ពលរដ្ឋនៃសហគមន៍បុរីកីឡា ៣មករា និងសហគមន៍បឹងកក់ នៅថ្ងៃទី២២ ខែមិថុនា នេះ បាននាំគ្នាទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីសួរនាំពីលទ្ធផលដីធ្លី ក្រោយពីពួកគាត់បានស្នើសុំអន្តរាគមន៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅ។
ពលរដ្ឋនៃសហគមន៍ទាំងពីរអះអាងថា ពួកគាត់នៅមិនទាន់ទទួលលទ្ធផលនៅឡើយទេ។
ពលរដ្ឋសហគមន៍បុរីកីឡា ១៨គ្រួសារ ដែលមិនទាន់បានទទួលដំណោះស្រាយដីធ្លី ក្នុងនោះសហគមន៍បុរីកីឡា ៣មករា ចំនួន ៣គ្រួសារ និងសហគមន៍បឹងកក់ចំនួនប្រាំពីរគ្រួសារ បានរង់ចាំនៅក្រៅរបងសាលារាជធានីភ្នំពេញអស់រយៈពេលជិតមួយម៉ោង ទើបមន្ត្រីសាលារាជធានីភ្នំពេញបានអនុញ្ញាតឲ្យតំណាងទាំងពីរចំនួន ៨នាក់ចូលជួប។
តំណាងសមាគមស្ត្រីបឹងកក់ លោកស្រី ហុង សុខខេង ដែលបានចូលជួបជាមួយក្រុមមន្ត្រីសាលារាជធានីភ្នំពេញ មានប្រសាសន៍ថា លោកស្រីមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ ដោយសារអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស មិនមានវត្តមាននៅទីនោះ គឺលោកមានភារកិច្ចទៅក្រៅប្រទេស។
ទោះបីជាយ៉ាងនេះក្តី លោកស្រីទទូចស្នើដល់រាជរដ្ឋាភិបាលក្តី លោក ជា សុផារ៉ា ក្តី និងអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក្តី ជួយដោះស្រាយឲ្យមានភាពយុត្តិធម៌ និងតម្លាភាពជូនពួកគាត់ផង៖ «សូមអោយគាត់ដោះស្រាយបញ្ចប់អោយពួកខ្ញុំទៅ កុំទុកតទៅទៀត អាណិតពួកខ្ញុំ អោយដោះស្រាយមក ខ្ញុំអត់ទាមទារយក ១០០ភាគរយទេ អោយតែមានតម្លាភាពនិងយុត្តិធម៌ ខ្ញុំអត់មានទាមទារអីលើសពីហ្នឹងទេ»។
ជុំវិញរឿងនេះ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា សាលារាជធានីភ្នំពេញគួរតែដោះស្រាយបញ្ចប់ជូនពលរដ្ឋដែលនៅសល់ ព្រោះរឿងនេះបានអូសបន្លាយជាយូរមកហើយ។ លោកឲ្យដឹងទៀតថា បញ្ហានេះអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិនាមគណបក្សកាន់អំណាច បើមិនមានដំណោះស្រាយនោះទេ៖ «អូសបន្លាយទៅវាធ្វើអោយខាតប្រជាពលរដ្ឋ ខាតគណបក្សកាន់អំណាចហ្នឹងឯង។ អូសបន្លាយទៅវាធ្វើអោយបញ្ហាតូចហ្នឹង គេចោទយើងថាអត់មានសមត្ថភាពដោះស្រាយ»។
វិទ្យុអាស៊ីសេរី មិនទាន់ទទួលបានការបំភ្លឺពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បាននៅឡើយទេ នៅថ្ងៃទី២២ ខែមិថុនា នេះ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ទោះបីជាយ៉ាងណាក៏ដោយ ពលរដ្ឋនៃសហគមន៍ទាំងពីរនេះ អះអាងថា ពួកគាត់នឹងបន្តការទាមទាររកដំណោះស្រាយរហូតទទួលបានជោគជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។