មេដឹកនាំគណបក្សប្រឆាំង បានអះអាងថា ត្រៀមឲ្យមន្ត្រីគណៈកម្មការជំនាញរដ្ឋសភា លើកយកបញ្ហាគ្រប់គ្រងទ្រព្យសម្បត្តិជាតិធំៗ មានដូចជា ដីធ្លីនៅតាមតំបន់ឆ្នេរសមុទ្រ ដីកោះ និងទ្រព្យសម្បត្តិជាតិច្រើនទៀត ដែលរងការរំលោភបំពាននាពេលកន្លងមក ដាក់ជូនសភាពិនិត្យ និងឈានដកហូតទុកជាសម្បត្តិរដ្ឋគ្រប់គ្រងវិញ។
ការអះអាងនេះ កើតឡើងស្របពេលមន្ត្រីសង្គមស៊ីវិល និងមន្ត្រីរាជការមួយចំនួននាខេត្តព្រះសីហនុ បានស្នើដល់ប្រមុខរដ្ឋាភិបាល ឲ្យមោឃភាព ឬលុបចោលសិទ្ធិគ្រប់គ្រងដីធ្លីតំបន់ឆ្នេរសមុទ្រពីក្រុមហ៊ុនវិនិយោគ និងឯកជន ដែលហ៊ុមព័ទ្ធរបងថ្មទុកចោល និងគ្មានសកម្មភាពអភិវឌ្ឍន៍។
សារព្រមានរបស់ លោក កឹម សុខា អនុប្រធានទី១ រដ្ឋសភា និងជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ធ្វើឡើងនៅចំពោះមុខប្រជាពលរដ្ឋគាំទ្រគណបក្សនេះជាង ១ពាន់នាក់ នាទីស្នាក់ការគណបក្សសង្គ្រោះជាតិ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា។ ក្នុងឱកាសនោះ លោក កឹម សុខា បានអះអាងថា ដីធ្លីនៅតាមតំបន់ឆ្នេរសមុទ្រភាគច្រើននាមូលដ្ឋានខេត្តទេសចរណ៍ជាប់សមុទ្រមួយនេះ ត្រូវគ្រប់គ្រងដោយមន្ត្រីមានអំណាច និងក្រុមហ៊ុនឯកជនស្ទើរតែទាំងស្រុង និងគ្មានការអភិវឌ្ឍ។
លោកបន្តថា ការគ្រប់គ្រងទ្រព្យសម្បត្តិជាតិមិនបានត្រឹមត្រូវ មានដូចជា ការវិនិយោគដីធ្លីតាមតំបន់ឆ្នេរ ដីកោះ និងទ្រព្យសម្បត្តិរដ្ឋច្រើនទៀតទៅឲ្យក្រុមហ៊ុន ឬឯកជន ជាហេតុនាំឲ្យរដ្ឋាភិបាលបាត់ចំណូលថវិកាជាតិច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំ។
ផ្ដើមពីបញ្ហានេះ លោក កឹម សុខា ថ្លែងថា បញ្ហារំលោភយកដីឆ្នេរ ឬកោះធ្វើជាកម្មសិទ្ធិឯកជន ហើយមិនមានការអភិវឌ្ឍ មិនគួរឲ្យកើតមានទៀតទេ។ បញ្ហានេះ រដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ និងអភិវឌ្ឍតំបន់ឆ្នេរខេត្តព្រះសីហនុ ដើម្បីបម្រើដល់វិស័យទេសចរណ៍ឲ្យបានទូលំទូលាយឡើងវិញ៖ «យើងត្រូវពិនិត្យមើលច្បាប់នៅព្រះរាជាណាចក្រកម្ពុជា តើដីឆ្នេរសមុទ្រ និងដីកោះជាដើម នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថាជាទ្រព្យសម្បត្តិរបស់រដ្ឋ។ ប៉ុន្តែបើបែរជាទ្រព្យសម្បត្តិទាំងនេះ បានក្លាយទៅជារបស់ឯកជន ឬក្រុមហ៊ុនវិញ គឺបានអនុវត្តផ្ទុយនឹងរដ្ឋច្បាប់ ឬផ្ទុយរដ្ឋធម្មនុញ្ញ»។
ត្រង់ចំណុចនេះ លោក កឹម សុខា ក៏នឹងត្រៀមឲ្យមន្ត្រីជំនាញគណបក្សខ្លួន ឬគណៈកម្មការជំនាញក្នុងរដ្ឋសភា សើរើឯកសារទាក់ទងបញ្ហាគ្រប់គ្រងដីធ្លីនៅតាមតំបន់ឆ្នេរសមុទ្រ ឬដីកោះជាដើមនាខេត្តព្រះសីហនុ និងទ្រព្យសម្បត្តិជាតិធំៗច្រើនទៀត ដែលកំពុងកាន់កាប់ដោយមន្ត្រីមានអំណាច និងក្រុមហ៊ុនជាដើម ប៉ុន្តែគ្មានសកម្មភាពអភិវឌ្ឍន៍ ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យសម្រេច និងឈានដល់ដកហូតមកជាសម្បត្តិរដ្ឋវិញ។
ការអះអាងរបស់ លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដូច្នេះ ស្របពេលមន្ត្រីសង្គមស៊ីវិល និងមន្ត្រីរាជការមួយចំនួននាខេត្តព្រះសីហនុ ក៏បានបង្ហាញការព្រួយបារម្ភពីការបាត់បង់ដីនៅតាមតំបន់ឆ្នេរសមុទ្រនេះដែរ។
បញ្ហានេះ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខាខេត្តព្រះសីហនុ ក៏ធ្លាប់រិះគន់អាជ្ញាធរខេត្តនេះ ថាបានឃុបឃិតគ្នាធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី រំលោភយកដីនៅតាមតំបន់ឆ្នេរ ដែលជាទ្រព្យសម្បត្តិរដ្ឋធ្វើជាកម្មសិទ្ធិសម្រាប់បម្រើមហិច្ឆតាបុគ្គល ឬបក្ខពួកមួយចំនួន៖ «អាជ្ញាធរខេត្តព្រះសីហនុ បច្ចុប្បន្ន គួរតែមានវិធានការឲ្យបានតឹងរ៉ឹង ចំពោះជនទាំងឡាយដែលបានរំលោភយកដីឆ្នេរសមុទ្រយកធ្វើជាកម្មសិទ្ធិ ហើយត្រូវដកសិទ្ធិមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រងជំនួសវិញ។ ប៉ុន្តែបើសិនជាក្នុងករណីអ្នកជាប់ពាក់ព័ន្ធរឹងរូស មិនព្រមប្រគល់ឆ្នេរទាំងនោះមកជាសម្បត្តិរដ្ឋវិញ គឺអាជ្ញាធរត្រូវតែមានវិធានការតាមផ្លូវច្បាប់ ឬប្ដឹងទៅកាន់តុលាការចាត់ការឲ្យបានតឹងរ៉ឹង ដើម្បីកុំឲ្យបាត់បង់ឆ្នេរសាធារណៈរបស់រដ្ឋ និងបឹងព្រែកទប់ ដែលជាបឹងស្តុកទឹកសាបទុកសម្រាប់ប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ ប៉ុន្តែស្ទើរត្រូវរលាយបាត់បង់ទាំងស្រុងទៅហើយ ហើយសព្វថ្ងៃនេះផ្ទៃបឹង គឺនៅសល់តែប្រមាណ ១៥ហិកតារប៉ុណ្ណោះ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ បានស្នើដល់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ត្រូវស្នើសុំគោលការណ៍ពីរដ្ឋាភិបាល ឲ្យមោឃភាពប្លង់ដី ឬប័ណ្ណកម្មសិទ្ធិដីធ្លីនៅតាមតំបន់ឆ្នេរសមុទ្រ ឬបឹងធម្មជាតិពីឯកជន និងក្រុមហ៊ុនដាក់មកជាសម្បត្តិរដ្ឋវិញ៖ «តំបន់ឆ្នេរស្ទើរតែទាំងអស់នាខេត្តព្រះសីហនុ ដែលជាប់ជាឆ្នេរស្រស់ស្អាតបំផុតនៅលើពិភពលោក ក្នុងចំណោមខេត្តជាប់សមុទ្រចំនួន៤ ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែឆ្នេរនៅខេត្តព្រះសីហនុ ស្ទើរតែបាត់បង់ទាំងស្រុងត្រូវគ្រប់គ្រងដោយឯកជន និងក្រុមហ៊ុនអស់ទៅហើយ។ បញ្ហានេះ អាជ្ញាធរខេត្តព្រះសីហនុ ដែលបានដូរអ្នកដឹកនាំចន្លោះពី ៣ ទៅ ៤នាក់រួចមកហើយ ប៉ុន្តែមិនឃើញមានថ្នាក់ដឹកនាំណាមួយ ជួយយកចិត្តទុកដាក់ការពារទ្រព្យសម្បត្តិរដ្ឋ ឬឆ្នេរសមុទ្រខេត្តនេះនោះទេនាពេលកន្លងមក ហើយការបាត់បង់ឆ្នេរនេះ នាំឲ្យភ្ញៀវជាតិអន្តរជាតិដែលចូលមកកម្សាន្តខេត្តព្រះសីហនុ រកឆ្នេរសម្រាប់អង្គុយ ឬដើរកម្សាន្តពុំបានទេសព្វថ្ងៃនេះ»។

ស្រដៀងគ្នានេះដែរ លោក ប៊ួន ណារិទ្ធ មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ ក៏បានទទូចថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលសព្វថ្ងៃនេះ ត្រូវតែដកហូតដីធ្លីដែលមន្ត្រីបម្រើការងារនៅតាមស្ថាប័នពាក់ព័ន្ធខ្លះនាខេត្តព្រះសីហនុ ឃុបឃិតចេញប័ណ្ណកម្មសិទ្ធិមិនប្រក្រតីមានដូចជា ដីនៅតាមតំបន់ឆ្នេរសមុទ្រ និងដីនៅជុំវិញបឹងធម្មជាតិបឹងព្រែកទប់ និងដីកោះជាដើម មកជាសម្បត្តិសាធារណៈរបស់រដ្ឋវិញ។ លោកសង្កេតឃើញថា សព្វថ្ងៃនេះ ខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះកើតមានភាពមិនប្រក្រតីជាច្រើន ជុំវិញការចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនឯកជន និងក្រុមហ៊ុននៅតាមតំបន់ឆ្នេរសមុទ្រ ឬបឹងធម្មជាតិ ជាដើម ប៉ុន្តែមិនមានសកម្មភាពអភិវឌ្ឍន៍នោះទេ។
លោក ប៊ួន ណារិទ្ធ អះអាងថា សព្វថ្ងៃនេះ ឆ្នេរសមុទ្រខេត្តព្រះសីហនុ សម្រាប់ទទួលភ្ញៀវទេសចរចូលកម្សាន្តមិនមានច្រើនទេ ព្រោះមានកម្មសិទ្ធិអស់ទៅហើយ ហើយមានដីតំបន់ឆ្នេរច្រើនទៀតក៏ត្រូវហ៊ុមព័ទ្ធដោយរបងថ្ម និងសង់វីឡាធំស្កឹមស្កៃសម្រាប់លំហែកាយរបស់មន្ត្រីមានអំណាច និងអ្នកមានទ្រព្យធនយកធ្វើកម្មសិទ្ធិឯកជន៖ «ឆ្នេរភាគច្រើននៅខេត្តព្រះសីហនុ ត្រូវបាត់បង់ស្ទើរតែទាំងស្រុងទៅឲ្យឯកជន និងក្រុមហ៊ុនអស់ហើយសព្វថ្ងៃនេះ។ តាំងពីឆ្នេរព្រែកត្រែង ឆ្នេរមុខសាលាខេត្តព្រះសីហនុ រហូតដល់ឆ្នេរអូរត្រេះ ជាដើម គឺត្រូវឯកជន និងក្រុមហ៊ុនធ្វើរបងថ្ម ឬដែកហ៊ុមព័ទ្ធមិនឲ្យទេសចរដើរចេញចូលជាច្រើនឆ្នាំមកហើយ ហើយដីឆ្នេរទាំងនោះ គឺសុទ្ធតែជាដីសាធារណៈរបស់រដ្ឋ ហើយរដ្ឋបានហាមឃាត់មិនឲ្យបុគ្គល ឬអ្នកមានអំណាចណាមួយទៅរំលោភបំពានធ្វើកម្មសិទ្ធិឯកជនទេ។ ប៉ុន្តែជាក់ស្តែងបច្ចុប្បន្ននេះ ឆ្នេរភាគច្រើននាខេត្តព្រះសីហនុ ត្រូវអ្នកមានអំណាចបានរំលោភ និងហ៊ុមព័ទ្ធរបងថ្មធ្វើជាសម្បត្តិ និងជួល ឬលក់ដូរបន្តយ៉ាងអនាធិបតេយ្យ ហើយឆ្នេរខ្លះទៀត មិនមានសកម្មភាពអភិវឌ្ឍន៍អ្វីនោះទេ»។
ទាក់ទិនបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានប្រាប់វិទ្យុអាស៊ីសេរី ថា អាជ្ញាធរខេត្តគ្មានសិទ្ធិសើរើសំណង់ ឬការគ្រប់គ្រងដីធ្លីនៅតាមតំបន់ឆ្នេរដែលកំពុងគ្រប់គ្រងដោយឯកជន និងក្រុមហ៊ុនទេ ព្រោះការគ្រប់គ្រងដីធ្លីទាំងនោះ គេមានប័ណ្ណកម្មសិទ្ធិ ឬមានការអនុញ្ញាតពីរដ្ឋាភិបាលស្របច្បាប់។
ទោះជាបែបនេះក្តី លោកសង្កត់ធ្ងន់ថា ដីនៅតាមតំបន់ឆ្នេរសមុទ្រផ្សេងទៀតដែលនៅសេសសល់ អាជ្ញាធរមិនអនុញ្ញាតឲ្យចេញប័ណ្ណកម្មសិទ្ធិ ឬក៏ចាក់ដីរំលោភយកឆ្នេរ និងធ្វើរបងថ្មហ៊ុមព័ទ្ធធ្វើជាកម្មសិទ្ធិទៀតទេ៖ «ប្លង់ដែលមន្ទីរស្ថាប័នពាក់ព័ន្ធបានចេញឲ្យប្រើប្រាស់រួចហើយ គឺបានក្លាយទៅជាច្បាប់ទៅហើយ ហើយអាជ្ញាធរ ឬផ្នែកពាក់ព័ន្ធត្រូវតែគោរព និងត្រូវអនុវត្តតាមនោះដែរ»។
យ៉ាងនេះក្តី មន្ត្រីសង្គមស៊ីវិល បានផ្តល់គំនិតថា អាជ្ញាធរខេត្តព្រះសីហនុ គួរស្នើសុំគោលការណ៍ទៅរដ្ឋាភិបាល ដើម្បីស្នើដកហូតសិទ្ធិគ្រប់គ្រងដីធ្លី ឬមោឃភាពប្លង់កម្មសិទ្ធិ និងដកអាជ្ញាប័ណ្ណពីក្រុមហ៊ុន ឬឯកជនទាំងឡាយ ដែលបានឃុបឃិតរំលោភយកទ្រព្យសម្បត្តិរដ្ឋធ្វើកម្មសិទ្ធិ មានដូចជា ដីបឹងធម្មជាតិបឹងព្រែកទប់ និងដីនៅតាមតំបន់ឆ្នេរសមុទ្រ ជាដើម ដែលគ្មានសកម្មភាពអភិវឌ្ឍន៍ទុកជូនរដ្ឋគ្រប់គ្រងវិញ។
ទាក់ទិនបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនៅក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុនវិនិយោគនាសាលាខេត្តព្រះសីហនុ នាពេលកន្លងទៅ បានព្រមានថា នឹងបន្តដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនឯកជនទាំងឡាយណា ដែលមិនអនុវត្តតាមកិច្ចសន្យា ឬគោលការណ៍វិនិយោគ ដែលបានព្រមព្រៀងជាមួយរដ្ឋាភិបាលមកទុកជាសម្បត្តិរដ្ឋវិញ។ ជាមួយគ្នានោះ លោក ប៊ិន ឈិន ក៏បានជំរុញដល់មន្ត្រីនៅតាមមន្ទីរ ឬស្ថាប័នជំនាញនានាក្នុងខេត្តព្រះសីហនុ ត្រូវសហការគ្នាចុះពិនិត្យជាក់ស្តែងអំពីសកម្មភាពរបស់ក្រុមហ៊ុនវិនិយោគឲ្យបានត្រឹមត្រូវ ដើម្បីឲ្យប្រាកដថា ក្រុមហ៊ុនទាំងនោះបានអនុវត្តទៅតាមកិច្ចសន្យាវិនិយោគជាមួយរដ្ឋាភិបាល ឬទេ មុននឹងសម្រេចដកអាជ្ញាប័ណ្ណ ឬសិទ្ធិវិនិយោគពីបណ្ដាក្រុមហ៊ុនទាំងនោះ។ ជាងនេះ លោកក៏បានព្រមានចាត់វិធានការចំពោះអំពើពុករលួយ ដែលអាចនឹងកើតមានឡើងរវាងមន្ត្រីនៅតាមមន្ទីរ ឬស្ថាប័នរដ្ឋ ក្នុងសកម្មភាពចុះបំពេញបេសកកម្មសើរើការងារពាក់ព័ន្ធការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
