យោធិន​ចូល​និវត្តន៍​ជាង​២០០​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង​ស្នើ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​ដីធ្លី

0:00 / 0:00

យោធិន​ចូល​និវត្តន៍​ជាង ២០០​គ្រួសារ ដែល​រដ្ឋាភិបាល​កាត់​រំសាយ ហើយ​បញ្ជូន​ពួក​គាត់​ឲ្យ​ទៅ​រស់នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ។ ការ​ស្នើសុំ​នេះ បន្ទាប់​ពី​ពួក​គាត់​ជួប​ការ​ខ្វះខាត​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​ពុំ​មាន​ដី​សម្រាប់​បង្កបង្កើនផល។

មន្ត្រី​យោធិន​ចូល​និវត្តន៍​នៅ​ស្រុក​បវេល លើក​ឡើង​ថា កន្លង​មក អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​មក​ជួប​ពួក​គាត់​ខ្លះ​ដែរ ប៉ុន្តែ​បាន​ត្រឹម​តែ​សន្យា​ខ្យល់ ហើយ​ត្រឡប់​ទៅ​វិញ​ដោយ​ពុំ​បាន​ដោះស្រាយ​អ្វី​ឡើយ។

តំណាង​យោធិន​ចូល​និវត្តន៍​ម្នាក់ គឺ​លោក ម៉ុង សាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ឧសភា ថា ពួក​គាត់​ជា​មន្ត្រី​យោធិន​ចូល​និវត្តន៍​ចំនួន ២៥០​គ្រួសារ រស់នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល តាំង​ពី​ឆ្នាំ​២០១២ មក មិន​ទាន់​បាន​ដី​មួយ​ម៉ែត្រ​ក្រឡា​ដែល​រដ្ឋាភិបាល​សន្យា​ថា នឹង​ចែក​ជូន​ពួក​គាត់ ២​ហិកតារ​ក្នុង​មួយ​គ្រួសារ​នៅ​ឡើយ។ លោក​ថា អាជ្ញាធរ​បាន​យក​ពួក​គាត់​មក​ទុក​ចោល ដោយ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក និង​បែង​ចែក​ដីធ្លី​ជូន​ពួក​គាត់​សម្រាប់​ដាំ​ដុះ​ឡើយ។ លោក​បន្ថែម​ថា ពួក​គាត់​ប្រមាណ ៣០​គ្រួសារ កំពុង​ជួប​ការ​លំបាក​ជា​ខ្លាំង ពីព្រោះ​គ្មាន​ដី​សម្រាប់​ដាំ​ដុះ ហើយ​ម្យ៉ាង​ទៀត​ពុំ​មាន​លទ្ធភាព​ចេញ​ទៅ​ស្វែងរក​ការងារ​ធ្វើ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង​បាន​ឡើយ៖ « ពួក​ខ្ញុំ​គិត​ថា ប្រសិន​បើ​រដ្ឋាភិបាល​រក​ដី​កសិកម្ម​ចែក​ឲ្យ​ពួក​ខ្ញុំ​មិន​បាន​ទេ បង្វែរ​ចែក​ជា​ថវិកា​ទៅ​តាម​តម្លៃ​ដី​ក៏​បាន​ដែរ ដើម្បី​ជា​ការ​តបស្នង​ដែល​ពួក​គាត់​ខ្ញុំ​ការពារ​ជាតិ​កន្លង​មក »

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​បឹងប្រាំ លោក ឈា នី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ព្រងើយ​កន្តើយ​ចំពោះ​មន្ត្រី​យោធិន​ចូល​និវត្តន៍​ទាំង​នោះ​ឡើយ។ លោក​អះអាង​ថា ទាំង​មន្ត្រី​យោធិន និង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ ជាង ១៩០​គ្រួសារ ជួប​ការ​លំបាក​ដោយសារ​ខ្វះខាត​ដី​ដាំ​ដុះ​ដូច​គ្នា។ លោក​បន្ថែម​ថា បញ្ហា​ទាំងអស់​នេះ អាជ្ញាធរ​ខេត្ត​បាត់ដំបង នឹង​ចុះ​ដោះស្រាយ​ជូន​ពួក​គាត់​ក្នុង​ពេល​ឆាប់ៗ៖ « បាទ ! យើង​មិន​អាច​ទុក​ពេលវេលា​ឲ្យ​វែង​ឆ្ងាយ​ត​ទៅ​ទៀត​បាន​ទេ ពីព្រោះ​ដល់​រដូវ​ដែល​បង​ប្អូន​ត្រូវ​បង្កបង្កើនផល​ហើយ »

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា បញ្ហា​យឺតយ៉ាវ​ក្នុង​ការ​បែង​ចែក​ដីធ្លី​ជូន​មន្ត្រី​យោធិន​ចូល​និវត្តន៍ ដោយសារ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្មាន​ចេតនា​ក្នុង​ការ​ដោះស្រាយ​ជូន​ពួក​គាត់។ លោក​កត់​សម្គាល់​ថា កន្លង​មក អាជ្ញាធរ​មូលដ្ឋាន​បាន​ត្រឹម​តែ​សន្យា​ខ្យល់​ជាមួយ​ពលរដ្ឋ ដោយ​មិន​ហ៊ាន​សម្រេច​ចិត្ត​ខ្លួន​ឯង​ដើម្បី​ដោះស្រាយ​ជូន​ពួក​គាត់​ឡើយ៖ « បញ្ហា​ច្រើន​ណាស់​សម្រាប់​ពួក​គាត់។ យើង​មើល​ឃើញ​ទី​១ គឺ​រឿង​ជីវភាព។ ទី​២ បញ្ហា​ការ​សិក្សា​កូន​ចៅ​របស់​ពួក​គាត់។ បើ​កាល​ណា​ពួក​គាត់​ប្រឈម​បញ្ហា​ច្រើន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​យើង​ដែរ »

មន្ត្រី​យោធិន​ចូល​និវត្តន៍​ចំនួន ២៥០​គ្រួសារ​នោះ ភាគ​ច្រើន​ជា​ជន​ពិការ និង​ជន​បាត់បង់​សមត្ថភាព​ការងារ គឺ​រស់នៅ​ពឹង​ផ្អែក​ប្រាក់​ខែ​ប្រមាណ ៤០​ម៉ឺន​រៀល​ក្នុង​ម្នាក់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ ក្នុង​ចំណោម​នោះ មាន​តែ​យោធិន​ប្រមាណ ៣០​គ្រួសារ​ប៉ុណ្ណោះ ដែល​បាន​រស់នៅ​លើ​ផ្ទះ​មួយ​ខ្នង​ដែល​រដ្ឋាភិបាល​បែង​ចែក​ឲ្យ​ពួក​គាត់ ក្រៅ​ពី​នោះ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។