តំណាងអ្នកបឹងកក់ ព្រមានលើកគ្នាតវ៉ា ប្រសិនបើធនាគារពិភពលោក (World Bank) អនុម័តផ្ដល់ប្រាក់កម្ចីឡើងវិញឲ្យរដ្ឋាភិបាលកម្ពុជា ខណៈបញ្ហាទំនាស់ដីធ្លីនៅតំបន់ពួកគាត់មិនទាន់ដោះស្រាយចប់។ ការលើកឡើងនេះ ធ្វើឡើងនៅចំថ្ងៃដែលគណៈគ្រប់គ្រងរបស់ធនាគារពិភពលោក អាចនឹងបោះឆ្នោតសម្រេចចិត្តលើការផ្ដល់ឥណទានដល់ប្រទេសកម្ពុជា ឡើងវិញ។
សកម្មជនដីធ្លីដែលតែងចុះតវ៉ាតាមផ្លូវ និងធ្លាប់ជាប់ពន្ធនាគារ អ្នកស្រី ទេព វន្នី ទាមទារឲ្យធនាគារពិភពលោក ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា បញ្ចប់ជម្លោះដីធ្លីនៅតំបន់បឹងកក់ និងកន្លែងផ្សេងទៀត មុននឹងពិចារណាបញ្ឈប់បង្កកប្រាក់កម្ចី និងជំនួយនានាដល់រដ្ឋាភិបាលកម្ពុជា។
តំណាងសហគមន៍បឹងកក់រូបនេះអះអាងថា ប្រសិនបើធនាគារពិភពលោក នៅតែរឹងទទឹងផ្ដល់ហិរញ្ញប្បទានដល់រដ្ឋាភិបាល ខណៈគ្រួសារជាច្រើននៅបឹងកក់រងគ្រោះដោយសារជម្លោះដីធ្លីមិនទាន់ទទួលបានសំណងសមរម្យ៖ « ពួកយើងនឹងតវ៉ាប្រឆាំងដាច់ខាតនឹងធនាគារពិភពលោក លុះត្រាតែយើងបានយុត្តិធម៌ »។
កាសែត ឌឹ ខេមបូឌា ដេលីបានផ្សាយថា គណៈគ្រប់គ្រងរបស់ធនាគារពិភពលោក អាចបោះឆ្នោតនៅថ្ងៃទី១៩ ឧសភា សម្រេចផ្ដល់ប្រាក់ ២៥លានដុល្លារ ដើម្បីចាប់ផ្ដើមគម្រោងរយៈពេលប្រាំឆ្នាំសម្រាប់ប្រជាជនក្រីក្រគ្មានដីធ្លីនៅប្រទេសកម្ពុជា ដែលជាជំហររបស់ធនាគារពិភពលោក បង្ហាញការលុបចោលនូវការបង្កកប្រាក់កម្ចីដែលបានដាក់រយៈពេល ៥ឆ្នាំមកហើយ។
កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១១ ធនាគារពិភពលោកប្រកាសឈប់ផ្ដល់ប្រាក់កម្ចីឲ្យប្រទេសកម្ពុជា ហើយថានឹងមិនផ្ដល់ឲ្យឡើងវិញទេ ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនអាចដោះស្រាយជម្លោះជូនប្រជាជនដែលរស់នៅតំបន់បឹងកក់ ដែលត្រូវអាជ្ញាធរបណ្ដេញចេញ។
ទោះបីជាយ៉ាងណា របាយការណ៍របស់វិទ្យាស្ថាន អុខលែន(The Oakland Institute) អង្កេតឃើញថា ធនាគារពិភពលោក ក៏មិនបានធ្វើសកម្មភាពលេចធ្លោដើម្បីសហការជាមួយរដ្ឋាភិបាល ដោះស្រាយបញ្ហាជូនក្រុមគ្រួសារដែលត្រូវគេបណ្ដេញចេញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងធនាគារពិភពលោក ប្រចាំប្រទេសកម្ពុជា បានទេ ដើម្បីសុំអត្ថាធិប្បាយអំពីសេចក្ដីសម្រេចចិត្តលើការផ្ដល់ប្រាក់កម្ចីឡើងវិញ។
អ្នកសម្របសម្រួលផ្នែកបច្ចេកទេសនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ការផ្ដល់ប្រាក់កម្ចីឡើងវិញឲ្យកម្ពុជា ជាសេចក្ដីសម្រេចរបស់ធនាគារពិភពលោក។ លោកបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា ពិតជាចង់ទទួលប្រាក់កម្ចីពីធនាគារពិភពលោក ដើម្បីកាត់បន្ថយភាពក្រីក្រ រដ្ឋាភិបាលគួរដោះស្រាយឲ្យបានចប់ស្រឡះរាល់ទំនាស់ដីធ្លីទាំងឡាយ៖ « ខ្ញុំឃើញថាវានៅមានចំណុចច្រើនដែលត្រូវកែប្រែ។ ឥឡូវយើងលើកយកតែបញ្ហាដីធ្លីចុះ ដែលត្រូវបានដោះស្រាយឲ្យបានចប់សព្វគ្រប់។ ទីពីរ ត្រូវផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា »។
ធនាគារពិភពលោកបានអះអាងថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (Land Allocation for Social and Economic Development) បានផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាជនក្រីក្រចំនួន ២៥០គ្រួសារ គិតត្រឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥។ គម្រោងនេះ ចាប់អនុវត្តដំបូងកាលពីឆ្នាំ២០០៨ ដើម្បីផ្ដល់ដី និងប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាជនក្រីក្រចំនួន ៣ពាន់គ្រួសារ ដើម្បីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ។ ប្រជាជនក្រីក្រដែលស្ថិតក្នុងគម្រោងនេះ ក៏ទទួលបានជំនួយ ដូចជា អាហារ គ្រាប់ពូជ និងសម្ភារៈសាងសង់ផ្ទះផងដែរ។
ក៏ប៉ុន្តែ របាយការណ៍របស់អង្គការលីកាដូបានរកឃើញថា អ្នកភូមិជាច្រើនខ្វះសមត្ថភាពប្រើប្រាស់ដី ហើយដីស្រែចម្ការខ្លះមិនអាចបង្កបង្កើនផលបាន ដែលលីកាដូ អះអាងថា គម្រោងដែលមានទំហំទឹកប្រាក់ធំបែបនេះ មិនយកធ្វើឡើងវិញសម្រាប់គម្រោងដីសម្បទានសង្គមកិច្ចនាពេលអនាគតបាននោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។