជាពលរដ្ឋដែលអះអាងថាត្រូវបានក្រុមហ៊ុន ឡាន ហ្វេង (Lan Feng) និង រ៉ួយ ហ្វេង (Rui Feng) ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ រំលោភយកដី លោក ស៊ុត សាវន បញ្ជាក់ថា រយៈពេលជាង ៤ឆ្នាំហើយ គ្រួសារ និងអ្នកភូមិលោកជាង ៣០០គ្រួសារ មិនទាន់ឃើញអាជ្ញាធរចុះមកដោះស្រាយវិវាទដីធ្លីនេះនៅឡើយទេ។ លោកត្អូញត្អែរពីការខ្វះខាតដីចម្ការ កូនៗខកខានមិនបានទៅសាលា និងខ្វះទឹកប្រើប្រាស់ ព្រមទាំងបាត់បង់ប្រពៃណីដីព្រៃសហគមន៍។
របាយការណ៍ក្រសួងពាណិជ្ជកម្ម ឲ្យដឹងថា កម្ពុជា បាននាំស្ករសចេញទៅសហភាពអឺរ៉ុប ២៥,៨តោនកាលពីឆ្នាំ២០១៣ ហើយគ្រោងនាំចេញចំនួន ២៤តោនក្នុងឆ្នាំ២០២០។ ក៏ប៉ុន្តែដំណើរការនាំចេញត្រូវរអាក់រអួល ដោយសារប្រជាសហគមន៍ដែលនៅតំបន់ចម្ការអំពៅផលិតស្ករស ចេញតវ៉ាត្អូញត្អែរ និងដាក់ពាក្យបណ្ដឹងពីការបាត់បង់ដីធ្លី ស្រែចម្ការ ដោយសារក្រុមហ៊ុនវិនិយោគច្បាមយកដោយមិនផ្ដល់ដំណោះស្រាយសមរម្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។