ពលរដ្ឋ​ជិត​៦០​គ្រួសារ​មាន​ផ្ទះ​តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ស្នើសុំ​​ប័ណ្ណ​កម្មសិទ្ធិ

នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ ខែ​មិថុនា ប្រជាពលរដ្ឋ​ជិត ៦០​គ្រួសារ រស់នៅ​ភូមិ​៣ ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ បាន​ឈរ​លើក​បដា​តវ៉ា​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ដើម្បី​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា ជួយ​អន្តរាគមន៍​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់។

​ការ​ប្រមូល​ផ្តុំ​របស់​ប្រជាពលរដ្ឋ ធ្វើ​ឡើង​នៅ​លើ​ទីតាំង​ភូមិ​៣ នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ទល់​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដោយ​មាន​លើក​បដា និង​ពាក់​អាវ ឬ​មួក​មាន​និម្មិត​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា ផង។

​ក្រុម​ប្រជាពលរដ្ឋ​បាន​ទទូច​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី និង​សៀវភៅ​គ្រួសារ​ជូន​ពលរដ្ឋ ដែល​ធ្លាប់​រស់នៅ​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ​១៩៧៩ មក។

​ពលរដ្ឋ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ដីធ្លី និង​លំនៅឋាន​កំពុង​រស់នៅ​របស់​ពួក​គាត់ អាជ្ញាធរ​ក្រុង​មាន​គម្រោង​បណ្ដេញ ដើម្បី​យក​ដី​អភិវឌ្ឍ​វិស័យ​ផ្សេងៗ៖ «ពេល​ជួយ​ប្រជាពលរដ្ឋ​បាន សូម​ដក ស.ជ.ណ លេខ​៧១៤​ហ្នឹង​ចេញ​ទៅ អាណិត​ប្រជាពលរដ្ឋ​ផង។ សំណូមពរ​ហើយ​សំណូមពរ​ទៀត សម្ដេច​សូម​ជួយ​ប្រជាជន​ផង ហើយ​ជំហរ​របស់​ប្រជាជន ដាច់​ខាត​មិន​ចាក​ចេញ​ពី​ភូមិ​៣​ហ្នឹង​ដែរ។ ៣០​ឆ្នាំ​ហើយ​អត់​ទាន់​មាន​ប័ណ្ណ​គ្រួសារ​ទេ គឺ​គេ​អត់​ធ្វើ​ឲ្យ​ទេ គឺ​មាន​តែ​សៀវភៅ​ស្នាក់នៅ។ ហើយ​យើង​សំណូមពរ​ឲ្យ​ជួយ​ធ្វើ​ប័ណ្ណ​គ្រួសារ​ឲ្យ​ផង ព្រោះ​អី​ប្រជាជន​គេ​មាន​ប័ណ្ណ​គ្រួសារ​គ្រប់​គ្នា ហេតុ​អី​ពលរដ្ឋ​នៅ​ម្តុំ​ហ្នឹង​អត់​មាន​ប័ណ្ណ​គ្រួសារ។ ផ្ទះ​នៅ​ជួរ​មុខ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ហ្នឹង​ហ្មង ប៉ុន្តែ​ប័ណ្ណ​គ្រួសារ​ក៏​អត់​មាន អី​ក៏​អត់​មាន​ដែរ ហើយ​គេ​ចង់​គិត​ថា​ប្រជាជន​យ៉ាង​ម៉េច បាន​ជា​គេ​អត់​ចេញ​ប័ណ្ណ​គ្រួសារ​ឲ្យ​អ៊ីចឹង»

​ទោះ​យ៉ាង​ណា មិន​មាន​មន្ត្រី​រដ្ឋាភិបាល​ចេញ​មុខ​ជួប​តំណាង​ប្រជាពលរដ្ឋ​ជិត ៦០​គ្រួសារ នៅ​ភូមិ​៣ ដែល​ឈរ​លើក​បដា​តវ៉ា​នៅ​ថ្ងៃ​អង្គារ ទី​១០ ខែ​មិថុនា នៅ​ឡើយ​ទេ។ ប្រជាពលរដ្ឋ​បញ្ជាក់​ថា នឹង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​បន្ត​ទៀត​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែ​មិថុនា។

​ទាក់ទិន​បញ្ហា​នេះ តាម​លិខិត​ជូន​ដំណឹង​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ចុះ​ហត្ថលេខា​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១១ បាន​សម្រេច​ថា ដី​រដ្ឋ​មាន​ទំហំ​ផ្ទៃ​ក្រឡា​សរុប​ប្រមាណ​ជាង ៨​ពាន់​ម៉ែត្រ​ការ៉េ (៨.១៥០) មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ទុក​ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​សាងសង់​ទីស្នាក់ការ​កណ្ដាល នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា។ ទោះ​ជា​បែប​នេះ​ក្តី ប្រជាពលរដ្ឋ​ជិត ៦០​គ្រួសារ ដែល​មាន​លំនៅឋាន​នៅ​លើ​ដី​នោះ មិន​ព្រម​ចាក​ចេញ​តាម​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។