មន្ត្រីមន្ទីរបរិស្ថាន និងសមត្ថកិច្ចមូលដ្ឋានខេត្តមណ្ឌលគិរី រកឃើញព្រៃឈើក្នុងតំបន់អភិរក្សកែវសីមា ត្រូវបានប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឈូសឆាយពង្រីកយកដីជាកម្មសិទ្ធិខុសច្បាប់។ សហគមន៍នឹងមន្ត្រីមូលដ្ឋានចាត់ទុកថា នេះជាបទល្មើសព្រៃឈើ។
មន្ត្រីស្ថាប័នអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី អះអាងនៅថ្ងៃទី២៣ ខែកុម្ភៈ ថា នឹងចាត់មន្ត្រីស៊ើបអង្កេតរបាយការណ៍ចោទប្រកាន់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាក់ទិនឈូសឆាយរានព្រៃឈើអស់ចំនួន ២៣ហិកតារដើម្បីយកដីជាកម្មសិទ្ធិឯកជន។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១០ ខែកុម្ភៈ បានធ្វើរបាយការណ៍ពីរដាច់ពីគ្នាជូនអភិបាលខេត្ត និងព្រះរាជអាជ្ញាសាលាដំបូងខេត្តមណ្ឌលគិរី ដែលមានខ្លឹមសារដូចគ្នាទាក់ទិនសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដីរកឃើញថា ប្រធានមន្ទីរបរិស្ថាន លោក យន់ សារ៉ោម ពិតជាបានឈូសឆាយព្រៃរានយកដីដោយគ្មានការអនុញ្ញាតចាប់ពីឆ្នាំ២០១៤ រហូតចុងឆ្នាំ២០១៦។
អ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារងសាលាដំបូងខេត្តមណ្ឌលគិរី លោក សូ សុវិជ្ជា បញ្ជាក់ថា រដ្ឋបាលស្ថាប័នអយ្យការទទួលបានរបាយការណ៍នោះរួចហើយ រង់ចាំប្រធានស្ថាប័ននេះចាត់ឲ្យមន្ត្រីអយ្យការស៊ើបអង្កេតរបាយការណ៍នេះមុននឹងសម្រេចបែបណា៖ «យើងទទួលសំណុំរឿងហើយ នីតិវិធីត្រូវចូលរដ្ឋបាល រដ្ឋបាលបោះត្រាហើយបានយកមកព្រះរាជអាជ្ញា ព្រះរាជអាជ្ញាចាត់ព្រះរាជអាជ្ញារងណាទទួលខុសត្រូវ»។
អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអៀង កាលពីថ្ងៃទី១៤ ខែកុម្ភៈ បានធ្វើចំណារនៅលើរបាយការណ៍របស់មន្ទីរបរិស្ថាន និងតម្រូវឲ្យមន្ត្រីមន្ទីរជំនាញដកហូតដីដែលឈូសឆាយថ្មីរក្សាទុកជាដីព្រៃវិញ។
ឆ្លើយតបទៅនឹងរបាយការណ៍របស់មន្ទីរបរិស្ថាននេះ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក យន់ សារ៉ោម បញ្ជាក់ថា លោកបានធ្វើចម្ការលើដីតំបន់នោះប្រមាណ ១០ឆ្នាំមកហើយ និងបានកាប់សំអាតព្រៃតាមព្រំចម្ការដូចពលរដ្ឋនៅតំបន់នោះបានធ្វើ ក៏ប៉ុន្តែបែរជាមានការប្ដឹងចោទថា លោកកាប់រានព្រៃឈើ។ លោកថា ករណីកាប់រានចម្ការដូចលោកមានច្រើនករណី ជាពិសេសសហគមន៍ផ្ទាល់ក៏កាប់រានព្រៃពង្រីកចម្ការដូចគ្នា៖ «មានស្អីទុកឲ្យគេមើលទៅតាមផ្លូវច្បាប់។ យើងធ្វើអ៊ីចឹងខុស ចុះគេធ្វើអត់ខុសគិតយ៉ាងម៉េច? គេធ្វើរាប់រយហិកតារ»។
កំណត់ហេតុរបស់ក្រុមការងារចម្រុះខេត្តមណ្ឌលគិរី ដែលបានចុះអង្កេតករណីនេះកាលពីថ្ងៃទី៩ ខែកុម្ភៈ ឲ្យដឹងថា ប្រធានភូមិស្រែអ៊ី បានផ្ដល់ដីជិត ៤ហិកតារទៅឲ្យលោក យន់ សារ៉ោម តាំងពីឆ្នាំ២០០៨ បច្ចុប្បន្នដីនោះត្រូវបានដាំស្វាយចន្ទីអស់ហើយ ក៏ប៉ុន្តែម្ចាស់ចម្ការបានកាប់រានព្រៃដែលសហគមន៍រក្សាទុកសុំចុះបញ្ជីជាព្រៃសហគមន៍បន្ថែមទៀត។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងសហគមន៍ព្នងគ្រប់សហគមន៍នៅខេត្តមណ្ឌលគិរី លោក ក្រើង តុលា ឲ្យដឹងថា សហគមន៍កំពុងប្រមូលស្នាមមេដៃសមាជិករបស់ខ្លួនដើម្បីដាក់ពាក្យប្ដឹងបរិហារលោក យន់ សារ៉ោម ពាក់ព័ន្ធកាប់រានព្រៃឈើនេះ។ លោកថា ពាក្យប្ដឹងនឹងធ្វើរួចរាល់នៅថ្ងៃទី២៤ ខែកុម្ភៈ៖ «សហគមន៍គាត់គិតថា ល្អ កាលណាគាត់បកអាក្រាតអ៊ីចឹង ឃើញទាំងអស់អ៊ីចឹង បទល្មើសព្រៃឈើប្រហែលថយចុះ»។
សហគមន៍និងមេភូមិស្រែអ៊ី បានសំណូមពរឲ្យអាជ្ញាធរខេត្តដកហូតដីដែលលោក យន់ សារ៉ោម កាប់រានថ្មីទុកសម្រាប់សហគមន៍ចុះបញ្ជីជាកម្មសិទ្ធិសមូហភាពសហគមន៍ និងទាមទារឲ្យមានវិធានការច្បាប់ចំពោះការកាប់រានព្រៃឈើនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។