ប្រជាពលរដ្ឋជនជាតិដើមភាគតិចភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី អះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ រត្ន សាខន បានលួចឈូសឆាយដីព្រៃត្រៀមបម្រុងសហគមន៍នៅវេលាយប់ ដើម្បីពង្រីកដីសម្បទាន។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកបញ្ហានេះថាជាការរំលោភបំពានសិទ្ធិដីធ្លីជនជាតិដើមភាគតិច។
ដីព្រៃជាង ៣០ហិកតារបន្ថែមទៀត ត្រូវបានក្រុមហ៊ុន រត្ន សាខន ឈូសឆាយ បន្ទាប់ពីអ្នកភូមិបានតវ៉ាជាច្រើនលើក មិនឲ្យក្រុមហ៊ុនឈូសឆាយទៅលើដីព្រៃត្រៀមបម្រុងរបស់សហគមន៍។
ការឈូសឆាយនេះ ធ្វើឡើងគ្រាដែលមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានជួបចរចាជាមួយតំណាងក្រុមហ៊ុនកាលពីខែឧសភា ថានឹងរៀបចំវេទិកាតុសន្តិភាពដោះស្រាយជម្លោះដីធ្លីរវាងសហគមន៍ភូមិសាមុត្រលើ ជាមួយក្រុមហ៊ុននៅខែមិថុនា នេះ។
ប្រធានសហគមន៍ភូមិសាមុត្រលើ លោក ទុយ ញេប បញ្ជាក់ថា នេះជាការរំលោភកិច្ចពិភាក្សារវាងតំណាងក្រុមហ៊ុន និងមន្ត្រីអង្គការសង្គមស៊ីវិល ដែលព្យាយាមដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ។ លោកថា សហគមន៍បានព្យាយាមតវ៉ាដោយសន្តិវិធីជាច្រើនលើក សុំឲ្យក្រុមហ៊ុនផ្អាកការឈូសឆាយ ក៏ប៉ុន្តែក្រុមហ៊ុននៅតែបន្តឈូសឆាយ បើទោះបីអាជ្ញាធរមូលដ្ឋានបានសម្របសម្រួលឲ្យក្រុមហ៊ុន រក្សាដី ១ពាន់ហិកតារសម្រាប់សហគមន៍ប្រើប្រាស់ក្តី៖ « ឥឡូវគេចាប់ឈូសឆាយពីអូរណងម៉ាល់ ទៅអូរណងតែបែក។ សហគមន៍គាត់បានរាយការណ៍ទៅមេភូមិ មេភូមិថាចាំមេឃុំ មេឃុំថារង់ចាំអភិបាលស្រុកទៀត។ ខ្ញុំថារង់ចាំទាល់តែអស់ដី »។
តំណាងសហគមន៍ភូមិសាមុត្រលើ ឲ្យដឹងថា ចាប់ពីដើមខែឧសភា រហូតបច្ចុប្បន្នក្រុមហ៊ុន រត្ន សាខន ដែលគ្រប់គ្រងធ្វើអាជីវកម្មដីសម្បទានដោយជនជាតិចិន បានលួចឈូសឆាយដីនៅវេលាយប់ចាប់ពីម៉ោង ៧ រហូតម៉ោង ១២យប់រៀងរាល់ថ្ងៃ ដើម្បីពង្រីកទំហំដីសម្បទានរបស់ខ្លួន។ លើសពីនេះទៀត ក្រុមហ៊ុនបានប្រើប្រាស់កងសន្តិសុខភូមិ និងមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃដើម្បីយាមការពារគ្រឿងចក្រដែលឈូសឆាយដីនោះទៀតផង។
តំណាងក្រុមហ៊ុន រត្ន សាខន លោក អ៊ឹងធា សុវណ្ណារ៉ា បដិសេធមិនអធិប្បាយពាក់ព័ន្ធការចោទប្រកាន់នេះទេ នៅថ្ងៃទី៧ ខែមិថុនា៖ « ដោយសារខ្ញុំអត់បាននៅកន្លែង ខ្ញុំនៅមានការនៅកំពង់សោម ខ្ញុំអត់ដឹង »។
ចំណែកជំទប់ទី២ ឃុំសេដា លោក ភូន សុវណ្ណ ទទួលស្គាល់ថា អាជ្ញាធរមូលដ្ឋានបានចុះទៅពិនិត្យកន្លែងកើតហេតុ និងបានឃើញថា ក្រុមហ៊ុនពិតជាបានឈូសឆាយដីបន្ថែម ខណៈដែលអាជ្ញាធរស្រុកធ្លាប់បានសម្របសម្រួលឲ្យក្រុមហ៊ុនផ្អាកការឈូសឆាយ ដើម្បីរង់ចាំការដោះស្រាយ។ លោកថា បានរាយការណ៍ជូនអាជ្ញាធរស្រុកករណីនេះហើយ៖ « រាយការណ៍ទៅស្រុកហើយតើ ! ទៅមើលហើយ ហើយកន្លែងប្រជាពលរដ្ឋរាយការណ៍ឈូសកន្លែងហ្នឹងទៀតហើយ »។
កាលពីដើមឆ្នាំ២០១៥ បេសកជនតំណាងរាជរដ្ឋាភិបាល លោក លី ធុច បានសម្របសម្រួលឲ្យក្រុមហ៊ុនបញ្ឈប់ការឈូសឆាយទៅលើដី ១ពាន់ហិកតារ ដែលសហគមន៍ស្នើសុំទុកជាដីត្រៀមបម្រុង។ រីឯមន្ត្រីមន្ទីរបរិស្ថាន បានអះអាងថា នឹងផ្តល់ដី ១ពាន់ហិកតារនៅចំណុចផ្សេងឆ្ងាយពីភូមិ ទៅឲ្យក្រុមហ៊ុនវិញ ដើម្បីបញ្ចប់ការតវ៉ារបស់ពលរដ្ឋ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា រហូតពេលនេះ ក្រុមហ៊ុនបានរំលោភកិច្ចសម្របសម្រួលរបស់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរំលោភទៅលើសិទ្ធិជនជាតិដើមភាគតិចជាបន្តបន្ទាប់ ដោយសារតែក្រុមហ៊ុននៅតែបន្តឈូសឆាយដីដែលសហគមន៍ស្នើសុំរក្សាទុក សម្រាប់ចុះបញ្ជីជាដីត្រៀមបម្រុងសហគមន៍។ លោកចាត់ទុកទង្វើរបស់ក្រុមហ៊ុន ថាជាសកម្មភាពបង្កឲ្យមានភាពស្មុគស្មាញកាន់តែធ្ងន់ធ្ងរឡើងទៅលើគោលនយោបាយដោះស្រាយវិវាទដីធ្លីរបស់រាជរដ្ឋាភិបាល និងបង្កផលប៉ះពាល់បន្ថែមទៀតលើសិទ្ធិដីធ្លីជនជាតិដើមភាគតិច៖ « ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំជាតិ បានចុះពិភាក្សាគ្នាហើយ ក្រុមហ៊ុននៅតែឈូស។ អ៊ីចឹងយើងគិតថា គួរតែថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំជាតិ មានចំណាត់ការទៅលើក្រុមហ៊ុនឲ្យបានម៉ឺងម៉ាត់ កុំឲ្យទំនាស់ហ្នឹងកើតឡើងវែងឆ្ងាយបន្ថែមទៀត »។
កាលពីខែឧសភា មន្ត្រីអង្គការសង្គមស៊ីវិល រួមមានមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អង្គការសិទ្ធិមនុស្សអាដហុក (ADHOC) និងអង្គការលីកាដូ (LICADHO) បានជួបពិភាក្សាជាមួយប្រធានផ្នែកដាំដុះក្រុមហ៊ុន រត្ន សាខន ជាជនជាតិចិន ដោយបានឯកភាពគ្នាស្វែងរកដំណោះស្រាយសន្តិវិធីតាមរយៈវេទិកាតុសន្តិភាពដោះស្រាយជម្លោះនេះ។
មន្ត្រីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ប្រចាំខេត្តរតនគិរី លោក មាស សុភា កត់សម្គាល់ដែរថា ការលួចឈូសឆាយដីនៅពេលយប់ សបញ្ជាក់ថា ក្រុមហ៊ុនមានចេតនាមិនល្អក្នុងការដោះស្រាយទំនាស់ដោយសន្តិវិធី។ ករណីនេះ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អំពាវនាវសុំឲ្យក្រុមហ៊ុន បញ្ឈប់ការរំលោភនេះ ហើយងាកមករកតុពិភាក្សាជាមួយសហគមន៍ឡើងវិញ៖ « ករណីមួយដែលមិនសមស្របរួចទៅហើយ ក្រុមហ៊ុនណាឈូសនៅពេលយប់ ? កន្លងមកតំបន់ហ្នឹងជាតំបន់ដែលសហគមន៍បានជូនដំណឹងទៅក្រុមហ៊ុន ថាជាតំបន់គាត់សុំប្ដូរដីទីតាំងហ្នឹង។ អ្វីដែលក្រុមហ៊ុនគួរតែធ្វើ គឺត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយងាកមកដោះស្រាយរឿងហ្នឹងឲ្យចប់សព្វគ្រប់សិន ចាំបន្តទៀត »។
ក្រុមហ៊ុន រត្ន សាខន ទទួលបានដីសម្បទានសេដ្ឋកិច្ចជាង ៨ពាន់ហិកតារនៅក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ ក៏ប៉ុន្តែដីមួយផ្នែកដែលរដ្ឋបានផ្តល់ទៅឲ្យក្រុមហ៊ុន គឺជាដីសហគមន៍ភូមិសាមុត្រលើ បានគ្រប់គ្រង និងអាស្រ័យផលជាលក្ខណៈប្រពៃណីជនជាតិដើមភាគតិច។
យ៉ាងណាក៏ដោយ អភិបាលស្រុកលំផាត់ លោក នូ ថេរ ថ្លែងទទួលស្គាល់ថា ក្រុមហ៊ុនពិតជាបានឈូសឆាយដីដែលអាជ្ញាធរបានណែនាំឲ្យក្រុមហ៊ុនផ្អាកកន្លងទៅ។ លោកថា អាជ្ញាធរបានណែនាំឲ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពនេះវិញហើយ៖ « គេធ្វើតាំងពីម្សិលមិញ ប៉ុន្តែខ្ញុំបានបញ្ឈប់ក្រុមហ៊ុនហើយ។ ស្អែកខ្ញុំចុះទៅសាមុត្រលើ ហ្នឹងហើយ »។
តាមការគ្រោងទុក មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ នឹងរៀបចំវេទិកាតុសន្តិភាពដោះស្រាយវិវាទដីធ្លីសហគមន៍ភូមិសាមុត្រលើ ជាមួយក្រុមហ៊ុន រត្ន សាខន នៅថ្ងៃទី២៦ ខែមិថុនា នៅសាកលវិទ្យាល័យ បៀលប្រាយ ខេត្តរតនគិរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។