ពលរដ្ឋ​មាន​ជម្លោះ​ខ្លះ​ជាមួយ​ក្រុមហ៊ុន​OCIC នៅ​មិន​ព្រម​ទទួល​សំណង​នៅ​ឡើយ

0:00 / 0:00

ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី ​(OCIC) ដែល​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយ​ចង្វារ​និង​អាជ្ញាធរ កោះហៅ​អ្នកភូមិ​ដើម​គរ​ដែល​មាន​ផ្ទះ​កំពុង​រស់នៅ ហើយ​បាន​រង​នូវ​ផល​ប៉ះពាល់ មក​ជួប​ប្រជុំ​គ្នា នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​នៅ​ថ្ងៃ​ទី​១១ សីហា។

ការ​កោះ​ប្រជុំ​នេះ ដើម្បី​ស្រង់​ឈ្មោះ​អ្នក​ដែល​ព្រម និង​មិន​ព្រម​ទទួល​គោលការណ៍​ដោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នោះ។

ប្រជាពលរដ្ឋ ភូមិ​ដើម​គរ​ជើង សង្កាត់​ជ្រោយ​ចង្វារ ប្រមាណ​៣៥ នាក់​ក្នុងចំណោម​អ្នកចូលរួម​ប្រជុំ​សរុប​៤៨​នាក់ ព្រម​ទទួលយក​សំណង​ពី​ក្រុមហ៊ុន​ដោយ​ស្ថិត​ក្រោម​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​ដែន។

វត្ថុ​សំណង​នោះ មួយ​គ្រួសារ​ទទួល​បាន​ផ្ទះល្វែង​មួយ​ល្វែង​ទំ​ហំ ៤​គុណ​១៤​ម៉ែត្រ និង​តូប​លក់​ដូរ​នៅ​ផ្សារ​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​តំបន់​តែមួយ​នៃ​ក្រុង​រណប​នោះ។

ពលរដ្ឋ​ដែល​ព្រម​ទទួលយក​សំណង​ដោះដូរ​នោះ​ថ្លែង​ប្រហាក់​ប្រហែល​គ្នា​ថា ពួកគាត់​មាន​ទំហំ​ដី​តូច ខ្លះ​៧​គុណ​៧​ម៉ែត្រ ខ្លះ​ទំហំ​៣​គុណ ៥ ឬ ១០ ម៉ែត្រ​ជាដើម។

ពួកគាត់​ថា​ការ​ទទួល​យក​នោះ​ដោយ​អស់ជម្រើស​គ្មាន​ឱកាស​តវ៉ា​ច្រើន​ជាមួយ​អ្នកមាន ហើយ​ម្យ៉ាងទៀត​បច្ចុប្បន្ន​ផ្ទះ​គាត់ ត្រូវ​លិច​ទឹក ខ្លះ​ត្រូវ​កប់​ខ្សាច់​ដែល​ក្រុមហ៊ុន​បូម​ចាក់​បំពេញ​ដី​តំបន់​នោះ​ព័ទ្ធជុំវិញ​អស់ហើយ។

លោក សួន ឆើត អាយុ​៣២​ឆ្នាំ ដែល​មាន​ក្បាលដី​២ ម៉ែត្រ កន្លះ បណ្ដោយ​១០​ម៉ែត្រ ជា​ប្រភេទ​ដី​ភូមិ ដែល​លោក​កាន់កាប់​ច្រើន​ឆ្នាំ​មក​ហើយ។ លោ​កថា​សំណង​នេះ​អាច​ទទួល​យក​បាន ហើយ​ម្យ៉ាង​លោក​អត់​ពេល​តវ៉ា​សម្រាប់​ក្នុង​រឿង​នេះ​តទៅទៀត​ទេ៖ «​វា​ជា​សំណង​ដែល​ខ្ញុំ​អាច​ទទួល​យក​បាន​ព្រោះ​នៅ​ក្នុង​តំបន់​នោះ​ខ្ញុំ​ដី​តូច​ជាងគេ ហើយ​វា​ពិបាក​នឹង​ខ្សាច់ វា​ពិបាក​នឹង​អី ព្រោះ​កូន​ខ្ញុំ​វា​នៅ​តូច​ៗ​ណាស់ ហើយ​ផ្លូវ​វា​ចង្អៀត​ផង បើ​មា​ន​គ​ឡ​គ្រោះ​ថ្នាក់​អី​វា​ពិបាក​ដែរ»។

ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ក្នុងចំណោម​១០​នាក់​ផ្សេងទៀត​នៅ​ភូមិ​ជាមួយគ្នា​ដែល​មិន​ព្រម​ទទួលយក​សំណង​នោះ លោក​ទី ជា បញ្ជាក់​ថា ដី​គាត់​ធំ​ជាង​គេ គឺ​ទទឹង​១៨​ម៉ែត្រ បណ្ដោយ ៨០​ម៉ែត្រ ប៉ុន្តែ​លោក​ត្រូវ​ទទួល​សំណង​ដូច​អ្នក​ដែល​មាន​ដី​តូច​ដែរ ម្យ៉ាង​គ្រួសារ​លោក​មិន​ចង់​បាត់បង់​កេរ្តិ៍​ដំណែល​ភូមិ​ចាស់​របស់​គាត់​នោះ​ទេ៖ «ដី​ធំ​កូន​ចៅ​នៅ​យូរ​ហើយ​ខ្ញុំ​ស្ដាយ​ស្រណោះ​ដី​ភូមិ​ម្ដាយ​ខ្ញុំ​ដែល​ទុក​ឲ្យ​យើង​តាំងពី​យូរហើយ ផ្ទះ​ខ្ញុំ​តូច​ទាប​យ៉ាងម៉េច​ក៍​ដោយ ក៏​ល្អ​ជាងគេ​រហូត​ខ្ញុំ​មោទនភាព​ខ្លួន​ខ្ញុំ ផ្ទះ​ខ្ញុំ​ប្រឹង​ល្អ កញ្ចាស់​ម៉េច​ក៏​ជា​របស់ខ្ញុំ​ដែរ​អញ្ចឹង​បានជា​ខ្ញុំ​អត់​ព្រម»។

ពលរដ្ឋ​ដែល​ចូល​មក​ដោះស្រាយ​ផ្ទាល់​នៅ​ក្រុមហ៊ុន​ចំនួន​៣៥​គ្រួសារ​នេះ ស្ថិតនៅ​ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ប្រមាណ​ជាង​៨០​គ្រួសារ​ទៀត​នៅ​ក្នុង​ភូមិ​នោះ។

ទាក់ទង​បញ្ហា​នេះ អគ្គនាយករង​ក្រុមហ៊ុន OCIC លោក ទូច សំណាង​ដែល​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​នោះ មានប្រសាសន៍ថា បើ​ពលរដ្ឋ​ណា​ដែល​មិន​ចង់​ចាក​ចេញទៅ​រស់​កន្លែង​ថ្មី​ទេ​ក្រុមហ៊ុន​នឹង​ឆ្វៀល​ចេញពី​គម្រោង​អភិវឌ្ឍន៍ ហើយ​ក្រុមហ៊ុន​នឹង​ជួយ​ដោះស្រាយ​ប្រព័ន្ធ​លូ ឬមួយ​ក៏​ផ្លូវ​ភូមិ​ទៅតាម​លទ្ធភាព​ជាក់ស្ដែង៖ «ដូច្នេះ​យើង​ធ្វើ​នេះ​មាន​លក្ខណ​មិន​បង្ខំ​ទេ ឯកភាព​ទាល់តែ​ស្របគ្នា​ទៀត​ព្រោះ​អ្វី​ដែល​យើង​ផ្ដល់​ឲ្យ​គឺ​មាន​ច្រើនជាង ធំ​ជាង​គ្រាន់​ថា​ដោះស្រាយ​ជា​ផ្ទះ​ប៉ុណ្ណឹង»។

អគ្គនាយករង​ក្រុមហ៊ុន OCIC លោក ទូច សំណាង ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី ១១ ខែ​សីហា ឆ្នាំ ២០១៤។
អគ្គនាយករង​ក្រុមហ៊ុន OCIC លោក ទូច សំណាង ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី ១១ ខែ​សីហា ឆ្នាំ ២០១៤។ (RFA/Sek Bandith)

ជាមួយ​គ្នា​នេះ​ដែរ​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​ច្បាប់ នៃ​អង្គ​សិទ្ធិ​លំនៅឋាន លោក ណន អូនី ដែល​ចុះ​ឃ្លាំ​មើល​បញ្ហា​នេះ​ដែរ មាន​ប្រសាសន៍​ថា​ការ​ដោះស្រាយ​ផ្ដល់​សំណង​ទៅលើ​ខ្នង​ផ្ទះ ដោយ​មិន​ដោះស្រាយ​តាម​ទំហំ​ដី ឬ​ចំនួន​សមាជិក​គ្រួសារ​នីមួយៗ​នោះ លោក​យល់ថា​ជា​ការ​ដោះស្រាយ​មួយ​ដែល​មិនសូវ​ឆ្លើយតប​នូវ​សេចក្ដី​ត្រូវ​ការ​ពិតប្រាកដ​និង​ស្នើ​ភាព​គ្នា​នោះ​ទេ។

បញ្ហា​នេះ​នឹង​ពិបាក​រក​ដំណោះស្រាយ​ដែល​ឆាប់​ទៅដល់​ទី​បញ្ចប់​ដោយ​យុត្តិធម៌​បាន​ណាស់៖ «បើ​យើង​ដោះស្រាយ​ទៅលើ​ខ្នង​ផ្ទះ​ឧទាហរណ៍​គ្រួសារ​មួយ​មានគ្រួសារ ៣ នាក់ មួយទៀត​មានគ្រួសារ​៨​នាក់ ឬ​១០​នាក់​សួរ​ថា​តើ​ការរស់នៅ​របស់​ពួកគាត់​វា​មាន​ផល​ប៉ះពាល់​របៀប​ម៉េច ចំណុច​នេះ​ហើយ​ខ្ញុំ​ពិនិត្យ​ឃើញ​ថា បើ​សិន​ក្រុមហ៊ុន​អាច​បន្ថែម​ខ្នង​ផ្ទះ ទៅ​ឲ្យ​គ្រួសារ​ដែល​មាន​សមាជិក​ច្រើន ឬ​គ្រួសារ​ដែល​មាន​ទំហំ​ដី​ធំ ខ្ញុំ​គិត​ថា​នេះ​ទើប​ជា​ដំណោះស្រាយ »

លោក​បន្ត​ថា​នៅ​មាន​ពលរដ្ឋ​ប្រហែល​ជាង​ពាក់​កណ្ដាល​ទៀត​ក្នុង​ភូមិ​ដើម​គរ​ជើង​ដែល​យល់ព្រម​ទទួល​ការ​ដោះដូរ​នោះ ហើយ​ពលរដ្ឋ​ទាំងនោះ​ភាគច្រើន គឺ​អ្នក​ដែល​មាន​ដី​ធំ និង​ផ្ទះ​រស់នៅ​សម​ល្មម បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គិត​សំណង​តាម​តម្លៃ​ដី​ទីផ្សារ ប៉ុន្តែ​ខាង​ក្រុមហ៊ុន យល់ព្រម​ផ្ដល់​ឲ្យ​តែ​១៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

តែ​ទោះ​យ៉ាងណា តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ថា អ្នក​ដែល​មិនទាន់​ត្រូវរ៉ូវ​គ្នា​ពេលនេះ មិន​មានន័យថា​បិទ​ផ្លូវ​ចរចា ឬ​ពិភាក្សា​គ្នា​ទៀត​នោះ​ទេ ក្រុមហ៊ុន នៅ​មាន​ពេល​ដោះស្រាយ​ជា​ដំណាក់​ការ​ក្រោយ​ទៀត ហើយ​នៅ​ផ្នែក​ណា​ដែល​មិន​ត្រូវរ៉ូវ​គ្នា​ធ្ងន់ធ្ងរ​ដែល​អាច​ឈាន​ឡើង​ដល់​តុលាការ​នោះ ក្រុមហ៊ុន​បាន​ទម្លាក់​ទៅ​ឲ្យ​សាលាក្រុង​ជា​អ្នកទទួលខុសត្រូវ​ជំនួស។

ក្រុមហ៊ុន OCIC ទទួល​បាន​សិទ្ធិ​វិយោគ​៩៩ ឆ្នាំ ក្នុង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយ​ចង្វារ​បន្ទាប់ ពី​គម្រោង​ទី​មួយ​របស់​ខ្លួន​នៅ​កោះ​ពេជ្រ។

ក្រុង​រណប​ជ្រោយ​ចង្វារ​នេះ​មាន​ទំហំ​ដី​ជិត​៤​រយ​(៣៨៧)​ហិកតារ គ្រប​ដណ្ដប់​លើ​សង្កាត់​បី គឺ​សង្កាត់ ជ្រោយ​ចង្វារ ព្រែក​តាសេក និង​ព្រែកលៀប ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ចាប់ពី​គល់​ស្ពាន​ជ្រោយ​ចង្វារ​ទៅ។

ទាំង​អាជ្ញាធរ និង​ក្រុមហ៊ុន មិនទាន់​បង្ហាញ​ច្បាស់​ថា មាន​ពលរដ្ឋ​ដែល​មាន​ផល​ប៉ះពាល់​សរុប​ប៉ុន្មាន​ពិតប្រាកដ​នោះ​ទេ​រហូត​មក​ដល់​ពេល​នេះ។

ការ​ដោះស្រាយ​ជំ​ហ៊ាន​ទី​១​នៅ​ពេល​នេះ គឺ​ផ្ដោត​លើ​ពលរដ្ឋ​ដែល​មាន​ផ្ទះ​និង​កំពុង​រស់នៅ​ជាក់​ស្ដែង​តាម​ការ​ចង្អុល​បង្ហាញ​ពី​អាជ្ញាធរ​មូលដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។