ប្រជាពលរដ្ឋមានបញ្ហាទំនាស់ដីធ្លីជិត ១០០នាក់ ប្រមូលផ្ដុំគ្នានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឲ្យរដ្ឋមន្ត្រីក្រសួងនេះជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង ដែលអូសបន្លាយជាង ១០ឆ្នាំហើយ។ អ្នកភូមិប៉ះទង្គិចគ្នាបន្តិចជាមួយក្រុមសន្តិសុខក្នុងពេលតវ៉ានោះ។
ពលរដ្ឋទំនាស់ដីធ្លីនៅខេត្តកោះកុង ពីរបីនាក់របួសស្រាលពេលប៉ះទង្គិចគ្នាមួយប្រាវជាមួយកម្លាំងសន្តិសុខខណ្ឌចំការមន ដែលរារាំងពួកគាត់មិនឲ្យតវ៉ាដោយបិទផ្លូវព្រះមុនីវង្ស នៅមុខក្រសួងរៀបចំដែនដី នៅព្រឹកថ្ងៃទី២២ សីហា។
អ្នកភូមិទាំងនេះមកពីឃុំជីខ ស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅកោះកុងស៊ូហ្គើរ និង ផ្លែនថេហ្សិន (Koh Kong Sugar & Plantation) របស់ឧកញ៉ា ហេង ហ៊ុយ និងអតីតរបស់លោក លី យ៉ុងផាត់ តាំងពីឆ្នាំ២០០៦។
តំណាងអ្នកភូមិមានបញ្ហាដីធ្លីមកពីភូមិជីខ លោកស្រី ផាវ ញ៉ឺង ថ្លែងថា មូលហេតុមកតវ៉ានៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នេះ គឺព្រោះតែអ្នកភូមិបានទទួលចំណារពីលោក ប៉ាល់ ចន្ទតារា ប្រធានគណៈកម្មការចម្រុះ ទទួល និងដោះស្រាយបណ្ដឹងតវ៉ានៅមុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាលពីថ្ងៃទី២១ សីហា ចារបញ្ជូនមកឲ្យក្រសួងរៀបចំដែនដី ដោះស្រាយបញ្ហាដីរបស់ពួកលោកស្រី។ លោកស្រីបន្តថា ដោយសារតែអង្គុយតវ៉ានៅមុខក្រសួងរៀបចំដែនដី រាប់ម៉ោងហើយ មិនបានជួបលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ទៀត ទើបយកការបិទផ្លូវជាជម្រើសចុងក្រោយ៖ «ដូចអម្បាញ់មិញនេះ ខ្ញុំអត់ខ្លាចស្លាប់ទេ ស្លាប់ចុះ ដើម្បីកូនខ្ញុំរស់ ៦នាក់។ ខ្ញុំអត់ចង់រស់នៅទេ។ ខ្ញុំរស់នៅក៏អត់មានន័យអីទៀតដែរ ព្រោះខ្ញុំចង់ដោះស្រាយដី។ ពួកខ្ញុំចង់បានដីប្រើប្រាស់វិញ។ ក្រសួងដែនដីសន្យាថា ផ្ដល់ដី ៣ហិកតារ និងសំណង ២.៥០០ដុល្លារឲ្យពួកយើង តែមកដល់ពេលនេះ គេចវេះ ឆ្លើយឲ្យតែផុតពីមាត់...»។
អ្នកភូមិអះអាងថា ពួកគាត់បានកាន់កាប់ដីទីនោះតាំងពីឆ្នាំ១៩៧៩។ អ្នកភូមិព្រែកជីក ឃុំជីខក្រោម ម្នាក់ទៀត គឺលោកស្រី ម៉ៅ ឆាវ មានប្រសាសន៍ថា បានបាត់បង់ដីចំនួន ៨ហិកតារ ដែលបានកាប់រានជាង ២០ឆ្នាំមកហើយ៖ «ធ្វើតាំងពីកូនខ្ញុំនៅតូច... ខ្ញុំរែកកូនខ្ញុំទៅទាំងប្ដីទាំងប្រពន្ធ ហើយខ្ញុំធ្វើទាហាន អឺ៩១។ ខ្ញុំធ្វើដូចជាស្រីមេម៉ាយ ប្ដីខ្ញុំធ្វើទាហាន ខ្ញុំបានលុយនោះ ប្រាក់ខែប្ដីខ្ញុំ ខ្ញុំជួលគេយកទៅកាប់ព្រៃកាប់ឈើ ដើម្បីដីខ្ញុំនោះ។ ហេតុអីក៏ពួកក្រុមហ៊ុននេះមកលោភលន់យកដីរបស់ខ្ញុំ»។
មូលហេតុដែលអ្នកភូមិចង់ជួបតែលោក ជា សុផារ៉ា ព្រោះតែពួកគាត់ធ្លាប់ជួបដោះស្រាយជាមួយមន្ត្រីក្រសួងថ្នាក់ក្រោមច្រើនលើកហើយ ប៉ុន្តែមិនមានដំណោះស្រាយ។ ក្រោយការប៉ះទង្គិចគ្នានោះ តំណាងអ្នកភូមិចំនួន ៦នាក់ ត្រូវបានអភិបាលរងខណ្ឌចំការមន គឺលោក កែវ សំណាង សម្របសម្រួលឲ្យចូលជួបមន្ត្រីនាំពាក្យក្រសួងរៀបចំដែនដី ម្ដងទៀត គឺលោក សេង ឡូត៖ «បងអញ្ជើញអង្គុយឲ្យស្រួល កុំឲ្យស្ទះផ្លូវគេ កុំឲ្យស្ទះចរាចរណ៍គេធ្វើដំណើរ។ ឥឡូវ ៥នាក់ចូលទៅជួប»។
តំណាងអ្នកភូមិឈ្មោះ យី គន្ធា ឲ្យដឹងថា កិច្ចប្រជុំនេះនៅតែមិនទាន់មានដំណោះស្រាយ ដោយសារមន្ត្រីក្រសួងប្រាប់ថាកំពុងដោះស្រាយដដែល។
ទាំងលោក សេង ឡូត និងលោក ទេព ធន ប្រធានក្រុមដោះស្រាយវិវាទដីធ្លីទី៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាស៊ីសេរី មិនអាចទាក់ទងសុំបញ្ជាក់អំពីការដោះស្រាយករណីនេះបានទេ នៅរសៀលថ្ងៃទី២២ សីហា។
អ្នកភូមិទាំងនេះ គឺក្នុងចំណោមអ្នកភូមិ ១២៥គ្រួសារ នៅឃុំចំនួន៤ ក្នុងស្រុកស្រែអំបិល និងស្រុកបុទុមសាគរ ខេត្តកោះកុង ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ កោះកុង ស៊ូហ្គើរ និងកោះកុង ផ្លែនថេហ្សិន របស់ឧកញ៉ា ហេង ហ៊ុយ និងអតីតក្រុមហ៊ុនលោក លី យ៉ុងផាត់ តាំងពីឆ្នាំ២០០៦។ ពេលនេះ ពួកគាត់បានបាត់បង់ទាំងផ្ទះ ដីភូមិ និងដីចម្ការទំហំជាង ៥៨០ហិកតារ ដោយសារតែក្រុមហ៊ុនឈូសឆាយយក។ ពួកគាត់តែងនាំគ្នាមកតវ៉ានៅភ្នំពេញជាញឹកញយ ព្រោះមិនទទួលបានសំណង។
ពួកគាត់គ្រោងនាំគ្នាទៅរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីទៀត នៅពេលមិនទទួលបានដំណោះស្រាយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។