ពលរដ្ឋ​៦​ភូមិ​ចោទ​ចៅ​អធិការ​វត្ត​គោក​បញ្ជាន់​ថា​ឃុបឃិត​លក់​ដី​វត្ត​តម្លៃ​រាប់​លាន​ដុល្លារ

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ ១៥០​នាក់ បាន​តវ៉ា​ក្នុង​បរិវេណ​វត្ត​គោក​បញ្ជាន់ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ ដោយ​ពួក​គាត់​ចោទ​ប្រកាន់​ចៅ​អធិការ ថា​បាន​ឃុបឃិត​លក់​ដី​វត្ត​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ។

«សម្រែក​របស់​ក្រុម​អ្នក​តវ៉ា​បណ្ដេញ​ចៅ​អធិការ​ចេញ​ពី​វត្ត...»

ប្រជាពលរដ្ឋ​ដែល​តវ៉ា​មក​ពី​ភូមិ​ចំនួន​៦ គឺ​ភូមិ​ចោមចៅ ភូមិ​ជ្រៃកោង ភូមិ​ត្រពាំងថ្លឹង ភូមិ​ថ្មគោល ភូមិ​ថ្មគោល១ និង​ភូមិ​ថ្មី នៃ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

ក្រុម​ប្រជាពលរដ្ឋ​ថ្លែង​ថា ចៅ​អធិការ​វត្ត​គោក​បញ្ជាន់ ព្រះតេជព្រះគុណ សេង ថង ពុំ​បាន​និមន្ត​ដឹក​នាំ​កសាង​វត្ត​ឲ្យ​មាន​ការ​រីក​ចម្រើន​នោះ​ទេ គឺ​មាន​តែ​ការ​ច្រៀក​ដី​វត្ត​លក់​ជា​បន្តបន្ទាប់ សូម្បី​តែ​ប៉ាឆា​ក៏​ព្រះអង្គ​ប្រទាន​សិទ្ធិ​ឲ្យ​ឯកជន​គ្រប់គ្រង​ដែរ៖ « ចៅ​អធិការ​វត្ត​គោក​បញ្ជាន់ នេះ លក់​ដី​ស្រះ​ទន្លេ ទី​១។ វ៉ៃ​វិហារ​ចោល ទី​២។ លក់​ដី​ផ្លូវ​ស្រែ​ព្រះ​ចំនួន ៧​ម៉ឺន​ដុល្លារ លក់​ចេតិយ ជួល​ប៉ាឆា​ឲ្យ​ទៅ​ឈ្មួញ ហើយ​ខ្លួន​ឯង​ក្រ វ៉ៃ​ផ្ទះ​ចាស់​ចោល ហើយ​ទៅ​រក​លុយ​មក​ធ្វើ។ វត្ត​គេ គេ​មើល​ទៅ​គេ​កសាង​ស្អាត ហើយ​យើង​ចេះ​តែ​កសាង​ទៅ​មិន​ស្ដាយ​លុយ​ទេ ប៉ុន្តែ​ដល់​វត្ត​យើង​នេះ យើង​មិន​ចង់​កសាង ព្រោះ​កសាង​ធ្វើ​អី​បើក​អត់​បាន​អី​ផង​ហ្នឹង។ ចឹង​ខ្ញុំ​សុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល សុំ​ក្រសួង​ធម្មការ ដក​លោក​ហ្នឹង​ចេញ​ពី​វត្ត »

ការ​តវ៉ា​របស់​ក្រុម​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា ធ្លាប់​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​គោក​បញ្ជាន់ នោះ គឺ​បន្ទាប់​ពី​ពួក​គាត់​បាន​ឃើញ​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​ពិភាក្សា ក្រោម​ការ​ដឹក​នាំ​របស់​ចៅ​សង្កាត់​ចោមចៅ ស្ដីពី​សំណើ​សុំ​ដោះ​ដូរ​ដី​ស្រះ​បុរាណ​មួយ​ឈ្មោះ ស្រះ​ព្រះ​ទន្លេ ដែល​មាន​ទំហំ​ប្រហែល​ជាង ៣​ហិកតារ។

ក្រុម​ប្រជាពលរដ្ឋ​បាន​តវ៉ា​អស់​រយៈពេល ៣​ថ្ងៃ​ជាប់​គ្នា ប៉ុន្តែ​ពុំ​ទាន់​មាន​មន្ត្រី​អាជ្ញាធរ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់​នៅ​ឡើយ​ទេ ហើយ​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ កុម្ភៈ នេះ ទ្វារ​កុដិ​របស់​ព្រះភិក្ខុ សេង ថង ត្រូវ​បាន​បិទ​ជិត។ គេ​មិន​ដឹង​ថា ព្រះអង្គ​គង់​នៅ​ក្នុង​កុដិ ឬ​និមន្ត​ចេញ​ក្រៅ​វត្ត​ទេ។

ទោះ​យ៉ាង​ណា​ក្ដី ចៅ​សង្កាត់​ចោមចៅ លោក សុទ្ធ សាធ ថ្លែង​ថា គម្រោង​ដោះ​ដូរ​ដី​ស្រះ​ព្រះ​ទន្លេ នោះ​មាន​មែន ប៉ុន្តែ​ដោយសារ​មាន​ប្រតិកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ អាជ្ញាធរ​បាន​ផ្អាក​គម្រោង​នោះ​វិញ​ហើយ៖ « ថ្ងៃ​មុន​នេះ គឺ​គាត់​មាន​បំណង​ថា​ចង់​លក់ ដើម្បី​កសាង​វត្ត ធ្វើ​វិហារ​ធ្វើ​អី​ហ្នឹង​រៀបចំ​រចនា​ក្នុង​វត្ត ក៏ប៉ុន្តែ​មាន​ការ​តវ៉ា​របស់​បង​ប្អូន​ប្រជាពលរដ្ឋ លោក​ក៏​អត់​ទាន់​បាន​ទទួល​លុយ​កក់​លុយ​អី​ដែរ។ លោក​ផ្អាក ឥឡូវ​លោក​ប្រគល់​ដី​ហ្នឹង​ទៅ​រាជ​រដ្ឋាភិបាល​ជា​របស់​រដ្ឋ​របស់​ជាតិ »

តំណាង​ក្រុម​អ្នក​តវ៉ា លោកស្រី ឃី ជឺ មាន​ប្រសាសន៍​ថា ពួក​គាត់​កំពុង​សិក្សា​ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធី​ចំពោះ​ករណី​នេះ៖ « ចំពោះ​ព្រះតេជព្រះគុណ សេង ថង ប្រជាពលរដ្ឋ​នឹង​ប្ដឹង​ទៅ​ក្រសួង​ធម្មការ ហើយ​ចំពោះ​អាជ្ញាធរ គឺ​នឹង​ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ »

ក្នុង​ការ​តវ៉ា​នៅ​ព្រឹក​អាទិត្យ ទី​២៨ កុម្ភៈ ក្រុម​ប្រជាពលរដ្ឋ​ប៉ុនប៉ង​បិទ​ផ្លូវ​វ៉េងស្រេង ផង និង​នាំ​គ្នា​ហែ​ក្បួន​ឆ្ពោះ​ទៅ​ទីស្នាក់ការ​សង្កាត់​ចោមចៅ ផង ប៉ុន្តែ​ដោយ​មាន​ដំណឹង​ថា អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ នឹង​មក​ជួប​ពួក​គាត់​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៩ កុម្ភៈ ពួក​គាត់​សុខ​ចិត្ត​រង់ចាំ​ជួប និង​ស្ដាប់​លទ្ធផល​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។