ប្រជាពលរដ្ឋ ១០០នាក់មានជម្លោះដីធ្លីជាមួយភាគីក្រុមហ៊ុនលោកឧកញ៉ា ហេង ហ៊ុយ ក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ឈ្មោះ កោះកុង ស៊ូហ្គើ (Koh Kong Sugar) និងក្រុមហ៊ុនកោះកុង ផ្លេនថេសិន (Koh Kong Plantation) នាំគ្នាប្រមូលផ្ដុំមុខក្រសួងមហាផ្ទៃ សុំកិច្ចអន្តរាគមន៍ពីលោក ស ខេង។
ពលរដ្ឋជាង ១០០នាក់តំណាងឲ្យពលរដ្ឋសរុបចំនួន ១៦២គ្រួសារមកពីភូមិចំនួន៧ នៅក្នុងស្រុកចំនួនពីរ គឺស្រុកបុទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង។
តំណាងពលរដ្ឋមកពីខេត្តកោះកុង លោកស្រី ផាវ ញ៉ើង ថ្លែងថា បើទោះបីជាត្រូវចំណាយលើការចាយសព្វសារពើយ៉ាងណាក្ដី ពួកគាត់ប្ដេជ្ញាថានៅតែបន្តរស់នៅក្រុងភ្នំពេញ រហូតទទួលបានដំណោះស្រាយពីប្រមុខរដ្ឋាភិបាល៖ « ពួកខ្ញុំនៅវត្ត ខ្ញុំអត់ទៅវិញទេ។ ខ្ញុំបានប្រាប់គាត់ហើយថា ពួកយើងអស់ដីដូចអស់ជីវិតអ៊ីចឹង។ ជីវិតរបស់ពួកយើង គឺអាស្រ័យទៅការដោះស្រាយនេះ បានយើងរស់បាន។ ពួកយើងទៅក៏អត់បានតម្លៃ មានន័យអ្វីដែរ។ ពេលដែលយើងទៅស៊ីឈ្នួលគេ អ្នកមួយចំនួន ១៦គ្រួសារ ស៊ីឈ្នួលធ្វើការឲ្យឧកញ៉ាដែលគេដាំឫស្សីនៅឃុំជីខក្រោម អត់ត្រូវបានគេឲ្យលុយឲ្យអីគាត់ទេ។ អ៊ីចឹង ! ពេលដែលយើងចេញទៅស៊ីឈ្នួលគេ អត់បានកម្រៃអីផងហ្នឹង។ ពលកម្មរបស់យើងខំប្រឹងចង់ងាប់។ ហើយចុះសួរថា យើងចង់ស៊ីឈ្នួលគេដែរអត់ បើដីយើងមានហើយត្រូវបានគេយកអស់នេះ។ ពួកយើងត្រូវការតែដីយើងវិញទេ អត់ចង់ស៊ីឈ្នួលគេទេ យើងចង់ធ្វើការអភិវឌ្ឍគ្រួសារយើងខ្លួនឯង ដូចគេអ្នកដទៃអ៊ីចឹងដែរ » ។
មន្ត្រីរដ្ឋបាលផ្នែកទទួលពាក្យបណ្ដឹងនៃក្រសួងមហាផ្ទៃ ឆ្លើយតបនឹងពលរដ្ឋថា ក្រសួងមហាផ្ទៃ នឹងជូនដំណឹងដល់ពលរដ្ឋទៅតាមក្រោយ បន្ទាប់ពីធ្វើលិខិតអន្តរាគមន៍ទៅសមត្ថកិច្ចពាក់ព័ន្ធក្នុងជម្លោះដីនៅខេត្តកោះកុង។
ក្រៅពីនេះ ពួកគាត់ក៏បានដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោមដើមពោធិ៍ក្បែរវត្តបទុមវតី។ លោក ប៉ាល់ ចន្ទតារា ជាប្រធានក្រុមការងារចម្រុះនៃខុទ្ទកាល័យលោក ហ៊ុន សែន ទទួលញត្តិពីពលរដ្ឋ ដោយស្នើឲ្យពលរដ្ឋផ្ដល់ឯកសារបន្ថែមទៀតទាក់ទងការកាន់កាប់ដីធ្លី។
ជុំវិញជម្លោះដីធ្លីជាង ១០ឆ្នាំមកនេះ ប្រជាពលរដ្ឋអះអាងថា ដីធ្លីពួកគេមានទាំងដីលំនៅឋាន និងដីចម្ការ ត្រូវក្រុមហ៊ុនលោកឧកញ៉ា ហេង ហ៊ុយ ក្រុមហ៊ុនស្ករអំពៅឈ្មោះ កោះកុង ស៊ូហ្គើនិងក្រុមហ៊ុន កោះកុង ផ្លេនថេសិន ឈូសឆាយរំលោភដីធ្លីជិត ៨០០ហិកតារ (៧៨២,១៦ហិកតារ) យកជាហូរហែចាប់តាំងពីឆ្នាំ២០០៦។
ពួកគាត់ស្នើសុំលោក ហ៊ុន សែន និងលោក ស ខេង ជួយអន្តរាគមន៍យ៉ាងណាឲ្យពួកគាត់ទទួលបានដីធ្លីមកអាស្រ័យផល ធ្វើស្រែចម្ការឡើងវិញ ព្រោះពួកគាត់កំពុងជួបវិបត្តិសេដ្ឋកិច្ចគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។