អភិបាល​ខេត្ត​ព្រះសីហនុ​ស្នើ​ពលរដ្ឋ​រស់នៅ​លើ​ដី​ហាមឃាត់​តំបន់​ក្បាលឆាយ​រើ​ទៅ​ទីតាំង​ថ្មី

0:00 / 0:00

អភិបាល​ខេត្ត​ព្រះសីហនុ ស្នើ​ប្រជាពលរដ្ឋ​ដែល​សង់​ផ្ទះ​រស់នៅ​លើ​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​ហាមឃាត់​សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាលឆាយ ឬ​នៅ​ក្នុង​បរិវេណ​ដី ៥៥​ហិកតារ​នៅ​សង្កាត់​១ ឲ្យ​ទៅ​ចុះ​ឈ្មោះ​ទទួល​យក​ចំណែក​ដី​នៅ​ទីតាំង​ផ្សេង ដែល​រដ្ឋបាល​ខេត្ត​ផ្តល់​ជូន និង​មាន​សុវត្ថិភាព​តាម​ផ្លូវ​ច្បាប់។

បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​សង្គម បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​នេះ​ថា ក្រោយ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ទីតាំង​បរិវេណ​ដី​ទាំង ៥៥​ហិកតារ អាជ្ញាធរ​ត្រូវ​តែ​យក​ទីតាំង​នោះ​ដាំ​ដើម​ឈើ​ឡើង​វិញ ដោយ​មិន​ត្រូវ​ប្រគល់ ឬ​លក់​បន្ត​ឲ្យ​ឈ្មួញ​ដូច​ធ្លាប់​អនុវត្ត​នា​ពេល​កន្លង​មក​ទៀត​ទេ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​ទៅ​សង់​ផ្ទះ ឬ​មាន​ឈ្មោះ​រស់នៅ​លើ​ដី​រដ្ឋ​បាន​ហាមឃាត់ លើ​ដី​អនុក្រឹត្យ​លេខ​៧៦ នៅ​តំបន់​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ ឬ​ក្នុង​បរិវេណ​ដី ៥៥​ហិកតារ មាន​ទីតាំង​នៅ​សង្កាត់​១ ក្រុង​ព្រះសីហនុ ត្រូវ​ទៅ​ចុះ​ឈ្មោះ​ចាប់​ឆ្នោត​យក​ចំណែក​ដី​សង់​ផ្ទះ​ថ្មី ដែល​រដ្ឋបាល​ខេត្ត​រៀបចំ​ជូន​មាន​ទីតាំង​នៅ​ជាប់​ទីតាំង​ចាស់។

លោក​បញ្ជាក់​ថា ទំហំ​ដី​ដែល​រដ្ឋបាល​ខេត្ត​បម្រុង​ទុក​ជូន​ពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​ខុស​ច្បាប់​ទាំង ៥៥​ហិកតារ អាច​មាន​ចន្លោះ​ពី ២៥០ ទៅ ៣០០​គ្រួសារ ហើយ​ទំហំ​ដី​ដែល​អាជ្ញាធរ​ផ្តល់​ជូន គឺ​មាន​ទំហំ ៥ គុណ ២០​ម៉ែត្រ និង​មាន​សុវត្ថិភាព​រស់នៅ​ស្រប​ច្បាប់។

លោក យន្ត មីន បាន​ព្រមាន​ថា រដ្ឋបាល​ខេត្ត​នេះ​នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​សង់​ផ្ទះ​រស់នៅ​លើ​ដី​រដ្ឋ​ហាមឃាត់ សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​តំបន់​ក្បាលឆាយ ក្នុង​បរិវេណ​ដី​ទាំង ៥៥​ហិកតារ​ទៀត​ទេ ហើយ​បើ​មាន​ពលរដ្ឋ​ណា​ម្នាក់​ប្រឆាំង​នឹង​ផែនការ​ការពារ​តំបន់​រក្សា​ប្រភព​ទឹក​ស្អាត​របស់​អាជ្ញាធរ នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់៖ « ពេល​នេះ​អ្នក​រស់នៅ​ក្នុង​បរិវេណ​ដី ៥៥​ហិកតារ​ហ្នឹង ត្រូវ​តែ​រុះរើ​ផ្ទះ ឬ​ទីលំនៅ​មក​រស់នៅ ឬ​សង់​ផ្ទះ​រស់នៅ​ខាង​ក្នុង​វិញ ដើម្បី​ប្រគល់​ទីតាំង​នោះ​ជូន​សម្រាប់​ប្រភព​ទឹក​ស្អាត​តំបន់​ក្បាលឆាយ​គ្រប់គ្រង​វិញ។ តាម​ស្មារតី​អនុក្រឹត្យ​ថ្មី​លេខ​១១៦ របស់​រដ្ឋាភិបាល​នេះ គឺ​បាន​ផ្តល់​អំណាច​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រៀបចំ​ចាត់ចែង​ដោយ​ធ្វើ​ការ​ជម្លៀស​បង​ប្អូន​ពលរដ្ឋ​រស់នៅ​ក្នុង​បរិវេណ​ដី​រដ្ឋ​ហាមឃាត់ ៥៥​ហិកតារ ទៅ​កាន់​ទីតាំង​ផ្សេង ហើយ​សម្រាប់​ពលរដ្ឋ​ណា​មាន​ទំហំ​ដី​ធំ​នៅ​ខាង​ក្នុង​បរិវេណ ៥៥​ហិកតារ​ហ្នឹង ពេល​មក​រស់នៅ​ខាង​ក្រៅ គឺ​ត្រូវ​រុះរើ​ខ្លះ ដើម្បី​ចែក​ដល់​អ្នក​ផ្សេង »

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ផ្ទះ​សង់​នៅ​លើ​ដី​ក្នុង​បរិវេណ​ដី​តំបន់​ក្បាលឆាយ ៥៥​ហិកតារ ផ្ទះ​សម្បែង​របស់​ពួក​គាត់​ត្រូវ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ឈូស​កម្ទេច​រាប​ដល់​ដី និង​បាន​គំរាម​ពលរដ្ឋ​រស់នៅ​តំបន់​នេះ​មិន​ឲ្យ​តវ៉ា ឬ​ថត​យក​រូបភាព​នៃ​សកម្មភាព​គ្រឿងចក្រ​ឈូស​បំផ្លាញ​ផ្ទះ​របស់​ពួក​គេ​ថែម​ទៀត។

ប្រជាពលរដ្ឋ​មួយ​ចំនួន ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​ទទូច​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌ និង​ស្នើ​រស់នៅ​លើ​ដី​ធ្លាប់​រស់នៅ​យូរ​ឆ្នាំ។ ជាង​នេះ​ទៀត ក្រុម​ប្រជាពលរដ្ឋ​ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចោទ​ថា​បាន​មក​តាំង​ទីលំនៅ​លើ​ដី​រដ្ឋ​ហាមឃាត់​ក្នុង​បរិវេណ​ដី ៥៥​ហិកតារ សង្កាត់​១ នា​តំបន់​ក្បាលឆាយ ថ្លែង​ថា ទំហំ​ដី​ដែល​រដ្ឋបាល​ខេត្ត​ផ្តល់​ជូន​ពួក​គេ​មាន​ទំហំ​តូច​ពេក ហើយ​ទីតាំង​ដី​ផ្តល់​ជូន​នោះ​ហាក់​មិន​មាន​ភាព​ស្រប​ច្បាប់​ត្រឹមត្រូវ​ទេ ព្រោះ​ដី​ផ្តល់​ជូន​នោះ​នៅ​លើ​ទីតាំង​ដី​របស់​ប្រជាពលរដ្ឋ​ផ្សេង។

ក្រុម​ពលរដ្ឋ ឲ្យ​ដឹង​ថា ទំហំ​ដី​ផ្ទះ និង​ដី​កសិកម្ម​ដែល​ពួក​គេ​កំពុង​រស់នៅ​ក្នុង​សង្កាត់​១ ដែល​ត្រូវ​អាជ្ញាធរ​បណ្ដេញ​ចេញ​មាន​ទំហំ​ធំ និង​មាន​ដាំ​រុក្ខជាតិ ឬ​ដំណាំ​ហូប​ផ្លែ​នៅ​លើ​ដី​នោះ​ជាច្រើន​ឆ្នាំ​មក​ហើយ៖ « គឺ​អាជ្ញាធរ​បាន​បិទ​សិទ្ធិ​គ្រប់​បែប​យ៉ាង ហើយ​បាន​ដើរ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ និង​បង្ខិត​បង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ផ្ដិត​មេដៃ ត្រូវ​យល់ព្រម​ទទួល​យក​ដី​ក្បាល ៥ គុណ ២០​ម៉ែត្រ ដែល​រដ្ឋបាល​ខេត្ត​ផ្តល់​ជូន។ ជាង​នេះ គេ​យក​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ទទួល​បាន​ពី​ការ​គំរាម​កំហែង​នោះ យក​ទៅ​ផ្សព្វផ្សាយ​ឲ្យ​អ្នក​កាសែត​ដែល​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​អាជ្ញាធរ ផ្សព្វផ្សាយ​ថា ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​បាន​យល់ព្រម​ទទួល​យក និង​ការ​ដោះដូរ​លំនៅឋាន​ទៅ​កាន់​ទីតាំង​ផ្សេង​រួច​ហើយ។ ប៉ុន្តែ​តាម​ការពិត​ជាក់ស្តែង គឺ​មិន​ដែល​ពលរដ្ឋ​ទៅ​ឆោត​ល្ងង់​យក​ដី​មាន​ទំហំ​ធំ ទៅ​ដូរ​យក​ដី​តូច​ចង្អៀត​នោះ​ទេ »

បញ្ហា​នេះ​ដែរ មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការ​គោរព​សិទ្ធិ​មនុស្ស​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​នេះ ត្រូវ​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់ និង​បន្ត​ការ​តវ៉ា​នេះ​ដោយ​សន្តិវិធី ជា​ជាង​ប្រើ​អំពើ​ហិង្សា ឬ​ប្រើ​ប្រព័ន្ធ​តុលាការ និង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​គំរាម​កំហែង​បំបិទ​សិទ្ធិ​មិន​ឲ្យ​ពលរដ្ឋ​សម្ដែង​មតិ។ បន្ថែម​លើ​នេះ រដ្ឋបាល​ខេត្ត​គួរ​តែ​បែងចែក​ចំណែក​ដី​បម្រុង​ទុក​ជូន​ពលរដ្ឋ ដែល​យល់ព្រម​ប្ដូរ​ទីតាំង​រស់នៅ​ទៅ​កាន់​ទីតាំង​ផ្សេង​ពី​បរិវេណ​ដី​រដ្ឋ​ហាមឃាត់​ទាំង ៥៥​ហិកតារ​នោះ ឲ្យ​មាន​ទំហំ​ធំ​ជាង ៥ គុណ ២០​ម៉ែត្រ ព្រោះ​ទំហំ​ដី​ដែល​អាជ្ញាធរ​ផ្តល់​ជូន​នេះ​តូច​ពេក មិន​អាច​ឲ្យ​ពួក​គេ​ដាំ​ដំណាំ​រួម​ផ្សំ ដើម្បី​ចិញ្ចឹម​ជីវិត​បាន​ទេ។

ពលរដ្ឋ​រំពឹង​ថា រដ្ឋបាល​ខេត្ត​នឹង​យក​ដី​នោះ​ទៅ​ដាំ​កូន​ឈើ និង​អភិរក្ស​ឲ្យ​បាន​គង់វង្ស ដោយ​មិន​ត្រូវ​លក់​ដូរ​បន្ត ឬ​វិនិយោគ​ទៅ​ឲ្យ​ឈ្មួញ ដូច​រដ្ឋបាល​ខេត្ត​នេះ​ធ្លាប់​បាន​អនុវត្ត​នៅ​តាម​ទីតាំង​មួយ​ចំនួន​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ នា​ពេល​កន្លង​ទៅ​ទៀត​ទេ។ ហើយ​ម្យ៉ាង​ទៀត ត្រូវ​ចៀសវាង​កុំ​ឲ្យ​ដូច​ពាក្យ​មួយ​ឃ្លា​ដែល​គេ​និយម​និយាយ​ត​គ្នា​ថា «ដេញ​អា​តូច យក​ឲ្យ​អា​ធំ»។

ឆ្លើយតប​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បញ្ជាក់​ថា ដី​អនុក្រឹត្យ​លេខ​៧៦ ឬ​ដី​រដ្ឋ​ហាមឃាត់​សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាលឆាយ នា​បរិវេណ​ដី ៥៥​ហិកតារ ដែល​រដ្ឋបាល​ខេត្ត​មិន​តម្រូវ​ឲ្យ​ពលរដ្ឋ​ទៅ​សង់​ផ្ទះ​រស់នៅ​អនាធិបតេយ្យ​នេះ គឺ​រដ្ឋបាល​ខេត្ត​នឹង​យក​មក​ដាំ​កូន​ឈើ​ឡើង​វិញ​ទាំងអស់។ អភិបាល​រូប​នេះ​បាន​ប្រកាស​ក្ដែងៗ​ថា បរិវេណ​ដី​ទាំង ៥៥​ហិកតារ​នេះ នឹង​មិន​ត្រូវ​លក់​ដូរ ឬ​ដកហូត​ពី​ប្រជាពលរដ្ឋ ដើម្បី​យក​ទៅ​ឲ្យ​ឈ្មួញ ឬ​បុគ្គល​ផ្សេង​ដូច​ពាក្យ​ចចាមអារ៉ាម​បាន​ផ្សព្វផ្សាយ​នា​ពេល​កន្លង​ទៅ​នោះ​ទេ គឺ​រដ្ឋបាល​ខេត្ត​នឹង​ដាំ​កូន​ឈើ ហើយ​អភិរក្ស​ឲ្យ​បាន​គង់វង្ស៖ « យើង​ត្រូវ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​១១៦ ឲ្យ​បាន​ទាំងអស់​គ្នា ហើយ​បង​ប្អូន​ដែល​សង់​ផ្ទះ​រស់នៅ​លើ​ដី ៥៥​ហិកតារ ដែល​រដ្ឋ​បាន​ហាមឃាត់​នោះ ត្រូវ​រុះរើ​ផ្ទះ​មក​រស់នៅ​លើ​ដី​ដែល​រដ្ឋបាល​ខេត្ត​បម្រុង​ទុក​ផ្តល់​ជូន មាន​ទីតាំង​នៅ​ក្បែរ​នោះ និង​មាន​សុវត្ថិភាព​ផ្លូវ​ច្បាប់​ត្រឹមត្រូវ។ សូម​បង​ប្អូន​ប្រជាពលរដ្ឋ ត្រូវ​ជឿជាក់​លើ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​សម្ដេច​តេជោ ដែល​ខ្ញុំ​ជា​កូន​ចៅ​នៅ​ថ្នាក់​ខេត្ត​នេះ នឹង​ខំ​អនុវត្ត​តាម​មិន​ឲ្យ​ឃ្លៀងឃ្លាត​ពី​គោល​នយោបាយ​របស់​សម្ដេច​នោះ​ទេ គឺ​ខិតខំ​បម្រើ​បង​ប្អូន​ប្រជាពលរដ្ឋ ឲ្យ​ការ​រស់នៅ​មាន​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ »

បច្ចុប្បន្ន​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ស្នើ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​រាប់​សិប​នាក់​ក្នុង​ខេត្ត​នេះ មាន​កម្លាំង​កង​រាជ​អាវុធហត្ថ កម្លាំង​នគរបាល និង​កម្លាំង​យោធា ជាដើម ដើម្បី​ពង្រាយ​កម្លាំង​រង់ចាំ​ការពារ​សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូស​កំណត់​ព្រំ​ដី​ការពារ​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាលឆាយ​នា​បរិវេណ​ដី ៥៥​ហិកតារ មាន​ទីតាំង​នៅ​សង្កាត់​១ ក្រុង​ព្រះសីហនុ។

ប្រធាន​ក្រុម​ការងារ​ដឹកនាំ​សកម្មភាព​ឈូស​ឆាយ​កំណត់​ព្រំ​ដី​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាលឆាយ និង​ប្រើ​ធម៌​ក្តៅ​ទៅ​លើ​ពលរដ្ឋ ដែល​រដ្ឋបាល​ខេត្ត​នេះ​ចោទ​ថា​សង់​ផ្ទះ​រស់នៅ​លើ​ដី​រដ្ឋ​ហាមឃាត់​នេះ លោក ស្រ៊ុន ស្រ៊ន់ អភិបាល​រង​ខេត្ត​ព្រះសីហនុ។

សកម្មភាព​នេះ ត្រូវ​ប្រជាពលរដ្ឋ​មាន​ផ្ទះ​សង់​នៅ​លើ​បរិវេណ​ដី ៥៥​ហិកតារ​នោះ ឲ្យ​ដឹង​ថា មាន​ផ្ទះ​ប្រជាពលរដ្ឋ​រាប់​សិប​ខ្នង ត្រូវ​គ្រឿងចក្រ និង​ត្រូវ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ រុះរើ និង​ឈូស​កម្ទេច​ចោល ហើយ​បាន​គំរាម​ចាប់​ពលរដ្ឋ​ដាក់​គុក​ច្រវាក់ បើ​សិន​ជា​ពលរដ្ឋ​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​តវ៉ា និង​ថត​រូប​សកម្មភាព​របស់​អាជ្ញាធរ​រុះរើ​ផ្ទះ ឬ​លំនៅឋាន​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។