ផ្ទះ​និង​ខ្ទម​ពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់​ជាច្រើន​ខ្នង​ប្រឈម​នឹង​ការ​រុះរើ

0:00 / 0:00

ផ្ទះ និង​ខ្ទម​របស់​ពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​ឃុំ​សន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ត្រូវ​អាជ្ញាធរ​បង្ខំ​ឲ្យ​រុះរើ​ចេញ​ពី​ដី​សម្បទាន​សង្គមកិច្ច​ទំហំ ៥៦៩​ហិកតារ ដែល​បាន​កំណត់​ដោយ​អនុក្រឹត្យ​កាល​ពី​ឆ្នាំ​២០១១។ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​បដិសេធ​មិន​ព្រម​ចេញ ដោយ​អះអាង​ថា ពួក​គេ​បាន​រស់នៅ និង​កាន់​កាប់​ដី​តំបន់​នោះ​តាំង​ពី​ឆ្នាំ​២០០៧ គឺ​មុន​ពេល​អនុក្រឹត្យ​ចេញ ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ជូន​ពួក​គាត់។

ពលរដ្ឋ​រស់នៅ​ក្នុង និង​ក្រៅ​ស្រុក​ភ្នំក្រវាញ មួយ​ចំនួន ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​ឃុំ ស្រុក និង​ខេត្ត​របស់​ខ្លួន បន្ទាប់​ពី​ចេញ​សេចក្ដី​ជូន​ដំណឹង​ឲ្យ​ពួក​គាត់​រុះរើ​ផ្ទះ​សម្បែង និង​ខ្ទម​ចាំ​ចម្ការ​ចេញ ដោយ​កំណត់​រយៈពេល​យ៉ាង​យូរ ១៥​ថ្ងៃ គឺ​គិត​ចាប់​ពី​ចុង​សប្ដាហ៍​ទី​២ ខែ​មិថុនា នេះ​ត​ទៅ។ ពលរដ្ឋ​ថា អាជ្ញាធរ​បាន​ប្រើ​ពាក្យ​ប្រមាថ និង​គំរាម​ចាប់​ដាក់​គុក បើ​មិន​ព្រម​រុះរើ​ផ្ទះ ឬ​ខ្ទម​ចេញ​ពី​ដី​សម្បទាន​សង្គមកិច្ច​ទេ។

ស្ត្រី​វ័យ ៥២​ឆ្នាំ​ម្នាក់ គឺ​លោកស្រី សេក រីម មាន​ប្រសាសន៍​ថា គ្រួសារ​គាត់​បាន​ទិញ​ផ្ទះ និង​ដី​ឡូត៍​ពី​ប្អូន​ជីដូនមួយ​កាល​ពី​ឆ្នាំ​២០១៥ ប៉ុន្តែ​ដី និង​ផ្ទះ​នោះ ប្អូន​គាត់​រស់នៅ​តាំង​ពី​ឆ្នាំ​២០០៧។ ក្រោយ​មក លោកស្រី​បាន​កែលំអ​ផ្ទះ​ដោយ​លើក​ឲ្យ​ខ្ពស់​ទំហំ ៥​ម៉ែត្រ​គុណ​នឹង ៦​ម៉ែត្រ ប្រក់​ក្បឿង តែ​មិន​ទាន់​បាំង​ជញ្ជាំង​រួច​ទេ ព្រោះ​អាជ្ញាធរ​ទៅ​ហាម​ឃាត់។ លោកស្រី​ថា ពុំ​មាន​ដី​ណា​ផ្សេង​រស់នៅ​ក្រៅ​ពី​នេះ​ទេ៖ « ហើយ​មេ​ឃុំ​និយាយ​ថា ស៊ីញេ​ហ្នឹង​ស៊ីញេ​ពី​ថ្នាក់​ខេត្ត​មក​មុន ដល់​អ៊ីចឹង​ទៅ​មេ​ឃុំ​ដឹង​ថា ដី​ហ្នឹង​ជា​ដី​របស់​ប្រជាជន​ដែរ តែ​ថ្នាក់​លើ​ស៊ីញេ​មក​ហើយ គាត់​នៅ​ក្រោម​គេ​អត់​ហ៊ាន​ដែរ។ ដល់​អ៊ីចឹង​ស៊ីញេ​ដែរ​ទៅ។ គេ​ឲ្យ​រុះរើ​ផ្ទះ​អ៊ីចឹង គិត​ចង់​ផ្ដិត​មេដៃ​សុំ​ទៅ​សម្ដេច​ណា​លោកគ្រូ ! ចង់​ឲ្យ​ខាង​ប៉ុស្តិ៍​អាស៊ីសេរី ជួយ​ផ្សាយ​បាន​ឮ​ដល់​សម្ដេច​ជួយ​ដោះស្រាយ​ដល់​កូន​ចៅ​ដែល​ខ្វះខាត »

លោកស្រី​បន្ថែម​ថា ផ្ទះ​សម្បែង និង​ខ្ទម​របស់​ពលរដ្ឋ​ដែល​បាន​សង់​តាំង​ពី​ឆ្នាំ​២០០៧ មក​នោះ មាន​តិច​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ពលរដ្ឋ​មិន​តិច​ជាង ៥០​គ្រួសារ​ឡើយ ដែល​មាន​ដី និង​លិខិត​កាន់​កាប់​លើ​ដី​នោះ​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ-ឃុំ និង​ខ្លះ​មាន​ទទួល​ស្គាល់​រហូត​ដល់​ភូមិបាល​ស្រុក​ទៀត​ផង។ ប៉ុន្តែ​មាន​ពលរដ្ឋ ១០​គ្រួសារ​ក្នុង​ចំណោម ៥០​គ្រួសារ ព្រម​ផ្ដិត​មេដៃ​រុះរើ​ផ្ទះ​ចេញ​តាម​សំណើ​អាជ្ញាធរ។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​មិន​យល់ព្រម​ផ្ដិត​មេដៃ​តាម​សំណើ​របស់​អាជ្ញាធរ គឺ​លោកស្រី ង៉ែត សារុន អះអាង​ថា រូប​គាត់​បាន​ទិញ​ដី​ចម្ការ​មួយ​កន្លែង​នៅ​ក្នុង​តំបន់​នៃ​ដី​សម្បទាន​សង្គមកិច្ច​នោះ ពី​មេ​ភូមិ​ម្នាក់​នៅ​អំឡុង​ឆ្នាំ​២០០៧ ប៉ុន្តែ​បែរ​ជា​អាជ្ញាធរ​យក​ដី​នោះ​ទៅ​ដាក់​ជា​ដី​សម្បទាន​សង្គមកិច្ច​នៅ​ឆ្នាំ​២០១១ ទៅ​វិញ។ អាជ្ញាធរ​បាន​ប្រើ​ល្បិច​បង្ខំ​ឲ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ​ទទួល​ស្គាល់​ថា ពួក​គេ​ពិត​ជា​បាន​រស់នៅ​លើ​ដី​ខុស​ច្បាប់​មែន។

លោកស្រី ង៉ែត សារុន រំឭក​ថា តំបន់​សន្ទ្រែ ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​នេះ កាល​ពី​ដើម​ជា​តំបន់​គ្រោះថ្នាក់​ដោយ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ប៉ុន្តែ​នៅ​ឆ្នាំ​២០០២ និង​ឆ្នាំ​២០០៣ មាន​សកម្មភាព​ដោះ​មីន​ពី​មន្ត្រី​ជំនាញ ទើប​មេ​ភូមិ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​រស់នៅ​អម​តាម​ដង​ផ្លូវ​លំ​នៃ​តំបន់​នោះ។ លោកស្រី​ថា នៅ​មុន​ពេល​មាន​ការ​ដោះ​មីន​នេះ ក៏​មាន​ពល​ទាហាន​ជាច្រើន​នាក់​ចូល​ចាប់​ដី​លក់​ដែរ៖ « ដី​ហ្នឹង​តាំង​ពី​ឆ្នាំ​៩០ ណោះ ឆ្នាំ​៩០ ដល់ ៩៣ កង​ពល​៩៤ យក​ទ័ព​ទៅ​ដាក់​ហ្នឹង។ ដល់​តែ ៩៦ ទាហាន​ដក​ទៅ​បាយឃ្លះ បាត់​ទៅ ក៏​មាន​ទាហាន​នៅ​សេសសល់​នាំ​គ្នា​ចាប់​ដី ក៏​លក់​ឲ្យ​ប្រជាពលរដ្ឋ​ម្នាក់ ២០​ម៉ែត្រ ឬ ៣០​ម៉ែត្រ​អ៊ីចឹង​ទៅ »

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​ភ្នំក្រវាញ លោក សូរ សាហុង ថ្លែង​ថា អាជ្ញាធរ​ទើប​បាន​ចុះ​អប់រំ និង​ស្រង់​ស្ថិតិ​ចំនួន​គ្រួសារ​ដែល​រស់នៅ​លើ​ដី​សម្បទាន​សង្គមកិច្ច​នៅ​ក្នុង​ខែ​មិថុនា នេះ មិន​ទាន់​ទទួល​បាន​តួលេខ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ អាជ្ញាធរ​មូលដ្ឋាន បាន​ទប់ស្កាត់​ការ​ទន្ទ្រាន​ចូល​កាន់​កាប់​ដី​ព្រៃ​របស់​ពលរដ្ឋ តែ​ពួក​គាត់​មិន​ស្ដាប់ ដែល​បច្ចុប្បន្ន​អាច​មាន​ចំនួន​គ្រួសារ​លើស​ពី ៥០​គ្រួសារ​ទៅ​ទៀត។

លោក សូរ សាហុង បដិសេធ​ចំពោះ​ការ​អះអាង​របស់​ក្រុម​ពលរដ្ឋ​ដែល​ថា បាន​ចូល​ទៅ​រស់នៅ​តំបន់​សន្ទ្រែ តាំង​ពី​ឆ្នាំ​២០០៧ តាម​ពិត​ពួក​គាត់​ទើប​ចូល​ទន្ទ្រាន​កាន់​កាប់ និង​រស់នៅ​ក្រោយ​ឆ្នាំ​២០១២។ អ្នក​ចូល​កាន់​កាប់​ដី​នេះ គឺ​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក និង​មក​ពី​ក្រៅ​ស្រុក​ខ្លះ ដែល​ភាគ​ច្រើន​ពួក​គេ​មាន​ដី​កាន់​កាប់​នៅ​កន្លែង​ផ្សេង​រួច​ហើយ ប៉ុន្តែ​នៅ​រំលោភ​កាន់​កាប់​លើ​ដី​ហាម​ឃាត់​ទៀត៖ « ឃើញ​សមត្ថកិច្ច ឃើញ​អាជ្ញាធរ​ចុះ​ទៅ គាត់​ភ័យ ! គាត់​ភ័យ​ដោយសារ​គាត់​ធ្វើ​ខុស​ច្បាប់។ បើ​គាត់​ធ្វើ​ត្រូវ​ច្បាប់ មាន​រឿង​អី​ដែល​គាត់​ត្រូវ​ភ័យ ? ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ដោះស្រាយ​ឲ្យ​មន្ត្រី​ចូល​និវត្តន៍ អតីត​យុទ្ធជន ប្រជាពលរដ្ឋ​ក្រីក្រ​ពិត​ប្រាកដ​អត់​ដី​សោះ។ អា​ហ្នឹង​គោល​នយោបាយ​ដីធ្លី​របស់​រដ្ឋាភិបាល គឺ​ដោះស្រាយ​ឲ្យ​អ្នក​អ៊ីចឹង មិន​មែន​ទុក​ឲ្យ​ខិលខូច​ចូល​ទៅ​ទន្ទ្រាន ឬ​ដណ្ដើម​កាន់​កាប់​ទេ »

ចំពោះ​ដំណោះស្រាយ​ឆ្វៀល​ដី ឬ​មាន​គោល​នយោបាយ​យ៉ាង​ណា​ជូន​ប្រជាពលរដ្ឋ​នោះ លោក សូរ សាហុង ថា​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ពុំ​មាន​សិទ្ធិ​សម្រេច​ទេ គឺ​ទាល់​តែ​មាន​គោលការណ៍​ពី​ថ្នាក់​ជាតិ។

ប៉ុន្តែ​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក យី យ៉ូន ថ្លែង​ថា ការងារ​នេះ គឺ​ឋិត​នៅ​ហួស​ដែន​សមត្ថកិច្ច​ក្រសួង​របស់​លោក ដែល​ជា​ទូទៅ​ឋិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​គណៈកម្មាធិការ​សម្បទាន​ដី​សង្គមកិច្ច​ថ្នាក់​ជាតិ ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា​ប្រធាន។ លោក យី យ៉ូន ជំរុញ​ឲ្យ​សួរ​នាំ​រឿង​នេះ​ទៅ​អាជ្ញាធរ​ស្រុក ឬ​ខេត្ត​វិញ។

អ្នក​នាំ​ពាក្យ និង​ជា​អភិបាល​រង​ខេត្ត​ពោធិ៍សាត់ លោក កើត ឆែ បញ្ជាក់​ជំហរ​ថា នឹង​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​សម្របសម្រួល​ចំពោះ​ជន​ខិលខូច​ដែល​ចូល​ទន្ទ្រាន​ដី​ព្រៃ ឬ​ចាប់​ដី​កាន់​កាប់​អនាធិបតេយ្យ។ លោក​ស្នើ​ឲ្យ​ពលរដ្ឋ​ប្រញាប់​រុះរើ​ផ្ទះ ឬ​ខ្ទម​ចេញ​ពី​ដី​ដែល​បាន​ហាម​ឃាត់ ជៀសវាង​មាន​បញ្ហា ហើយ​បើ​មិន​សុខ​ចិត្ត ត្រូវ​ដាក់​ពាក្យ​ប្ដឹង​អ្នក​ដែល​លក់​ដី ឬ​ផ្ទះ​ឲ្យ​ខ្លួន ឬ​អាច​ធ្វើ​លិខិត​ស្នើសុំ​ដី​ទៅ​អាជ្ញាធរ ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ជូន បើ​ពលរដ្ឋ​ពុំ​មាន​ដី​ពិត​ប្រាកដ​មែន៖ « យើង​មាន​ប្រទេស​ដែល​កំពុង​ប្រកាន់​យក​នីតិរដ្ឋ។ អ៊ីចឹង​យក​វិធី​សម្របសម្រួល​អត់​កើត​ទេ គឺ​យក​វិធី​ច្បាប់​វា​ល្អ​ជាង។ អា​ហ្នឹង​តាម​ស្តង់ដារ​មាន​សំណង​ហេតុផល និង​ផ្លូវ​ច្បាប់​ថា ទិញ​ដី​ពី​នរណា​អ្នក​លក់​ឲ្យ ត្រូវ​ទទួល​ខុស​ត្រូវ​ថា​យក​ដី​ស្រប​ច្បាប់​ទៅ​លក់​ឲ្យ​គេ ហើយ​ទី​២ បញ្ហា​ផ្លូវ​កិច្ចសន្យា​ដែល​អាច​អនុវត្ត​បាន គឺ​ជា​កិច្ចសន្យា​ដែល​មាន​កម្មវត្ថុ​នៃ​ការ​ទិញ​លក់​ស្រប​ច្បាប់ »

ទោះ​បី​ជា​យ៉ាង​ណា ក្រុម​ពលរដ្ឋ​នៅ​តែ​រក្សា​ជំហរ​តវ៉ា​ទាមទារ​ដី​ផ្ទះ និង​ដី​ចម្ការ​របស់​ខ្លួន​ដែល​កំពុង​កាន់​កាប់​នេះ ព្រោះ​ពួក​គេ​មាន​សង្ឃឹម​ថា អាជ្ញាធរ​នឹង​មិន​ធ្វើ​បាប​ពលរដ្ឋ​ក្រោយ​ពី​មាន​អភិបាល​រង​ខេត្ត​ម្នាក់ បង្ហើប​តាម​វេទិកា​សាធារណៈ​កាល​ពី​ពេល​កន្លង​ទៅ​ថា បច្ចុប្បន្ន​នេះ ពលរដ្ឋ​មិន​ចាំបាច់​រុះរើ​ផ្ទះ​ចាក​ចេញ​ទៅ​ណា​ទេ ដោយ​គ្រាន់​តែ​រក្សា​ស្ថានភាព​ដើម គឺ​មិន​ត្រូវ​ទន្ទ្រាន​ព្រៃ ឬ​វាតទី​កាន់​កាប់​ដី​តំបន់​នោះ​បន្ថែម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។