តំណាង​ពលរដ្ឋ​នៅ​សហគមន៍​អូរខ្សាច់​ខេត្ត​ព្រះសីហនុ​បន្ត​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​ដី

0:00 / 0:00

តំណាង​សហគមន៍ ៣២​គ្រួសារ មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​នា​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ការ​ចេញ​លិខិត​ជួយ​អន្តរាគមន៍​ដែល​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​បញ្ជូន​មក​ឲ្យ​អភិបាល​ខេត្ត​ព្រះសីហនុ ​បន្ត​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ មិន​ឃើញ​មន្ត្រី​ចុះ​ដល់​ទី​តាំង​ដី​ទំនាស់​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ជួយ​ចាត់​មន្ត្រី​ឯករាជ្យ​​ចុះ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​នេះ​ចប់​ឲ្យ​បាន​ឆាប់។

តំណាង​ពលរដ្ឋ ៣២​គ្រួសារ លោកស្រី ឡុច ទូច ថ្លែង​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ថា លិខិត​អន្តរាគមន៍​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដែល​តម្រូវ​ឲ្យ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ជួយ​ពិនិត្យ​សម្របសម្រួល​ដំណោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​ទាំង ៣២​គ្រួសារ មិន​ទាន់​មាន​លទ្ធផល​ទេ។

​លោកស្រី​បន្ត​ថា នៅ​គ្រា​ទំនាស់​នៅ​មិន​ទាន់​ដោះស្រាយ​ចប់​ផង ស្រាប់តែ​កាលពីដើម​សប្ដាហ៍​នេះ អនុប្រធាន​ភូមិ​៤ និង​មេឃុំ​អូរត្រេះ បាន​ចេញ​លិខិត​ជូន​បុគ្គល​មួយ​ចំនួន​ឲ្យ​មក​សង់​ផ្ទះ​នៅ​លើ​ដី​កំពុង​មាន​ទំនាស់​របស់​ពលរដ្ឋ​ទាំង ៣២​គ្រួសារ នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ថែម​ទៀត។

តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជូន​ពលរដ្ឋ​ពួកគាត់​ទាំង ៣២​គ្រួសារ បញ្ចប់​ជម្លោះ​នេះ​ឲ្យ​បាន​ឆាប់​ផង៖ «ឯកឧត្ដម យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ គាត់​សន្យា​ជាមួយ​ខ្ញុំ​ថា នឹង​ជួយ​ពន្លឿន​ដោះស្រាយ​ឲ្យ​ស្រប​តាម​លិខិត​អន្តរាគមន៍​របស់​សម្ដេច ហេង សំរិន ប្រធាន​រដ្ឋ​សភា​ពាក់ព័ន្ធ​ការ​ជួយ​រក​ដំណោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ ៣២​គ្រួសារ នៅ​សហគមន៍​អូរខ្សាច់ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ​នេះ។ គាត់​ថា នឹង​កោះ​អញ្ជើញ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើង​ទៅ​មើល​លើ​ដី​ទំនាស់​ជាក់ស្ដែង ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​ដី​ទំនាស់​របស់​ពលរដ្ឋ​ទាំង ៣២​គ្រួសារ​ហ្នឹង»

​លោកស្រី ឡុច ទូច រៀបរាប់​ថា ពលរដ្ឋ​សហគមន៍​អូរខ្សាច់ ចំនួន ៣២​គ្រួសារ គឺ​មាន​វិវាទ​ជាមួយ​ឈ្មោះ ប៉ុន សារឿន អតីត​ចៅ​សង្កាត់​រង​សង្កាត់​លេខ​១ និង​បច្ចុប្បន្ន​មាន​គេ​ប្រាប់​គាត់​ថា មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន។ លោកស្រី ឡុច ទូច អះអាង​ថា ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​រដ្ឋប្បវេណី​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ កាល​ពី​ឆ្នាំ​២០១៤ ស្នើ​សុំ​មោឃៈ និង​រំលាយ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែល​ត្រូវ​ភាគី​ទំនាស់​លោក ប៉ុន សារឿន ឃុបឃិត​លួច​ធ្វើ​ប្លង់​រំលោភ​ដី​ពលរដ្ឋ​មាន​ផ្ទៃដី​សរុប​ចំនួន ២៧​ហិកតារ។

តំណាង​រូប​នេះ​ចោទ​លោក ប៉ុន សារឿន ថា បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ខ្លះ​នៅ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃ​ទៀត លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​ពលរដ្ឋ មាន​ទីតាំងនៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ទាំង​ពលរដ្ឋ​បាន​មិន​ដឹង​ខ្លួន។ លោកស្រី​បន្ត​ថា ពលរដ្ឋ​សហគមន៍​អូរខ្សាច់​ទាំង ៣២​គ្រួសារ ធ្លាប់​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា និង​ទាមទារ​រក​យុត្តិធម៌​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ មាន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ សាលាដំបូង​ខេត្ត​នេះ រហូត​ដល់​ស្ថាប័ន​កំពូលៗ​ថ្នាក់​ជាតិ ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះ​នេះ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​វិជ្ជមាន​ទេ​មក​ដល់​ពេល​នេះ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ដែល​ធ្លាប់​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទី​តាំង​ដី​ទំនាស់​ជាក់ស្ដែង នៅ​សហគមន៍​អូរខ្សាច់ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ។ អ្នកស្រី​បាន​ទទូច​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់ និង​មាន​លទ្ធផល​វិជ្ជមាន​ទាំង​អស់​គ្នា។

អ្នកឃ្លាំមើល​សង្គម​រូប​នេះ ក៏​ស្នើ​ដល់​មន្ត្រី​ជំនាញ​នៅ​តាម​មន្ទីរ ឬ​ស្ថាប័នរដ្ឋ​នីមួយៗ ពិសេស​តុលាការ មុន​នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ជូន​បុគ្គល ឬ​កាត់​ក្តី​​ទៅ​លើ​សំណុំរឿង​ដីធ្លី ត្រូវ​ចុះ​ស៊ើបអង្កេត​ដល់​ទីតាំង​កើត​មាន​ទំនាស់​ជាក់ស្ដែង​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុន៖ «សំណុំ​រឿង​នេះ ទោះបី​មាន​ការ​យកចិត្តទុកដាក់​ពី​តុលាការ និង​អាជ្ញាធរ​ក្តី ក៏ប៉ុន្តែ​យើង​ពិនិត្យ​ឃើញ​ថា រាល់​ការ​យក​ចិត្តទុកដាក់​ទាំង​អស់​ហ្នឹង ទើប​បាន​ឈាន​ទៅ​កោះ​អញ្ជើញ​ខាង​ភាគី​ពលរដ្ឋ​រង​គ្រោះ ៣២​គ្រួសារ ដើម្បី​ទៅ​ជជែក​ចរចា​គ្នា​តែប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ​ការ​មាន​វិធានការ​ទៅ​ភាគី​ទំនាស់​ម្ខាង​ទៀត គឺ​មិន​ទាន់​មាន​ទេ ជាពិសេស​ពេល​បច្ចុប្បន្ន​នេះ ក៏​ឃើញ​មាន​អ្នក​ឆ្លៀត​ឱកាស​ខ្លះ ប៉ុនប៉ង​ចូល​ទៅ​សង់ផ្ទះ​បន្ថែម​នៅ​លើ​ដី​ទំនាស់​នោះ​ថែម​ទៀត។ ទោះយ៉ាងណា យើង​ឃើញ​ថា ខាង​ភាគី​ពលរដ្ឋ​រង់​គ្រោះ​ហាក់​មាន​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ និង​មាន​សាក្សី​ជា​ច្រើន ដែល​ពួកគាត់​បាន​បង្ហាញ​ឲ្យ​អាជ្ញាធរ​ឃើញ​ថា ការ​កាន់​កាប់​ដី និង​អាស្រ័យ​ផល​នៅ​លើ​ដី​​នោះ ពិតជា​បាន​កាន់កាប់​ដី​នោះ​ជាក់ស្ដែង ប៉ុន្តែ​គ្រាន់តែ​គាត់​មិន​មាន​ឯកសារ​គតិយុត្តិ​ប៉ុណ្ណឹង​ឯង»

អ្នកស្រី សុធារី សង្ស័យ​ថា ទំនាស់​ដីធ្លី​ដែល​កើត​មាន​ជាង ២០​សហគមន៍​នា​ខេត្ត​ព្រះសីហនុ អាច​ផ្ដើម​ពី​ការ​ឃុបឃិត​គ្នា​ពី​សំណាក់​អាជ្ញាធរ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​ខ្លះ រហូតដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មាន​មន្ទីរ​រៀបចំ​ដែនដី និង​មន្ត្រី​ខ្លះ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជាដើម ជា​ថ្នូរ​ទទួល​បាន​ផលប្រយោជន៍។

​ចំណែក​អ្នក​សម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ញ៉ិល ភាព បាន​អះអាង​ថា ទំនាស់​ដីធ្លី​ដែល​កើត​មាន​រ៉ាំរ៉ៃ​ជាង ២០​សហគមន៍​នា​មូលដ្ឋាន​នេះ​កន្លង​មក គឺ​ផ្ដើម​ចេញពី​ការ​ឃុបឃិត​ចែក​ផល​ប្រយោជន៍​គ្នា​រវាង​មន្ត្រី​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ។ ក្នុង​នោះ​លោក ញ៉ិល ភាព ក៏​បាន​រិះគន់​ប្រព័ន្ធ​តុលាការ​ថា មិន​ឯករាជ្យ ជាពិសេស​រាល់​ការ​កាត់​ក្ដី​ទៅ​លើ​សំណុំរឿង​ដីធ្លី ភាគ​ច្រើន​គឺ​មិន​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​កើត​មាន​ទំនាស់​ជាក់ស្ដែង​នោះ​ទេ៖ «គឺ​តុលាការ​មាន​ភាព​លំអៀង មិន​បាន​ចុះ​ស្រាវជ្រាវ​ទៅលើ​សំណុំរឿង​ដីធ្លី​ភាគ​ច្រើន​ដល់​ទី​តាំង​កើត​មាន​ទំនាស់​នោះ​ទេ។ តុលាការ​កាត់​ក្តី​តាម​ការ​នឹក​ឃើញ កាត់​ក្តី​តាម​តែ​ការ​បង្គាប់​បញ្ជា​របស់​អ្នក​មាន​អំណាច ដែល​អ្នក​មាន​អំណាច​ទាំង​នោះ​ប្រើ​ទឹក​លុយ រំលោភ​ដី​ប្រជាពលរដ្ឋ​រួច​ហើយ ហើយ​បែរ​ជា​ទៅ​ឈ្នះ​ក្ដី រី​ឯ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដីធ្លី​ពិត​ប្រាកដ​ជា​អ្នក​រស់​នៅ​លើ​ដី​ពិតប្រាកដ និង​រស់​អាស្រ័យផល​នៅ​លើ​ដី​​ជាក់ស្ដែង ប៉ុន្តែ​បែរ​ជា​ទៅ​រងគ្រោះ​បាត់បង់​ដីធ្លី និង​ឈាន​ដល់​ជាប់​គុក​ច្រវាក់​ថែម​ទៀត​ទៅ​វិញ»

លោក ហេង សំរិន ប្រធាន​រដ្ឋសភា បាន​ដាក់​លិខិត​ជូន​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ពិនិត្យ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ ៣២​គ្រួសារ នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ។ កិច្ច​អន្តរាគមន៍​នេះ ធ្វើ​ឡើង​តាម​សំណើ​របស់​តំណាង​ពលរដ្ឋ​ចំនួន ៣២​គ្រួសារ ឈ្មោះ ឡុច ទូច តាម​រយៈ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធសភា នៃ​រដ្ឋសភា។

ក្នុង​លិខិត​ដាក់​ជូន​រដ្ឋសភា លោកស្រី ឡុច ទូច បង្ហាញ​ថា ពលរដ្ឋ​ទាំង ៣២​គ្រួសារ​បាន​កាន់កាប់​ដី​មាន​ទំនាស់​នេះ តាំង​ពី​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩០ ដោយ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន និង​បាន​ដាំ​ដំណាំ​កសិកម្ម​នៅ​លើ​ដី​នោះ​ថែម​ទៀត។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ត្រូវ​ឈ្មោះ កើត រី គឹម ចាន់នី ប៉ុន សារឿន វង្ស សោភា និង​ឈ្មោះ សុខ ហួន បាន​ឃុបឃិត​គ្នា​ក្លែង​ស្នាម​មេដៃ​ឈ្មោះ ឡុញ តាយ ក្នុង​កិច្ច​សន្យា​ទិញ​លក់​ដី ហើយ​បាន​លួច​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ ដែល​ឈ្មោះ ឡុញ តាយ បាន​ស្លាប់​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​១៩៩៤។ ប៉ុន្តែ​បែរ​ជា​កាលបរិច្ឆេទ​ចុះ​ថ្ងៃ​ខែ​ក្នុង​កិច្ចសន្យា​ទិញ​លក់​ដី​ទំនាស់​នេះ បាន​កើត​ឡើង​ក្រោយ​ពេល​ឈ្មោះ ឡុញ តាយ បាន​ចែក​ឋាន​ទៅ​វិញ។

ករណី​នេះ លោកស្រី ឡុច ទូច បាន​រៀបរាប់​ថា ពលរដ្ឋ​ពួកគាត់​ក៏​ធ្លាប់​ដាក់ពាក្យ​ប្ដឹង​ភាគី​ទំនាស់​ទៅ​កាន់​តុលាការ​អស់​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ។ លោកស្រី​បន្ត​ថា នៅ​គ្រា​វិវាទ​ដីធ្លី​នេះ​មិន​ទាន់​បាន​ដំណោះស្រាយ​ផង ស្រាប់​តែ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ បែរ​ជា​មាន​ឈ្មោះ ហេង សុខា បាន​នាំ​មនុស្ស​មួយ​ក្រុម​ទៅ​រុះរើ​ផ្ទះ​សមាជិក​សហគមន៍​របស់​គាត់​ដែល​សង់​លើ​ទីតាំង​ដី ២៧​ហិកតារ​នេះ​ថែម​ទៀត។

​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា នឹង​អញ្ជើញ​ភាគី​វិវាទ​ពាក់ព័ន្ធ​ខាង​តំណាង​ប្រជាពលរដ្ឋ ៣២​គ្រួសារ និង​ភាគី​ឈ្មោះ ប៉ុន សារឿន ជាដើម មក​ជួប​ពិភាក្សា​គ្នា​មុន​នឹង​ឈាន​ទៅ​សម្របសម្រួល​ឲ្យ​ស្របតាម​សំណើ​របស់​ប្រធាន​រដ្ឋ​សភា បាន​ដាក់​ផ្ទាល់​មក​រូប​លោក។ ប៉ុន្តែ​នឹង​ទទួល​បាន​លទ្ធផល​បែប​ណា​នោះ គឺ​មិន​ទាន់​ដឹង​ទេ ព្រោះ​ការ​ពិនិត្យ​ដោះស្រាយ​កំពុង​ដំណើរ​ការ។

ទាក់ទិន​ទំនាស់​នេះ ឯកសារ​ច្បាប់​មួយ​ចំនួន​បាន​បង្ហាញ​ថា ភាគី​លោក ប៉ុន សារឿន បាន​ឈ្នះ​ក្ដី​ជា​បន្តបន្ទាប់​ទៅ​លើ​វិវាទ​ដីធ្លី​ជាមួយ​ពលរដ្ឋ​ទាំង ៣២​គ្រួសារ រស់​នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ គឺ​ចាប់​ពី​សាលាដំបូង​ខេត្ត​ព្រះសីហនុ រហូត​ទៅ។ ទំនាស់​នេះ លោក ប៉ុន សារឿន ក៏​ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​តំណាង​ពលរដ្ឋ​ចំនួន ៤​នាក់ ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដោយ​ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ទុច្ចរិត​ទៅ​លើ​អ្នក​កាន់កាប់​អចលនវត្ថុ ប្រព្រឹត្ត​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ឆ្នាំ​២០០៨។ តំណាង​ពលរដ្ឋ​ទាំង ៤​នាក់ ដែល​លោក ប៉ុន សារឿន ប្ដឹង​មាន ឈ្មោះ ឡុច ទូច ឃឹម មុំ អេង វ៉ាន់ និង កៅ ហួរ។ ពួកគាត់​ភាគ​ច្រើន​ជា​ស្ត្រី​មេម៉ាយ មាន​វ័យ​ចំណាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​ផង។

ទោះ​ជា​យ៉ាង​ណា តំណាង​ពលរដ្ឋ​ទាំង ៣២​គ្រួសារ បាន​ចោទ​ភាគី លោក ប៉ុន សារឿន អតីត​ចៅ​សង្កាត់​រង​សង្កាត់​លេខ​១ និង​បច្ចុប្បន្ន​មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ថា​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ទៅ​លើ​​ដី​លំនៅឋាន និង​ដីចម្ការ​ដំណាំ​កសិកម្ម ទាំង​ពួកគាត់​មិន​បាន​ដឹង​ខ្លួន៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។