ប្រជាពលរដ្ឋប្រមាណ ៣០ នាក់រស់នៅក្នុងបុរីពិភពថ្មី ជិតវត្តសំរោងអណ្ដែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យទី ១៩ តុលា នាំគ្នាតវ៉ាចំពោះម្ចាស់ក្រុមហ៊ុន ដែលគ្រប់គ្រងនៅទីនោះ ដែលបានឈូសឆាយ សួនច្បាររួមរបស់សហគមន៍ពួកគាត់ ធ្វើជាតារាងបាល់ទះ។
ប្រជាពលរដ្ឋនៅបុរីពិភពថ្មី ជិតវត្តសំរោងអណ្ដែត ដែលបច្ចុប្បន្នគ្រប់គ្រងដោយក្រុមហ៊ុន វារីណា លើកឡើងថាមូលហេតុដែលពួកលោកនាំគ្នាតវ៉ានេះ ដោយសារតែខាងក្រុមហ៊ុន យកដីសួនច្បារមួយកន្លែងធ្វើតារាងបាល់ទះ ដោយមិនពិគ្រោះជាមួយពលរដ្ឋក្នុងសហគមន៍នោះ។
ពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មី ដែលចូលរួមតវ៉ាមួយរូប គឺលោក គៀត ឡេងហួ ចាត់ទុកថា ការយកដីសួនច្បារធ្វើតារាងបាល់ទះ មិនពិគ្រោះជាមួយពលរដ្ឋក្នុងសហគមន៍នេះ ជាការរំលោភនឹងកិច្ចសន្យានៅពេលទិញលក់ផ្ទះនៅក្នុងបុរីនោះ៖ «ពេលដែលយើងទិញផ្ទះដំបូងហ្នឹង សួនច្បារហ្នឹងគឺជាផ្នែកនៃបុរីហ្នឹង។ គឺយើងទិញផ្ទះភ្ជាប់ជាមួយសួនច្បារនេះឯង។ មានប្លង់មេ។ យើងបង់ពន្ធរដ្ឋអីជូនរដ្ឋធម្មតា។ ផ្ទះយើងមួយៗ មានប្លង់រឹង។ គាត់ធ្វើនេះសម្រាប់បម្រើគោលបំណងក្រុមគាត់ទេ ក្រុមសន្តិសុខ និងថៅកែរបស់គាត់មកលេងនៅកន្លែងនេះ ហើយយើងប្រហែលជាគ្មានសិទ្ធិមកលេងមកលេងនៅទីនេះទេ។ គាត់ធ្វើនេះរំលោភសិទ្ធិចាត់ចែង និងការប្រើប្រាស់នៃសួនច្បារនេះ។ អ៊ីចឹងទេយើងសុំឱ្យគាត់ហ្នឹងធ្វើសួនច្បារឱ្យដូចដើមវិញ កុំឱ្យធ្វើអ៊ីចឹងទៀត ព្រោះយើងរស់នៅនេះ ចង់បានសេចក្ដីសុខសាន្ត។ យើងអត់ឱ្យមានបញ្ហារំខានដល់ចិត្តយើងទេ »។
ក្រៅពីបញ្ហារំលោភយកដីសួនច្បារនៅពេលនេះ ពលរដ្ឋដែលតវ៉ាមួយរូបទៀត លោក ជា សុជាតិ ត្អូញត្អែរថា អំពីការរស់នៅក្នុងបុរីពិភពថ្មី សំរោងអណ្ដែតសព្វថ្ងៃ ជួបការលំបាកច្រើន។ ជាពិសេស គឺការគាបសង្កត់ពីកម្លាំងសន្តិសុខនៅទីនោះ ដែលគ្មានឈ្មោះក្រុមហ៊ុនច្បាស់លាស់៖ « ក្រុមហ៊ុនសន្តិសុខហ្នឹងក៏អត់ដែលបានទទួលកិច្ចសន្យាយល់ព្រមពីប្រជាជនក្នុងតំបន់ហ្នឹងថា គាត់មានសិទ្ធិក្នុងការថែរក្សាសន្តិសុខហ្នឹងទេ។ តាមពិតទៅគួរតែពួកខ្ញុំតែងតាំងថា ក្រុមហ៊ុននេះ ឬក្រុមហ៊ុននោះមានសិទ្ធិក្នុងការទទួលខុសត្រូវសន្តិសុខសណ្ដាប់ធ្នាប់ហ្នឹង។ ប៉ុន្តែគាត់អត់ដឹងមកពីណាទេ គាត់ថាទទួលខុសត្រូវ ហើយគាត់ដើរប្រមូលយកលុយតែម្ដង។ លើសពីហ្នឹង ថាគាត់ប្រមូលលុយក៏ប្រមូលចុះ តែគាត់មិនបានបំពេញការងារគាត់ទៀត ហើយបន្ទាប់ពីហ្នឹងមកគាត់រំលោភលើការរស់នៅ សុខុមាលភាព សុវត្ថិភាពរបស់ប្រជាជនក្នុងតំបន់ហ្នឹងច្រើនមែនទែន។ អ៊ីចឹងហើយបានជាប្រជាជនទាំងអស់គ្នា គិតថា គួរតែដល់ពេលដែលត្រូវនិយាយជាមួយគាត់។ អ៊ីចឹងយើងបានអញ្ជើញគាត់ទៅជួបពីរបីដងម្ល៉េះ ទាំងផ្ទាល់ខ្លួន ទាំងទៅអាជ្ញាធរដែនដី។ ប៉ុន្តែលទ្ធផល គាត់អត់ដែលចេញមកជួបទេ » ។
ពលរដ្ឋទាំងនោះឱ្យដឹងដែរថា កន្លងមកមានអ្នកខ្លះត្រូវចាប់ខ្លួន ព្រោះតែតវ៉ាទាក់ទងនឹងការគាបសង្កត់ពីកម្លាំងសន្តិសុខទាំងនោះ។
អនុប្រធានផ្នែកកម្មវិធីដីធ្លីនៃអង្គការការពារសិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍បញ្ជាក់ថា អង្គការលោកធ្លាប់បានទទួលពាក្យបណ្ដឹងរបស់ពលរដ្ឋរស់នៅក្នុងបុរីនោះ អំពីបញ្ហាការគាបសង្កត់របស់ក្រុមកម្លាំងសន្តិសុខ ហើយលោកកំពុងធ្វើអន្តរាគមន៍។ លោកបន្តថា ទាក់ទងនឹងការតវ៉ារបស់ពលរដ្ឋរឿងដីសួនច្បារនេះ លោកអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុន គប្បីខិតខំដោះស្រាយឱ្យបានឆាប់៖ « បាទ ! ចាប់ខ្លួនគ្មានដីកាទេ នាំខ្លួនយកទៅហ្នឹង ហើយបង្ខំឱ្យគេហ្នឹងទទួលស្គាល់ថាគេស្ម័គ្រទៅខ្លួនគេទៀត។ រឿងហ្នឹងសមាគមអាដហុកបានធ្វើពាក្យបណ្ដឹងប្ដឹងទៅលោក សៅ សុខា រួចហើយ។ ប៉ុន្តែលោក សៅ សុខា មិនទាន់មានការឆ្លើយតបជាមួយសមាគមអាដហុកទេ » ។
ទាក់ទងនឹងការតវ៉ារបស់ពលរដ្ឋរឿងដីសួនច្បារនេះ លោក ចាន់ សុវ៉េត អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនគប្បីខិតខំដោះស្រាយឱ្យបានឆាប់ ពីព្រោះបញ្ហានេះអាចក្លាយជាការបោកប្រាស់៖ « វាក្លាយជាកម្មសិទ្ធិឯកជនហើយ ហើយមានកន្លែងខ្លះ គឺកម្មសិទ្ធិសមូហភាព។ កម្មសិទ្ធិសមូហភាពហ្នឹង ក្រុមហ៊ុនចង់ធ្វើអី ត្រូវតែសួរគេ។ កន្លែងណារបស់ខ្លួនឯង អាហ្នឹងបានខ្លួនឯងមានសិទ្ធិផ្ដាច់មុខ។ ឯកន្លែងណាជាកម្មសិទ្ធិរួម គឺត្រូវដោះស្រាយតាមរបៀបរួម។ ឧទាហរណ៍ សួនច្បារ មិនអាចកែឆ្នៃតាមទំនើងចិត្តមានទេ » ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងខាងក្រុមហ៊ុន វារីណា បញ្ជាក់អំពីបញ្ហា ដែលពលរដ្ឋក្នុងបុរីកំពុងតវ៉ាបានទេ រហូតមកដល់ល្ងាចថ្ងៃទី ១៩ តុលា។ អ្នកទទួលទូរស័ព្ទក្រុមហ៊ុនមួយរូបប្រាប់ថា ទូរស័ព្ទរបស់ប្រធានគាត់មិនអាចទាក់ទងបាន។ ប៉ុន្តែអ្នកតវ៉ាឱ្យដឹងថា ខាងក្រុមហ៊ុនសន្យាថានឹងដកបង្គោលតារាងបាល់នោះ ហើយដាំស្មៅឡើងវិញ ទើបពួកគាត់ផ្អាកការតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
