ពលរដ្ឋ​៤​ភូមិ​ដែល​ប៉ះពាល់​ដី​ដោយសារ​ក្រុមហ៊ុន​ចិន​លើក​គ្នា​​តវ៉ា​​ទាមទារ​ឲ្យ​ដោះស្រាយ​សំណង

ដោយ ហង្ស សាវយុត
2017.07.05
ផែនទី​ខេត្ត​ឧត្ដរមានជ័យ ៨៥៥ ផែនទី​ខេត្ត​ឧត្ដរមានជ័យ។
Photo: RFA

ពលរដ្ឋ​ចំនួន ៥​ភូមិ នៅ​ស្រុក​ចំនួន​២ និង​ក្រុង​១ របស់​ខេត្ត​ឧត្តរមានជ័យ នៅ​តែ​ទន្ទឹង​រង់ចាំ​សំណង​នៃ​ការ​ខូចខាត​ដីស្រែ​ចម្ការ​របស់​ពួកគេ ដែល​ប៉ះពាល់​ដោយសារ​តែ​ក្រុមហ៊ុន​ចិន ស៊ីណូ ហាយដ្រូ (Sino Hydro) អនុវត្ត​គម្រោង​សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែងទី២ នៅ​តំបន់​ដែល​ពួកគេ​រស់​នៅ​នោះ។

​អ្នក​ភូមិ​និយាយ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៤ មក គណៈកម្មការ​អន្តរក្រសួង​បាន​ចុះ​ទៅ​វាស់វែង​ដី​ស្រែ​ចម្ការ​ដែល​ប៉ះពាល់​ទាំង​នោះ ក៏ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន គេ​នៅ​មិន​ទាន់​បាន​ទទួល​សំណង​អ្វី​នៅ​ឡើយ។

​ពលរដ្ឋ​ប្រមាណ ១២០​នាក់ មក​ពី​៤​ភូមិ នៃ​ស្រុក​អន្លង់វែង ក្រុង​សំរោង និង​ស្រុក​ចុងកាល់ បាន​លើក​គ្នា​ទៅ​សាលា​ខេត្ត​ឧត្តរមានជ័យ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៥ ខែ​កក្កដា បំណង​ជួប​ជាមួយ​អភិបាល​ខេត្ត​ឧត្តរមានជ័យ ឱ្យ​ជួយ​ពន្លឿន​ការ​ទូទាត់​សំណង​ដែល​ប៉ះពាល់​ដោយសារ​ការ​សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែងទី២ ជូន​ពួកគេ​ឱ្យ​ឆាប់​រហ័ស។

​ពលរដ្ឋ​ទាំង​នោះ​មក​ពី​ភូមិ​ស្រះកែវ ឃុំ​ពង្រ នៃ​ស្រុក​ចុងកាល់ ភូមិ​បាក់នឹម នៃ​ក្រុង​សំរោង ភូមិ​គោកសំព័រ និង​ភូមិ​ចារថ្មី របស់​ស្រុក​អន្លង់វែង។

​អ្នក​ភូមិ​ស្រះកែវ ម្នាក់ គឺ​លោក ខៀវ ពេជ្រ។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​៥ ខែ​កក្កដា ថា កូនៗ​របស់​លោក ក៏​បាន​ទៅ​សាលា​ខេត្ត​ជាមួយ​នឹង​ពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​សង​ថ្លៃ​ប៉ះពាល់​ដីស្រែ​ចម្ការ​មក​ឱ្យ​រូប​លោក​ឱ្យ​បាន​ឆាប់។

​បុរស​ដដែល​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៤ ក្រុមហ៊ុន​ចិន ស៊ីណូ ហាយដ្រូ  បាន​ទៅ​សង់​ទំនប់​ទឹក​ស្ទឹង​ស្រែងទី២ នៅ​តំបន់​ភ្នំ​អាតោ បណ្ដាល​ឱ្យ​លំនៅឋាន និង​ដីស្រែ​ចម្ការ​របស់​លោក​ទំហំ ១០​ហិកតារ​លិចលង់។ លោក​ថា អាជ្ញាធរ​រដ្ឋាភិបាល​បាន​សន្យា​ថា នឹង​ផ្ដល់​ដី​ស្រែ​ថ្មី​ទំហំ ២​ហិកតារ សង​មក​ប្រជាពលរដ្ឋ​វិញ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិន​ឃើញ​ចែក​ដីស្រែ​នៅ​ឡើយ៖ «អត់​មិន​ទាន់​ឃើញ​ដី​ស្រែ​នៅ​ឯ​ណា​ផង ពលរដ្ឋ​សព្វថ្ងៃ​មិន​មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត​ទេ ឯ​ដី​ដាំ​ដំឡូងមី​ក៏​លិច​អស់»

​ក្រុម​អ្នក​ភូមិ​ដែល​លើក​គ្នា​ទៅ​ឈរ​នៅ​មុខ​សាលា​ខេត្ត​ឧត្តរមានជ័យ ទាមទារ​ឱ្យ​អាជ្ញាធរ​ចេញ​សំណង​ជា​ទឹក​ប្រាក់ ថ្លៃ​ប៉ះពាល់​ដំណាំ និង​ប្រញាប់​ចែក​ដីស្រែ​ថ្មី មក​ឱ្យ​ពួកគេ​បាន​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ជំនួស​ដីស្រែ​ចាស់​ដែល​ទឹក​លិច​ទៅ​ហើយ។

​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី មាន​ប្រសាសន៍​ថា នៅ​រសៀល​ថ្ងៃ​ពុធ ទី​៥ ខែ​កក្កដា លោក​បាន​ជួប​ជាមួយ​អ្នក​ភូមិ​ដែល​លើក​គ្នា​មក​ទាមទារ​នោះ​ហើយ។

​លោក ស ថាវី បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ កំពុង​ប្រឹងប្រែង​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ក្រុមហ៊ុន​ចិន ស៊ីណូ ហាយដ្រូ សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែងទី២ ហើយ​ប៉ះពាល់​ដល់​លំនៅឋាន ដីស្រែ និង​ចម្ការ​របស់​ប្រជាពលរដ្ឋ​នេះ។

លោក​ថា អាជ្ញាធរ​ខេត្ត​នឹង​ចាប់​ផ្ដើម​ចុះ​ចែក​ដីស្រែ​ទំហំ ២​ហិកតារ​ក្នុង​១​គ្រួសារ​ទៅ​ឱ្យ​អ្នក​ភូមិ​ស្រះកែវ នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា៖ «យើង​បាន​ពន្យល់​ប្រាប់​គាត់​ហើយ ពាក់ព័ន្ធ​រឿង​ដី ២​ហិកតារ ដែល​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រះកែវ ចំនួន ១៥៨​គ្រួសារ​នេះ ស្អែក​គឺ​ឱ្យ​គេ​ចុះ​វាស់ដី​ស្រែ​ចែក​ហើយ»

​នេះ​គឺ​ជា​លើក​ទី​២​ហើយ​ដែល​ប្រជាពលរដ្ឋ​រង​ការ​ប៉ះពាល់​ដីស្រែ​ចម្ការ​ដោយសារ​តែ​ក្រុមហ៊ុន​ចិន សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែងទី២ ឡើង​ទៅ​ទាមទារ​នៅ​សាលា​ខេត្ត​ឧត្តរមានជ័យ ឱ្យ​ពន្លឿន​ការ​សង​ថ្លៃ​ខូចខាត។ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ក្រុម​អ្នក​ភូមិ​ស្រះកែវ ជា​ច្រើន​នាក់ ធ្លាប់​នាំ​គ្នា​ឡើង​ទៅ​ទាមទារ​នៅ​សាលា​ខេត្ត​ឧត្តរមានជ័យ ម្ដង​មក​ហើយ ក៏ប៉ុន្តែ​កាល​ណោះ​អាជ្ញាធរ​ស្រុក​ចុង​កាល់​បាន​កាក់​ផ្លូវ​ដោះស្រាយ។

​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ប្រហែល ៨០០​គ្រួសារ នៅ​ក្រុង​សំរោង ស្រុក​អន្លង់វែង និង​ស្រុក​ចុងកាល់ ដែល​ទទួល​រង​ការ​ប៉ះពាល់​លំនៅឋាន ដីស្រែ ចម្ការ និង​ដំណាំ ដោយសារ​តែ​ការ​សាងសង់​ទំនប់​ទឹក​ស្ទឹង​ស្រែងទី២។

​អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា អាជ្ញាធរ​គួរ​តែ​ពន្លឿន​ការ​សង​សំណង​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ទាំង​នោះ​ឱ្យ​ឆាប់​រហ័ស​ដើម្បី​ឱ្យ​ពួកគាត់​អាច​មាន​ដី​ថ្មី​រស់​នៅ ព្រមទាំង​ធ្វើ​ស្រែ​ចម្ការ​ថ្មី​ជួយ​ដល់​​ជីវភាព​ប្រចាំ​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។