អ្នក​ភូមិ​ឡពាង​​ប្ដេជ្ញា​បន្ត​​តវ៉ា​នៅ​រាជធានី​ភ្នំពេញ

អ្នក​ភូមិ​ឡពាង បាន​ប្ដេជ្ញា​បន្ត​ស្នាក់​នៅ​និង​តវ៉ា​ក្នុង​រាជធានី​ភ្នំពេញ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ ឬ​លទ្ធផល​ជាក់លាក់​ណា​មួយ​ដែល​ពួក​គាត់​អាច​ទទួល​យក​បាន និង​ទាមទារ​ឲ្យ​ដោះ​លែង​តំណាង​របស់​ពួក​គាត់​ទាំង ៥​នាក់ ដែល​តុលាការ​ខេត្ត​កំពង់ឆ្នាំង បាន​ចាប់​ឃុំ​ខ្លួន​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី។

ការ​បង្ហាញ​ជំហរ​របស់​អ្នក​ឡពាង បាន​ត្រូវ​ធ្វើ​ឡើង​ក្នុង​សន្និសីទ​កាសែត​មួយ​នា​តំបន់​បឹងកក់ ដែល​មាន​អ្នក​ចូល​រួម​ជាង ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ សីហា។

អ្នក​ភូមិ​ឡពាង អះអាង​ថា នៅ​ភ្នំពេញ មាន​អំណោយ​ផល​ច្រើន​សម្រាប់​ការ​តស៊ូ​មតិ​របស់​ពួក​គាត់​ផង និង​ជួយ​ឲ្យ​ពួក​គាត់​គេច​ផុត​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​សំណាក់​កង​កម្លាំង​អាជ្ញាធរ និង​ក្រុម​មនុស្ស​ដែល​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​ផង។

ក្រៅ​ពី​បង្ហាញ​ការ​តាំង​ចិត្ត តំណាង​អ្នក​មាន​បញ្ហា​ដី​ធ្លី​នៅ​តបន់​ឡពាង ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី អ្នកស្រី អ៊ុំ សូភី មាន​ប្រសាសន៍​ថា ពួក​គាត់​កំពុង​តែ​រងទុក្ខ​ក្រោម​អាណានិគម​បែប​ថ្មី៖ «ខ្ញុំ​ចាំ​បាន​ថា នៅ​ខេត្ត​កំពង់ឆ្នាំង លោក តា ជួន និង (តា) នៅ គាត់​បាន​សម្លាប់ បាដែស (Bardez) ដែល​ធ្វើ​បាប​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្រាំងលាវ។ ពេល​នោះ​បារាំង បាន​ដាក់​ឈ្មោះ​ភូមិ​ក្រាំងលាវ ថា ភូមិ​តិរិច្ឆាន។ អ៊ីចឹង​បាន​ន័យ​ថា បារាំង​ដាក់​ឈ្មោះ​ឲ្យ​ភូមិ​នោះ​ជា​ភូមិ​តិរិច្ឆាន គឺ​មិន​ពិត​ទេ គឺ​បារាំង​ទេ ដែល​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ក្រាំងលាវ។ អ៊ីចឹង​គាត់​ឈឺ​ចាប់​ណាស់​នូវ​ការ​ជិះជាន់​របស់​អាណានិគម​បារាំង។ អាណានិគម​របស់​បារាំង ដើរ​ទារ​ពន្ធ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្មែរ។ អ៊ីចឹង​ពួក​យើង​មិន​ខុស​ពី​សម័យ​ភូមិ​តិរិច្ឆាន​នោះ​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ លោក អំ សំអាត ស្នើ​ប្រមុខ​រាជ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​មាន​ចំណាត់​ការ​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ចំពោះ​វិវាទ​ដីធ្លី ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​បដិវត្តន៍​ដីធ្លី​កើត​ជា​ថ្មី ព្រោះ​កម្ពុជា​ធ្លាប់​មាន​មេរៀន​ម្ដង​ហើយ​គឺ​បដិវត្តន៍​ដែល​ផ្ដើម​ចេញ​ពី​ជម្លោះ​ដីធ្លី​ជាមួយ​អ្នក​ភូមិ​សំឡូត ខេត្ត​បាត់ដំបង ក្នុង​អំឡុង​ចុង​ទស្សវត្ស៍​ឆ្នាំ​១៩៦០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។