ប្រជាពលរដ្ឋប្រមាណ ២០នាក់តំណាងឲ្យ ៥០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ មេសា នាំគ្នាតវ៉ាមុខសាលាក្រុង ដើម្បីឲ្យអាជ្ញាធរផ្ដល់សំណងជូនពួកគាត់ឲ្យបានឆាប់រហ័ស។ អាជ្ញាធរក្រុងប៉ោយប៉ែត ពុំបានចេញមកជួបក្រុមអ្នកតវ៉ានោះទេ។
ក្រុមអ្នកតវ៉ានៅក្រុងប៉ោយប៉ែត សម្ដែងការមិនពេញចិត្តនឹងអាជ្ញាធរក្រុង និងមន្ត្រីពាក់ព័ន្ធ ថាមិនយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវដែកជូនពលរដ្ឋឲ្យបានឆាប់រហ័សនោះទេ។
តំណាងអ្នកតវ៉ាម្នាក់ គឺលោក វន វ័ន្ត ឲ្យដឹងនៅថ្ងៃទី២៥ មេសា ថា នេះជាលើកទី១៨ ហើយដែលពួកគេតវ៉ាឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត ដោះស្រាយសំណងប៉ះពាល់ជូនពួកគាត់។ លោកអះអាងថា ពលរដ្ឋរស់នៅអមផ្លូវរថភ្លើងចំនួន ៥០គ្រួសារនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត គឺអាជ្ញាធរពាក់ព័ន្ធពុំបានផ្ដល់សំណងប៉ះពាល់ជូនពួកគាត់នៅឡើយ៖ « ខ្ញុំក៏ចង់ឲ្យមានការអភិវឌ្ឍផ្លូវរថភ្លើងដែរ ក៏ប៉ុន្តែអាជ្ញាធរត្រូវដោះស្រាយសំណងប៉ះពាល់ជូនពួកខ្ញុំឲ្យបានអស់ជាមុនសិន »។
ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ផ្ដល់សំណងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងទៅតាមតម្លៃដីទីផ្សារបច្ចុប្បន្ន ឬសុំឲ្យរកទីតាំងថ្មីទៅតាមតម្លៃដីរបស់ពួកគាត់រស់នៅ។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី លោក លី សារី មានប្រសាសន៍ថា កន្លងមក អាជ្ញាធរពាក់ព័ន្ធបានផ្ដល់សំណងជូនពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវរថភ្លើងរួចមកហើយ។ លោកអះអាងថា ក្រោយមក ក្រុមអ្នកតវ៉ាប្រមាណ ៥០គ្រួសារនោះ បានទៅទិញដីរស់នៅបន្ត ទើបមានការលំបាកដោះស្រាយជូនពួកគាត់៖ « បាទ ! អាជ្ញាធរពាក់ព័ន្ធកំពុងសិក្សារកដំណោះស្រាយជូនប្រជាពលរដ្ឋហើយ។ ជាក់ស្ដែងនៅថ្ងៃទី២៦ មេសា យើងនឹងប្រជុំគណៈកម្មការពាក់ព័ន្ធដោះស្រាយរឿងនេះនៅក្រុងប៉ោយប៉ែត »។
ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋអះអាងថា ពួកគាត់រស់នៅលើដីនោះតាំងពីមុនគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង គឺពលរដ្ឋមួយចំនួនរស់នៅឆ្នាំ១៩៩៩ និងខ្លះទៀតនៅឆ្នាំ២០០១ រហូតមក។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ប្រជាពលរដ្ឋតវ៉ាដោយសារពួកគាត់ក្រីក្រ ហើយគ្មានប្រាក់ទិញដីសម្រាប់សង់លំនៅឋានថ្មី ហើយអាជ្ញាធរពាក់ព័ន្ធ ត្រូវតែផ្ដល់សំណងជូនពួកគាត់ឲ្យបានឆាប់រហ័ស៖ « ចំណុចទាំងអស់នេះដែលអាជ្ញាធរសន្យាថាកំពុងស្រាវជ្រាវដោះស្រាយនោះ។ យើងសង្កេតឃើញថា ជាពាក្យសន្យាប្រហែល ៤ឆ្នាំមកហើយ តែអត់មានដោះស្រាយជូនពលរដ្ឋបាននៅឡើយ »។
គម្រោងសាងសង់ផ្លូវរថភ្លើងនៅកម្ពុជា ឧបត្ថម្ភថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី អេ.ឌី.ប៊ី (ADB) សាងសង់ផ្លូវដែកចំនួន ២ខ្សែ គឺពីភ្នំពេញទៅក្រុងព្រះសីហនុ និងពីភ្នំពេញទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅក្រុងប៉ោយប៉ែត ពីសង្កាត់ផ្សារកណ្ដាល ទៅព្រំដែនកម្ពុជា-ថៃ ប្រមាណ ៧គីឡូម៉ែត្រ អាជ្ញាធរចាប់ផ្ដើមឈូសឆាយដីសង់ផ្លូវរថភ្លើងជាង ៣ខែមកហើយ។ គម្រោងនេះនឹងត្រូវបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០១៦។
ទោះបីជាយ៉ាងណា ពលរដ្ឋនៅក្រុងប៉ោយប៉ែត ប្រមាណ ៥០គ្រួសារដែលរងផលប៉ះពាល់ពីគម្រោងនេះ បញ្ជាក់ថា ប្រសិនបើអាជ្ញាធរមិនផ្ដល់សំណងជូនពលរដ្ឋទេ ពួកគាត់នឹងតវ៉ាសាជាថ្មីទៀតក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។