មន្ត្រីរដ្ឋបាលជលផល និងមន្ត្រីសង្គមស៊ីវិលខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភខ្លាចដីព្រៃលិចទឹក ឬព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជ ត្រូវបំផ្លាញដោយការឃុបឃិតចេញប្លង់កម្មសិទ្ធិទៅលើតំបន់ដីព្រៃលិចទឹកជាង ១ពាន់ហិកតារនាមូលដ្ឋានឃុំទឹកថ្លា ស្រុកព្រៃនប់។
ក្តីព្រួយបារម្ភនេះ មន្ត្រីជំនាញជលផល បានស្នើដល់ថ្នាក់ដឹកនាំថ្នាក់ជាតិ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយទប់ស្កាត់សកម្មភាពប្រើគ្រឿងចក្រឈូសឆាយរំលោភយកដីព្រៃកោងកាងរាប់ពាន់ហិកតារនោះឲ្យទាន់ពេលវេលា។
មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បានអះអាងថា ដីព្រៃលិចទឹក ឬព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជជាង ១ពាន់ហិកតារ មានទីតាំងនៅឃុំទឹកថ្លា ស្រុកព្រៃនប់ ត្រូវស្ថាប័នពាក់ព័ន្ធខេត្តនេះ មានមន្ទីរសុរិយោដីខេត្តជាដើម បានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប្លង់ប្រព័ន្ធ ជូនបុគ្គលឯកជនទាំងស្រុងអស់ទៅហើយ។
ផ្ដើមពីបញ្ហានេះ ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម សំណូមពរដល់ថ្នាក់ដឹកនាំនៅតាមក្រសួងពាក់ព័ន្ធ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេល ព្រោះគ្រឿងចក្រកំពុងឈូសបំផ្លាញអនាធិបតេយ្យ។ បន្ថែមលើនេះ លោក សុខ សុខុម ក៏ស្នើដល់លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ជួយសើរើទៅលើការចេញប័ណ្ណកម្មសិទ្ធិជូនឯកជនទៅលើដីព្រៃលិចទឹក ឬព្រៃកោងកាងរាប់ពាន់ហិកតារនៅមូលដ្ឋានឃុំទឹកថ្លា ដើម្បីសង្គ្រោះជម្រកត្រីសមុទ្របន្តពូជនាមូលដ្ឋាននេះឲ្យបានគង់វង្ស៖ « មិនដឹងថាមូលហេតុអ្វី បានជាភាគីលោកឧកញ៉ា ហាន់ ឃៀង ហ៊ានឈូសឆាយលើដីព្រៃលិចទឹក ព្រៃកោងកាង ព្រៃកាញឹបដុះច្រើនដូចម្រាមដៃនៅមូលដ្ឋានឃុំទឹកថ្លា នេះ។ បច្ចុប្បន្ន គ្រឿងចក្រកំពុងបំផ្លិចបំផ្លាញព្រៃកោងកាង ដីសាធារណៈរបស់រដ្ឋនៅតំបន់នេះអស់ជាច្រើនហិកតារយ៉ាងអនាធិបតេយ្យ និងមានរូបភាពធ្ងន់ធ្ងរបំផុត។ ហើយបទល្មើសបំផ្លាញដីព្រៃលិចទឹក គឺកំពុងកើតមាននៅក្នុងមូលដ្ឋានឃុំទឹកថ្លា ដោយផ្ទាល់តែម្តង »។
លោក សុខ សុខុម ប្រធានអង្គការ ស៊ី.អ៊ិន.រ៉ូ បង្ហាញការហួសចិត្ត កាលបើឃើញដីព្រៃកោងកាងនៅមានដើមដុះល្អៗ និងមានកម្ពស់ជិត ១០ម៉ែត្រ ប៉ុន្តែបែរជាត្រូវអាជ្ញាធរ និងមន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធខ្លះក្នុងខេត្តព្រះសីហនុ អាចសម្រួលឯកសារឈានដល់ចេញប្លង់កម្មសិទ្ធិជូនបុគ្គលឯកជន ឬក្រុមហ៊ុន ហើយត្រូវគេយកគ្រឿងចក្រឈូសបំផ្លាញដីព្រៃលិចទឹកចោល។
មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើដល់ប្រមុខដឹកនាំរដ្ឋាភិបាល កោះអញ្ជើញមន្ត្រីជាប់ពាក់ព័ន្ធ ក្នុងការចេញប្លង់កម្មសិទ្ធិទៅឲ្យបុគ្គលឯកជននៅលើតំបន់ដីព្រៃលិចទឹកជាជម្រកត្រីសមុទ្របន្តពូជ ដើម្បីឈានដល់ផ្ដន្ទាទោសតាមផ្លូវច្បាប់៖ « សូមឲ្យអាជ្ញាធរមានសមត្ថកិច្ច មានរដ្ឋបាលជលផល ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ត្រូវមានវិធានការតាមផ្លូវច្បាប់ឲ្យបានតឹងរ៉ឹង ពីព្រោះដីសាធារណៈរបស់រដ្ឋ មិនអាចឲ្យក្លាយទៅជាកម្មសិទ្ធិឯកជនបានទេ។ ក្រុមហ៊ុន ឬបុគ្គលឯកជនទាំងនោះ សំអាងទៅលើឯកសារអ្វីខ្លះ ដែលហ៊ានយកគ្រឿងចក្រមកឈូសឆាយដីព្រៃលិចទឹក ព្រៃកោងកាងជម្រកត្រីសមុទ្របន្តពូជនៅលើទីតាំងភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់។ សូមឲ្យក្រុមហ៊ុនបង្ហាញឯកសារពាក់ព័ន្ធផ្លូវច្បាប់ ឬប័ណ្ណរឹងជូនអាជ្ញាធរ ហើយក៏ស្នើដល់មន្ត្រីជំនាញ គឺរដ្ឋបាលជលផល ត្រូវបដិសេធប័ណ្ណសម្គាល់ម្ចាស់ចលនវត្ថុទាំងនោះចោល ដើម្បីការពារធនធានធម្មជាតិ ឬព្រៃកោងកាងជម្រកត្រីសមុទ្របន្តពូជនៅតំបន់នេះឲ្យបានគង់វង្សឡើងវិញ »។
កាលពីថ្ងៃទី២៩ ខែមេសា ខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក នេន ចំរើន បានដាក់របាយការណ៍មួយច្បាប់ជូនប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលជលផល អំពីក្រុមហ៊ុនលោកឧកញ៉ា ហាន់ ឃៀង បានយកគ្រឿងចក្រជីកឈូសឆាយដីព្រៃលិចទឹកធ្វើប្រឡាយ ហ៊ុមព័ទ្ធដីព្រៃកោងកាងនៅក្នុងឃុំទឹកថ្លា។
លិខិតមានភ្ជាប់រូបថតនៃសកម្មភាពប្រើគ្រឿងចក្រឈូសឆាយដីព្រៃកោងកាង និងឯកសារពាក់ព័ន្ធមួយចំនួន ផ្ញើជូនប្រធានរដ្ឋបាលជលផល បញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ មន្ត្រីខណ្ឌជលផលកំពង់សោម បានចុះពិនិត្យសកម្មភាពគ្រឿងចក្ររបស់ក្រុមហ៊ុន ខេមបូឌា ប៊ីន ហៃ ស្ពេសល អ៊ីឃើណម៉ិក ហ្សូន (Cambodia Bin Hai Special Economic Zone) ដែលមានលោកឧកញ៉ា ហាន់ ឃៀង ជាប្រធានក្រុមហ៊ុននេះ បានជីកប្រឡាយមានទទឹង ២ម៉ែត្រ និងជម្រៅជាង ១ម៉ែត្រ ហ៊ុមព័ទ្ធលើដីព្រៃកោងកាងមួយកន្លែងមានទំហំប្រមាណ ៥០ហិកតារ នៅចំណុចមាត់ព្រែកសង្កែ ជាប់ផ្លូវជាតិស្ថិតក្នុងភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់។ ប៉ុន្តែសកម្មភាពប្រើគ្រឿងចក្រជីកប្រឡាយនៅលើដីព្រៃកោងកាងនេះរបស់លោក ហាន់ ឃៀង គឺពួកគេមានលិខិតស្នើសុំការឈូសឆាយចាក់ដីបំពេញសម្រាប់ដំណាំកសិកម្មនៅលើដីព្រៃលិចទឹក នាឃុំទឹកថ្លា ដោយមានចំណារឯកភាពជាគោលការណ៍ពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ រួមទាំងមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប្លង់ប្រព័ន្ធចំនួន ៧ច្បាប់ និងមានទំហំផ្ទៃដីជិត ៥០ហិកតារ។
លិខិតដដែលរបស់នាយកខណ្ឌជលផលកំពង់សោម លោក នេន ចំរើន ក៏បញ្ជាក់ប្រាប់ប្រតិភូរដ្ឋាភិបាល និងជាប្រធានរដ្ឋបាលជលផលថា វិសាលភាពនៃដីព្រៃកោងកាងមានចំនួនជាង ១ពាន់ហិកតារ មានទីតាំងនៅក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ រហូតមកទល់ពេលបច្ចុប្បន្ននេះ ត្រូវមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ បានផ្តល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ឬប្លង់ប្រព័ន្ធ ជូនឯកជនទាំងស្រុងអស់ទៅហើយ ទោះបីស្ថានភាពព្រៃកោងកាងពេលបច្ចុប្បន្ននៅមានដើមដុះល្អៗដូចម្រាមដៃ និងមានកម្ពស់ជិត ១០ម៉ែត្របែបណាក្តី។
លិខិតខណ្ឌរដ្ឋបាលជលផលកំពង់សោម បង្ហាញការព្រួយបារម្ភខ្លាចព្រៃកោងកាងជាង ១ពាន់ហិកតារនោះ ត្រូវបំផ្លាញ និងស្នើសុំអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំថ្នាក់ជាតិ ដើម្បីឈានដល់អនុវត្តនីតិវិធីបន្ត ដើម្បីឈានដល់ការពារ ឬថែរក្សាដីព្រៃកោងកាងជម្រកត្រីសមុទ្របន្តពូជឲ្យបានគង់វង្ស។
នាយខណ្ឌជលផលកំពង់សោម លោក នេន ចំរើន បានឲ្យដឹងថា សកម្មភាពឈូសឆាយដីព្រៃលិចទឹករបស់ក្រុមហ៊ុនលោកឧកញ៉ា ហាន់ ឃៀង ត្រូវមន្ត្រីអធិការកិច្ចជលផលមជ្ឈិមនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្អាកសកម្មភាពឈូសឆាយជាបណ្ដោះអាសន្នហើយ កាលពីថ្ងៃទី៦ ខែឧសភា។ លោកឲ្យដឹងថា មន្ត្រីអធិការកិច្ចជលផលមជ្ឈិម បានចុះពិនិត្យជាក់ស្តែងដល់ទីតាំងមានសកម្មភាពគ្រឿងចក្រឈូសបំផ្លាញព្រៃកោងកាង នាឃុំទឹកថ្លា ដឹកនាំដោយអនុប្រធានរដ្ឋបាលជលផល លោក អ៊ឹង ទ្រី និងនាយអធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ លោក ពុំ ស៊ីថា។
លោក នេន ចំរើន ឲ្យដឹងទៀតថា សកម្មភាពចុះពិនិត្យរបស់ថ្នាក់ដឹកនាំរដ្ឋបាលជលផលមជ្ឈិម គឺបានស្នើឲ្យគ្រឿងចក្រលោកឧកញ៉ា ហាន់ ឃៀង ផ្អាកសកម្មភាពជាបណ្ដោះអាសន្ន ដោយរង់ចាំលើកយកករណីនេះទៅជួបពិភាក្សាគ្នាជាមួយអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន និងថ្នាក់ដឹកនាំក្រសួងកសិកម្ម ឬក្រសួងពាក់ព័ន្ធជាមុនសិន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោកឧកញ៉ា ហាន់ ឃៀង ដើម្បីបំភ្លឺជុំវិញគ្រឿងចក្រឈូសឆាយដីព្រៃកោងកាងបានទេ នៅថ្ងៃសៅរ៍ ទី៧ ខែឧសភា ប៉ុន្តែតាមលិខិតមួយច្បាប់មានចុះហត្ថលេខា និងបោះត្រាលោកឧកញ៉ា ហាន់ ឃៀង ប្រធានក្រុមហ៊ុន ខេមបូឌា ប៊ីន ហៃ ស្ពេសល អ៊ីឃើណម៉ិក ហ្សូន ផ្ញើជូនអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន តាមរយៈលោកមេឃុំទឹកថ្លា ឈ្មោះ ភឿន ណាំ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកព្រៃនប់ លោក យី សៅរ៉េត និងអភិបាលស្រុកព្រៃនប់ លោក ទិត វុទ្ធី ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ បានស្នើសុំដាក់គ្រឿងចក្រឈូសឆាយចាក់បំពេញ និងពង្រាបផ្ទៃដីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់ចលនវត្ថុចំនួន ៧ទីតាំង មានផ្ទៃដីសរុប ៤៨ហិកតារ មានទីតាំងនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ដើម្បីដាំដុះដំណាំកសិកម្ម។ សំណើនេះ ត្រូវអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ចុះហត្ថលេខាឯកភាពជាគោលការណ៍កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦។
ទោះបីជាបែបនេះក្តី នៅក្នុងលិខិតចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ របស់អភិបាលស្តីទីខេត្តព្រះសីហនុ លោក សំ សំអាត ជម្រាបជូនលោកឧកញ៉ា ហាន់ ឃៀង ប្រធានក្រុមហ៊ុន ខេមបូឌា ប៊ីន ហៃ ស្ពេសល អ៊ីឃើណម៉ិក ហ្សូន ស្ដីពីសំណើសុំឈូសឆាយចាក់បំពេញ និងពង្រាបផ្ទៃដីដែលមានវិញ្ញាបនបត្រចំនួន ៧ទីតាំង មានផ្ទៃដីសរុប ៤៨ហិកតារនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់។ លោក សំ សំអាត បញ្ជាក់ថា ដើម្បីអនុវត្តសំណើ ឬកិច្ចការងារនេះបានរលូន លោកស្នើឲ្យលោកឧកញ៉ា ហាន់ ឃៀង ត្រូវចូលរួមសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ និងត្រូវចូលរួមអនុវត្តតាមខ្លឹមសាររបស់រដ្ឋបាលខេត្តព្រះសីហនុ ឲ្យទទួលបានលទ្ធផលល្អ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។