ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​កំពង់ស្ពឺ

0:00 / 0:00

ប្រជាពលរដ្ឋ​ជិត ២០០​នាក់​ដែល​ជា​តំណាង​គ្រួសារ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ (Phnom Penh Sugar) របស់​ឧកញ៉ា លី យ៉ុងផាត់ នៅ​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ នាំ​គ្នា​មក​ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​កំពង់ស្ពឺ ស្វែងរក​ដំណោះស្រាយ​សមរម្យ។ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ បញ្ជាក់​ថា មិន​ទាន់​មាន​ដំណោះស្រាយ​ណា​មួយ​នៅ​ឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​ការ​សិក្សា​ស្រាវជ្រាវ​លើ​បញ្ហា​ឲ្យ​លម្អិត​សិន។

ពលរដ្ឋ​ដែល​ចោទ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ​ថា​រំលោភ​ដីធ្លី នៅ​ព្រឹក​ថ្ងៃ​ទី​២ មីនា លើក​គ្នា​ទៅ​កាន់​សាលា​ខេត្ត​កំពង់ស្ពឺ ដើម្បី​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​លើ​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ។

អ្នក​មក​ដាក់​ញត្តិ​ដែល​ធ្វើ​ដំណើរ​មក​ពី​ភូមិ​ចំនួន​៦ នៃ​ឃុំ​អមលាំង ចម្ងាយ​ជិត ៦០​គីឡូម៉ែត្រ​ពី​សាលា​ខេត្ត​កំពង់ស្ពឺ អះអាង​ថា មាន​ប្រជាពលរដ្ឋ​ចំនួន ៣២៤​គ្រួសារ​នៅ​ឃុំ​អមលាំង ដែល​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ឲ្យ​ទៅ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ។

ញត្តិ​របស់​ប្រជាពលរដ្ឋ​បញ្ជាក់​ថា ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ នៅ​ឆ្នាំ​២០១០ បាន​ឈូស​ឆាយ​ប៉ះ​ដី​របស់​ប្រជាជន ហើយ​ក្រុមហ៊ុន​មិន​បាន​ផ្តល់​សំណង​សមរម្យ​ឲ្យ​ពលរដ្ឋ​ឡើយ។

តំណាង​សហគមន៍​ប្រជាជន​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​អមលាំង លោកស្រី សុទ្ធ ទីម ត្អូញត្អែរ​ថា ក្រោយ​ពេល​ដែល​បាត់បង់​ដីធ្លី ប្រជាជន​នៅ​សហគមន៍​របស់​គាត់​ពិបាក​រស់នៅ៖ « ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​យ៉ាង​ច្រើន បាត់បង់​ដី​ស្រែ អត់​មាន​ដី​អាស្រ័យ​ផល ជីវភាព​គ្រួសារ កូន​ចៅ​ទៅ​រៀន មាន​អ្នក​ខ្លះ កូន​គាត់​អត់​បាន​ទៅ​សិក្សា​ក៏​មាន ដោយសារ​ជីវភាព​របស់​គាត់​ខ្វះខាត »

អ្នក​ដែល​មក​ហែ​ញត្តិ បាន​នាំ​គ្នា​ឈរ​នៅ​មុខ​របង​សាលា​ខេត្ត ស្រែក​រក​ដំណោះស្រាយ តែ​ក្រោយ​មក ត្រូវ​សន្តិសុខ​ប្រាប់​ឲ្យ​ចាក​ចេញ​ពី​របង ដើម្បី​ថែរក្សា​សណ្ដាប់ធ្នាប់​សាធារណៈ។

តំណាង​សហគមន៍​ចំនួន ៧​នាក់ ត្រូវ​បាន​អាជ្ញាធរ​ហៅ​ទៅ​ជួប ដើម្បី​ពិភាក្សា​ពី​ញត្តិ​នោះ។ ដោយ​អភិបាល​ខេត្ត​កំពង់ស្ពឺ មាន​ធុរៈ​ចេញ​ទៅ​បរទេស មន្ត្រី​សាលា​ខេត្ត​កំពង់ស្ពឺ ប្រាប់​ឲ្យ​អ្នក​មក​ដាក់​ញត្តិ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ថា​នឹង​យក​ញត្តិ​របស់​ប្រជា​សហគមន៍​នេះ ជូន​ថ្នាក់​លើ​ដើម្បី​សិក្សា។

ប្រធាន​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​ឃុំ​អមលាំង ឲ្យ​បាន​កាន់​តែ​ឆាប់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ស្មើ​ភាព៖ « កាល​ណា​យើង​ពន្យារ​យូរ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព និង​ការ​សិក្សា​របស់​ក្មេងៗ »

លទ្ធផល​នៃ​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៦ បាន​ស្នើ​ឲ្យ​មន្ត្រី​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​វិស័យ​ដីធ្លី ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​សមស្រប និង​ត្រឹមត្រូវ​តាម​នីតិវិធី។

ទោះ​បី​ជា​យ៉ាង​ណា ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​អមលាំង រំឭក​ថា ពួក​គាត់​ធ្លាប់​ដាក់​ញត្តិ​សុំ​ដំណោះស្រាយ​សមរម្យ​អស់​រយៈពេល​ជាង ៥​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​អន្តរាគមន៍​នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ​ដែល​មក​ដាក់​ញត្តិ ប្រកាស​ថា ប្រសិន​បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​សមរម្យ ប្រជា​សហគមន៍​នឹង​លើក​គ្នា​មក​ធ្វើ​បាតុកម្ម​នៅ​តាម​ស្ថាប័ន​ដែល​ពាក់ព័ន្ធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។