ប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន បាត់ដំបង ខេ.ធី ស៊ីម៉ិន (Battambang KT Cement) របស់ជនជាតិចិន ប្រមាណ ៣០នាក់ តំណាងឲ្យពលរដ្ឋ ២៦គ្រួសារ នៅព្រឹកថ្ងៃទី៧ កក្កដា នាំគ្នាតវ៉ានៅតំបន់ដីទំនាស់នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់គ្រឿងចក្ររបស់ក្រុមហ៊ុន ហើយដោះស្រាយសំណងជូនពួកគាត់ឲ្យបានឆាប់រហ័ស។
ក្រុមអ្នកតវ៉ាក្មេងចាស់ប្រុសស្រី ដែលខ្លះប្រដាប់ដោយកាំបិតផ្គាក់ផងនោះ បានប្រកែកតឹងសរសៃកដាក់គ្នាមួយប្រាវជាមួយតំណាងក្រុមហ៊ុនរបស់ជនជាតិចិន និងអាជ្ញាធរស្រុករតនមណ្ឌល ប៉ុន្តែមិនបានបង្កហិង្សាដាក់គ្នានោះទេ។
«សំឡេងពលរដ្ឋតវ៉ា»
តំណាងពលរដ្ឋមានទំនាស់ដីធ្លីនៅភូមិដូនមាយ ឃុំស្ដៅ ស្រុករតនមណ្ឌល លោកស្រី មុំ ពិសី ប្រាប់វិទ្យុអាស៊ីសេរី ពីកន្លែងតវ៉ានៅដីទំនាស់ភ្នំដូនមាយ ថា អាជ្ញាធរត្រូវតែបញ្ឈប់គ្រឿងចក្ររបស់ក្រុមហ៊ុន បាត់ដំបង ខេ.ធី ស៊ីម៉ិន របស់ចិន ជាបន្ទាន់ ពីព្រោះក្រុមហ៊ុននេះយកគ្រឿងចក្រឈូសឆាយ និងដឹកអាចម៍ដីដែលមានទំនាស់មិនទាន់ដោះស្រាយចប់នៅឡើយ៖ « ពួកយើងខ្ញុំទាំង ២៦គ្រួសារមិនសុខចិត្តទេ។ ខ្ញុំសូមអំពាវនាវទៅមន្ត្រីរដ្ឋាភិបាលជួយអន្តរាគមន៍ដល់យើងខ្ញុំ មានដំណោះស្រាយ ហើយចាំក្រុមហ៊ុនឈូសឆាយដីឡើងវិញចុះ » ។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលរងស្រុករតនមណ្ឌល លោក ហ៊ុន ហូ មានប្រសាសន៍ថា ប្រជាពលរដ្ឋមិនត្រូវនាំគ្នារារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនឡើយ ពីព្រោះលោកអះអាងថា ករណីនេះអាជ្ញាធរពាក់ព័ន្ធកំពុងដំណើរការដោះស្រាយជូនពួកគាត់៖ « ទោះបីខាងក្រុមហ៊ុនកាយដីយ៉ាងម៉េចក៏ដោយ ព្រោះអាជ្ញាធរខេត្តបានចុះមកពិនិត្យមើលឃើញហើយ ដីខាងលើជាដីរបស់។ អ៊ីចឹងអត់មានពាក់ព័ន្ធជាមួយពួកគាត់ទេ។ បើរដ្ឋចុះមកដោះស្រាយរកឃើញថា ប្រជាពលរដ្ឋអាស្រ័យផលរយៈពេលប៉ុន្មានឆ្នាំ នឹងដោះស្រាយទៅតាមច្បាប់ » ។
ការតវ៉ានេះ មានបុគ្គលិកក្រុមហ៊ុនចិន ជិត ១០នាក់ មន្ត្រីកងរាជអាវុធហត្ថស្រុកមានអាវុធគ្រប់ដៃប្រមាណ ៥នាក់ និងអភិបាលរងស្រុករតនមណ្ឌល ចំនួន ២នាក់ បានចុះទៅដល់ទីកន្លែង។ អាជ្ញាធរស្រុក បានរុញកាមេរ៉ាមិនឲ្យអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ថតសកម្មភាពរបស់ខ្លួននៅពេលពលរដ្ឋតវ៉ានោះឡើយ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី បញ្ជាក់ថា ការតវ៉ារបស់ប្រជាពលរដ្ឋ គឺជារឿងត្រឹមត្រូវ ពីព្រោះភាគីក្រុមហ៊ុនយកគ្រឿងចក្រទៅឈូសឆាយដីទំនាស់ដែលអាជ្ញាធរមិនទាន់ដោះស្រាយសំណងជូនពួកគាត់នៅឡើយ៖ « រឿងនេះមកពីប្រជាពលរដ្ឋអស់ជំនឿនឹងការដោះស្រាយរបស់អាជ្ញាធរ។ ចំណែកអាជ្ញាធរស្រុកមិនឲ្យថតសកម្មភាព។ យើងសន្និដ្ឋានជាមុនថា ករណីនេះច្បាស់ជាមានអាថ៌កំបាំងបង្កប់ភាពអយុត្តិធម៌ជាពុំខាន » ។
អ្នកស្រុកទាមទារសំណងផលប៉ះពាល់ដីធ្លីចំនួនពីរដំណាក់កាល។ ទី១ ដីដែលជាប់ជើងភ្នំដូនមាយ ចំនួនជាង ២០ហិកតារ គិតតម្លៃ ៥ពាន់ដុល្លារក្នុងមួយហិកតារ ចំណែកដីនៅក្រោមជើងភ្នំជាង ២០ហិកតារ គិតតម្លៃតាមទីផ្សារ គឺប្រមាណពី ២ម៉ឺនដុល្លារទៅ ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងមួយហិកតារ។ កន្លងទៅ ពលរដ្ឋបានតវ៉ាឲ្យអាជ្ញាធរស្រុក និងខេត្តបាត់ដំបង ដោះស្រាយជាបន្តបន្ទាប់ដែរ តែពុំទទួលបានលទ្ធផល។ ក្រុមអ្នកតវ៉ាព្រមានថា ប្រសិនបើអាជ្ញាធរមិនផ្ដល់សំណងជូនពួកគាត់ទេ នោះពួកគាត់នឹងលើកគ្នាតវ៉ាសាជាថ្មីទៀតលុះមានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។