មន្ត្រីការិយាល័យការពារសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី ជំរុញអាជ្ញាធរដោះស្រាយបណ្ដឹងរបស់ជនជាតិដើមភាគតិចព្នង ៣គ្រួសារដែលដាក់ទៅកាន់អាជ្ញាធរខេត្តឲ្យបញ្ឈប់គម្រោងលក់ដីភូមិចាស់សហគមន៍ទៅឲ្យឈ្មួញខុសច្បាប់។ ការទទូចនេះ ខណៈដែលក្រុមមន្ត្រីមូលដ្ឋានកំពុងរៀបចំឯកសារផ្ទេរសិទ្ធិលក់ដីនោះ។
ប្រជាពលរដ្ឋ ៣គ្រួសារ រស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្ដឹងចោទមនុស្សចំនួន ៤នាក់ ពីបទលក់ដីភូមិចាស់របស់សហគមន៍ដែលប្រជាពលរដ្ឋជនជាតិដើមភាគតិចកំពុងអាស្រ័យផល។
មនុស្សទាំង ៣នាក់ រួមមានអនុប្រធានភូមិពូតាំង គឺលោក ញើម ប៊ុនទិត សមាជិកក្រុមប្រឹក្សាសង្កាត់រមនា គឺលោក ក្រោន ស្រើល ប្រជាពលរដ្ឋភូមិពូតាំង គឺលោក សាវឿន ណារ៉ួ និងតំណាងអ្នកទិញដីឈ្មោះម៉ាប់។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មានប្រសាសន៍ថា ពាក្យប្តឹងរបស់អ្នកភូមិ ៣គ្រួសារ បានដាក់ជូនអាជ្ញាធរខេត្តមណ្ឌលគិរី កាលពីថ្ងៃច័ន្ទ ទី១០ ខែឧសភា ដើម្បីជំរុញឲ្យអាជ្ញាធរខេត្តពិនិត្យ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ចៀសវាងទំនាស់ដណ្ដើមដីកើតឡើងក្នុងសហគមន៍។
លោកកត់សំគាល់ថា ភាគីប្រជាពលរដ្ឋដែលរារាំងការលក់ដីឋិតក្រោមការគំរាមកំហែងពីភាគីប្រជាពលរដ្ឋអ្នកលក់ដី រួមទាំងភាគីអ្នកទិញដីហេតុនេះ ការចូលរួមរបស់គណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្តមានសារសំខាន់ដើម្បីដោះស្រាយទំនាស់នេះ៖ «យើងសង្ឃឹមថា គណៈកម្មការសុរិយោដីថ្នាក់ខេត្តនឹងចាត់មន្ត្រីចុះស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះឲ្យបានជាក់លាក់ ព្រោះជាប្រភេទដីសាធារណៈរបស់រដ្ឋ។ ការទទួលស្គាល់ការដឹងឮរបស់អាជ្ញាធរភូមិសង្កាត់ក្រុងជាដើម មិនមែនជាលិខិតគតិយុត្តិសម្រាប់សម្រាប់ការទិញលក់ដោយអំពើចិត្តបានទេ ព្រោះដីនោះស្ថិតក្រោមការអាស្រ័យផលរបស់ជនជាតិដើមភាគតិច»។
សេចក្ដីរាយការណ៍របស់អាជ្ញាធរសង្កាត់រមនា ឲ្យដឹងថា អាជ្ញាធរសង្កាត់បានរៀបចំឯកសារផ្ទេរកម្មសិទ្ធិលក់ដីភូមិចាស់ជនជាតិដើមភាគតិច ៩គ្រួសារ ទៅឲ្យអ្នកទិញដីរួចហើយ ដោយសារតែសមាជិកសហគមន៍ភាគច្រើនបានផ្ដិតមេដៃយល់ព្រមលក់ដីនោះ។ លើសពីនេះទៀត ការលក់ដូរដីនេះចាស់ទុំក្នុងសហគមន៍គ្រោងចែកចំណែកស្មើគ្នា ក៏ប៉ុន្តែកូនចៅក្នុងសហគមន៍ខ្លះមិនយល់ព្រមទើបកើតមានទំនាស់ប្ដឹងផ្ដល់គ្នានេះ។
ទាក់ទិនទៅនឹងករណីនេះដែរ ប្រជាពលរដ្ឋភាគីអ្នកលក់ដី លោក សាវឿន ណារ៉ូ បញ្ជាក់ថា អ្នកភូមិភាគច្រើនត្រៀមខ្លួនឆ្លើយបំភ្លឺបញ្ហាលក់ដីប្រសិនក្រុមអាជ្ញាធរចុះស៊ើបអង្កេតដល់មូលដ្ឋាន។ លោកទទួលស្គាល់ថា ដីនោះជាដីភូមិចាស់ ក៏ប៉ុន្តែអ្នកភូមិចាស់ទុំ ៩គ្រួសារបានថែរក្សា និងឯកភាពគ្នាលក់ និងចែកផលកម្រៃដល់សមាជិកសហគមន៍គ្រប់ក្រុមគ្រួសារដែលបច្ចុប្បន្នកូនចៅអ្នកភូមិរៀបការបែកគ្រួសារកើនឡើងដល់ជាង ៤០គ្រួសារ៖ «ខ្ញុំអត់ខ្លាចទេៗបើគាត់ប្ដឹង។ គេសម្រេចចិត្តមិនមែនខ្ញុំអ្នកលក់ទេ ខ្ញុំជាអ្នកអូសមួយមកហើយ។ ចាស់ៗគាត់អ្នកវាយតម្លៃឲ្យ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីអាជ្ញាធរខេត្តមណ្ឌលគិរី សុំបញ្ជាក់ករណីនេះបានទេ នៅថ្ងៃទី១១ ខែឧសភា។
ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយគ្រួសារក្នុងចំណោមបីគ្រួសារដែលដាក់ពាក្យប្ដឹងគឺលោក ណាន ដាណេ បញ្ជាក់ថា អ្នកភូមិដែលបានរារាំងការលក់ដូរដីកំពុងរងការគំរាមឲ្យរុះរើផ្ទះចេញពីដីដែលអ្នកភូមិភាគច្រើនគ្រោងលក់ រួមទាំងភាគីឈ្មួញអ្នកទិញដីទៀតផង។
លោកអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធប្រញាប់ចាត់វិធានការដោះស្រាយបញ្ហាដើម្បីផ្ដល់យុត្តិធម៌ដល់អ្នកភូមិដែលកំពុងអាស្រ័យផលលើដីភូមិចាស់នោះ៖ «គេថាចង់ឲ្យរុះផ្ទះខ្ញុំចោលបីគ្រួសារ។ ប្អូនថ្លៃខ្ញុំថា ខ្ញុំមនុស្សស្រី ប្តីខ្ញុំអត់នៅ អត់ចេះរុះទេ អស់លោកកុំធ្វើបាបខ្ញុំ ខ្ញុំចង់រស់ដូចគេឯងដែរ»។
ដីអតីតភូមិចាស់សហគមន៍ភូមិពូតាំង មានទំហំជិត ៣០ហិកតារ ស្ថិតនៅតំបន់ជើងភ្នំរឡាណោងយាល់ ស្ថិតក្នុងភូមិពូតាំង។ បច្ចុប្បន្នប្រជាពលរដ្ឋបីគ្រួសារបានដាំចេក ខ្នុរ ស្វាយចន្ទី និងធ្វើស្រែនៅលើដីអតីតភូមិចាស់សហគមន៍ជាង ១៨ហិកតារ ដោយសំអាងថា ដីនោះជាអតីតដីភូមិចាស់របស់សហគមន៍ដែលបានបោះបង់ចោលតាំងពីឆ្នាំ២០០៣ មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។