ក្រុមអ្នកភូមិមានបញ្ហាដីធ្លីប្រមាណ ៣០នាក់មកពីសហគមន៍មានបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ នាំគ្នាយកញត្តិទៅដាក់នៅព្រះបរមរាជវាំង ដើម្បីរកអន្តរាគមន៍ពីព្រះមហាក្សត្រ នៅថ្ងៃទី២៤ មេសា។ មានតំណាង ៤រូបប៉ុណ្ណោះដែលអាជ្ញាធរសន្តិសុខអនុញ្ញាតឲ្យចូលដាក់ញត្តិ។
តំណាងក្រុមប្រជាពលរដ្ឋមានបញ្ហាដីធ្លី ៤រូបដែលតំណាងឲ្យសហគមន៍ដីធ្លី៤ ត្រូវបានអនុញ្ញាតឲ្យយកញត្តិទៅដាក់ជូនមន្ត្រីក្រសួងព្រះបរមរាជវាំង។
តំណាងសហគមន៍អតីតបណ្ដាញស្ត្រីបឹងកក់ កញ្ញា អ៊ឹម ស្រីទូច ថ្លែងនៅព្រឹកថ្ងៃទី២៤ មេសា ថា មូលហេតុដែលនាំឲ្យអ្នកភូមិមកព្រះបរមរាជវាំង ព្រោះព្រះមហាក្សត្រធ្លាប់អន្តរាគមន៍ដោះលែងអ្នកបឹងកក់ជាប់ឃុំម្ដងកន្លងទៅ៖ « យើងមកដាក់ញត្តិជូនព្រះមហាក្សត្រនេះ ដើម្បីសុំឲ្យព្រះមហាក្សត្រហ្នឹង ជួយអន្តរាគមន៍ទៅសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យលោកជួយដោះស្រាយបញ្ចប់រឿងបឹងកក់ បុរីកីឡា អេស . អូ . អេស ហើយនិងដោះលែងសកម្មជន សិទ្ធិមនុស្ស អង្គការអាដហុក ( ADHOC ) ៤រូប និងមន្ត្រី គ . ជ . ប លោក នី ចរិយា មួយរូប និងសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី » ។
ពលរដ្ឋដែលមករកអន្តរាគមន៍ពីព្រះមហាក្សត្រនេះ គឺពលរដ្ឋជាអតីតអ្នកសហគមន៍បឹងកក់ សហគមន៍បុរីកីឡា ៣មករា សហគមន៍ព្រលានយន្តហោះ អេស.អូ.អេស (SOS) និងអ្នកបឹងកក់ ៧គ្រួសារដែលនៅមិនទាន់ទទួលបានដំណោះស្រាយ។ ករណីនៅបឹងកក់ សាលារាជធានីភ្នំពេញបានដាក់ឱសានវាទ ១ខែ គឺចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែមេសា ដើម្បីឲ្យអ្នកភូមិដែលសេសសល់ ទទួលយកដីសម្រេចប្រគល់ឲ្យ។ ប៉ុន្តែអ្នកភូមិមិនទទួលយកការដោះស្រាយនេះ ព្រោះដីតូចជាង ១០% នៃដីធ្លាប់កាន់កាប់។ ពួកគាត់ចង់បានដីទំហំ ៥៣% ទើបយល់ព្រម។
រដ្ឋបាលរាជធានីភ្នំពេញកំណត់ថា បើអ្នកភូមិមិនទទួលយកការសម្រេចនេះ ហើយហួសកំណត់រយៈពេល ១ខែ រដ្ឋបាលរាជធានីភ្នំពេញ នឹងឈប់ពិនិត្យដោះស្រាយ ឬទទួលខុសត្រូវការបាត់បង់ផលប្រយោជន៍អ្នកបឹងកក់ទៀតឡើយ។
អ្នកបឹងកក់មួយរូបក្នុងចំណោមអ្នកបឹងកក់នៅសេសសល់ ៧គ្រួសារ គឺលោកស្រី ហុង សុខខេង មានប្រសាសន៍ថា លោកស្រីមិនចាប់អារម្មណ៍នឹងថ្ងៃឱសានវាទមកដល់ ដែលរដ្ឋបាលសាលារាជធានីភ្នំពេញកំណត់នោះទេ៖ « ចប់ៗទៅ គាត់ឱសានវាទតែកាត់ទេតើ ! ប្រជាពលរដ្ឋ អត់ទាន់ផ្ដិតមេដៃផងហ្នឹង»។
កាលពីថ្ងៃទី១៩ មេសា មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញមិនទាន់មានដំណោះស្រាយអ្វីផ្សេងពីនេះទេ។
អ្នកបឹងកក់មានបញ្ហាដីធ្លីជិត ១០ឆ្នាំ ពេលដែលរាជរដ្ឋាភិបាលសម្រេចផ្ដល់ដីទំហំ ១១៤,៤១ហិកតារទៅឲ្យក្រុមហ៊ុន ស៊ូកាគូ (Shukaku Inc) សម្រាប់អភិវឌ្ឍ។ រដ្ឋាភិបាលក៏សម្រេចផ្ដល់ដីទំហំ ១២,៤៤ហិកតារទៅឲ្យពលរដ្ឋ។ ប៉ុន្តែអ្នកភូមិ ៧គ្រួសារនៅមិនទាន់បានដំណោះស្រាយនៅឡើយ។
ចំណែកឯសហគមន៍បុរីកីឡាមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ផាន អ៊ីមិច (PHAN IMEX) ហើយពួកគាត់មួយចំនួនត្រូវបានបណ្ដេញចេញដោយបង្ខំឲ្យទៅនៅជាយក្រុង។ ពួកគាត់ទាមទារសំណងសមរម្យពីការបាត់បង់លំនៅឋាននេះ។
អ្នកភូមិមានបញ្ហាដីធ្លីទាំងនេះ តែងនាំគ្នាដាក់ញត្តិតវ៉ា និងរកអន្តរាគមន៍ពីក្រសួងស្ថាប័ននានាអស់រយៈពេលជិត ១០ឆ្នាំហើយ នៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ សកម្មជនដីធ្លីបឹងកក់ អ្នកស្រី ទេព វន្នី កំពុងជាប់ពន្ធនាគារ ក៏មានដើមហេតុពីជម្លោះដីធ្លីនេះដែរ។
ទោះជាយ៉ាងនេះក្ដី មន្ត្រីរដ្ឋបាលក្រសួងព្រះបរមរាជវាំង លោក អ៊ិត សុធា ដែលចេញមកទទួលញត្តិរបស់អ្នកភូមិទាំងនេះ សន្យាថា លោកនឹងបញ្ជូនញត្តិនេះទៅអ្នកដឹកនាំក្រសួង ដើម្បីចាត់ចែង។
ក្រុមអ្នកភូមិបានរំសាយគ្នាវិញ ហើយថារង់ចាំដំណឹងរហូតដល់ថ្ងៃពុធ ទី២៦ មេសា មុននឹងចេញតវ៉ាទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។