អ្នកភូមិនៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង ប្រមាណ ៣០០នាក់ ចោទប្រកាន់អាជ្ញាធរប៉ូលិសមូលដ្ឋាន ថាឃុបឃិតគ្នាលក់ដីសាលាឆទានដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ធ្វើជាប្រយោជន៍បុគ្គលដោយមិនមានការឯកភាពពីប្រជាពលរដ្ឋ។
ការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីពួកគាត់នាំគ្នាទៅសាងសង់សាលាឆទានជាថ្មី ប៉ុន្តែបែរជាត្រូវអាជ្ញាធររារាំង។ ករណីនេះ ក្រុមអ្នកភូមិបាននាំគ្នាផ្ដិតស្នាមមេដៃ ដាក់ទៅសាលាខេត្តអោយជួយរកដំណោះស្រាយ។
អ្នកភូមិនៅតំបន់ដីដែលអាជ្ញាធររារាំង អំពាវនាវឲ្យអភិបាលខេត្តព្រៃវែង និងមន្ត្រីពាក់ព័ន្ធ ត្រួតពិនិត្យដីសាលាឆទាននោះទុកជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ សម្រាប់រៀបចំពិធីបុណ្យទានប្រចាំភូមិ។
តំណាងអ្នកភូមិម្នាក់ គឺលោក អំ វ៉ាត រស់នៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ថ្លែងនៅថ្ងៃទី២៨ សីហា ថា អាជ្ញាធរប៉ូលិសស្រុក រារាំងមិនឲ្យអ្នកភូមិសាងសង់សាលាឆទានដែលមានទីតាំងស្ថិតនៅទីប្រជុំជន នៅភូមិត្នោត ឃុំកំពង់ឫស្សី នោះទេ។ លោកបន្តថា ហេតុដែលអាជ្ញាធរហាមឃាត់ ដើម្បីយកដីទៅលក់ដោះដូរធ្វើជាប៉ុស្តិ៍ប៉ូលិសថ្មី ហើយការដោះដូរនោះ ជាដីសាធារណៈរបស់អ្នកភូមិ ដោយមិនមានការឯកភាពពីប្រជាពលរដ្ឋឡើយ៖ «មានដីសម្រាប់ធ្វើបុណ្យបន្តិចបន្តួច គេគ្រាន់តែមកសុំជ្រកកោនហ្នឹង គេបែរជាយកដីយើងយកលក់តាមអំពើចិត្តទៅវិញនេះ។ ប្រជាជនកើតទុក្ខមិនសុខចិត្តឡើយ។ ដូច្នេះ ដីហ្នឹងវាមិនមែនជាដីពួកគេផងហ្នឹង គេគ្រាន់តែមកសុំជ្រកកោន តើគេមកយកដីយើងមកលក់ទៅកើតនេះ»។
លោកបន្តថា ផ្ទៃដីសាលាឆទានទំហំទទឹងប្រមាណ ១៦ម៉ែត្រ បណ្ដោយ ៤០ម៉ែត្រ ស្ថិតនៅភូមិត្នោត។ ដីនោះដើមឡើយ ជាដីសាលាឆទានចាស់ ហើយអាជ្ញាធរបានសុំដាក់ស្នាក់ការប៉ូលិសបណ្ដោះអាសន្នក្បែរនោះរហូតមកទល់សព្វថ្ងៃ។ ក្រោយមក អាជ្ញាធរពង្រីកធ្វើផ្លូវនៅតំបន់នោះ ហើយអ្នកភូមិក៏បានរុះរើសាលាឆទានចេញបណ្ដោះអាសន្ន។ លោកថា កាលពីថ្ងៃទី២៧ សីហា អ្នកភូមិបាននាំគ្នាសាងសង់សាលាឆទានជាថ្មីឡើងវិញ តែពេលនោះ ត្រូវអាជ្ញាធររារាំងមិនឲ្យសាងសង់។
ឆ្លើយតបនឹងបញ្ហានេះ អធិការនគរបាលស្រុកពោធិ៍រៀង លោក អ៊ុង សុផាន មានប្រសាសន៍ថា អាជ្ញាធរប៉ូលិសមិនបានរារាំងអ្នកភូមិធ្វើសាលាឆទាននោះទេ ប្រសិនបើពួកគាត់មានដីគ្រប់គ្រាន់នោះ តែការសាងសង់នោះប៉ះពាល់ដល់ដីសាធារណៈ។ ចំណែកឯរឿងការដោះដូរដីនោះ លោកមិនបានបញ្ជាក់ថាយ៉ាងណានោះទេ គឺគ្រាន់តែលើកឡើងថា ជាដីរបស់ប៉ូលិសយូរមកហើយ៖ «តាៗ ហើយគណៈកម្មការ ហើយក្រុមប្រឹក្សាឃុំអី គាត់មកពិភាក្សាទៅថាធ្វើទៅវា ទី១វាបាំងអាកន្លែងកែងម្ខាងវាផ្លូវវា ៤ជ្រុង ហើយទី២ ធ្វើហើយគង់តែប្រាំហ្នឹង គេពង្រីកវាខាតលុយយើងដដែល។ ហើយខ្ញុំអត់មានឃាត់ទេ បើបងប្អូនចង់ធ្វើក៏ធ្វើទៅ ខ្ញុំនិយាយអ៊ីចឹងណាបង!»។
ទោះយ៉ាងនេះក្ដី អ្នកភូមិឲ្យដឹងថា ដីសម្រាប់សាងសង់ប៉ុស្តិ៍ប៉ូលិសមានរួចទៅហើយ តែអាជ្ញាធរប៉ូលិសមិនព្រមទៅសាងសង់នោះទេ ដោយយល់ឃើញថា ដីសាលាឆទានរបស់អ្នកភូមិជិតទីប្រជុំជនមានតម្លៃ ហើយឃុបឃិតគ្នាយកដីនោះលក់ក្នុងរូបភាពសាងសង់ប៉ុស្តិ៍ប៉ូលិសថ្មី។
មន្ត្រីផ្នែកដីធ្លី និងធនធានធម្មជាតិសមាគមសិទ្ធិមនុស្សអាដហុក (adhoc) លោក ចាន់ សុវ៉េត មានប្រសាសន៍ថា ដីសាធារណៈដែលប្រជាពលរដ្ឋលើកឡើងនោះ ប្រសិនបើពួកគាត់រៀបចំធ្វើជា សាលាឆទានឡើងវិញដើម្បីផលប្រយោជន៍រួម ហើយអាជ្ញាធរយកដីនោះដោះដូរខុសពី គោលការណ៍ច្បាប់មិនអាចទៅរួចឡើយ៖ «អ៊ីចឹងចង់ឲ្យនិយាយថាប្រជាពលរដ្ឋគាត់អាចទៅជជែកជាមួយអាជ្ញាធរមូលដ្ឋាន ហើយមូលដ្ឋានចាំមើលថាតើពលរដ្ឋត្រូវការទុកដីនេះដើម្បីអី? បើគាត់យកដីហ្នឹងជាដីឯកជនសម្រាប់បម្រើឯកជន អាហ្នឹងប្រជាជនការដែលគាត់ធ្វើអ៊ីចឹងវាខុស។ ហើយអាជ្ញាធរប្រសិនជាគាត់យកដីហ្នឹងសម្រាប់ផ្ទេរប្ដូរទៅឲ្យអ្នកដទៃទៀត ដោយគ្មានបានអនុវត្តត្រឹមត្រូវគោលការណ៍ច្បាប់ត្រឹមត្រូវ អាហ្នឹងក៏ជាអំពើខុសច្បាប់ដែរ។ អ៊ីចឹងបានថាអឺ! ប្រជាជនមានសិទ្ធិក្នុងការការពារដីសាធារណៈហ្នឹង ហើយរៀបចំសាលាឆទានឡើងវិញ»។
អ្នកភូមិមិនបានសាងសង់សាលាឆទានតាមគម្រោងរបស់ពួកគាត់ សង់នៅលើដីនោះនៅឡើយទេ។ ពួកគាត់ខឹងសម្បាអាជ្ញាធរប៉ូលិស ដែលរារាំងមិនឲ្យសង់សាលាឆទាន ហើយបាននាំគ្នាផ្ដិតស្នាមមេដៃបានប្រមាណជាង ៣០០នាក់ គ្រោងដាក់តវ៉ាទៅសាលាខេត្តព្រៃវែង ឲ្យជួយដោះស្រាយបញ្ហានេះក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។