សាលា​ដំបូង​ខេត្ត​ក្រចេះ​កោះ​ហៅ​តំណាង​ពលរដ្ឋ​៣៧​គ្រួសារ​ចូល​បំភ្លឺ​រឿង​ជម្លោះ​ដីធ្លី

0:00 / 0:00

ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ក្រចេះ បាន​កោះ​ហៅ​ពលរដ្ឋ ៣៧​គ្រួសារ សាកសួរ​ជា​បឋម​ពី​រឿង​ជម្លោះ​ដីធ្លី​នៅ​ឃុំ​សំបុក ស្រុក​ចិត្របូរី។ តំណាង​ពលរដ្ឋ ៣៧​គ្រួសារ ចាត់​ទុក​ការ​កោះ​ហៅ​របស់​តំណាង​អយ្យការ ថា​ជា​ចេតនា​បំបាក់​ស្មារតី​អ្នក​ភូមិ​ដែល​ទាមទារ​ដីធ្លី​អាស្រ័យ​ផល។

ពលរដ្ឋ​រស់នៅ​ឃុំ​សំបុក ស្រុក​ចិត្របូរី ៣៧​គ្រួសារ​ដែល​កើត​ចេញ​ពី​ពលរដ្ឋ ១២​គ្រួសារ ហើយ​ពលរដ្ឋ​ទាំង ១២​គ្រួសារ មាន​ជម្លោះ​ដីធ្លី​ជាមួយ​អ្នក​ភូមិ​ថ្មគ្រែ ៧៥​គ្រួសារ​តាំង​ពី​ឆ្នាំ​១៩៩៧។ ពួក​គាត់​បាន​ស្វែងរក​អន្តរាគមន៍​ពី​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ ទាក់ទង​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​របស់​អាជ្ញាធរ​ខេត្ត​ក្រចេះ។

តំណាង​ពលរដ្ឋ ៣៧​គ្រួសារ លោកស្រី ឃុត ម៉ុម រៀបរាប់​ថា តំណាង​អយ្យការ​ខេត្ត​ក្រចេះ បាន​កោះ​ហៅ​ពលរដ្ឋ​មក​ឆ្លើយ​បំភ្លឺ​ម្តង​មួយ​គ្រួសារៗ​ជា​បន្តបន្ទាប់​តាំង​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥ ហើយ​ពលរដ្ឋ ១៤​គ្រួសារ បាន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​រួច​ហើយ។ លោកស្រី​យល់​ថា ការ​កោះ​ហៅ​ពលរដ្ឋ​ឆ្លើយ​បំភ្លឺ​ជា​ចេតនា​គំរាម​កំហែង។ លោកស្រី​កត់​សម្គាល់​ថា អាជ្ញាធរ​បាន​ដក​ហូត​ដី​ពី​ពលរដ្ឋ​ចំនួន ១២​គ្រួសារ​គ្រប់គ្រង​ច្រើន​ឆ្នាំ​កន្លង​មក ដើម្បី​យក​ទៅ​ធ្វើ​ជា​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ ៧៥​គ្រួសារ​ផ្សេង​ទៀត៖ « បំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ដែល​ទាមទារ​យក​ដី​វិញ​ថា ឲ្យ​ដក​ខ្លួន បើ​មិន​ដក​ខ្លួន ប្រយ័ត្ន​ខ្លួន អា​ហ្នឹង​គំរាម ញ៉ែម សុខ »

ព្រះរាជអាជ្ញា​រង លោក ទុត វីនីត មិន​ធ្វើ​អត្ថាធិប្បាយ​ករណី​នេះ​ទេ​នៅ​ថ្ងៃ​ទី​៦ មីនា ព្រោះ​លោក​ប្រាប់​ថា​កំពុង​ជាប់​រវល់។

ទាក់ទង​ករណី​នេះ អភិបាល​ស្រុក​ចិត្របូរី លោក ហង់ ចាន់ឌី មាន​ប្រសាសន៍​ថា គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ចំនួន ៦៧​ហិកតារ អាជ្ញាធរ​បាន​កាត់​ឆ្វៀល​ចេញ​ចំនួន ២៣​ហិកតារ​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់ ហើយ​ពលរដ្ឋ​ទាំង​នោះ​ក៏​បាន​ផ្ដិត​មេដៃ​យល់ព្រម​ដែរ។ ចំណែក​ដី​ដែល​នៅ​សេសសល់​ជាង ៤០​ហិកតារ អាជ្ញាធរ​បាន​ពុះ​ជា​ឡូ​ចែក​ជូន​ពលរដ្ឋ ៧៥​គ្រួសារ​ដែល​ប្ដឹង​ទាមទារ​កន្លង​មក។ លោក​អះអាង​ថា គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច គឺ​ជា​គម្រោង​របស់​អាជ្ញាធរ​ខេត្ត ដែល​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់​ចេញ​លិខិត​បញ្ជាក់​ថា ដី​នៅ​តំបន់​នោះ​ជា​ដី​សម្បទាន​សង្គមកិច្ច និង​បាន​គូរ​ផែនទី​កំណត់​ទំហំ​ដី​ជាក់លាក់៖ « យើង​បាន​ចុះ​ចែក​តាម​នីតិវិធី​សង្គមកិច្ច យើង​បាន​ចុះ​ចែក​ជា​ឡូ​ជូន​គាត់​ហើយ ប៉ុន្តែ​បែរ​ជា​អ្នក​ដែល​បាន​ផ្ដិត​មេដៃ​ឲ្យ​អាជ្ញាធរ​ពី​មុន ដែល​អាជ្ញាធរ​ចែក​ឡូ​ឲ្យ​គាត់​អត់​ឲ្យ​គេ​ចូល​ធ្វើ​ការ។ អត់​ឲ្យ​គេ​ចូល​ទទួល​ផល​ដី​នោះ​ទេ »

គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​របស់​អាជ្ញាធរ​ស្រុក​ចិត្របូរី ជូន​ពលរដ្ឋ​ចំនួន ៧៥​គ្រួសារ​ជា​អតីត​សេនាជន​ភូមិ និង​ពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ​ក្នុង​ឃុំ​ថ្មគ្រែ ស្រុក​ចិត្របូរី ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧ ក្នុង​ទំហំ​ដី​ចំនួន ៦៨​ហិកតារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី ១២​ម៉ែត្រ បណ្តោយ ១៥០​ម៉ែត្រ​ទៅ ២០០​ម៉ែត្រ។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ក្រចេះ លោក ឌិន ខន្នី ដែល​ចុះ​អង្កេត​ករណី​នេះ​ឲ្យ​ដឹង​ថា ការ​កោះ​ហៅ​ពលរដ្ឋ​មក​ឆ្លើយ​បំភ្លឺ​របស់ ជា​ភារកិច្ច​របស់​ព្រះរាជអាជ្ញា​រង ក៏ប៉ុន្តែ​ប្រសិន​ការ​កោះ​ហៅ​បែប​គំរាម​កំហែង ជា​ករណី​ខុស​នីតិវិធី។ លោក​កត់​សម្គាល់​ថា ដី​ដែល​មាន​ជម្លោះ​ដ៏​ចម្រូងចម្រាស​រវាង​ពលរដ្ឋ ១២​គ្រួសារ​ជាច្រើន​ឆ្នាំ​កន្លង​មក ព្រោះ​ដី​នៅ​តំបន់​នោះ​ឋិត​នៅ​ចំណុច​ក្បាលច្រុះ ជា​ក្បាល​ស្រែ​ពលរដ្ឋ ១២​គ្រួសារ ហើយ​អាជ្ញាធរ​ចាត់​ទុក​តំបន់​នោះ​ជា​គម្រោង​ដី​សម្បទាន​សង្គម​កិច្ច ឬ​ដី​សាធារណៈ​របស់​រដ្ឋ។ លោក​បារម្ភ​ថា គម្រោង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​របស់​អាជ្ញាធរ​ជូន​ពលរដ្ឋ ៧៥​គ្រួសារ មិន​បាន​ផ្តល់​ជូន​ពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ​រស់នៅ​តាម​ច្រាំង​ទន្លេ បើ​ការ​ស្រង់​ស្ថិតិ​របស់​អាជ្ញាធរ​ធ្វើ​ឡើង​ដោយ​អាថ៌កំបាំង៖ « វា​ជា​ការ​គំរាម​កំហែង វា​ជា​ការ​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ។ គួរ​តែ​ប្រើ​នីតិវិធី​ក្នុង​ការ​សួរ​ចម្លើយ ដើម្បី​រក​ហេតុ​ផល​ការ​ពិត កុំ​សួរ​ដើម្បី​បំភិត​បំភ័យ​ប្រជាពលរដ្ឋ »

កាល​ពី​ឆ្នាំ​១៩៩៧ អតីត​មេ​ឃុំ​ថ្មគ្រែ លោក រាជ្យ ថេន ធ្លាប់​បាន​ផ្តល់​ជូន​ពលរដ្ឋ​ចំនួន ៦៨​គ្រួសារ​ដែល​ជា​អតីត​សេនាជន​ភូមិ និង​ពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ​មុន​ឆ្នាំ​២០០២ ចំនួន ៦៨​គ្រួសារ​ឲ្យ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ចំនួន​ជាង ៤០​ហិកតារ ហើយ​កាល​ពី​ឆ្នាំ​២០១៤ ពលរដ្ឋ ៧​គ្រួសារ​រងគ្រោះ​ដោយសារ​ការ​បាក់​ច្រាំង​ទន្លេ ក៏​បាន​មក​ដាក់​ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​រស់នៅ។

មេ​ឃុំ​សំបុក លោក ហ៊ឹម ស្រង ធ្លាប់​អះអាង​ថា កន្លង​ទៅ អាជ្ញាធរ​ខេត្ត​បាន​កំណត់​ថា ដី​ជាង ៦០​ហិកតារ គឺ​ជា​ដី​សម្បទាន​សង្គមកិច្ច បន្ទាប់​ពី​រក​ឃើញ​ថា ដី​នៅ​តំបន់​នោះ​មួយ​ផ្នែក​ធំ​ជា​តំបន់​ព្រៃ ឬ​ដី​សាធារណៈ​របស់​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។