ប្រជាពលរដ្ឋចំនួន ៣គ្រួសារក្នុងចំណោម ៥៤គ្រួសារនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងជួបការលំបាក ដោយសារមន្ត្រីនគរបាលការពារព្រំដែនវរលេខ៩១១ មិនឲ្យពួកគាត់សង់ផ្ទះនៅលើដីជាប់ព្រំដែន។ ប៉ុន្តែមេបញ្ជាការនគរបាលការពារព្រំដែនវរលេខ៩១១ បញ្ជាក់ថា មូលហេតុដែលហាមឃាត់នេះ ដោយសារពលរដ្ឋសង់ផ្ទះរំលោភលើដីចំណីផ្លូវសាធារណៈ។
ប្រជាពលរដ្ឋដែលមិនបានសង់ផ្ទះនៅជាប់ព្រំដែនក្រុងប៉ោយប៉ែត កំពុងខ្វល់ខ្វាយខ្លាចគ្មានទីជម្រកសម្រាប់ស្នាក់អាស្រ័យនៅក្នុងរដូវវស្សានេះ។
តំណាងពលរដ្ឋម្នាក់រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត គឺលោកស្រី មៀន ថារី ឲ្យដឹងនៅថ្ងៃទី២៩ មិថុនា ថា មន្ត្រីនគរបាលការពារព្រំដែនវរលេខ៩១១ មិនឲ្យលោកស្រីសង់ផ្ទះនៅលើដីរបស់ខ្លួន ដែលមានទីតាំងជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិសាមគ្គីមានជ័យ នោះទេ។ លោកស្រីអះអាងថា សមត្ថកិច្ចបង្ខំឲ្យពួកគាត់ផ្ដិតស្នាមមេដៃធ្វើកិច្ចសន្យាទទួលខុសត្រូវ ប្រសិនបើពួកគាត់បន្តសង់ផ្ទះនៅលើដីនោះ៖ « ទាំងរូបគេ ទាំងខ្ញុំ ជួបការលំបាករឿងសុំធ្វើផ្ទះមិនបានដូចគ្នា ប៉ុន្តែយើងមិនដឹងធ្វើយ៉ាងម៉េចជួយគ្នាបាន »។
ឆ្លើយតបនឹងបញ្ហានេះ មេបញ្ជាការប៉ូលិសការពារព្រំដែនវរលេខ៩១១ លោក ស៊ូ ចាន់ណារី មានប្រសាសន៍ថា សមត្ថកិច្ចគ្មានចេតនាបង្កការលំបាកដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះទេ។ លោកបញ្ជាក់ថា មូលហេតុដែលហាមឃាត់ពលរដ្ឋសង់ផ្ទះ ដោយសារពួកគាត់សង់រំលោភលើដីចំណីផ្លូវសាធារណៈ។ ម្យ៉ាងទៀតលោកថា សមត្ថកិច្ចធ្វើនេះដើម្បីងាយស្រួលដល់ការបើកបររថយន្តចេញចូលនៅថ្ងៃអនាគត៖ « និយាយទៅអ្នកដែលធ្វើផ្ទះនោះ ពលរដ្ឋខ្លះធ្វើចូលដីផ្លូវស្ទើរតែជិតផ្លូវដើរទៅហើយ។ ខ្ញុំសុំពួកគាត់ទុកផ្លូវឲ្យបាន ១០ម៉ែត្រទៅ ១៣ម៉ែត្រ ដើម្បីឲ្យឡានយើងវាស្រឡះផ្លូវចេញស្រួល នៅពេលមានភ្លើងឆេះអាចចូលមកពន្លត់ភ្លើងទាន់ពេល »។
អ្នកភូមិអះអាងថា ការសង់ផ្ទះនោះមិនប៉ះពាល់ដីចំណីផ្លូវសាធារណៈឡើយ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ លោក ភួន ឈិន មានប្រសាសន៍ថា ប្រសិនបើប្រជាពលរដ្ឋរស់នៅលើដីរបស់ខ្លួនដោយស្របច្បាប់ ហើយមិនប៉ះពាល់ដីតំបន់ស ឬជាតំបន់ហាមឃាត់ទេ គឺអាជ្ញាធរគួរតែអនុញ្ញាតឲ្យពួកគាត់បានសង់ផ្ទះ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៖ « បាទ ! ប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែន វាជាប្រយោជន៍មួយធំធេងណាស់ក្នុងការជួយការពារដែនអធិបតេយ្យភាពព្រំដែន ព្រោះជាកម្លាំងមិនឲ្យមានការរំលោភបំពានពីប្រទេសជិតខាង »។
ប្រជាពលរដ្ឋដែលមិនបានសង់ផ្ទះចំនួន ៣គ្រួសារ ពួកគាត់បានរុះរើផ្ទះចាស់នៅលើដីទីតាំងដើមអស់ទៅហើយ។ ពួកគាត់មួយចំនួនគ្មានផ្ទះស្នាក់អាស្រ័យផ្ទាល់ខ្លួន ហើយអ្នកខ្លះស្នាក់នៅជាមួយបងប្អូន និងខ្លះទៀតធ្វើខ្ទមស្នាក់នៅលើដីរបស់ខ្លួនបណ្ដោះអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។