ជនជាតិ​ដើម​នៅ​រតនគិរី​មិន​ព្រម​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ឈូស​យក​ដី​ព្រៃ​ការពារ​បន្ត​ទៀត

0:00 / 0:00

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម មួយ មាន​គម្រោង​ឈូស​ឆាយ​ដី​សម្បទាន​មួយ​កន្លែង​នៅ​ជាប់​នឹង​ព្រំដែន​ប្រទេស​កម្ពុជា​វៀតណាម ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដែល​បង្ក​ផល​ប៉ះពាល់​ទៅ​លើ​ដី​ព្រៃ​ការពារ​របស់​អ្នក​ភូមិ​ជនជាតិ​ដើម​នៅ​តំបន់។ អ្នក​ភូមិ ទាមទារ​ឲ្យ​អនុវត្ត​គោល​នយោបាយ​កាត់​ផល​ប៉ះពាល់​តំបន់​ព្រៃ​ឈើ​ចេញ​ពី​ការ​ផ្តល់​ដី​សម្បទាន។

អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ចារ៉ាយ រស់នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បដិសេធ​មិន​យល់​ព្រម​ឲ្យ​ក្រុមហ៊ុន​សម្បទាន​វៀតណាម ឈ្មោះ​៧២ ឈូស​ឆាយ​យក​ដី​ព្រៃ​ការពារ​បន្ត​ទៀត​ឡើយ។ អ្នក​ភូមិ អះអាង​ថា ព្រៃ​តំបន់​នោះ​ជា​ព្រៃ​ស្រោង ជា​បរិស្ថាន​ធនធាន​ធម្មជាតិ ដែល​អ្នក​ភូមិ​រស់​អាស្រ័យ​ផល និង​ជា​ជម្រក​សត្វ​ព្រៃ​ទៀត​ផង។

ការ​បដិសេធ​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុម​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន តំណាង​ក្រុមហ៊ុន កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា បាន​អញ្ជើញ​អ្នក​ភូមិ​ទៅ​ពិនិត្យ​ព្រំ​ដី​សម្បទាន ដែល​ក្រុមហ៊ុន​បាន​យក​ថ្នាំ​ពណ៌​បាញ់​កាត់​យក​តំបន់​ព្រៃ​ការពារ កាល​ពី​ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ធ្វើ​ការ​តវ៉ា​មិន​យល់​ព្រម។

តំណាង​អ្នក​ភូមិ លោក រម៉ាស់ ស្វាន មាន​ប្រសាសន៍​បញ្ជាក់​ថា ព្រៃ​តំបន់​នោះ​អ្នក​ភូមិ​បាន​អភិរក្ស​ទុក​ជា​ព្រៃ​ធម្មជាតិ និង​មួយ​ផ្នែក​ទៀត​ជា​ព្រៃ​សហគមន៍​អាស្រ័យ​ផល​អនុផល​ព្រៃ​ឈើ ហេតុ​នេះ​អ្នក​ភូមិ​សំណូមពរ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ កាត់​ចេញ​ពី​ការ​ផ្តល់​ដី​សម្បទាន។ លោក​បន្ត​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ក្រុមហ៊ុន​នេះ​មាន​ចេតនា​ឈូស​ឆាយ​ព្រៃ​ពង្រីក​ដី​សម្បទាន៖ «សហគមន៍​អត់​ព្រម​ទេ ថា​ឈប់​ប៉ុណ្ណឹង ហើយ​កន្លែង​វា​ដាំ​កៅស៊ូ​ហើយ​តែ​ប៉ុណ្ណឹង តែ​កុំ​ឲ្យ​វា​ឈូស​បន្ត​ទៀត ព្រៃ​ណា​ក៏​មិន​ឲ្យ​ដែរ»

នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​អូរយ៉ាដាវ លោក ជា កុលណារ៉ា មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ព្រៃ​តំបន់​នោះ​ឋិត​ក្នុង​តំបន់​ដី​ដែល​រដ្ឋ​បាន​សម្បទាន​ឲ្យ​ក្រុមហ៊ុន​រួច​ហើយ។ រហូត​បច្ចុប្បន្ន ក្រសួង​កសិកម្ម មាន​ផែនការ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម​តាម​ផែនការ​ប្រចាំ​ឆ្នាំ។ ហេតុ​នេះ ក្រុមហ៊ុន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ព្រំ​ដី​សម្បទាន ដើម្បី​ក្រុមហ៊ុន​ឈូស​ឆាយ៖ «បាញ់​ទៅ​តាម​ផែនទីៗ​ដែល​ខាង​លើ​ដាក់​មក ប៉ុន្តែ​ជាប់​ជាមួយ​បង​ប្អូន​សហគមន៍​ហ្នឹង។ មាន​តែ​ដោះ​តាម​ក្រោយ​ទៀត មាន​តែ​ការ​សម្រប​សម្រួល​តាម​ក្រោយ​ទៀត»

តួលេខ​ប៉ាន់ស្មាន​របស់​សហគមន៍​អភិរក្ស​ព្រៃ​ឈើ​ភូមិ​ឡំ ព្រៃ​ឈើ​ដែល​នៅ​សេសសល់​នា​តំបន់​នោះ​មាន​ប្រមាណ ៨​គីឡូម៉ែត្រ​បួន​ជ្រុង លាត​សន្ធឹង​ពី​ភូមិ​ឡំ ទៅ​ទល់​នឹង​ព្រំដែន​កម្ពុជា​វៀតណាម។

ដូច​គ្នា​នេះ​ដែរ តំណាង​ក្រុមហ៊ុន ម៉ែន សារុន លោក មាស សុគន្ធមុនី កន្លង​ទៅ​ធ្លាប់​បាន​បញ្ជាក់​ថា តំបន់​ព្រៃ​ដែល​អ្នក​ភូមិ​តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ ឋិត​ក្នុង​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​មាន​គម្រោង​ឈូស​ឆាយ​ធ្វើ​ព្រំ​កាល​ពី​ដើម​ឆ្នាំ​២០១៤ ប៉ុន្តែ​អ្នក​ភូមិ​បាន​រារាំង​គ្រឿងចក្រ​ក្រុមហ៊ុន​ច្រើន​លើក។

ទាក់ទង​ករណី​នេះ​ដែរ នាយក​ស្តីទី​ទីចាត់ការ​អន្តរ​វិស័យ សាលា​ខេត្ត​រតនគិរី លោក សាត វណ្ណៈ អះអាង​ថា អាជ្ញាធរ​ខេត្ត​នឹង​ធ្វើ​សម្រប​សម្រួល​បញ្ហា​នេះ​ជាមួយ​អ្នក​ភូមិ​បន្ត​ទៀត មុន​នឹង​សម្រេច​បែប​ណា​ក្នុង​បញ្ហា​នេះ៖ «ខាង​ក្រុមហ៊ុន​នៅ​នេះ​ផ្អាក​ចុះ​ធ្វើ​សិន ធ្វើ​បាន​តែ​មួយ​ថ្ងៃ ខាង​ខ្ញុំ​សម្រប​សម្រួល​សិន ខ្ញុំ​ធ្វើ​ការងារ​ហ្នឹង​បន្ត​ទៀត»

យ៉ាង​នេះ​ក្តី មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី កត់​សម្គាល់​ថា ដី​មួយ​ផ្នែក​ដែល​រដ្ឋ​បាន​ផ្តល់​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន ជា​ដី​តំបន់​ព្រៃ​ឈើ។ ម្យ៉ាង​ទៀត ប្រជាពលរដ្ឋ​ជនជាតិ​ដើម​នៅ​តំបន់​នោះ បាន​អភិរក្ស និង​អាស្រ័យ​ផល​ព្រៃ​ឈើ​នោះ​ជា​លក្ខណៈ​ប្រពៃណី​ច្រើន​ជំនាន់​មក​ហើយ។ លោក​បន្ត​ថា ច្បាប់ និង​លិខិត​បទដ្ឋាន​ទាក់ទិន​សម្បទាន​ដី ជាពិសេស​ប្រកាស​អន្តរ​ក្រសួង​នា​ពេល​ថ្មីៗ​នេះ ស្ដីពី​ការ​ពង្រឹង​ការ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​នានា អនុវត្ត​គោល​នយោបាយ​រូបមន្ត​ស្បែក​ខ្លា ដែល​ធានា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដីធ្លី​ប្រើប្រាស់​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ ដី​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​អភិរក្ស​ដែល​ត្រូវ​រក្សា​ទុក៖ «មាន​បទបញ្ជា​០១ មាន​លិខិត​អន្តរ​ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន ចុះ​ហត្ថលេខា​រួម​គ្នា ដើម្បី​កាត់​ផល​ប៉ះពាល់ ការ​ឈូស​ឆាយ​ដី​ព្រៃ ព្រៃ​អារក្ស និង​ដី​កប់​សព ជាដើម។ល។»

ក្រុមហ៊ុន ក្លូប៊ល ធីក រ៉ាម៉ា ខ្មែរ​អន្តរជាតិ និង​មិត្តភាព ម៉ែន សារុន (Global Tech Rama Khmer International and Men Sarun Friendship) ឬ​ហៅ​កាត់​ថា​ក្រុមហ៊ុន ម៉ែន សារុន បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ១​ម៉ឺន ៧​ពាន់​ហិកតារ នៅ​ស្រុក​អូរយ៉ាដាវ ដើម្បី​ដាំ​ដូង​ប្រេង កាហ្វេ និង​ដំណាំ​ផ្សេង​ទៀត ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ផ្ទេរ​ដី​សម្បទាន​មួយ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​៧២ របស់​វៀតណាម ធ្វើ​អាជីវកម្ម​ដាំ​កៅស៊ូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។