ពលរដ្ឋ​មក​ពី​ខេត្ត​ក្រចេះ​ស្នើ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ទំនាស់​ដីធ្លី

0:00 / 0:00

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ រាប់​រយ​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​សីហា បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​ទៅ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​ស្នើ​ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដី និង​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពួក​គាត់។ ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ត្រូវ​កម្លាំង​បង្ក្រាប​បាតុករ​ប្រដាប់​ដោយ​ដំបង និង​ខែល រាប់​រយ​នាក់ រារាំង និង​បំបែក​មិន​ឲ្យ​ចូល​ទៅ​ដល់​មុខ​ផ្ទះ​ប្រមុខ​ដឹក​នាំ​ទេ។

បុរស​ឈ្មោះ សុន មិនា ស្ថិត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ឲ្យ​ដឹង​ថា ការ​ដើរ​ហែ​ក្បួន​នេះ គឺ​ចេញ​ពី​វត្ត​សាមគ្គីរង្សី សង្កាត់​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ។ លោក​បន្ត​ថា ការ​ប្រមូល​ផ្តុំ​គ្នា​នេះ គឺ​មាន​បំណង​ស្នើ​ឲ្យ​ប្រមុខ​ដឹក​នាំ ជួយ​អន្តរាគមន៍​ទៅ​សាលា​ខេត្ត​ក្រចេះ ឲ្យ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដែល​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​បាន​វាស់វែង និង​ចេញ​សលាកបត្រ​រួច​ជិត ៤០០​ក្បាល​ដី (៣៩១) ជូន​ពួក​គាត់។ លោក​ថា បច្ចុប្បន្ន​នេះ ដី​បង្កបង្កើនផល​របស់​ពួក​គាត់​កំពុង​ត្រូវ​ក្រុមហ៊ុន​ឯកជន​ក្នុង​មូលដ្ឋាន រំលោភ​យក ហើយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ក្រចេះ មិន​រក​ដំណោះស្រាយ​ជូន​ទេ។

ពលរដ្ឋ​ផ្សេង​ទៀត បាន​ចោទ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ក្នុង​ខេត្ត​ក្រចេះ ថា​បាន​ឃុបឃិត​បើក​ដៃ​ឲ្យ​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ដី​បង្កបង្កើនផល និង​ព្យាយាម​មិន​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី ដែល​ក្រុម​និស្សិត​បាន​វាស់​រួច​ជូន​ពួក​គាត់​ប្រើប្រាស់​ទេ។

ក្នុង​សំឡេង​យំ​ខ្សឹប​ខ្សួល​អួល​ដើមក ក្រុម​ប្រជាពលរដ្ឋ​ប្រុស​ស្រី​បាន​លើក​ដៃ​សំពះ សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌​លើ​ទំនាស់​ដីធ្លី​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ស្នើ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពួក​គាត់៖ «វា​យក​វិញ​ហើយ​ឥឡូវ​នេះ វា​ឈូស​ឆាយ​ដំឡូង​ប្រជាពលរដ្ឋ។ វា​វាស់វែង​ហើយ វា​មិន​ចេញ​ប្លង់​ជូន​ប្រជាពលរដ្ឋ​ទេ។ សន្យា​១​ខែ​ថា​១​ខែ តែ​ឥឡូវ​២​ឆ្នាំ​ហើយ ប្រជាពលរដ្ឋ​មក​ទាមទារ ហើយ លោក ស ចំរ៉ុង គាត់​មិន​ព្រម​ឲ្យ​សោះ​ប្លង់។ ភូត​ខ្ញុំ​ត្រឡប់ត្រឡិន ដាក់​ឲ្យ​ខ្ញុំ​ទៅ​សួរ​សម្ដេច ហ៊ុន សែន ដែល​គាត់​បាន​មក​ចុះ​សម្ពោធ​នៅ​ខេត្ត​ក្រចេះ»

សកម្មភាព​ដើរ​ហែ​ក្បួន​របស់​ពលរដ្ឋ​មក​ពី​ខេត្ត​ក្រចេះ មាន​ទាំង​កុមារ​តូចៗ និង​មាន​ទាំង​លើក​បដា មាន​រូបថត លោក ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ព្រម​ទាំង​សលាកបត្រ​សម្គាល់​ក្បាល​ដី មាន​បិទ​រូបថត​ប្រជាពលរដ្ឋ​មួយ​គ្រួសារៗ​ថែម​ទៀត។

ទោះ​យ៉ាង​ណា ក្រុម​ប្រជាពលរដ្ឋ​មិន​មាន​លទ្ធភាព​ចូល​ទៅ​ដល់​មុខ​ផ្ទះ លោក ហ៊ុន សែន ទេ ព្រោះ​ត្រូវ​កម្លាំង​ចម្រុះ​ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក់​រាប់​រយ​នាក់ រាំង​ខ្ទប់ និង​រុញ​ផ្ទប់​បំបែក​ការ​ប្រមូល​ផ្តុំ។

បន្ទាប់​ពី​ត្រូវ​កម្លាំង​ចម្រុះ​រារាំង ក៏​មាន​វត្តមាន​មន្ត្រី​រដ្ឋាភិបាល​បាន​ចេញ​មុខ​មក​ទទួល​យក​ញត្តិ ឬ​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​ខាង​កើត​សួនច្បារ​នាគ​បាញ់​ទឹក ខាង​កើត​វិមាន​ឯករាជ្យ។

មេធាវី​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ាល់ ចន្ទតារា ដែល​ចេញ​ទទួល​យក​ញត្តិ​ពី​អ្នក​ភូមិ ដោយ​សន្យា​ថា នឹង​ដាក់​ជូន​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្នួល ដាក់​ជូន​ប្រមុខ​ដឹក​នាំ​ពិនិត្យ។ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា នឹង​ដោះស្រាយ​នៅ​ថ្ងៃ​ណា​ឲ្យ​ពិត​ប្រាកដ​ទេ។

យ៉ាង​ណា​ក៏ដោយ លោក ណៃ វ៉ង់ដា ប្រធាន​ក្រុម​មេធាវី​សមាគម​អាដហុក (adhoc) ដែល​ចុះ​ឃ្លាំ​មើល​សកម្មភាព​តវ៉ា​របស់​ប្រជាពលរដ្ឋ បាន​រិះគន់​នីតិវិធី​ដោះស្រាយ​របស់​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ក្រចេះ លើ​ជម្លោះ​ដីធ្លី​នេះ។ លោក​ថា ទំនាស់​នេះ លោក ហ៊ុន សែន គួរ​អន្តរាគមន៍ និង​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់៖ «ការ​ដែល​គាត់​ឡើង​មក​ស្នើសុំ​ឲ្យ​មាន​ដំណោះស្រាយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ មិន​មែន​ជា​រឿង​ខុស​ឆ្គង​ទេ។ ខ្ញុំ​គិត​ថា ជា​រឿង​ត្រឹមត្រូវ​ណាស់ នៅ​ពេល​ដែល​អាជ្ញាធរ​មូលដ្ឋាន​មិន​អាច​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ជាពិសេស​ក្រុមហ៊ុន ហ៊រីហ្សិន នេះ យើង​ឃើញ​ថា​មាន​តែ​នាយក​រដ្ឋមន្ត្រី​នេះ​ឯង អាច​មាន​សិទ្ធិ​អំណាច​អារ​កាត់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន»

បន្ទាប់​ពី​មន្ត្រី​រដ្ឋាភិបាល​ទទួល​យក​ញត្តិ ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​បំបែក​ការ​ប្រមូល​ផ្តុំ និង​វិល​មក​ស្នាក់​នៅ​ក្នុង​បរិវេណ​វត្ត​សាមគ្គីរង្សី ក្នុង​សង្កាត់​ស្ទឹងមានជ័យ ដើម្បី​រង់ចាំ​ស្តាប់​ដំណោះស្រាយ​ជា​បន្ត​ទៀត។

ពលរដ្ឋ​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ក្រចេះ និង​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី ប្រមាណ ២​សប្ដាហ៍​មក​ហើយ។

លោក ស ចំរ៉ុង អភិបាល​ខេត្ត​ក្រចេះ មិន​លើក​ទូរស័ព្ទ ដើម្បី​បំភ្លឺ​ជុំវិញ​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​វិនិយោគ​នៅ​ស្រុក​ស្នួល នេះ​ទេ។

ញត្តិ ឬ​លិខិត​របស់​ប្រជាពលរដ្ឋ ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ដឹង​ថា ដី​កំពុង​មាន​ទំនាស់​នេះ ពួក​គាត់​បាន​មក​តាំង​ទី​លំនៅ និង​បង្កបង្កើនផល តាំង​ពី​ឆ្នាំ​២០០០ រហូត​ដល់​ឆ្នាំ​២០០៨ ទើប​មាន​ក្រុមហ៊ុន​ឈ្មោះ ហ៊រីហ្សិន អាគ្រីខាល់ឆ័រ ឌីវឡុបមេន (Horizon Agriculture Development Co.,Ltd) បាន​មក​ឈូស​ឆាយ​លើ​ដំណាំ​កសិកម្ម​ពួក​គាត់។ ពលរដ្ឋ​ចោទ​ថា សកម្មភាព​ក្រុមហ៊ុន​នេះ គឺ​មិន​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង ឬ ស.ជ.ណ ដែល​ចេញ និង​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ។

ក្រោយ​មក ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​ទទួល​នូវ​បទបញ្ជា​លេខ​០០១ និង​បាន​ទទួល​ការ​វាស់វែង​ដី និង​បាន​ទទួល​សលាកបត្រ​ត្រឹមត្រូវ​ពី​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយក​មន្ត្រី​ថែម​ទៀត។ ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​នៅ​បន្ត​រំលោភ​ដីធ្លី និង​អាជ្ញាធរ​ខេត្ត​ក្រចេះ មិន​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់​ដូច្នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។