ទាក់ទងនឹងរឿងស្ករអំពៅរបស់ឧកញ៉ា លី យ៉ុងផាត់ អង្គការអន្តរជាតិមួយឈ្មោះ អុកស្វាម អូស្រា្តលី (Oxfam's Australia) បានចេញផ្សាយរបាយការណ៍មួយរកឃើញថា ធនាគារ អេ.អិន.ហ្ស៉ិត (ANZ) ដែលបានផ្តល់ប្រាក់កម្ចីឲ្យក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ (Phnom Penh Sugar) មិនទាន់បានចេញមុខដោះស្រាយផលប៉ះពាល់បណ្ដាលមកពីគម្រោងអភិវឌ្ឍន៍ស្ករអំពៅ ជូនអ្នកភូមិនៅឡើយ។ ពលរដ្ឋដែលត្រូវបានគេបណ្ដេញចេញ អះអាងថា គ្រួសារគាត់កំពុងលំបាកក្នុងការរស់នៅ។
ប្រធានអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី នៅថ្ងៃទី១៦ កុម្ភៈ សម្ដែងការសោកស្ដាយនៅពេលធនាគារ អេ.អិន.ហ្ស៉ិត មិនបានចូលរួមដោះស្រាយបញ្ហាដល់ប្រជាជនរងគ្រោះ។ លោកចង់ឃើញធនាគាររបស់អូស្ត្រាលី មួយនេះ ប្ដេជ្ញាជាសាធារណៈលើកកម្ពស់ការគោរពសិទ្ធិមនុស្ស៖ « ទាក់ទងនឹងស្ករអំពៅ ឃើញថាធនាគារមិនបានធ្វើដូចគោលនយោបាយរបស់ខ្លួនបានចែងនោះទេ។ ឃើញថាមិនមានការសិក្សាឲ្យបានស៊ីជម្រៅ នៅពេលដែលបញ្ហាកើតឡើងហើយ ខ្លួនបែរជាមិនធ្វើការដោះស្រាយទៅវិញ »។
ការសម្ដែងការសោកស្ដាយរបស់ប្រធានអង្គការសមធម៌កម្ពុជា រូបនេះ នៅបន្ទាប់ពីរបាយការណ៍ដាក់ចំណងជើងថា «នៅបន្តវិនិយោគលើការរំលោភដីធ្លី (Still Banking on Land Grabs)» ដែលត្រូវចេញផ្សាយនៅថ្ងៃទី១៥ កុម្ភៈ រកឃើញថា ធនាគារ អេ.អិន.ហ្ស៉ិត មិនបានចាត់វិធានការជាដុំកំភួនណាមួយ ដើម្បីជួយសហគមន៍ដែលបាត់បង់ដីធ្លីដោយសារប្រាក់កម្ចីរបស់ខ្លួន បន្ទាប់ពីធនាគារនេះបង្ហាញពីឆន្ទៈចរចាជាមួយសហគមន៍ដែលរងផលប៉ះពាល់កាលពីពីរឆ្នាំមុន។
របាយការណ៍ដដែលនេះ បង្ហាញភស្តុតាងថា ធនាគារចំនួនបួនរបស់អូស្ត្រាលី មានធនាគារ អេ.អិន.ហ្ស៉ិត ធនាគារ ស៊ី.ប៊ី.អេ (CBA) ធនាគារ អិន.អេ.ប៊ី (NAB) ធនាគារ វេសត៍ផេក (Westpac) ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនមួយចំនួននៅប្រទេសកម្ពុជា ប្រទេសប្រេស៊ីល (Brazil) និងប្រទេសឥណ្ឌូនេស៊ី (Indonesia) ករណីការកាប់ឈើដោយខុសច្បាប់ ការបណ្ដេញចេញដោយបង្ខំ និងពលកម្មកុមារ ជាដើម។
របាយការណ៍របស់ អុកស្វាម ចង់បង្ហាញដល់អ្នកដែលប្រើប្រាស់សេវាកម្មធនាគារទាំង៤ ពីការគ្រប់គ្រងលំហូរសាច់ប្រាក់របស់ពួកគេ។ សាច់ប្រាក់របស់ពួកគេ ត្រូវបានធនាគារទាំងបួននេះយកទៅវិនិយោគលើគម្រោងដែលរំលោភសិទ្ធិមនុស្ស និងបំផ្លាញបរិស្ថានរបស់ប្រជាជន។
នៅឆ្នាំ២០១១ ធនាគារ អេ.អិន.ហ្ស៉ិត បានផ្តល់កម្ចីរាប់លានដុល្លារដល់ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ របស់ឧកញ៉ា លី យ៉ុងផាត់ ក្នុងគម្រោងផលិតស្ករអំពៅក្នុងខេត្តកំពង់ស្ពឺ ក៏ប៉ុន្តែបន្ទាប់ពីរឿងអាស្រូវស្ករឈាម ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សផ្ទុះឡើង ធនាគារ អេ.អិន.ហ្ស៉ិត ប្រកាសថា ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ បានសងប្រាក់កម្ចីត្រឡប់មកវិញកាលពីខែកក្កដា ឆ្នាំ២០១៤។
យ៉ាងណាក៏ដោយ របាយការណ៍កម្រាស់ ៦១ទំព័រ ជាភាសាអង់គ្លេស តាមដានឃើញថា ធនាគារ អេ.អិន.ហ្ស៉ិត មិនបានយកប្រាក់ចំណេញពីការប្រាក់ដែលឲ្យក្រុមហ៊ុនភ្នំពេញស៊ូហ្គើរខ្ចី មកជួយប្រជាជនដែលរងផលប៉ះពាល់នោះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងធនាគារ អេ.អិន.ហ្ស៉ិត រ៉ូយ៉ាល់ នៅកម្ពុជា ដើម្បីសុំការបំភ្លឺបានទេនៅថ្ងៃទី១៦ កុម្ភៈ។
ពលរដ្ឋដែលត្រូវបង្ខំផ្លាស់ទីលំនៅ លោក ស៊ឹម ផល ប្រាប់ថា លោកបានបាត់បង់ដីស្រែ ២០ហិកតារ។ លោកត្អូញត្អែរថា កន្លែងថ្មីដែលគ្រួសារលោករស់នៅ ខ្វះខាតទឹកសម្រាប់ប្រើប្រាស់ គ្មានដីគ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការ ហើយនៅឆ្ងាយពីទីតាំងសាលារៀនរបស់កូនៗលោក៖ « ពិបាកណាស់ គឺចង្អៀតចង្អល់តាំងពីក្រុមហ៊ុនដាំអំពៅចឹងទៅ គាបសង្កត់រឿងគោពពែ ការដឹកអូសចេញចូល ការរកស៊ីរបស់ប្រជាពលរដ្ឋតាមដងអូរ មិនអាចចូលផ្ដេសផ្ដាសបានទេ »។
គម្រោងវិនិយោគស្ករអំពៅរបស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ បង្ខំប្រជាជនរាប់រយគ្រួសារឲ្យផ្លាស់ទីលំនៅ។ អ្នកភូមិដែលត្រូវគេបណ្ដេញចេញ ត្អូញត្អែរថា ការរស់នៅប្រចាំថ្ងៃកំពុងខ្វះខាតស្បៀង ដោយគ្មានដីគ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការ។ ចំណែកសង្គមស៊ីវិល ក៏មើលឃើញថា មានពលកម្មកុមារនៅក្នុងចម្ការអំពៅផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។