គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​នឹង​ពិនិត្យ​មើល​ជម្លោះ​ដីធ្លី​នៅ​ស្រុក​រមាសហែក​ឡើង​វិញ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អង្កេត និង​ទទួល​ពាក្យ​បណ្ដឹង នឹង​ពិនិត្យ​មើល​សំណុំ​រឿង​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ២០​គ្រួសារ និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ពាម​ជាំង នៅ​ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ឡើង​វិញ នៅ​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​មិន​ចេញ។

ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ពាម​ជាំង ជាមួយ​នឹង​ប្រជាពលរដ្ឋ​ក្រីក្រ ២០​គ្រួសារ នៅ​តែ​មាន​បញ្ហា​ស្មុគស្មាញ​ក្នុង​ការ​ដោះស្រាយ។

ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អង្កេត និង​ទទួល​ពាក្យ​បណ្ដឹង លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ថា អាជ្ញាធរ​ខេត្ត​ស្វាយរៀង មិន​អាច​ទម្លាក់​ចោល​សំណុំ​រឿង​ជម្លោះ​ដីធ្លី​នៅ​ភូមិ​បឹង ឃុំ​ត្រស់ ស្រុក​រមាសហែក បាន​ទេ គឺ​ត្រូវ​តែ​មាន​គោលការណ៍​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​ដីធ្លី ដើម្បី​ធានា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ៖ «ខ្ញុំ​នឹង​ពិនិត្យ​មើល​សំណុំ​រឿង និង​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​រួច​ហើយ ក្នុង​ករណី​ចាំបាច់ ខ្ញុំ​នឹង​បញ្ជូន​សំណើ​ទៅ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ដើម្បី​ពិនិត្យ និង​ដោះស្រាយ»

ការ​ពិនិត្យ​សើរើ​សំណុំ​រឿង​ឡើង​វិញ​នេះ នៅ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ទាំង ២០​គ្រួសារ​អះអាង​ថា អភិបាល​រង​ខេត្ត​ស្វាយរៀង លោក រស់ ឆាយ បាន​ប្រាប់​ពួក​គាត់​នៅ​សាលា​ខេត្ត​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ថា អាជ្ញាធរ​ខេត្ត​គ្មាន​សិទ្ធិ​កាត់​ដី​ទំហំ​ជាង ៩១​ហិកតារ ចែក​ជូន​ប្រជាពលរដ្ឋ​ទាំង ២០​គ្រួសារ​ឡើយ ពោល​គឺ​មាន​តែ​រដ្ឋាភិបាល​ប៉ុណ្ណោះ។ មិន​អាច​ដក​ហូត ដោយសារ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ពាម​ជាំង ទទួល​បាន ស.ជ.ណ ចុះ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០០៧ ស្ដីពី​ការ​ផ្តល់​ដី​សម្បទាន​វិនិយោគ​ដាំ​ដើម​កៅស៊ូ។

តំណាង​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី លោក តាត សេដ្ឋា និយាយ​ទាំង​ខក​ចិត្ត​ថា ដី​អាជីវកម្ម ឬ​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​នោះ គឺ​រំលោភ​លើ​ដី​ដែល​ធ្លាប់​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៩៥ មក និង​មាន​លិខិត​ស្នាម​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ភូមិ-ឃុំ។ លោក​ដាក់​ការ​សង្ស័យ​ថា អាជ្ញាធរ​ខេត្ត​ទំនង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ក្រុមហ៊ុន ទើប​រក​លេស​មិន​ចង់​ដោះស្រាយ​បញ្ចប់​បញ្ហា៖ «លិខិត​អនុញ្ញាត​អាជីវកម្ម ឬ​ស.ជ.ណ គឺ​កើត​ឡើង​ក្រោយ​ពេល​ប្រជាជន​កាន់​កាប់​យូរ​ហើយ មិន​មែន​កើត​មុន​ទេ ហើយ​ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​ឲ្យ​តែ​ដី​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ហើយ គឺ​គ្មាន​សិទ្ធិ​ដក មាន​ន័យ​ថា ក្រុមហ៊ុន​ទៅ​ឈូស​ឆាយ​កន្លែង​ណា​ក៏​បាន ពេល​ណា​មាន​ច្បាប់​ហ្នឹង​ហើយ។ វា​បំពាន​លើ​ប្រជាពលរដ្ឋ​ស្រប​ច្បាប់ ហើយ​អាជ្ញាធរ​ខេត្ត​គ្មាន​សិទ្ធិ​ដោះស្រាយ អ៊ីចឹង​វា​ដូចជា​សម្ពាធ​មួយ​ពិបាក​មែន​ទែន»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាល​រង​ខេត្ត​ស្វាយរៀង លោក រស់ ឆាយ បាន​ទេ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ទោះ​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន យល់​ឃើញ​ថា អាជ្ញាធរ​ខេត្ត​ស្វាយរៀង គ្មាន​ឆន្ទៈ​ដោះស្រាយ​រឿង​នេះ​នោះ​ទេ។ លោក​បញ្ជាក់​ថា ជម្លោះ​ដីធ្លី​នេះ​កើត​ឡើង​យូរយារ​ណាស់​មក​ហើយ ដូច្នេះ​អាជ្ញាធរ​ខេត្ត​ត្រូវ​រក​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់ មិន​ត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​គ្មាន​ដី​បង្កបង្កើនផល​ចិញ្ចឹម​ជីវិត​នោះ​ទេ៖ «រឿង​ស្អី​ក៏ដោយ បើ​មាន​ឆន្ទៈ​ដោះស្រាយ​ចេញ​ហើយ។ ម្យ៉ាង​វិញ​ទៀត នៅ​ក្នុង​អនុក្រឹត្យ​លេខ​០១ បាន​ចែង​ហើយ ទោះ​បី​ជា ស.ជ.ណ ឬ​សម្បទាន​ជា​ផ្លូវ​ការ​តាម​ច្បាប់​សេដ្ឋកិច្ច​ក៏ដោយ គឺ​គេ​ឲ្យ​ឆ្កៀល មិន​ឲ្យ​ប៉ះពាល់​ដី​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​អ្នក​អនុវត្តន៍ មិន​ធ្វើ​តាម​អនុក្រឹត្យ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ទេ»

ទាក់ទិន​នឹង​ជម្លោះ​ដីធ្លី​នេះ កាល​ពី​ខែ​មិថុនា កន្លង​ទៅ រដ្ឋសភា​ធ្លាប់​ចេញ​លិខិត​មួយ​ច្បាប់​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ស្វាយរៀង ពន្លឿន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ឲ្យ​ឆាប់​ចប់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្រោយ​ពី​ប្រជាពលរដ្ឋ​តវ៉ា​នៅ​មុខ​រដ្ឋសភា ហើយ​បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ នៅ​សប្ដាហ៍​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​ទាំង ២០​គ្រួសារ​នោះ នឹង​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍​ពី​រដ្ឋសភា​ជា​ថ្មី​ម្តង​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។