សហគមន៍ជនជាតិដើមភាគតិចភូមិសោមត្រកចាស់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានយល់ព្រមប្រគល់ដី ១២ហិកតារក្នុងចំណោមដី ២០ហិកតារដែលអ្នកភូមិនាំគ្នាចូលទៅកាន់កាប់លើដីរបស់ពលរដ្ឋខ្មែរមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។ អាជ្ញាធរមូលដ្ឋានចាត់ទុកទង្វើនេះថាជាការចូលរួមអនុវត្តច្បាប់ត្រឹមត្រូវរបស់សហគមន៍។
តំណាងសហគមន៍ភូមិសោមត្រកចាស់ ថ្លែងសុំទោសជាសាធារណៈចំពោះមុខអ្នកភូមិជាង ៦០គ្រួសារ តំណាងម្ចាស់ដី មន្ត្រីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីអង្គការសង្គមស៊ីវិល ចំពោះអំពើខុសឆ្គងរបស់អ្នកភូមិដែលនាំគ្នាចូលទៅកាន់កាប់ដីប្រជាពលរដ្ឋក្រៅសហគមន៍ ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់។
តំណាងអ្នកភូមិ លោកស្រី សេវ សយ ស្នើសុំឲ្យតំណាងម្ចាស់ដីអនុគ្រោះអំពើខុសឆ្គងរបស់អ្នកភូមិ ហើយដកពាក្យប្ដឹងអ្នកភូមិតាមផ្លូវតុលាការចេញ និងសុំជួយឧបត្ថម្ភការចំណាយនានារបស់អ្នកភូមិនៅលើដីមានទំនាស់ចំនួន ៣ពាន់ដុល្លារ និងស្នើសុំរក្សាដើមដំឡូងមីដែលពួកគាត់បានដាំដុះ រហូតដល់រដូវប្រមូលផលនៅខែមករា ឆ្នាំ២០១៧៖ « សុំអរគុណលោក នូ លី។ ថ្ងៃមុខថ្ងៃក្រោយកុំឲ្យយល់ច្រឡំអ៊ីចឹងទៀត។ អនាគតទៅមុខ មុននឹងយើង ចង់ធ្វើ យើងត្រូវសុំម្ចាស់គេ»។
សហគមន៍ភូមិសោមត្រកចាស់ ៦៦គ្រួសារ នៅព្រឹកថ្ងៃទី៧ ខែកក្កដា បានអញ្ជើញមន្ត្រីអាជ្ញាធរស្រុកអូរយ៉ាដាវ អាជ្ញាធរឃុំសោមធំ សមត្ថកិច្ច អ្នកឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ចូលរួមជាសាក្សីក្នុងពិធីសម្របសម្រួលរវាងអ្នកភូមិ និងតំណាងម្ចាស់ដី គឺលោក នូ លី ខណៈសមាជិកសហគមន៍ចំនួន ៨នាក់ត្រូវបានមន្ត្រីអយ្យការសាលាដំបូងខេត្តរតនគិរី ចេញដីកាកោះហៅឲ្យចូលខ្លួនបំភ្លឺក្នុងរឿងក្តីកាប់បំផ្លាញផលដំណាំ និងចូលកាន់កាប់អចលនទ្រព្យអ្នកដទៃ។
តំណាងម្ចាស់ដី លោក នូ លី មានប្រសាសន៍លើកទឹកចិត្តសហគមន៍ថា ការទទួលស្គាល់កំហុស គឺជាចំណុចល្អដើម្បីកែប្រែការយល់ដឹងខុសឆ្គងរបស់អ្នកភូមិជនជាតិដើមភាគតិច។ លោកយល់ព្រមតាមសំណើរបស់សហគមន៍ ដើម្បីរឹតចំណងសាមគ្គីភាពរវាងគ្នាឲ្យបានល្អប្រសើរឡើងវិញ៖ « ចាត់ចែងធ្វើយ៉ាងម៉េចឲ្យស្មើភាពគ្នា បើ ២០ដុល្លារ ឬ ១០ដុល្លារ ធ្វើម៉េចយើងបានដូចគ្នា។ ការ ហត់នឿយរបស់យើងទាំងអស់គ្នា ។ មនោសញ្ចេតនារបស់ខ្ញុំមានប៉ុណ្ណឹង ជួយបងប្អូន។ ឥឡូវសុំតំណាងម្នាក់មកដែលទូរស័ព្ទទៅខ្ញុំ សុំជួយប៉ុណ្ណេះ។ ឥឡូវឲ្យមកដឹងឮទាំងអស់គ្នា»។
មេឃុំសោមធំ លោក សល់ ទួន ទទួលស្គាល់ថា ការយល់ដឹងពីទិដ្ឋភាពផ្នែកច្បាប់របស់សហគមន៍នៅមានកម្រិត ទើបយល់ច្រឡំថាដីនោះជាកម្មសិទ្ធិដីដូនតាសហគមន៍ ទើបនាំគ្នាចូលកាន់កាប់ដីនោះ។ លោកត្រេកអរដែលសហគមន៍ងាកមករកភាពយល់ដឹង ហើយយល់ព្រមប្រគល់ដីឲ្យម្ចាស់កម្មសិទ្ធិវិញ៖ « ខ្ញុំអរគុណមែនទែនប្រជាពលរដ្ឋបានយល់ដឹងពីច្បាប់ការខុសការត្រូវ គាត់បានសម្រេចចិត្តសុខចិត្ត យើង ចរចាទៅល្អជាងរឿងនេះរឿងវែង មិនធម្មតាទេ»។
ចំណែកអភិបាលរងស្រុកអូរយ៉ាដាវ លោក សឹម លីម កត់សម្គាល់ដែរថា ទំនាស់ដែលកើតឡើងរវាងសហគមន៍ និងម្ចាស់ដីកើតមានច្រើនខែកន្លងទៅ ធ្វើឲ្យកើតមានបាតុភាពមិនល្អជាច្រើន។ លោកអំពាវនាវសុំឲ្យសហគមន៍ បញ្ឈប់ការចូលទៅកាន់កាប់ដីអ្នកដទៃខុសច្បាប់តទៅទៀត៖ « ពេលយើងសម្របសម្រួលគ្នា ហើយបងប្អូនឈប់ទៅបំពារបំពានដីគេទៀត។ បងប្អូនដឹងហើយ ប្រសិន ដីបងប្អូនវិញ ក៏បងប្អូនខឹងដែរ ប៉ុន្តែនេះជាការយល់ច្រឡំ»។
សហគមន៍ភូមិសោមត្រកចាស់ កាលពីខែឧសភា បាននាំគ្នាកាប់ដើមកាហ្វេ និងកៅស៊ូលើដី ១២ហិកតាររបស់លោក សាន ចាន់នី ដោយសំអាងថាដីនោះជាអតីតដីសហគមន៍ ហើយនាំគ្នាបែងចែកដីនោះតាមក្រុមគ្រួសារសហគមន៍ និងធ្វើរោងចាំដី ហើយដាំដំឡូងមីនៅលើដីនោះ។
កាលពីដើមខែមិថុនា ចៅក្រមតុលាការខេត្តរតនគិរី លោក គង់ តាំងម៉េង បានដឹកនាំកងនគរបាល និងកងរាជអាវុធហត្ថ អនុវត្តដីការក្សាការពារតម្រូវឲ្យអ្នកភូមិសោមត្រកចាស់ រុះរើខ្ទម និងដកដំណាំចេញពីដីដែលម្ចាស់មានប័ណ្ណកម្មសិទ្ធិ ហើយរក្សាសិទ្ធិឲ្យអ្នកភូមិប្ដឹងតវ៉ាតាមផ្លូវច្បាប់ ក៏ប៉ុន្តែអ្នកភូមិជាង ១០០នាក់ បាននាំគ្នាមកតវ៉ាដីកាសម្រេចនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។