ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ខេត្ត​កោះកុង​សាទរ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ចុះ​ជួប​ពលរដ្ឋ​ដល់​មូលដ្ឋាន

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​ពលរដ្ឋ​ជិត ១៥០​គ្រួសារ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា និង​ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​ពីរ នា​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង សាទរ​សកម្មភាព​របស់​មន្ត្រី​ថ្នាក់​ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី ដែល​ដឹកនាំ​ក្រុម​ការងារ​ចុះ​ជួប​ជាមួយ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ដល់​មូលដ្ឋាន។

អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ប្រចាំ​អង្គការ​លីកាដូ (LICADHO) ខេត្ត​កោះកុង លោក ហ៊ួរ អ៊ិន សាទរ​វត្តមាន​របស់​មន្ត្រី​ថ្នាក់​ជាតិ ដឹកនាំ​ដោយ​លោក ទេព ធន អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​ចុះ​ជួប​តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ចំនួន ១៤៧​គ្រួសារ នៅ​ស្រុក​ស្រែអំបិល កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​សីហា។ ប៉ុន្តែ​លោក ហ៊ួរ អ៊ិន ហាក់​មាន​ជំនឿ​តិចតួច​ថា ក្រុម​ការងារ​ក្រសួង​ដែនដី អាច​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ឲ្យ​ទទួល​បាន​យុត្តិធម៌​នោះ​ទេ។

យ៉ាង​នេះ​ក្តី មន្ត្រី​អង្គការ​លីកាដូ ស្នើ​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ក្រសួង​រៀបចំ​ដែនដី ត្រូវ​អញ្ជើញ​ភាគី​ជាប់​ពាក់ព័ន្ធ មាន​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ មាន​អាជ្ញាធរ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន ដល់​ថ្នាក់​ខេត្ត និង​ភាគី​ក្រុមហ៊ុន​ជាដើម ឲ្យ​ចូល​ខ្លួន​នៅ​ចំពោះ​មុខ​មន្ត្រី​ជំនាញ ហើយ​ចុះ​ដល់​ទីតាំង​កើត​មាន​ទំនាស់​រួម​គ្នា ទើប​អាច​ឈាន​ដល់​ដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នៅ​ស្រុក​ស្រែអំបិល អាច​មាន​ផល​វិជ្ជមាន​ច្រើន៖ «កុំ​ឲ្យ​មាន​តំណាង​ដោះស្រាយ​ដីធ្លី​ថ្នាក់​ជាតិ ឬ​ពី​ក្រសួង​ដែនដី បាន​ចុះ​មក​ជួប​ពលរដ្ឋ​ដល់​មូលដ្ឋាន ប៉ុន្តែ​បែរ​ជា​អាជ្ញាធរ​ភូមិ ឃុំ ឬ​ស្រុក​ជាដើម គេចវេះ​មិន​ជួប​ជាមួយ​តំណាង​ដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់​ជាតិ ដោយ​យក​លេស​ជាប់​រវល់ គឺ​ជា​រឿង​មិន​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ។ ដូច្នេះ​ស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ត្រូវ​ឲ្យ​អាជ្ញាធរ​ចាប់​ពី​ថ្នាក់​ភូមិ រហូត​ដល់​ថ្នាក់​ខេត្ត បង្ហាញ​វត្តមាន​នៅ​លើ​ដី​មាន​ទំនាស់​ជាក់ស្ដែង​ឲ្យ​បាន​ទាំង​អស់​គ្នា ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​បាន​រលូន»

លោកស្រី ផាវ ញ៉ើង តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង គាំទ្រ​សកម្មភាព​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី ដែល​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ផ្ទាល់​ជួប​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា ហេង ហ៊ុយ មាន​ពលរដ្ឋ ១៥​គ្រួសារ និង​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​ពីរ សរុប​មាន​ពលរដ្ឋ​ចំនួន ១៤៧​គ្រួសារ។ លោកស្រី ផាវ ញ៉ើង ស្នើ​ថ្នាក់​ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី ដឹកនាំ​ដោយ​លោក ទេព ធន និង​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពួក​គាត់​ឲ្យ​ទទួល​បាន​យុត្តិធម៌​ឡើង​វិញ ព្រោះ​ពលរដ្ឋ​នៅ​មូលដ្ឋាន​នេះ​បាន​រងគ្រោះ​អូស​បន្លាយ​ជិត ១០​ឆ្នាំ​មក​ហើយ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ទៀត៖ «សូម​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ជូន​ដល់​សម្ដេច ហ៊ុន សែន បាន​ដឹង និង​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ​ពួក​ខ្ញុំ​ដែល​រងគ្រោះ​ដី​ធ្លី​រ៉ាំរ៉ៃ​ជិត ១០​ឆ្នាំ​ជាមួយ​លោក​ឧកញ៉ា ហេង ហ៊ុយ និង​ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​២ ឲ្យ​ពួក​ខ្ញុំ​មាន​សិទ្ធិ​ប្រើប្រាស់​ដី​កសិកម្ម និង​លំនៅ​ឋាន​ដូច​ដើម​វិញ។ សូម​ជួយ​ពិនិត្យ​ទៅ​លើ​ការ​ឃុបឃិត​របស់​ក្រុមហ៊ុន និង​អាជ្ញាធរ​ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាម​កំហែង​ពលរដ្ឋ​រំលោភ​ យក​ដីធ្លី​កន្លង​មក​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ»

ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ​នៅ​ស្រុក​ស្រែអំបិល គឺ​បាន​គ្រប​ដណ្ដប់​ភូមិ​ចំនួន​៦ ស្ថិត​ក្នុង​ឃុំ​ចំនួន​៣ គឺ​ឃុំ​ជីខក្រោម ឃុំ​ជីខលើ និង​ឃុំ​ដងពែង។ ទំនាស់​ដីធ្លី​នេះ គឺ​មាន​វិវាទ​ជាមួយ​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា ហ៊ុយ ហេង និង​ក្រុមហ៊ុន​ស្ករ​អំពៅ​ឈ្មោះ កោះកុង ស៊ូហ្គើ (Kohkong Sugar) និង​ក្រុមហ៊ុន កោះកុង ផ្លេនថេសិន (Kohkong Plantation) ដោយ​បាន​អូស​បន្លាយ​ពេល​ជិត ១០​ឆ្នាំ​មក​ហើយ។

អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី លោក ទេព ធន បាន​ថ្លែង​នៅ​ចំពោះ​មុខ​ពលរដ្ឋ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំងអស់ ត្រូវ​នាំ​យក​ឯកសារ​ពាក់ព័ន្ធ ផ្តល់​ជូន​ក្រុម​ការងារ​របស់​លោក​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន មុន​នឹង​ឈាន​ទៅ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់៖ «ដើម្បី​ឲ្យ​ ការងារ​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​បងប្អូន​នៅ​ស្រុក​ស្រែអំបិល ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ឈ្មួញ និង​ក្រុមហ៊ុន​ស្ករ​អំពៅ​នេះ​មាន​ប្រសិទ្ធភាព និង​ទទួល​យក​បាន ហើយ​ការ​សម្រេច​បាន​ច្បាស់លាស់ សូម​ឲ្យ​បងប្អូន​បង្ហាញ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ យក​មក​បង្ហាញ​ក្រុម​ការងារ​របស់​ក្រសួង​ពិនិត្យ​ជាក់ស្ដែង និង​មិន​ក្លែង​បន្លំ»

ក្រោយ​ជំនួប​ជាមួយ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជិត ១៥០​គ្រួសារ លោក ទេព ធន និង​ក្រុម​ការងារ​ក្រសួង​រៀបចំ​ដែនដី ក៏​នឹង​ជួប​ជាមួយ​អាជ្ញាធរ​ដែនដី និង​ភាគី​ក្រុមហ៊ុន​ជាប់​ពាក់ព័ន្ធ​ទំនាស់​ដីធ្លី​នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែ​សីហា ជា​បន្ត​ទៀត មុន​នឹង​ឈាន​ទៅ​ដោះស្រាយ​វិវាទ​នេះ​នៅ​ថ្ងៃ​ខាង​មុខ។

ជំនួប​ជាមួយ​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​ស្រែអំបិល កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា លោក ទេព ធន មិន​ចង់​ទទួល​យក​វិវាទ​ដីធ្លី​ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ យក​មក​ដោះស្រាយ​ទេ តែ​យ៉ាង​ណា រូប​លោក​បាន​ឲ្យ​ពលរដ្ឋ​រងគ្រោះ ត្រូវ​ផ្តល់​ឯកសារ​មក​កាន់​ក្រុម​ការងារ​ក្រសួង​បាន​ពិនិត្យ​ជាក់ស្តែង។

ត្រង់​ចំណុច​នេះ អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួរ អ៊ិន អះអាង​ថា ការ​ចុះ​ជួប​ពលរដ្ឋ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី ជាមួយ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង ពេល​នេះ មិន​ទាន់​មាន​លទ្ធផល​អ្វី​នោះ​ទេ ព្រោះ​កំពុង​ចុះ​ប្រមូល​ឯកសារ និង​ជួប​ជាមួយ​អ្នក​ជាប់​ពាក់ព័ន្ធ​វិវាទ​នេះ ទើប​មាន​ដំណោះស្រាយ​ជា​ក្រោយ។

ការ​ចុះ​ជួប​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កោះកុង របស់​មន្ត្រី​ថ្នាក់​ជាតិ​នៃ​ក្រសួង​រៀបចំ​ដែនដី ដឹកនាំ​ដោយ​លោក ទេព ធន ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ការ​សន្យា​ជាមួយ​ប្រជាពលរដ្ឋ ដែល​បាន​លើក​គ្នា​ទៅ​ជួប​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ហើយ​ត្រូវ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នេះ​សន្យា​ថា នឹង​ចុះ​ជួប​ពលរដ្ឋ​ដល់​មូលដ្ឋាន ឈាន​ដល់​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជូន​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។