ពលរដ្ឋខេត្តកំពង់ស្ពឺ នៅតែបន្តទាមទារសំណងជំងឺចិត្តជាលុយពីក្រុមហ៊ុនស្ករសភ្នំពេញ (Phnom Penh Sugar) របស់លោកឧកញ៉ាមហាសេដ្ឋី លី យ៉ុងផាត់។ ក្រុមហ៊ុនវិនិយោគកសិឧស្សាហកម្មមួយនេះ បានព្យាយាមបង្វែរសំណងការប៉ះពាល់ដីធ្លីស្រែចម្ការ និងដីលំនៅឋានរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារនោះ ទៅជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ក្នុងមូលដ្ឋានវិញ។
ទាំងពលរដ្ឋស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាង ៧០០គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយសារការវិនិយោគចម្ការអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ នោះ អះអាងថា នឹងនៅតែតស៊ូឲ្យក្រុមហ៊ុនស្ករសភ្នំពេញ សងថ្លៃការខាតបង់ប្រាក់ចំណូលប្រចាំឆ្នាំក្នុងរយៈពេល ៥ឆ្នាំ និងដីធ្លីរបស់ពួកគេមកវិញនោះឡើយ។
តំណាងពលរដ្ឋស្រុកថ្ពង លោក ចាន់ សុឃឿន មានប្រសាសន៍ថា ពលរដ្ឋទាំងពីរស្រុកនៅតែប្រកាន់ជំហរមិនបោះបង់ការទាមទារសំណង និងដីធ្លីរបស់ពួកគេឡើយ៖ «ការអភិវឌ្ឍរបស់គាត់ហ្នឹង គាត់ចង់ថាអភិវឌ្ឍរបៀបយូរអង្វែង។ របៀបសាងសង់ របៀបធ្វើជាស្ពាន របៀបធ្វើជាថ្នល់ ធ្វើជាសាលារៀនហ្នឹង តែប្រជាពលរដ្ឋបានជំទាស់ ហើយថាមិនព្រមទេ។ ពួកខ្ញុំប្រកាន់ជំហរមិនផ្លាស់ប្ដូរទេ គឺនៅតែដដែល ទាមទារអ្វីដែលបាត់បង់កន្លងមក។ ត្រូវតែក្រុមហ៊ុនចេញមុខដោះស្រាយប្រជាពលរដ្ឋប៉ះពាល់ ដីធ្លីហើយនិងប្រាក់ចំណូលដែលបានបាត់បង់កន្លង»។
កាលពីចុងខែកុម្ភៈ លោក សឹង សុច្ចរា ដែលអះអាងថាជាតំណាងរបស់ក្រុមហ៊ុនស្ករសភ្នំពេញ បានប្រកាសចំពោះមុខពលរដ្ឋស្រុកឱរ៉ាល់ ថាក្រុមហ៊ុននេះចង់បង្វែរសំណងរបស់ពលរដ្ឋមកជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ ស្ពាន និងសាលារៀនវិញ។ ប៉ុន្តែរយៈពេលតែប៉ុន្មានម៉ោងក្រោយពីការប្រកាសនោះ ក្រុមហ៊ុនបានចេញលិខិតបដិសេធថា លោក សឹង សុច្ចរា មិនមែនជាតំណាងក្រុមហ៊ុននោះទេ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមសហគមន៍ក៏ធ្លាប់ឮព័ត៌មានអំពីការចង់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាថ្នូរនឹងការទាមទារសំណងរបស់អ្នកស្រុកនោះដែរ។ ក៏ប៉ុន្តែ ក្រុមអ្នកភូមិអះអាងថា វានឹងមិនអាចធ្វើដូច្នោះឡើយ ហើយបដិសេធគម្រោងផ្តល់សំណងនេះ។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពី លោក សិន សត្ថា មន្ត្រីរបស់ក្រុមហ៊ុនស្ករសភ្នំពេញ ទទួលបន្ទុកផ្នែកអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាដីធ្លីបានទេ។
ប៉ុន្តែទាក់ទិននឹងបញ្ហានេះ ប្រធានអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ថា ការផ្តល់សំណងជាផ្លូវថ្នល់ សាលារៀន ស្ពាន ឬមន្ទីរពេទ្យនេះ នឹងមិនអាចដោះស្រាយបញ្ហារបស់ពលរដ្ឋនោះឡើយ។ លោកបញ្ជាក់ថា អ្វីដែលសំខាន់ គឺពលរដ្ឋត្រូវការចំណូល និងដីធ្លី ដើម្បីបង្កបង្កើនផលចិញ្ចឹមជីវភាពរបស់ពួកគេទៅថ្ងៃអនាគត ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលដែលជាអ្នកទទួលខុសត្រូវ៖ «ធម្មតាយើងដឹងហើយថាបាត់បង់ដីធ្លី និងទ្រព្យសម្បត្តិកន្លងមកហ្នឹង ហើយដូចជាការបាត់បង់ប្រាក់ចំណូលចិញ្ចឹមជីវិតរបស់ពួកគាត់ដែរ។ ប្រសិនបើមិនមានដី មិនមានប្រភពចំណូល ទោះបីជាមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មន្ទីរពេទ្យ ប្រហែលជាបញ្ហានោះមិនអាចដោះស្រាយបានទេ។ ហើយយើងដឹងហើយរដ្ឋាភិបាលក៏មានគោលការណ៍បែងចែកដី ចំពោះអ្នកដែលគ្មានដីធ្លី មានគោលការណ៍កសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ជាសេវាកម្មផ្សេងៗនោះហើយជាគោលការណ៍កាត់បន្ថយភាពក្រីក្រ ក៏ដូចជាការលើកកម្ពស់សិទ្ធិជូនប្រជាពលរដ្ឋ»។
ប្រធានអង្គការសមធម៌កម្ពុជា ធ្លាប់អះអាងថា ក្រុមហ៊ុនស្ករសភ្នំពេញ ឬហៅថាភ្នំពេញស៊ូហ្គើរ (Phnom Penh Sugar) របស់ លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាពីខាងបក្សកាន់អំណាច បានខ្ចីលុយពីធនាគារ អេ.អិន.ហ្សិត (ANZ) ដែលមានមូលដ្ឋានក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១០ ប្រហែលពី ៤០ ទៅ ៥០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតរោងចក្រផលិតស្ករសមួយក្នុងតម្លៃជាង ២០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់នាំចេញផលិតផលស្ករសទៅលក់នៅបរទេស។ ចំណែកខាងក្រុមហ៊ុនរបស់ លោក លី យ៉ុងផាត់ វិញ បានផ្តល់ការប្រាក់ជាច្រើនដល់ធនាគារបរទេសមួយនេះ។
ចំណែកក្រុមប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ អះអាងថា ចម្ការអំពៅរបស់ លោក លី យ៉ុងផាត់ បានរំលោភលើដីធ្លី និងដីព្រៃសហគមន៍របស់ពួកគេ ហើយបាននាំគ្នាទាមទារសំណងប្រហែល ១១លានដុល្លារ ចំពោះការបាត់បង់ដីស្រែចម្ការ និងចំណូលប្រចាំថ្ងៃរយៈពេល ៥ឆ្នាំកន្លងមកនេះ។ ប៉ុន្តែតំណាងភាគីក្រុមហ៊ុន ធ្លាប់អះអាងថា ប្រាក់សំណងសម្រាប់ប្រជាពលរដ្ឋស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នោះមានចំនួនប្រហែលពី ១លាន ទៅ ២លានដុល្លារប៉ុណ្ណោះយ៉ាងច្រើន។
ចំពោះបញ្ហានេះ តំណាងពលរដ្ឋស្រុកថ្ពង លោក ចាន់ សុឃឿន បញ្ជាក់បន្ថែមថា ប្រសិនបើក្រុមហ៊ុនស្ករសភ្នំពេញ មិនព្រមផ្តល់សំណងតាមការទាមទាររបស់ពលរដ្ឋរងគ្រោះក្នុងខេត្តកំពង់ស្ពឺ ទេនោះ ក្រុមប្រជាពលរដ្ឋនឹងរួមគ្នាតស៊ូទាមទារទៅសហគមន៍អឺរ៉ុប ដើម្បីបិទការនាំចូលស្ករសពីក្រុមហ៊ុនរបស់ លោក លី យ៉ុងផាត់៖ «ពួកយើងខ្ញុំមិនព្រម ហើយយើងនឹងធ្វើការតស៊ូរបៀបទៅខាងក្រៅ គឺទៅអង្គការដៃគូខាងក្រៅ ដូចជាអ្នកទទួលទិញផលិតផលស្ករស ដូចជាក្រុមហ៊ុនធំៗនៅសហគមន៍អឺរ៉ុប ហ្នឹង ឲ្យគាត់ដាក់សម្ពាធឲ្យខ្លាំង ហើយឲ្យបិទផលិតផលនាំចេញទាំងអស់»។
រហូតមកទល់ពេលនេះ សហគមន៍អឺរ៉ុប នៅមិនទាន់ចេញរបាយការណ៍ស្រាវជ្រាវដែលខ្លួនបានចុះអង្កេតតំបន់ដែលរងផលប៉ះពាល់ ដោយសារចម្ការអំពៅនោះនៅឡើយទេ។ ហើយខាងភាគីក្រុមហ៊ុន សង្គមស៊ីវិលក្នុងស្រុក និងភាគីសហគមន៍ កំពុងរង់ចាំការវាយតម្លៃនោះ ថាតើក្រុមហ៊ុនបង្ហាញជំហរដោះស្រាយយ៉ាងណាបន្តទៀត?
ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ ដែលល្បីល្បាញខាងការរំលោភយកដីធ្លីរបស់ពលរដ្ឋខេត្តកំពង់ស្ពឺ មកធ្វើជាចម្ការអំពៅ ក៏កំពុងមានឈ្មោះល្បីខាងការប្រើកម្លាំងពលកម្មកុមារ ដើម្បីកាប់អំពៅថែមទៀត។ មន្ត្រីក្រុមហ៊ុននេះ ឲ្យដឹងថា រោងចក្រភ្នំពេញស៊ូហ្គើរ មានសមត្ថភាពផលិតស្ករសបាន ១២.០០០តោនក្នុងមួយថ្ងៃ។ ប៉ុន្តែផលិតផលស្ករសទាំងនេះ កំពុងជាប់ឈ្មោះថាជាស្ករឈាម។ ក្រុមអង្គការសិទ្ធិមនុស្សជាច្រើនស្ថាប័ន បានទាមទារឲ្យប្រទេសនានាលើពិភពលោក កុំទិញស្ករសដែលបានមកពីញើសឈាម និងទឹកភ្នែករបស់ប្រជាពលរដ្ឋខ្មែរនេះយកទៅប្រើប្រាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។