អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) ចេញផ្សាយរបាយការណ៍ថ្មីមួយនៅថ្ងៃទី៦ ខែកក្កដា ស្ដីពីការវិភាគស្ថិតិវិវាទដីធ្លីនៅកម្ពុជា ឆ្នាំ២០១៦។ របាយការណ៍នេះបង្ហាញថា ករណីវិវាទដីធ្លីនៅកម្ពុជា ក្នុងឆ្នាំ២០១៦ កន្លងទៅនេះមានចំនួនច្រើនជាងបណ្ដាឆ្នាំនានារាប់ចាប់តាំងពីឆ្នាំ២០០៧ មក។ រីឯអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីឆ្លើយតបថា រដ្ឋាភិបាលកំពុងមានចំណាត់ការដោះស្រាយជាបន្តបន្ទាប់។
របាយការណ៍ស្ដីពី "ការវិភាគវិវាទដីធ្លីនៅកម្ពុជា ឆ្នាំ២០១៦" ដែលមានកម្រាស់ជិត ១០០ទំព័រជាភាសាខ្មែររបស់អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា បង្ហាញថា ករណីវិវាទដីធ្លីថ្មីដែលកើតឡើងក្នុងឆ្នាំ២០១៦ មានចំនួន ៥៦ករណី បើប្រៀបធៀបទៅនឹងវិវាទកើតថ្មីក្នុងឆ្នាំ២០១៥ មានចំនួន ២៣ករណី ដូច្នេះមានន័យថាវិវាទក្នុងឆ្នាំ២០១៦ មានការកើនឡើងទ្វេដង។ ការស្រង់ទិន្នន័យជម្លោះដីធ្លីនេះ គឺសិក្សាអង្កេតលើពលរដ្ឋដែលមានបញ្ហាដីធ្លីចាប់ពី ៥គ្រួសារឡើងទៅ។
របាយការណ៍ដដែលបង្ហាញទៀតថា បើបូកបញ្ចូលករណីវិវាទថ្មី និងចាស់នោះ គឺនៅមានវិវាទដីធ្លី ៣១៩ករណីដែលពុំទាន់ដោះស្រាយ និងកំពុងរង់ចាំការដំណោះស្រាយ ហើយថាខេត្តរតនគិរី មានវិវាទច្រើនជាងគេ គឺ ៣១ករណី បន្ទាប់មកគឺរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ ហើយខេត្តដែលមានជម្លោះដីធ្លីតិចជាងគេ គឺខេត្តកែប។ វិវាទដីធ្លីទាំង ៣១៩ករណីនេះបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៥ម៉ឺនគ្រួសារ (៥៤.៥០៧គ្រួសារ) បានគ្របដណ្ដប់លើផ្ទៃដីទំហំជាង ១លាន ៥ម៉ឺនហិកតារ (១.០៥២.៩៣៥,៩១ហិកតារ)។
ក្នុងឱកាសផ្សព្វផ្សាយរបាយការណ៍នោះ នាយកអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក តឹក វណ្ណារ៉ា មានប្រសាសន៍ថា មូលហេតុធំៗដែលបង្កឲ្យមានវិវាទដីធ្លីមានបីសំខាន់ គឺការផ្តល់ដីសម្បទានសេដ្ឋកិច្ច ការប្រើប្រាស់អំណាចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអំណាចមុខងារជាអ្នកមាន និងការរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិ។
ទោះយ៉ាងណា លោក តឹក វណ្ណារ៉ា បញ្ជាក់ថា ក្រោយពីផ្សព្វផ្សាយ គឺលោកនឹងយករបាយការណ៍នោះដាក់ប្រជុំពិភាក្សាប្រចាំត្រីមាសរវាងអង្គការសង្គមស៊ីវិល និងក្រសួងពាក់ព័ន្ធ ដើម្បីជំរុញ និងស្វែងរកដំណោះស្រាយរួមជូនប្រជាពលរដ្ឋដែលស្ថិតក្នុងជម្លោះដីធ្លី៖ « យើងសង្ឃឹមថារាជរដ្ឋាភិបាល និងក្រុមហ៊ុន យកចិត្តទុកដាក់បន្ថែមក្នុងការដោះស្រាយជូន។ មានតែ ៥៦ករណីធំៗ ដូច្នេះខ្ញុំគិតថាមិនច្រើនទេ ប្រសិនបើយកចិត្តទុកដាក់បន្ថែមទៀត ហើយចូលរួមដោយសកម្មដោះបញ្ចប់។ មានន័យថា ប្រជាពលរដ្ឋដែលមានជម្លោះ នឹងសប្បាយរីករាយ ហើយគាត់នឹងចូលរួមកាន់តែសកម្មក្នុងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន » ។
របាយការណ៍ដដែលក៏បង្ហាញដែរថា មានវិវាទដីធ្លី ៥៨ករណីដែលវិវាទខ្លះបានកើតឡើងមុនឆ្នាំ២០០០ ត្រូវបានដោះស្រាយចប់ពេញលេញនៅក្នុងឆ្នាំ២០១៦ ប៉ុន្តែមានករណីវិវាទខ្លះទៀតត្រូវបានប្រជាពលរដ្ឋបោះបង់ការទាមទារ ដោយសារថាមិនត្រឹមតែពុំមានដំណោះស្រាយទេ ថែមទាំងអាជ្ញាធរប្ដឹងតំណាងពលរដ្ឋទៅតុលាការ និងបានបាញ់គំរាមកំហែងលើពលរដ្ឋទៀតផង។
ទាក់ទងនឹងរបាយការណ៍នេះ អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទាំង ៣រូប គឺលោក សេង ឡូត លោក ជៀម សុផលមករា និងលោក សារុន ឬទ្ធា បានទេនៅថ្ងៃទី៦ ខែកក្កដា ដោយពុំមានអ្នកទទួលទូរស័ព្ទ។
រីឯអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនទាន់ទទួលបានរបាយការណ៍នេះនៅឡើយទេ ប៉ុន្តែលោកថាករណីវិវាទដីធ្លីនេះ គឺនៅសល់តិចតួចដែលមិនដល់ ១០០ករណីផងនោះទេ ហើយកំពុងរកវិធានការដោះស្រាយប្រកបដោយស្ថិរភាព និងប្រកបដោយកិត្តិយសទាំងអស់គ្នា៖ « យើងបានចាត់វិធានការនៅពេលមានវិវាទដីធ្លីក្នុងដីសម្បទានសេដ្ឋកិច្ច គឺទី១ ក្រុមហ៊ុនត្រូវឆ្វៀលដីជូនប្រជាពលរដ្ឋដែលជួបប្រទះសាច់រឿងហ្នឹងដោយស្របច្បាប់។ បានសេចក្តីថា គាត់នៅលើដីនោះយូរហើយ អាស្រ័យផលយូរហើយ។ ដូច្នេះយើងកាត់ឆ្វៀលឲ្យហើយ។ ដោយឡែកលើកលែងតែករណីថ្មីៗមួយចំនួន យើងឃើញថាអ្នកស្រុកទៅឈ្លានពានទឹកដីរបស់គេ ដូចជាអ្នកជម្រកថ្មី។ ទោះយ៉ាងណា រាជរដ្ឋាភិបាលបានដោះស្រាយរកទីកន្លែងឲ្យគាត់ស្នាក់នៅដោយការប្ដូរកន្លែង ដូច្នេះការលើកឡើងនូវវិវាទថ្មីៗពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច គឺអត់មានទេ នៅក្នុងសម័យកាលថ្មីនេះ » ។
ផ្ទុយពីនេះ មជ្ឈដ្ឋានទូទៅមើលឃើញថា ប្រទេសកម្ពុជា នៅតែវិលវល់ក្នុងវិបត្តិដីធ្លីជាច្រើនឆ្នាំមកហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋក្រីក្ររាប់សែននាក់ រាប់ចាប់តាំងពីទីក្រុងភ្នំពេញ រហូតដល់ជនបទដាច់ស្រយាល ត្រូវបានគេអះអាងថាទទួលរងគ្រោះ។
ទាំងជនរងគ្រោះ និងមន្ត្រីសង្គមស៊ីវិល អះអាងថា មូលហេតុដែលជម្លោះដីធ្លីក្លាយជាជំងឺរ៉ាំរ៉ៃដោះស្រាយមិនចប់នោះ គឺដោយសារការដោះស្រាយខ្វះការចូលរួមពីភាគីពាក់ព័ន្ធ ការដោះស្រាយមានស្តង់ដារពីរ អាជ្ញាធររបស់រដ្ឋាភិបាលគ្មានឆន្ទៈដោះស្រាយ ហើយអ្នករំលោភយកដីធ្លីធំជាងអ្នកដោះស្រាយទៅទៀត។ ទន្ទឹមគ្នានេះ ក៏មានការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ និងការដោះស្រាយបម្រើឲ្យផលប្រយោជន៍នយោបាយ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។