អាជ្ញាធរស្រុកវាលវែង ខេត្តពោធិ៍សាត់អះអាងថា អាជ្ញាធរស្រុក និងខេត្តកំពុងខ្នះខ្នែងរកវិធីសាស្ត្រដោះស្រាយបញ្ចប់វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន អឹម ឌី អេស(MDS) របស់លោកឧកញ៉ា ទ្រី ភាព នៅតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសឃុំថ្មដាឲ្យបានឆាប់។ ការអះអាងរបស់អាជ្ញាធរជាថ្មីទៀតនេះ គឺនៅបន្ទាប់ពីក្រុមពលរដ្ឋស្រុកវាលវែង រួមជាមួយពលរដ្ឋមកពីស្រុកចំនួនពីរទៀតក្នុងខេត្តពោធិ៍សាត់ គ្រោងនាំគ្នាដង្ហែញត្តិដាក់ជូនអភិបាលខេត្ត រដ្ឋសភាជាតិ និងផ្ទះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រុមពលរដ្ឋដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃនៅតាមតំបន់មួយចំនួន នៃស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ ឲ្យដឹងនៅថ្ងៃទី១៩ ខែតុលាថា ពួកគាត់ខ្លះកំពុងធ្វើដំណើរតាមផ្លូវ និងខ្លះទៀតនឹងត្រូវចេញដំណើរនៅពេលព្រឹកថ្ងៃ២០ តុលា មកកាន់ទីរួមខេត្តពោធិ៍សាត់ ដើម្បីរៀបចំពិធីដង្ហែញត្តិរួមគ្នា។ ចំណែកក្រុមពលរដ្ឋដែលធ្វើដំណើរឡើងមកពីស្រុកវាលវែងត្រូវអាជ្ញាធរស្រុកឃាត់ទៅសាកសួរនៅសាលាស្រុក និងបានសន្យាថា នឹងជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ឲ្យបានឆាប់ ជាថ្នូរនឹងការមិនឲ្យនាំគ្នាឡើងតវ៉ា ឬដង្ហែញត្តិ។
អភិបាលស្រុកវាលវែងដែលទើបឡើងកាន់តំណែងថ្មីលោក ហេង សុភាណា មានប្រសាសន៍ថា អាជ្ញាធរបានជួបជជែកជាមួយពលរដ្ឋ និងពន្យល់នូវការខិតខំស្វែងរកដំណោះស្រាយលើបញ្ហាដីធ្លីជូនប្រជាពលរដ្ឋពីសំណាក់អាជ្ញាធរ។ លោកថាក្រុមការងារនឹងចុះពិនិត្យមើលទីតាំងដីមានជម្លោះនោះឲ្យបានជាក់ស្ដែងម្ដងទៀតក្នុងពេលឆាប់ៗ ប៉ុន្តែអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធត្រូវការពេលវេលាសមស្របក្នុងការសហការគ្នា ដើម្បីដោះស្រាយបញ្ចប់បញ្ហាជូនប្រជាពលរដ្ឋ៖ «ទា ក់ទងជាមួយនឹងការដោះស្រាយនេះ គឺខាងអាជ្ញាធរកំពុងដំណើរការរៀបចំអស់ហើយ ប៉ុន្តែឥឡូវខ្ញុំបានជួបជជែកហើយគាត់ថានឹងយកឯកសារដែលពាក់ព័ន្ធធ្វើសំណើទាំងអស់ហ្នឹងមកជួបខ្ញុំ ស្អែក»។
តំណាងពលរដ្ឋម្នាក់មកឃុំថ្មដាលោក ជា សាយ័ន មានប្រសាសន៍ថា ក្រុមពលរដ្ឋពុំមានជំនឿច្រើនលើការសន្យាដោះស្រាយរបស់អាជ្ញាធរស្រុកឡើយ ប៉ុន្តែលោកនឹងរៀបចំឯកសារ និងថតចម្លងញត្តិទាមទាររបស់ពលរដ្ឋជូនអភិបាលស្រុកដែរ បន្ទាប់ពីដាក់ជូនអភិបាលខេត្ត ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ។ លោកបន្ដថា លោក និងអ្នកភូមិចំនួន៥នាក់ផ្សេងទៀតកំពុងធ្វើដំណើររួមគ្នានាំយកញត្តិរបស់ប្រជាពលរដ្ឋចំនួន៣៣គ្រួសារមកពីភូមិឯកភាព និងភូមិកណ្ដាល នៃឃុំថ្មដាមកកាន់ទីរួមខេត្តពោធិ៍សាត់៖ «ថ្ងៃស្អែកនេះគ្រោងទៅជួបចៅហ្វាយខេត្ដផង ប្រធានសភាជាតិផង ហើយនឹងសម្ដេចនាយកផង។ បើគិតទៅចៅហ្វាយស្រុកដូរបីហើយនៅខេត្ដពោធិ៍សាត់ មិនទាន់បានដំណោះស្រាយឲ្យប្រជាពលរដ្ឋទេ ដោះស្រាយតែខ្យល់។ គាត់ថាចាំងរាំងភ្លៀងបានគាត់ទៅ ! អីចឹងខ្ញុំតម្កល់ញតិ្ដហ្នឹងទុកសម្រាប់ទៅជូនអភិបាលស្រុក ឲ្យដាំដុះៗបើក្រុមហ៊ុនដុះទេខ្ញុំលែងមានជំនឿជាដាច់ខាតទៅថ្ងៃក្រោយ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក(Adhoc) ប្រចាំខេត្តពោធិ៍សាត់លោក ភួង សុធា ថ្លែងថា ជាច្រើនឆ្នាំមកហើយដែលអាជ្ញាធរបានសន្យាថានឹងដោះស្រាយជូនប្រជាពលរដ្ឋ ប៉ុន្តែរហូតមកដល់បច្ចុប្បន្នពុំមានលទ្ធផលអ្វីទាំងអស់។ លោកយល់ថាអាជ្ញាធរថ្នាក់ស្រុក និងខេត្តមិនងាយនឹងដោះស្រាយបញ្ហានេះចេញឡើយ ពីព្រោះទីតាំងដីដែលកំពុងមានជម្លោះនោះ គឺស្ថិតនៅក្នុងដែនអភិរក្ស និងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន អឹម ឌី អេស(MDS) ប៉ុន្ដែអ្នកភូមិធ្លាប់កាន់កាប់ និងអាស្រ័យផលជាច្រើនឆ្នាំមកហើយ៖ «ទាំងអស់ហ្នឹងហើយដែលរដ្ឋ ឬមួយក៏រាជរដ្ឋាភិបាលចេញអនុក្រិត្យដកដីហ្នឹងទុកសម្រាប់ប្រជាពលរដ្ឋ តែបើសិនត្រឹមតែកម្រិតអាជ្ញាធរស្រុកគឺមិនមានលទ្ធភាពក្នុងការដោះស្រាយរឿងហ្នឹងបានទេ»។
តាមគម្រោងរបស់តំណាងពលរដ្ឋមកពីស្រុកទាំងបី នឹងមានអ្នកចូលរួមពិធីដាក់ញត្ដិនេះសរុបប្រមាណជា១០០នាក់ នាំគ្នាជួបជុំនៅខាងមុខសាលាខេត្តពោធិ៍សាត់ ហើយអាចនឹងអាចនាំគ្នាដង្ហែញត្តិតាមបណ្ដោយផ្លូវជាលេខ៥ ឆ្ពោះទៅកាន់រាជធានីភ្នំពេញទៀត ប្រសិនបើអាជ្ញាធរខេត្ដមិនទទួលយកញត្ដិ និងផ្ដល់កាលបរិច្ឆេទច្បាស់ក្នុងការដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។