អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ព្រមាន​ចាត់​វិធានការ​អ្នក​ទន្ទ្រាន​កាន់​កាប់​ដី​គម្រប​ព្រៃ​ឈើ

0:00 / 0:00

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​គម្រប​ព្រៃ​ឈើ ដែល​រដ្ឋាភិបាល​បាន​រក្សា​ទុក​កាល​ពី​ឆ្នាំ​២០០២ ហើយ​បច្ចុប្បន្ន​ត្រូវ​គេ​កាប់​បំផ្លាញ​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​បាន​រិះគន់​ថា បទល្មើស​កាន់​កាប់​ដី​ព្រៃ​គម្រប​ព្រៃ​ឈើ​ធ្វើ​កម្មសិទ្ធិ​នា​មូលដ្ឋាន​នេះ​ពី​សំណាក់​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​មាន​ងារ​ជា​ឧកញ៉ា បន្ត​កើត​មាន​រាល់​ថ្ងៃ និង​គ្មាន​អាជ្ញាធរ​ចុះ​បង្ក្រាប​ទេ។

ទោះ​បី​ជា​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រមាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ចុះ​បង្ក្រាប​អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​ដុត​រាន​យក​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាន​ទីតាំង​នៅ​ស្រុក​ព្រៃនប់ ឬ​ព្រៃ​ឈើ​នៅ​ចុង​ឆ្នេរ​អូរត្រេះ ឬ​ពយ​ម៉ាចូវ យក​ទៅ​ផ្ដន្ទាទោស​បែប​ណា​ក្តី ក៏​គិត​មក​ដល់​ថ្ងៃ​ទី​១៤ ខែ​មិថុនា នេះ បទល្មើស​រាន​ដី​ព្រៃ​ទាំង​នេះ​បាន​បន្ត​កើត​មាន​ដដែល។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា រដ្ឋបាល​ខេត្ត​នេះ​បាន​ប្រជុំ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​តាម​មូលដ្ឋាន ឲ្យ​ចុះ​ស្រង់​ស្ថិតិ​ចំនួន​ប្រជាពលរដ្ឋ ឬ​អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​ទន្ទ្រាន​កាប់​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ មុន​នឹង​ឈាន​ដល់​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។ លោក​ព្រមាន​ថា អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​រាន​ដី​គម្រប​ព្រៃ​ឈើ​ធ្វើ​កម្មសិទ្ធិ​នា​មូលដ្ឋាន​នេះ ពិសេស​ព្រៃ​ឈើ​នៅ​ម្តុំ​ចុង​ឆ្នេរ​អូរត្រេះ ឬ​ពយ​ម៉ាចូវ អាច​នឹង​ឈាន​ដល់​ឃាត់​ខ្លួន​ជន​ប្រព្រឹត្តិ​ល្មើស ឬ​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​នេះ៖ « ខ្ញុំ​បាន​ប្រជុំ​មន្ត្រី​ជំនាញ ដើម្បី​ត្រៀម​កម្លាំង​ចុះ​ទប់ស្កាត់ ឬ​ឈាន​ដល់​នាំ​ខ្លួន​ជន​ប្រព្រឹត្តិ​ល្មើស​មក​ផ្ដន្ទាទោស ចំពោះ​បទល្មើស​រាន​យក​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ។ អាជ្ញាធរ​កំពុង​ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ »

យ៉ាង​នេះ​ក្តី គេ​សង្កេត​ឃើញ​ថា ដី​គម្រប​ព្រៃ​ឈើ​ដែល​រដ្ឋាភិបាល​បម្រុង​ទុក​កាល​ពី​ឆ្នាំ​២០០២ បច្ចុប្បន្ន​នេះ ត្រូវ​ជន​ល្មើស​មាន​ទាំង​ពលរដ្ឋ​សាមញ្ញ មន្ត្រី​មាន​អំណាច​ទាំង​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ និង​ឈ្មួញ​មាន​ទ្រព្យ​មាន​ងារ​ជា​ឧកញ៉ា កំពុង​ប្រើ​គ្រប់​រូបភាព​កាប់​ទន្ទ្រាន​ដី​នៅ​ក្នុង​បរិវេណ​គម្រប​ព្រៃ​ឈើ​រាប​ដល់​ដី ហើយ​មាន​សង់​ផ្ទះ​តូចៗ និង​ហ៊ុមព័ទ្ធ​របង​ឈើ និង​ថ្ម ដើម្បី​កំណត់​ព្រំ​ដី​យ៉ាង​អនាធិបតេយ្យ ហើយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់​ទេ។

ត្រង់​ចំណុច​នេះ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ដែល​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​គម្រប​ព្រៃ​ឈើ​នា​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់។ លោក​សង្កេត​ឃើញ​ថា ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ត្រូវ​គេ​កាប់​ដុត និង​ហ៊ុមព័ទ្ធ​របង​សម្គាល់​ក្បាល​ដី​ម្ចាស់​នីមួយៗ មាន​សង់​ផ្ទះ​ឈើ​តូចៗ និង​សង់​របង​ថ្ម​រឹងមាំ​ជាដើម នៅ​លើ​ដី​នោះ។ លោក​សោកស្ដាយ​ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ គ្មាន​សកម្មភាព​ទប់ស្កាត់​បទល្មើស​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ ដែល​រដ្ឋ​បម្រុង​ទុក​ក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ឲ្យ​បាន​គង់វង្ស។

ប្រធាន​អង្គការ ស៊ីអ៊ិនរ៉ូ លោក សុខ សុខុម ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​រាន​យក​ដី​គម្រប​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​នា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​គង់វង្ស ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​តំបន់​នេះ​នា​ថ្ងៃ​អនាគត៖ « ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ពេល​នេះ​ត្រូវ​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង​អស់​ទៅ​ហើយ ហើយ​អាជ្ញាធរ​មិន​បាន​ចេញ​មក​ទប់ស្កាត់​ទេ។ ដី​គម្រប​ព្រៃ​ឈើ​មាន​ដើម​ដុះ​ច្រើន​ស្អេកស្កះ​ដូច​ម្រាម​ដៃ ប៉ុន្តែ​ពេល​នេះ ត្រូវ​កាប់​រាប​ដល់​ដី និង​មាន​សង់​ផ្ទះ​តូច​ធំ និង​សង់​របង​ឈើ​ថ្ម​រឹងមាំ​សម្រាប់​សម្គាល់​ក្បាល​ដី​របស់​ម្ចាស់​នីមួយៗ​ថែម​ទៀត។ ហើយ​អាជ្ញាធរ​ជំនាញ មិន​បាន​ចុះ​មក​ទប់ស្កាត់​ទេ »

ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ដែល​រដ្ឋាភិបាល​រក្សា​ទុក​មាន​ទីតាំង​នៅ​ចុង​ឆ្នេរ​អូរត្រេះ ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ រូបថត​​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ដែល​រដ្ឋាភិបាល​រក្សា​ទុក​មាន​ទីតាំង​នៅ​ចុង​ឆ្នេរ​អូរត្រេះ ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ រូបថត​​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (RFA/Den Ayuthyea)

ទាក់ទិន​បទល្មើស​នេះ នាយក​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះសីហនុ លោក ឌី សុភី និង​អភិបាល​ស្រុក​ព្រៃនប់ លោក ទិត វុទ្ធី បាន​អះអាង​ថា មន្ត្រី​ជំនាញ​ស្ថាប័ន​របស់​ខ្លួន​កំពុង​ចុះ​ស្រង់​ស្ថិតិ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ចូល​មក​សង់​ផ្ទះ ឬ​ទន្ទ្រាន​កាប់​ដី​គម្រប​ព្រៃ​ឈើ​នា​មូលដ្ឋាន​នេះ ដើម្បី​រាយការណ៍​ជូន​ថ្នាក់​លើ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។ លោក ឌី សុភី ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ជំនាញ​ខេត្ត​នេះ​មិន​ទាន់​បាន​កំណត់​ថ្ងៃ​ចុះ​ទប់ស្កាត់​បទល្មើស​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ ដែល​ត្រូវ​គេ​កាប់​ទន្ទ្រាន​រាប​ដល់​ដី​នា​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ នៅ​ឡើយ​ទេ៖ « ខ្ញុំ​បាន​ចុះ​ស្រង់​ស្ថិតិ និង​រាយការណ៍​ជូន​លោក​អភិបាល​ខេត្ត លើ​បញ្ហា​ទន្ទ្រាន​កាន់​កាប់​ដី​គម្រប​ព្រៃ​ឈើ​នេះ​រួច​ហើយ ហើយ​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​ថែម​ទៀត »

ចំណែក​អភិបាល​ស្រុក​ព្រៃនប់ លោក ទិត វុទ្ធី ឲ្យ​ដឹង​ថា អាជ្ញាធរ​កំពុង​ធ្វើ​កិច្ចការ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ឲ្យ​ស្រប​តាម​ការ​ណែនាំ​របស់​អភិបាល​ខេត្ត​ព្រះសីហនុ ដាក់​ឲ្យ​អនុវត្ត​ក្នុង​ពេល​ថ្មីៗ​នេះ។ លោក ទិត វុទ្ធី ព្រលយ​ថា ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ដែល​រដ្ឋ​បាន​រក្សា​ទុក អាច​ទំនង​ជា​ផ្នែក​ខ្លះ​ត្រូវ​មន្ត្រី​ស្ថាប័ន​ជំនាញ​ខេត្ត​ព្រះសីហនុ ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន ដែល​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល និង​ឈ្មួញ​មាន​ទ្រព្យ​មាន​ងារ​ជា​ឧកញ៉ា​មួយ​ចំនួន​រួច​ហើយ៖ « ខ្ញុំ​បាន​ឲ្យ​មន្ត្រី​ជំនាញ​របស់​ខ្ញុំ​ចុះ​ស្រង់​ស្ថិតិ​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ចូល​ទៅ​សង់​នៅ​លើ​ដី​រដ្ឋ​ទាំង​នោះ ដើម្បី​បង្ការ​ការ​ទន្ទ្រាន​កាប់​ព្រៃ​រដ្ឋ និង​រាន​យក​ដី​កម្មសិទ្ធិ​ឯកជន ជាដើម »

យ៉ាង​នេះ​ក្តី មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO)ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​រិះគន់​អាជ្ញាធរ​ថា មិន​គួរ​ទុក​បណ្តោយ​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​នៃ​ការ​កាប់​រាន​ដី​ព្រៃ​គម្រប​ព្រៃ​ឈើ បន្ត​ឲ្យ​មាន​បទល្មើស​កាប់​រាន​ធ្វើ​កម្មសិទ្ធិ​ដោយ​មិន​បាន​ទប់ស្កាត់​បែប​នេះ​ទេ។ លោក ប៊ួន ណារិទ្ធិ ហាក់​មាន​មន្ទិល​សង្ស័យ​ថា អាច​ទំនង​ជា​មាន​ការ​ឃុបឃិត​ចែក​ផល​ប្រយោជន៍​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ រវាង​ថ្នាក់​ដឹក​នាំ​នៅ​តាម​ស្ថាប័ន​រដ្ឋ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ ជាមួយ​ឈ្មួញ ឬ​អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ក៏​ថា​បាន ទើប​បទល្មើស​ទាំង​នេះ​គ្មាន​ការ​ទប់ស្កាត់ និង​ទុក​ឲ្យ​បទល្មើស​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ​ក្នុង​មូលដ្ឋាន​នេះ​បន្ត​កើត​មាន​រហូត​មក​ដល់​ពេល​នេះ៖ « ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ នេះ អាច​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​អនាគត។ អាជ្ញាធរ​ត្រូវ​តែ​ទប់ស្កាត់​បទល្មើស​កាប់​រាន​ដី​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​នេះ​ឲ្យ​បាន​គង់វង្ស។ សូម​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋាភិបាល​ពិចារណា​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​ដី​គម្រប​ព្រៃ​ឈើ​ឡើង​វិញ និង​ជួយ​ថែ​រក្សា​ឲ្យ​បាន​គង់វង្ស »

ទាក់ទិន​បញ្ហា​នេះ សាធារណជន​បាន​រិះគន់​ថា អ្នក​ដឹក​នាំ​ខេត្ត​ព្រះសីហនុ ក្នុង​ប៉ុន្មាន​អាណត្តិ​កន្លង​មក​នេះ ពិសេស​នៅ​ក្នុង​អាណត្តិ​ដែល​លោក ស្បោង សារ៉ាត បាន​មក​ដឹក​នាំ​ជា​អភិបាល​ខេត្ត គេ​សង្កេត​ឃើញ​ថា ដី​សាធារណៈ​របស់​រដ្ឋ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា មាន​ដូចជា ដី​ផ្លូវ​ក្រាល​កៅស៊ូ​ជា​ស្នាព្រះហស្ត​អតីត​ព្រះមហាក្សត្រ ព្រះករុណា សម្ដេច​ព្រះ​នរោត្តម សីហនុ នៅ​ប្រប​ចុង​ឆ្នេរ​អូរឈើទាល ដី​ចំណី​ឆ្នេរ​សមុទ្រ ដី​ព្រៃ​លិច​ទឹក ឬ​ដី​ព្រៃ​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ ដី​ចំណី​មាត់​បឹង ឬ​អូរ​ធម្មជាតិ មាន​បឹង​ព្រែក​ទប់ និង​ដី​ចំណី​មាត់​បឹង​កង្កែប​ជាដើម ត្រូវ​មន្ត្រី​ជំនាញ​ស្ថាប័ន​នេះ​ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​ឲ្យ​បុគ្គល​ឯកជន ឬ​ឈ្មួញ​ធ្វើ​កម្មសិទ្ធិ ដោយ​បាន​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ជាង​នេះ អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​ទាំង​នេះ​មាន​ដូចជា លោក ស្បោង សារ៉ាត អតីត​អភិបាល​ខេត្ត​ព្រះសីហនុ លោក សូរ សុខ និង​លោក ហ៊ុន ភី អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ជាដើម គឺ​មិន​ត្រូវ​បាន​រដ្ឋាភិបាល ឬ​ស្ថាប័ន​ជំនាញ កោះ​ហៅ​មក​សួរ​នាំ ឬ​ផ្ដន្ទាទោស​នោះ​ទេ ហើយ​មន្ត្រី​ទាំង​នោះ​បាន​បន្ត​ឡើង​ឋានៈ​បុណ្យ​ស័ក្តិ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។