ពលរដ្ឋ​៣០​គ្រួសារ​រស់នៅ​សំណង់​អនាធិបតេយ្យ​នៅ​ក្រុង​បាត់ដំបង​ចាប់​ឆ្នោត​ទទួល​ដី​ឡូ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង ៣​សង្កាត់ ចំនួន ៣០​គ្រួសារ ក្នុង​ចំណោម ៨២​គ្រួសារ ដែល​រស់នៅ​សំណង់​អនាធិបតេយ្យ​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​រសៀល​ថ្ងៃ​ទី​៦ តុលា នាំ​គ្នា​ចាប់​ឆ្នោត​ទទួល​ដី​ឡូ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា និង​អាជ្ញាធរ​ក្រុង​បាត់ដំបង។ ការ​ចាប់​ឆ្នោត​ទទួល​ដី​ឡូ​នេះ ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​ប្រជាពលរដ្ឋ បន្ទាប់​ពី​ពួក​គាត់​រស់នៅ​លើ​ដី​សំណង់​អនាធិបតេយ្យ​អស់​ជាច្រើន​ឆ្នាំ។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​សំណង់​អនាធិបតេយ្យ​ទាំង ៣០​គ្រួសារ នៅ​ក្រុង​បាត់ដំបង ត្រូវ​បាន​អាជ្ញាធរ​ក្រុង​បាត់ដំបង និង​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា រៀបចំ​ឲ្យ​ចាប់​ឆ្នោត​ទទួល​ដី​ឡូ​នៅ​សាលា​សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង ក្រោម​ការ​ឃ្លាំ​មើល​ពី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​បាត់ដំបង។

ប្រធាន​កម្មវិធី​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា ប្រចាំ​ខេត្ត​បាត់ដំបង លោក តេង គឹមសាន មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ចាប់​ឆ្នោត​ចែក​ដី​ឡូ​ជូន​ប្រជាពលរដ្ឋ​នៅ​រសៀល​ថ្ងៃ​ទី​៦ តុលា ថា ប្រជាពលរដ្ឋ​ចំនួន ៣០​គ្រួសារ ក្នុង​ចំណោម ៨២​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ ហើយ​រស់នៅ​លើ​ដី​សំណង់​អនាធិបតេយ្យ​នៅ​សង្កាត់​ចំនួន​៣ គឺ​សង្កាត់​ព្រែកព្រះស្ដេច សង្កាត់​រតនៈ និង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​នឹង​ទទួល​បាន​ដី​មួយ​គ្រួសារ​មួយ​ឡូ ដែល​មាន​ទំហំ​ទទឹង ៤​ម៉ែត្រ​កន្លះ និង​បណ្ដោយ ៨​ម៉ែត្រ នៅ​ចំណុច​ភូមិ​អូរខ្ជាយ សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង៖ «បាទ! ក្រោយ​ពី​ប្រជាពលរដ្ឋ​ចាប់​ឆ្នោត​បាន​ហើយ យើង​នឹង​ផ្ដល់​បង្កាន់ដៃ​ដែល​មាន​កិច្ចសន្យា​មួយ​ជូន​ពួក​គាត់ គឺ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​រស់នៅ​លើ​ដី​នោះ​តាម​កិច្ចសន្យា​នៃ​ដី​សង្គមកិច្ច»

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ចំនួន ៥២​គ្រួសារ​ទៀត នឹង​បែង​ចែក​ជា​បន្តបន្ទាប់​នៅ​ពេល​ក្រោយ គឺ​បន្ទាប់​ពី​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា ធ្វើ​ការ​ចាក់​ដី និង​រៀបចំ​ប្រព័ន្ធ​លូ​រួច។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ចូលរួម​ចាប់​ឆ្នោត​ទទួល​ដី​ឡូ​នៅ​សាលា​សង្កាត់​ព្រែកព្រះស្ដេច ថ្លែង​ថា ពួក​គាត់​ទន្ទឹង​រង់ចាំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បែង​ចែក​ដី​ឡូ ដើម្បី​សង់​លំនៅឋាន​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ទើប​តែ​មាន​ឱកាស​ចាប់​ឆ្នោត​ទទួល​ដី​ជា​លើក​ដំបូង​នេះ។ អ្នក​ភូមិ​បន្ត​ថា ពួក​គាត់​មាន​ក្ដី​សប្បាយ​រីក​រាយ​ជា​ខ្លាំង ដែល​បាន​ចាប់​ឆ្នោត​ទទួល​ដី​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​នេះ៖ «ពួក​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ទទួល​បាន​ដី ប៉ុន្តែ​ពួក​ខ្ញុំ​មិន​ដឹង​ថា​ដី​ដែល​អង្គការ និង​អាជ្ញាធរ​ផ្ដល់​ឲ្យ​នេះ ទៅ​ជា​យ៉ាង​ណា​នោះ​ទេ​ទៅ​ថ្ងៃ​អនាគត»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ អភិបាល​រង​ក្រុង​បាត់ដំបង លោក ឌី ពៅ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​ចាប់​ឆ្នោត​ទទួល​ដី​នេះ អ្នក​ខ្លះ​រស់នៅ​សំណង់​អនាធិបតេយ្យ​តាម​ទី​វត្ត​អារាម និង​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​បាត់ដំបង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ទើប​អាជ្ញាធរ​ក្រុង​បាន​សហការ​ជាមួយ​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា រៀបចំ​ឲ្យ​ពួក​គាត់​ចាប់​ឆ្នោត​បែង​ចែក​ដី​ឡូ​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​មាន​របៀប​រៀបរយ​ក្នុង​ក្រុង​បាត់ដំបង។ លោក​អះអាង​ថា ប្រជាពលរដ្ឋ​បន្ទាប់​ពី​ទទួល​បាន​ដី​ហើយ ត្រូវ​ទៅ​រស់នៅ​លើ​ដី​នោះ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន ៦​ខែ​ក្នុង​មួយ​ឆ្នាំ៖ «ការ​ជ្រើស​រើស​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​យក​ដី​ឡូ​នេះ ធ្វើ​ឡើង​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ពួក​គាត់​នោះ​ទេ គឺ​ប្រជាពលរដ្ឋ​ស្ម័គ្រ​ចិត្ត​ទៅ​រស់​លើ​ដី​បែង​ចែក​នេះ​ដោយ​ខ្លួន​ឯង»

ទោះ​ជា​យ៉ាង​នេះ​ក្ដី ដី​ឡូ​ដែល​ប្រជាពលរដ្ឋ​ទទួល​បាន​នោះ អាជ្ញាធរ​ពុំ​ទាន់​ចេញ​ប្លង់​រឹង​ស្រប​ច្បាប់​ជូន​ពួក​គាត់​នៅ​ឡើយ​ទេ។ ដី​នេះ ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់ ឬ​ហៅ​ថា​ប្លង់​រឹង លុះ​ណា​ពួក​គាត់​ទៅ​រស់នៅ​លើ​ដី​នោះ​រយៈពេល ១០​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។