ស្ថិតក្នុងស្ថានភាពជម្លោះដីធ្លីដ៏រ៉ាំរ៉ៃដូចគ្នា ប្រជាជនមកពីខេត្តកំពត និងខេត្តព្រះសីហនុ ហែញត្តិមកក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ នៅថ្ងៃតែមួយ ក្នុងគោលបំណងសុំអន្តរាគមន៍ដោះស្រាយពីរដ្ឋមន្ត្រីថ្មីដែលមានប្រជាប្រិយ គឺលោក ជា សុផារ៉ា។ តំណាងក្រសួង បានចេញមកទទួលញត្តិពីប្រជាពលរដ្ឋ ហើយសន្យាថានឹងធ្វើការស្រាវជ្រាវដោះស្រាយជូនដោយឈរលើមូលដ្ឋានច្បាប់ ប៉ុន្តែសុំទុកពេលសម្រាប់ក្រសួងធ្វើការ ហើយស្នើមិនចាំបាច់ឆ្លើយតបជាមួយនឹងអ្នកសារព័ត៌មានដែរ គឺរង់ចាំស្តាប់លទ្ធផលពីក្រសួង។
តំណាងអ្នកតវ៉ាហែញត្តិក្នុងបញ្ហាទំនាស់ដីធ្លីមកពីឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត កាលពីព្រឹកថ្ងៃច័ន្ទ ទី១៣ មិថុនា មិនបានផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាននោះទេ ក្រោយពីតំណាងក្រសួងដែនដី ចេញមកទទួលញត្តិ និងណែនាំសុំឲ្យទុកពេលសម្រាប់ក្រសួងធ្វើការ។
តំណាងអ្នកតវ៉ាមកពីស្រុកឈូក លោក លី គឹមហុង បានឲ្យដឹងថា ក្រុមលោកបារម្ភថា អាជ្ញាធរខេត្តគ្រោងនឹងចុះវាស់វែងដីចំនួន ១.៣០០ហិកតារ ដើម្បីផ្តល់ឲ្យអតីតយុទ្ធជនទាំង ២៤០គ្រួសារដែលមិនទាន់បានទទួលដីបង្កបង្កើនផល។ ដូច្នេះ លោកស្នើសុំឲ្យខាងក្រសួងអនុវត្តតាមអនុក្រឹត្យ និងចេញប្លង់កម្មសិទ្ធិជូនពួកគាត់ជាង ១.០០០គ្រួសារ៖ «ទាមទារថា អោយគាត់ពិនិត្យជាក់ស្ដែង អោយទៅតាមអនុក្រឹត្យទៅតាមប្រសាសន៍របស់សម្ដេចដែលគាត់បានកាត់ដីជូនប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលជាក់ស្ដែង»។
ដោយឡែកប្រជាពលរដ្ឋជាង ៣០នាក់តំណាងប្រជាជន ៤៥គ្រួសារ ដែលមកពីឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានដង្ហែញត្តិ និងស្នើអន្តរាគមន៍ដូចគ្នានឹងប្រជាជនមកពីខេត្តកំពត ដែរ។ ប្រជាពលរដ្ឋទាំងនេះមានបញ្ហាទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុនមួយឈ្មោះ ឋានសួគ៌ ក្នុងផ្ទៃដីទំហំ ២៣៣ហិកតារ ដែលបច្ចុប្បន្នក្រុមហ៊ុននេះកំពុងកាន់កាប់ដី និងធ្វើការឈូសឆាយ។
តំណាងអ្នកតវ៉ា លោក ហ៊ុំ ធឿន បានឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេដែលក្រុមលោក បាននាំយកញត្តិមកតវ៉ានៅភ្នំពេញ។ កន្លងមក ខាងលោកបានយកញត្តិសុំអន្តរាគមន៍ទៅដាក់នៅខេត្ត និងរដ្ឋសភាផងដែរ។ ជាងនេះទៅទៀត ប្រជាជនក្នុងជម្លោះដីធ្លីនោះ បានអះអាងថា ក្រុមហ៊ុនឋានសួគ៌ នោះឈរឈ្មោះដោយលោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាដន្លងរបស់លោក ហ៊ុន សែន ផងដែរនោះ បានដុតផ្ទះប្រជាពលរដ្ឋ និងចាប់តំណាង ឃុំខ្លួនក្នុងពន្ធនាគារផងដែរ៖«ដឹកនាំដោយឯកឧត្ដមឧប យឹម ឆាយលី ដែលជាតំណាងក្រុមហ៊ុនហ្នឹង។ ឆ្នាំ២០១៣ ហ្នឹង ចាប់មានទាហាន មានមន្ត្រីខាងមេព្រៃអីហ្នឹង គេទៅឃាត់ឃាំងពួកខ្ញុំមិនអោយកាប់បន្តទៀត ប៉ុន្តែពួកខ្ញុំមិនបានរុករានតទៀតទេ កាត់តែដូចថា ខ្ញុំធ្វើកន្លែងណា ខ្ញុំធ្វើកន្លែងហ្នឹងដូចដើម ប៉ុន្តែក្រោយមកគេក៏ហៅខ្ញុំទៅ ដោះស្រាយតាមសន្តិវិធី ប៉ុន្តែពួកគេបានចាប់ខ្ញុំដាក់ពន្ធនាគារ»។
អភិបាលស្រុកព្រៃនប់ លោក ទិត វុទ្ធី បានឲ្យវិទ្យុអាស៊ីសេរី ដឹងតាមទូរស័ព្ទថា លោកមិនបានដឹងពីបញ្ហាទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃអ្វីនោះទេ៖ «អត់ដឹងទេ ខ្ញុំអត់បាន គេអត់បានឆ្លងខ្ញុំផង យើងអត់ដឹង ហ្នឹងហើយ សួរទៅខេត្តទៅ ខ្ញុំនៅស្រុកនេះ»។
ការដង្ហែញត្តិរបស់ប្រជាពលរដ្ឋមកពីខេត្តកំពត និងខេត្តព្រះសីហនុ មិនមានការរារាំងពីសំណាក់សមត្ថកិច្ចអ្វីទេ ហើយប្រជាពលរដ្ឋទាំងនោះបានត្រឡប់ទៅវិញ ក្រោយពេលដែលក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទទួលយកញត្តិរបស់ពួកគាត់ និងសន្យាថានឹងដោះស្រាយជូនគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។