សហគមន៍ជនជាតិដើមភាគតិចខេត្តរតនគិរី និងមន្ត្រីមូលដ្ឋាន ស្វាគមន៍សេចក្តីថ្លែងការណ៍រួមស្ដីពីការប្ដេជ្ញាជាថ្មី ថានឹងកាត់ចេញតំបន់មួយចំនួនដែលក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai = HAGL) និងក្រុមហ៊ុនបុត្រសម្ព័ន្ធឈូសឆាយយកកន្លងទៅនោះ ប្រគល់ឲ្យសហគមន៍វិញ។
សហគមន៍ចំនួន ១១ភូមិ ចោទថាក្រុមហ៊ុនរំលោភយកដីតំបន់ភ្នំអារក្ស តំបន់អូរប្រភពទឹក ដីចម្ការវិលជុំ បិទផ្លូវមិនឲ្យពលរដ្ឋធ្វើដំណើរទៅតំបន់គោរពបូជាតាមការដ្ឋានក្រុមហ៊ុន ជាដើម។
ជនជាតិដើមភាគតិចដែលកំពុងមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ របស់វៀតណាម អំពាវនាវឲ្យតំណាងក្រុមហ៊ុន និងភាគីពាក់ព័ន្ធ អនុវត្តការប្ដេជ្ញាចិត្តកាត់ចេញពីតំបន់មានផលប៉ះពាល់សហគមន៍ឲ្យបានឆាប់ ពីព្រោះករណីនេះអូសបន្លាយយូរឆ្នាំមកហើយ។
ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ កាលពីថ្ងៃទី២០ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយប្ដេជ្ញាថានឹងប្រគល់ត្រឡប់វិញនូវតំបន់ភ្នំអារក្សប្រមាណ ១៦កន្លែង ប្រគល់តំបន់ច្រប់ ស្ដារអូរ ជួសជុលថ្នល់ស្ពាន ធ្វើខ្នងទំនប់ពង្រីកផ្ទៃដីកប់សព អនុញ្ញាតឲ្យអ្នកភូមិចេញចូលតាមផ្លូវក្រុមហ៊ុន និងសន្ទនាជាអចិន្ត្រៃយ៍ជាមួយអ្នកភូមិឡើងវិញ។
ប្រធានសហគមន៍ភូមិកាណាតធំ លោក សល់ ណឺយ បញ្ជាក់ថា នេះជាការប្ដេជ្ញាបន្ថែមទៀតរបស់តំណាងក្រុមហ៊ុន បន្ទាប់ពីបានជួបពិភាក្សាគ្នាជាមួយសហគមន៍ទាំង ១១ភូមិកាលពីថ្ងៃទី១៩ ខែកក្កដា នៅក្រុងបានលុង ទៅលើជម្រើសនានាសំដៅដោះស្រាយកង្វល់របស់អ្នកភូមិ។ លោកកត់សម្គាល់ថា ការប្ដេជ្ញារបស់ក្រុមហ៊ុនកើតមានច្រើនលើកមកហើយតាំងពីឆ្នាំ២០១៥ ក៏ប៉ុន្តែសហគមន៍ចង់ឃើញការអនុវត្តរបស់ក្រុមហ៊ុនឲ្យមានលទ្ធផល ជាពិសេសកង្វល់ផ្សេងទៀតដែលមិនមានចែងក្នុងការប្ដេជ្ញារបស់ក្រុមហ៊ុន៖ « យើងឯកភាពក្រុមហ៊ុនគាត់ព្រមព្រៀងជាមួយសហគមន៍។ ចំណុចសេសសល់នៅភ្នំហ្នឹងដូចជាព្រៃឈើអាស្រ័យផល ដូចជាសំរងខូចខាតអស់ អាហ្នឹងមិនទាន់ជជែកមិនទាន់ពិភាក្សាគ្នាបានទេ ចាំពេលក្រោយ » ។
កាលពីចុងឆ្នាំ២០១៥ ក្រុមហ៊ុន ហ័ង អាញ់ យ៉ាឡាយ និងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបីដែលកំពុងប្រតិបត្តិការលើដីសម្បទានសេដ្ឋកិច្ចនៅខេត្តរតនគិរី បានប្រារព្ធពិធីសុំទោសផ្លូវការក្រោមការសម្របសម្រួលដោយការិយាល័យភាពអនុលោមទីប្រឹក្សាដោះស្រាយវិវាទ ហៅកាត់ថា ស៊ី.អេ.អូ (CAO = Compliance Advisor Ombudsman) មានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី (Washington DC) សហរដ្ឋអាមេរិក និងផ្តល់ប្រាក់វិភាគទាន ៥០០ដុល្លារ និងក្របីមួយក្បាលសម្រាប់សហគមន៍មួយភូមិ រៀបចំសែនព្រេនប្រពៃណីជនជាតិដើមភាគតិច បន្ទាប់ពីក្រុមហ៊ុនទទួលស្គាល់ថា បានបង្កផលប៉ះពាល់លើដីសហគមន៍។
មេឃុំល្អក់ លោក យ៉ាម ប៉ាន បញ្ជាក់ថា សហគមន៍ជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ រង់ចាំដោយទទូចនូវដំណោះស្រាយដែលសហគមន៍ទាមទារ ជាពិសេសតំបន់ព្រៃអារក្សដែលជាផ្នែកនៃការបាត់បង់តំបន់ប្រពៃណី វប្បធម៌ ដែលសហគមន៍ប្រើប្រាស់តំបន់នោះសម្រាប់ចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាព។
លោកបន្តថា ការប្ដេជ្ញាប្រគល់តំបន់ដែលសហគមន៍តវ៉ា គឺជាការផ្តល់យុត្តិធម៌មកសហគមន៍ដែលកំពុងរងគ្រោះបច្ចុប្បន្ន៖ « នៅតំបន់នេះមានភ្នំតែមួយទេពីដូនតាមក គឺភ្នំនេះទម្លាប់ពីដូនតាមក កាលណាគេធ្វើអំពើ គេធ្លាប់សែនព្រេនដូនតាតាំងពីដំបូងតាំងពីដូនតាគេមក » ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តរតនគិរី លោក ឌិន ខុន្នី សាទរការប្ដេជ្ញាចិត្តរបស់ភាគីជម្លោះ ដែលខិតចូលគ្នាដោះស្រាយបញ្ហាកើតមានដោយសន្តិវិធី។ លោកគាំទ្រការអំពាវនាវរបស់សហគមន៍ ដែលទាមទារឲ្យក្រុមហ៊ុនធ្វើឲ្យសម្រេចលទ្ធផលតាមការប្ដេជ្ញាចិត្ត និងបន្តដោះស្រាយបញ្ហានៅសេសសល់ឲ្យបានឆាប់កាន់តែប្រសើរ៖ « ជាការប្រសើរណាស់សម្រាប់បងប្អូនជនជាតិដើមភាគតិច តែកុំឲ្យតែសន្យាខ្យល់ សុំឲ្យពន្លឿនការដោះស្រាយ ដើម្បីឲ្យពលរដ្ឋគាត់ប្រើប្រាស់បាន ហើយរស់នៅសុខដុមរមនា » ។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍រួមថ្ងៃទី២០ ខែកក្កដា ឲ្យដឹងថា គូភាគីមានទំនាស់នឹងធ្វើសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្ត អនុវត្តការប្ដេជ្ញារបស់ក្រុមហ៊ុន និងបន្តធ្វើការងារជាមួយគ្នាតាមរយៈកិច្ចសម្របសម្រួលដោះស្រាយវិវាទរបស់ការិយាល័យ ស៊ី.អេ.អូ នូវកង្វល់ និងបញ្ហាដីធ្លីសហគមន៍នៅសេសសល់បន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
