អ្នក​ភូមិ​ឡពាង​៥​នាក់​ដែល​ត្រូវ​បាន​ដោះ​លែង​នឹង​បន្ត​មក​ភ្នំពេញ​តវ៉ា​រឿង​ដីធ្លី

0:00 / 0:00

អ្នក​ភូមិ​ឡពាង ៥​នាក់ ដែល​ជាប់​ពន្ធនាគារ ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ឆ្នាំង សម្រេច​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​សីហា។ អ្នក​ភូមិ​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​ទាំង​នេះ បាន​អះអាង​ថា នឹង​បន្ត​ការ​ទាមទារ​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)។

អ្នក​ភូមិ​ឡពាង ចំនួន ៥​នាក់ ដែល​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ នឹង​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា។ គោល​បំណង​នៃ​ការ​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ស្រុក​កំណើត​របស់​ពួក​គេ​នេះ គឺ​ដើម្បី​មក​ជួប​ជុំ​គ្រួសារ និង​បន្ត​ការ​ទាមទារ​រក​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី។

អ្នក​ភូមិ​ម្នាក់​ដែល​ទើប​នឹង​ចេញ​ពី​ពន្ធនាគារ លោក សៀង ហេង បាន​រៀប​រាប់​ថា លោក​មាន​ក្តី​នឹក​រឭក​ដល់​ក្រុម​គ្រួសារ​របស់​លោក​ជា​ខ្លាំង បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ឆ្នាំង ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជាង​មួយ​ខែ។ លោក​អះអាង​ថា លោក និង​អ្នក​ភូមិ​ដទៃ​ទៀត នឹង​បន្ត​ការ​ទាមទារ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទំនាស់​ដី​ធ្លី​នេះ៖ «ការ​រំពឹង​សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​នៅ​តែ​សង្ឃឹម​ឱ្យ​មាន​ការ​ដោះស្រាយ។ បើ​សិន​ជា​មិន​មាន​ការ​ដោះស្រាយ ខ្ញុំ​ក៏​មិន​សុខ​ចិត្ត​ដែរ ព្រោះ​ខ្ញុំ​បាត់​បង់​ដី​ធ្លី ហើយ​ដាក់​សម្ពាធ​ឃុំ​ខ្លួន​ខ្ញុំ​ដោយ​អយុត្តិធម៌​អ៊ីចឹង​ទៀត»

អ្នក​ភូមិ​ម្នាក់​ទៀត លោក ងួន ញឿន ដែល​ទើប​នឹង​ត្រូវ​បាន​ដោះ​លែង​ដែរ​នោះ ហាក់​មិន​សូវ​សប្បាយ​រីក​រាយ​ប៉ុន្មាន​ទេ​ចំពោះ​ការ​ដោះ​លែង​នេះ ដោយសារ​តែ​ទំនាស់​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​រួច ហើយ​ម្យ៉ាង​វិញ​ទៀត លោក​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ៖ «ការ​រួច​ខ្លួន ខ្ញុំ​មាន​ការ​សប្បាយ​ចិត្ត ដោយសារ​តែ​មាន​គណបក្ស ឬ​អង្គការ​ផ្សេងៗ​ដែល​គាត់​ជ្រោមជ្រែង​ឱ្យ​ខ្ញុំ​បាន​ចេញ​ពី​ ពន្ធនាគារ​នេះ គឺ​ខ្ញុំ​សប្បាយ​ចិត្ត។ ប៉ុន្តែ​ដែល​ខ្ញុំ​មិន​សប្បាយ​ចិត្ត ដោយសារ​រឿង​ទំនាស់​ដី​ធ្លី​របស់​ខ្ញុំ គឺ​អត់​ទាន់​បាន​ដោះស្រាយ។ ណា​មួយ​ទៀត ខ្ញុំ​ចេញ​នេះ​មិន​មែន​ចេញ​មាន​សេរីភាព​ទាំង​ស្រុង​ទេ គឺ​នៅ​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ និង​ប៉ូលិស​ដដែល»

ចៅក្រម​ស៊ើបសួរ​តុលាការ​ខេត្ត​កំពង់ឆ្នាំង លោក ញូង ចន្ធី បាន​សម្រេច​ដោះ​លែង​អ្នក​ទាំង​៥ ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ប្រមាណ​ជា​ម៉ោង ៤​រសៀល ថ្ងៃ​ទី​២៩ ខែ​សីហា ប៉ុន្តែ​បាន​ដាក់​អ្នក​ទាំង​៥ ក្នុង​លក្ខខណ្ឌ​នៃ​ការ​តាម​ដាន មាន​ន័យ​ថា ពួក​គេ​ត្រូវ​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ពេល​ត្រូវ​បាន​កោះ​ហៅ។ លើស​ពី​នេះ ពួក​គេ​មិន​អាច​ផ្លាស់​ប្ដូរ​ទីលំនៅ​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជា​មុន​ដល់​ចៅក្រម​ស៊ើបសួរ​នោះ​ទេ ហើយ​ជាពិសេស ពួក​គេ​ត្រូវ​ទៅ​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ​តាជេស ជា​រៀង​រាល់​ចុង​ខែ។

អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នោះ គឺ​នៅ​ពេល​ដែល​អ្នក​ភូមិ​ទាំង ៥​នាក់ ត្រូវ​បាន​ដោះ​លែង មាន​មន្ត្រី​គណបក្ស​នយោបាយ​មួយ​ចំនួន បាន​យក​រថយន្ត​មក​ចាំ​ទទួល​ពួក​គេ​ត្រឡប់​ទៅ​ស្រុក​វិញ ប៉ុន្តែ​ពួក​គេ​បដិសេធ ហើយ​សម្រេច​ចិត្ត​ស្នាក់​នៅ​ទីស្នាក់ការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ខេត្ត កំពង់ឆ្នាំង ក្រោម​កិច្ច​គាំពារ និង​ផ្តល់​ជា​ម្ហូប​អាហារ​ពី លោក ស៊ុំ ចាន់គា មន្ត្រី​អង្គការ​អាដហុក៖ «ឥឡូវ​នេះ​វា​មិន​មែន​ជា​អាដហុក ទេ។ វា​ទៅ​ជា​រឿង​មនុស្សធម៌។ ប្រាំ​នាក់​ហ្នឹង គឺ​បាយ​ផ្ទះ​ខ្ញុំ​មាន សោហ៊ុយ​ឡើង​ទៅ​ភ្នំពេញ​នោះ អា​ហ្នឹង​ខ្លួន​គាត់ ពីព្រោះ​ក្រុម​គ្រួសារ​របស់​គាត់ បាន​ជជែក​គ្នា​អម្បាញ់មិញ​ថា ឱ្យ​តែ​ប្ដី​គាត់​ឡើង​ទៅ គេ​ជា​អ្នក​ចេញ​សោហ៊ុយ​ចេញ​អី​ហ្នឹង»

អ្នក​ភូមិ​ឡពាង ទាំង ៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​ខេត្ត​ជា​បន្តបន្ទាប់ ក្រោម​បទ​ចោទ​ថា​បាន​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា និង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ ក្នុង​ចំណោម​អ្នក​ទាំង ៥​នាក់ មាន ២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង និង ៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ជាតិ​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​របស់​ពួក​គេ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ភូមិ​ឡពាង ទាំង​នេះ បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​ចូលរួម​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួក​គេ​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក ងួន ញឿន៖ «គម្រោង​របស់​ខ្ញុំ គឺ​ខ្ញុំ​នៅ​តែ​ទាមទារ​តវ៉ា​រឿង​ដី​ធ្លី​របស់​ខ្ញុំ។ សូម​ឱ្យ​រាជ​រដ្ឋាភិបាល និង​អង្គការ​ផ្សេងៗ​មេត្តា​ជួយ​អន្តរាគមន៍​ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដី​ធ្លី​របស់​ពួក​ខ្ញុំ​ផង​ដែរ។ ហើយ​ជាពិសេស អង្គការ​ជាតិ និង​អន្តរជាតិ មេត្តា​ដាក់​សម្ពាធ​ដល់​ក្រុមហ៊ុន ខេ.ឌី.ស៊ី ដែល​កំពុង​តែ​រំលោភ​យក​ដី​របស់​ពួក​ខ្ញុំ​នេះ​ផង»

ទំនាស់​ដីធ្លី​នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង លើ​ផ្ទៃ​ដី​ទំហំ ១៨២​ហិកតារ ជា​ទំនាស់​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ១០​ឆ្នាំ​មក​ហើយ រវាង​អ្នក​ភូមិ និង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​លោកស្រី ជា ខេង ភរិយា​របស់ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។