ប្រជាពលរដ្ឋជាង ៥០នាក់តំណាងឲ្យពលរដ្ឋជាង ២០០គ្រួសារមកពី ៣ស្រុកក្នុងខេត្តបន្ទាយមានជ័យ ប្រមូលផ្ដុំគ្នាតវ៉ាដោយលើកបដា និងដាក់ញត្តិទៅកាន់ក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៣ ខែមីនា ដើម្បីទាមទារឲ្យស្ថាប័ននេះផ្អាកសកម្មភាពបុគ្គលមានអំណាចម្នាក់រំលោភយកដី ហើយងាកមកដោះស្រាយផលប៉ះពាល់ដីស្រែចម្ការ និងផ្ទះសម្បែងរបស់ពួកគាត់ឲ្យចប់ជាមុនសិន។
ពលរដ្ឋទាំង ៣ស្រុក គឺស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អះអាងថា ពួកគាត់ធ្លាប់បានតវ៉ាសុំអន្តរាគមន៍ជាច្រើនលើកមកហើយជាមួយនឹងអាជ្ញាធរខេត្តនេះ តែនៅមិនទាន់ឃើញមានលទ្ធផលណាមួយនៅឡើយ។ ចំណែកឯសង្គមស៊ីវិលរិះគន់ជាថ្មីថា អាជ្ញាធរគ្មានឆន្ទៈដោះស្រាយជម្លោះដីធ្លីនៅតំបន់មានជម្លោះឲ្យបានចប់នោះទេ។
តំណាងពលរដ្ឋដែលតវ៉ា និងជាអនុភូមិអូរស្វាយ ស្រុកម៉ាឡៃ លោក វ៉ាន់ សឿន ឲ្យដឹងថា ពលរដ្ឋជាង ២០០គ្រួសារដែលតវ៉ានេះ បានទទួលរងនូវការរំលោភបំពានដីស្រែ និងដីលំនៅឋានតាំងពីឆ្នាំ២០០៦ ពីសំណាក់អ្នកមានអំណាច និងមានលុយម្នាក់ ដែលគេដឹងថាជាអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គាត់ថា ការដាក់ញត្តិទៅក្រសួងយុត្តិធម៌ នៅពេលនេះ ព្រោះពលរដ្ឋជឿជាក់ថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលជាស្ថាប័នកំពូល នឹងមានសមត្ថភាពបើកការស៊ើបអង្កេត និងដោះស្រាយបញ្ចប់ជម្លោះដីធ្លីនេះ៖ « សូមឲ្យ ក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌ ហើយបញ្ជូន កម្លាំងចុះមក ស៊ើបពី ការរស់នៅ របស់ពលរដ្ឋ ដើម្បី ដឹងថា តើប្រជាពលរដ្ឋពួកខ្ញុំរស់នៅ ពិតប្រាកដ ឬមិនពិត ហើយរស់ទុក្ខដោយសារអ្នកណា សូមមក ស្វែងយល់ ពី ការរស់នៅ របស់ពលរដ្ឋ »។
ខ្លឹមសារសរសេរនៅលើបដា និងញត្តិរបស់ពលរដ្ឋទាំង ៣ស្រុក ដែលដាក់ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្ហាញថា ទំហំដីដែលត្រូវបានអ្នកមានអំណាចរំលោភយក ក្នុងនោះក្នុងស្រុកអូរជ្រៅ ប៉ះពាល់ដី ២៦០ហិកតារ ស្រុកម៉ាឡៃ ២៦៩ហិកតារ និងក្នុងក្រុងប៉ោយប៉ែត ៤៣ឡូ។
តំណាងពលរដ្ឋដែលតវ៉ាម្នាក់ទៀត លោកស្រី ប៊ុន គឹមយាង បានឲ្យដឹងដែរថា ក្រោយមានការឈូសឆាយផលដំណាំ និងស្រែចម្ការនៅលើដីនោះមក អ្នកភូមិមិនមានដីធ្វើស្រែចម្ការចិញ្ចឹមជីវិតទេ។ ក្រៅពីជំរុញឲ្យក្រសួងយុត្តិធម៌ ចុះស៊ើបអង្កេត លោកស្រីក៏ទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយជម្លោះដីនេះផងដែរ៖ « ដីខ្ញុំ មានតែ ៥ហិក តា រ លោក ហេង ការីម មក ឈូសឆាយ យក អស់ហើយ ពួកខ្ញុំគ្មានសល់អ្វីទៀតទេ ហើយ រាល់ថ្ងៃ កូនៗដើរខ្ចាត់ខ្ចាយដើ រ ស៊ីឈ្នួល គេនៅថៃ អស់ ចោលកូនប្រពន្ធទៅថៃ គេ បោកមករក នៅខ្មែរ មិនមាន អ្វីរកទៀត។ ពួកខ្ញុំរស់នៅវេទនាណាស់ ចឹងសុំសម្ដេចជួយផង »។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបបន្ថែមពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ជុំវិញការដាក់ញត្តិទាមទាររបស់ប្រជាពលរដ្ឋបាននៅឡើយ នៅថ្ងៃទី២៣ ខែមីនា។
ចំណែកឯ លោក ហេង ការីម ដែលពលរដ្ឋតវ៉ាអះអាងថា ជាបុគ្គលមានអំណាចម្នាក់នៅក្នុងក្រុងប៉ោយប៉ែត ដែលបានរំលោភយកដីពលរដ្ឋ វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋដែលតវ៉ាបាននៅឡើយដែរ។
ការតវ៉ារបស់ក្រុមពលរដ្ឋទាំងនេះនៅក្រសួងយុត្តិធម៌ មិនមានការប៉ះទង្គិចពាក្យសម្ដីជាមួយសមត្ថកិច្ច ឬត្រូវរារាំងឡើយ។ ជាងនេះទៀត តំណាងស្ថាប័ននេះបានឲ្យតំណាងអ្នកតវ៉ាចូលជួបពិភាក្សា ហើយសន្យាបញ្ជូនសំណើនេះទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីអន្តរាគមន៍។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត បានសម្ដែងការសោកស្ដាយ ដែលអាជ្ញាធរថ្នាក់មូលដ្ឋានគ្មានឆន្ទៈដោះស្រាយបញ្ចប់បញ្ហារ៉ាំរ៉ៃនេះ ហើយបណ្តោយឲ្យពលរដ្ឋស្វែងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី។ លោកស្នើឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវតែមានឆន្ទៈដោះស្រាយ កុំបន្តបណ្តោយឲ្យឈ្មួញដែលរំលោភដីធ្លីពលរដ្ឋ ប្រើប្រាស់អំណាចមកគ្របលើខ្លួន៖ « ជាដំណោះស្រាយដែលល្អ គឺយើងត្រូវដោះស្រាយលើបញ្ហាដែលមានស្រាប់នៅថ្នាក់មូលដ្ឋានជាមុនសិន ឲ្យ ដឹងថា តើ បញ្ហាដីធ្លី វាប៉ះពាល់គ្រួសារពលរដ្ឋ យ៉ាងម៉េច ខ្លះ ? ហើយដោះស្រាយជូនពួកគាត់ ចឹងបានអាចដោះស្រាយបញ្ហាវិវាទដីធ្លីបាន »។
ទោះបីជាមានការសន្យាពីមន្ត្រីក្រសួងយុត្តិធម៌ ក៏ដោយ ក៏ក្រុមអ្នកតវ៉ាដីធ្លីនៅខេត្តបន្ទាយមានជ័យ នៅតែមិនទាន់ស្ងប់ចិត្ត ហើយព្រួយបារម្ភថា ការសន្យានេះអាចនឹងគ្មានប្រសិទ្ធភាព។ ពលរដ្ឋដែលតវ៉ា ពួកគាត់ក៏គ្រោងដាក់ញត្តិទៅកាន់រដ្ឋសភា នៅថ្ងៃទី២៥ ខែមីនា រួចវិលត្រឡប់ទៅស្រុកកំណើតវិញ ដោយហេតុថា នៅភ្នំពេញពួកគាត់ពុំមានទីកន្លែងសម្រាប់ស្នាក់អាស្រ័យឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។