ជនជាតិដើមភាគតិចព័រ ចំនួន ១៥គ្រួសារនៅស្រុកសំឡូត ខេត្តបាត់ដំបង រិះគន់អាជ្ញាធរមូលដ្ឋានរបស់ខ្លួន ថាមិនជួយអន្តរាគមន៍បើកផ្លូវសាធារណៈនៅក្នុងភូមិ ដើម្បីសម្រួលដល់ការធ្វើដំណើរដឹកកសិផលចេញចូលនោះទេ។
អ្នកភូមិអះអាងថា ផ្លូវលំក្នុងភូមិមួយខ្សែដែលពួកគាត់ធ្វើដំណើរចេញចូលជាប្រចាំ ត្រូវបានពលរដ្ឋមួយគ្រួសារជាបក្ខពួករបស់លោកមេភូមិ បានដាំដើមឈើបិទផ្លូវរំលោភយកដីធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យពួកគាត់មិនអាចចេញចូលបាន។
ជនជាតិដើមភាគតិចព័រ នៅស្រុកសំឡូត ស្នើឲ្យអាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ ជួយសម្រួលបើកផ្លូវជូនពួកគាត់ឡើងវិញឲ្យបានឆាប់រហ័ស ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ប្រចាំថ្ងៃ។
ប្រធានសហគមន៍ជនជាតិដើមភាគតិចព័រ ស្រុកសំឡូត លោក ឆឺត ឈន ឲ្យដឹងនៅថ្ងៃទី២៤ ឧសភា ថា ផ្លូវលំក្នុងភូមិមួយខ្សែទទឹង ៧ម៉ែត្រ និងបណ្ដោយប្រមាណ ១ពាន់ម៉ែត្រនៅភូមិភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ដែលពួកគាត់ធ្វើដំណើរចេញចូលរាល់ថ្ងៃតាំងពីឆ្នាំ២០០០ មក ត្រូវបានពលរដ្ឋម្នាក់ឈ្មោះ ព្រំ ម៉ៅ ជាបក្ខពួករបស់លោកមេភូមិភ្នំរ៉ៃ ដាំដើមចេកបិទផ្លូវ ធ្វើឲ្យមិនអាចធ្វើដំណើរបានឡើយ។ លោកអះអាងថា ការបិទផ្លូវនេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើរដឹកកសិផលរបស់ជនជាតិដើមភាគតិចចំនួន ១៥គ្រួសារ រាំងស្ទះដោយសារគ្មានច្រកចេញចូល។ លោកបន្ថែមថា កន្លងមក លោកបានប្ដឹងទៅមេភូមិ និងអាជ្ញាធរឃុំ ឲ្យជួយអន្តរាគមន៍ដែរ ប៉ុន្តែពុំទទួលបានលទ្ធផលឡើយ៖ « បើនិយាយទៅប៉ះពាល់សេដ្ឋកិច្ចប្រចាំថ្ងៃ ដូចជាការដឹកចេកមកលក់ និងដំណាំផ្សេង ហើយម៉ូតូឈ្មួញក៏មិនអាចចូលទិញបានដែរ ព្រោះអីពួកគាត់រស់នៅអាស្រ័យផលដំណាំទាំងអស់នេះឯង លក់ដោះស្រាយជីវភាព »។
ឆ្លើយតបនឹងបញ្ហានេះ មេឃុំតាតោក អ្នកស្រី គឹម លី មានប្រសាសន៍ថា បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋភ្លាម អ្នកស្រីបានបញ្ជាទៅលោកមេភូមិភ្នំរ៉ៃ ឲ្យបើកផ្លូវនោះឡើងវិញ។ ចំណែកឯការដោះស្រាយពុំទទួលបានលទ្ធផលនោះ អ្នកស្រីថា ទើបតែទទួលបានដំណឹងនេះ៖ « មេកន្ទ្រាញគាត់បានសុំខ្ញុំឲ្យបើករបង ហើយយើងក៏បានហៅភាគីទាំងសងខាងមកទល់មុខគ្នាដោះស្រាយ។ ខ្ញុំស្មានតែគេបើកឲ្យហើយ អត់មានអ្នកណាប្រាប់ខ្ញុំផង »។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ដីផ្លូវសាធារណៈមិនអាចជនណាម្នាក់ដាំដុះបិទផ្លូវយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ។ លោកពន្យល់ថា ករណីនេះ អាជ្ញាធរពាក់ព័ន្ធត្រូវដោះស្រាយបើកផ្លូវជូនពលរដ្ឋធ្វើដំណើរឡើងវិញឲ្យបានឆាប់រហ័ស៖ « ផ្លូវមានសារសំខាន់ណាស់សម្រាប់ធ្វើដំណើរចេញចូល មិនថាជនជាតិដើមភាគតិច ឬពលរដ្ឋផ្សេងទេ គឺត្រូវការប្រើប្រាស់ដូចគ្នា »។
ជនជាតិដើមភាគតិចព័រ នៅស្រុកសំឡូត ខេត្តបាត់ដំបង មានប្រមាណ ១៩០គ្រួសារ ហើយភាគច្រើនពួកគាត់ប្រកបរបរកសិកម្ម ដូចជាដំណាំស្រូវ សណ្ដែក និងដំឡូងមី ជាដើម។ ក្នុងចំណោមនោះ មានពលរដ្ឋប្រមាណ ១៥គ្រួសារ ត្រូវដឹកកសិផលឆ្លងកាត់ផ្លូវដែលមានទំនាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។