ប្រជាពលរដ្ឋជាង ៣០គ្រួសារនៅស្រុកស្រែអំបិល ខេត្តកោះកុង ចោទក្រុមហ៊ុនផលិតស្ករអំពៅចំនួនពីរក្នុងខេត្តនេះ ថាបានបិទរបងបន្លាលួសមិនឲ្យពួកគេធ្វើដំណើរចេញចូលភូមិ ពិសេសគ្មានផ្លូវដឹកកសិផលដំណាំកសិកម្មចេញទៅលក់នៅលើទីផ្សារបានទេ។ កសិករអះអាងថា ក្រុមហ៊ុនស្ករអំពៅបានបិទរបងបន្លាលួសចាប់តាំងពីដើមខែឧសភា មកម្ល៉េះ ហើយផលដំណាំរបស់ពួកគេមានដូចជា សាវម៉ាវ ធូរេន និងឪឡឹក ជាដើម ត្រូវទុំជ្រុះរលួយស្អុយក្នុងចម្ការ ព្រោះគ្មានផ្លូវដឹកកសិផលទាំងនេះទៅកាន់ទីផ្សារ។
ប្រជាកសិករជាង ៣០គ្រួសារនៅភូមិត្រពាំងកណ្ដោល ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ទទូចស្នើសុំដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍បើករបងបន្លាលួសដែលក្រុមហ៊ុនស្ករអំពៅចំនួនពីរក្នុងមូលដ្ឋាននេះ បានបិទផ្លូវលំចេញចូលតាំងពីដូនតា មិនឲ្យពលរដ្ឋមូលដ្ឋាននេះអាចធ្វើដំណើរឆ្លងកាត់ដូចពេលមុនទៀតទេ។
ក្រុមប្រជាពលរដ្ឋរងគ្រោះ បានផ្តល់សម្ភាសឲ្យអ្នកយកព័ត៌មានវិទ្យុ និងទូរទស្សន៍អាស៊ីសេរី ដឹងថា កង្វល់នេះ ពួកគាត់បានដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរភូមិ-ឃុំ ស្នើជួយអន្តរាគមន៍ឲ្យក្រុមហ៊ុនស្ករអំពៅកោះកុង (Koh Kong Sugar) និងក្រុមហ៊ុន ផ្លែនថេសិន អ៊ីនដាសស្ទ្រី (Plantation Industry) របស់អ្នកវិនិយោគទុនថៃ បើករបងបន្លាលួសនេះជូនពួកគាត់ប្រើប្រាស់ដូចដើមវិញ កាលពីខែឧសភា។ ប៉ុន្តែគិតមកដល់ថ្ងៃទី៦ ខែកក្កដា ក្រុមហ៊ុនស្ករអំពៅទាំងពីរ នៅបន្តបិទរបងបន្លាលួសនេះដដែល ហើយអាជ្ញាធរមូលដ្ឋានមិនទាន់បានជួយរកដំណោះស្រាយជូនពួកគាត់ទេ។

ជាងនេះទៀត ផលដំណាំកសិកម្មរបស់ពួកគាត់ មានដូចជា ធូរេន សាវម៉ាវ ឪឡឹក និងផលដំណាំកសិកម្មជាច្រើនប្រភេទទៀត បានទុំជ្រុះរលួយពាសពេញចម្ការ ព្រោះគ្មានផ្លូវដឹកចេញទៅកាន់ទីផ្សារ៖ « បញ្ហានេះខ្ញុំបានដាក់ពាក្យបណ្ដឹងជួយអន្តរាគមន៍ទៅលោកមេភូមិ និងលោកមេឃុំ ស្នើឲ្យជួយបើកផ្លូវចេញចូលភូមិ និងចម្ការរបស់ពួកខ្ញុំចំនួន ៣២គ្រួសារ ដែលក្រុមហ៊ុនស្ករអំពៅចំនួន២ បានបិទរបងបន្លាលួស ហើយពេលនេះ ផលដំណាំកសិកម្មរបស់ពួកខ្ញុំមានធូរេន និងសាវម៉ាវ ជាដើម ត្រូវទុំជ្រុះស្អុយរលួយពាសពេញចម្ការ ព្រោះគ្មានផ្លូវដឹកចេញទៅលក់នៅលើទីផ្សារ។ ដូច្នេះ សំណូមពរដល់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអាជ្ញាធរពាក់ព័ន្ធខេត្តកោះកុង ជួយអន្តរាគមន៍ទៅក្រុមហ៊ុនស្ករអំពៅកោះកុង និងក្រុមហ៊ុន ផ្លែនថេសិន អ៊ីនដាសស្ទ្រី ឲ្យបើករបងបន្លាលួសផ្តល់ផ្លូវលំជូនពលរដ្ឋប្រើប្រាស់ដូចដើមវិញ »។
ប្រជាកសិករបានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោករដ្ឋមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធនានានៃរាជរដ្ឋាភិបាល ឲ្យជួយអន្តរាគមន៍ទៅក្រុមហ៊ុនស្ករអំពៅចំនួន២ មានទីតាំងនៅឃុំជីខលើ ឲ្យបើករបងបន្លាលួសដែលក្រុមហ៊ុននេះធ្វើរបងបិទផ្លូវធ្វើដំណើរពួកគាត់ បានប្រើប្រាស់ដូចដើមវិញ៖ « សំណូមពរឲ្យក្រុមហ៊ុនស្ករអំពៅនៅមូលដ្ឋាននេះ បើករបងបន្លាលួសឲ្យពលរដ្ឋពួកខ្ញុំទាំង ៣២គ្រួសារ បានឆ្លងកាត់ដូចដើមវិញ ព្រោះពេលនេះ ផលដំណាំកសិកម្មរបស់ពួកខ្ញុំ បានទុំជ្រុះខូចអស់។ ហើយក្រុមហ៊ុនត្រូវតែសងផលដំណាំខូចខាតដល់ពួកខ្ញុំ។ សូមសម្ដេចនាយករដ្ឋមន្ត្រី ជួយដល់ពួកខ្ញុំផង ព្រោះផលដំណាំកសិកម្មត្រូវខូចអស់ហើយ ដោយសារក្រុមហ៊ុនស្ករអំពៅនៅខេត្តកោះកុង ឃុំជីខលើ បិទផ្លូវធ្វើដំណើរ »។

កង្វល់នេះ លោកស្រី ផៅ ញ៉ើង ជាតំណាងពលរដ្ឋឃុំជីខលើ ក៏សំណូមពរដល់ប្រមុខដឹកនាំ និងថ្នាក់ដឹកនាំនៅតាមក្រសួងនានា ឲ្យជួយអន្តរាគមន៍បើករបងបន្លាលួសជូនពលរដ្ឋប្រើប្រាស់វិញឲ្យបានឆាប់។ លោកស្រីបន្តថា សព្វថ្ងៃនេះ ផលដំណាំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះចំនួន ៣២គ្រួសារ ដែលត្រូវប្រមូលផលនៅឆ្នាំនេះ បានទុំជ្រុះស្អុយរលួយពាសពេញចម្ការ ដោយសារគ្មានផ្លូវដឹកចេញទៅកាន់ទីផ្សារ៖ « យើងមានបញ្ហាប្រឈមជាច្រើននៅពេលពលរដ្ឋពួកយើងមិនទាន់មានដំណោះស្រាយដីធ្លី និងការបិទផ្លូវចេញចូលភូមិ ឬចម្ការ មិនអាចឲ្យពលរដ្ឋដឹកកសិផលទៅលក់នៅលើទីផ្សារបាន ហើយបានទុំជ្រុះស្អុយរលួយពេញចម្ការដំណាំ។ ដូច្នេះសូមឲ្យអាជ្ញាធរ និងរាជរដ្ឋាភិបាល ជួយបើករបងបន្លាលួសដែលក្រុមហ៊ុនស្ករអំពៅនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានបិទផ្លូវធ្វើដំណើរពលរដ្ឋចំនួន ៣២គ្រួសារ ឲ្យបានឆាប់ ព្រោះពលរដ្ឋកំពុងប្រឈមការលំបាក និងខ្វះខាតជីវភាព »។
មេឃុំជីខលើ ស្រុកស្រែអំបិល លោក ឆាយ វុធ បានបដិសេធធ្វើអត្ថាធិប្បាយជុំវិញកង្វល់ពលរដ្ឋ ដែលត្រូវក្រុមហ៊ុនស្ករអំពៅបិទផ្លូវធ្វើដំណើរនេះទេ នៅថ្ងៃពុធ ទី៦ ខែកក្កដា ដោយនិយាយថា ជាប់រវល់ប្រជុំ។ កាលពីថ្ងៃទី១២ ខែឧសភា លោក ឆាយ វុធ បានចុះហត្ថលេខាស្នើទៅក្រុមហ៊ុនស្ករអំពៅ ជួយសម្រួលផ្លូវធ្វើដំណើរទៅតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលដាក់ស្នើសុំមករូបលោកឲ្យជួយអន្តរាគមន៍បើកផ្លូវចំនួន ២ខ្សែក្នុងមូលដ្ឋានឃុំជីខលើ ជួយសម្រួលបើកផ្លូវធ្វើដំណើរទៅតាមសំណើរបស់ពលរដ្ឋម្តងរួចមកហើយ។
ទោះបីជាយ៉ាងណា សំណើនេះត្រូវប្រជាពលរដ្ឋដែលរងផលប៉ះពាល់ អះអាងថា ខាងភាគីក្រុមហ៊ុនមិនបានសហការ ឬចូលខ្លួនមកដោះស្រាយកង្វល់បិទផ្លូវនៅភូមិត្រពាំងកណ្ដោល ឃុំជីខលើ ទៅតាមសំណើរបស់លោកមេឃុំ និងប្រជាពលរដ្ឋនោះទេ៖ « ខ្ញុំដាំដំណាំផ្លែធូរេន និងសាវម៉ាវ នៅលើដីចម្ការនេះចំនួន ១៨ឆ្នាំមកហើយ ហើយទើបតែពេលនេះទេដែលក្រុមហ៊ុនស្ករអំពៅមកបិទផ្លូវធ្វើដំណើរមិនអាចដឹកផលដំណាំទៅកាន់ទីផ្សារបាន »។
ចំណែកអភិបាលស្រុកស្រែអំបិល ខេត្តកោះកុង លោក ទួន សីលា មានប្រសាសន៍នៅថ្ងៃពុធ ទី៦ ខែកក្កដា ថា រូបលោកមិនទាន់ទទួលបានព័ត៌មានជុំវិញករណីក្រុមហ៊ុនស្ករអំពៅនាមូលដ្ឋាននេះ បិទផ្លូវមិនឲ្យពលរដ្ឋធ្វើដំណើរចេញចូលភូមិ ឬដឹកផលិតផលទៅលក់ទីផ្សារនេះទេ។ លោកថា នឹងសួរនាំមន្ត្រីក្រោមឱវាទ ដើម្បីឈានដល់ជួយរកដំណោះស្រាយជូនពលរដ្ឋឲ្យបានឆាប់៖ « ខ្ញុំនឹងសួរនាំករណីនេះទៅលោកមេឃុំ ដើម្បីឈានដល់ជួយសម្របសម្រួលបើករបងបន្លាលួសជាមួយក្រុមហ៊ុនស្ករអំពៅទាំងពីរឡើងវិញ »។
បញ្ហានេះដែរ មន្ត្រីអង្កេតអង្គការលីកាដូ (LICADHO) ខេត្តកោះកុង លោក ហ៊ួរ អ៊ិន ដែលចុះពិនិត្យផ្ទាល់ដល់ទីតាំងមានទំនាស់ បានសង្កេតឃើញថា ក្រុមហ៊ុនស្ករអំពៅពិតជាបានបិទរបងបន្លាលួស មិនឲ្យប្រជាពលរដ្ឋជាង ៣០គ្រួសារនៅភូមិត្រពាំងកណ្ដោល ឃុំជីខលើ ស្រុកស្រែអំបិល មិនអាចឲ្យពលរដ្ឋធ្វើដំណើរចេញចូលភូមិ និងដីចម្ការពួកគាត់ពិតមែន។ លោកស្នើដល់រដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅខេត្តកោះកុង ជួយអន្តរាគមន៍ទៅក្រុមហ៊ុនស្ករអំពៅទាំងពីរ ឲ្យបើករបងបន្លាលួសឲ្យអ្នកភូមិបានប្រើប្រាស់ផ្លូវនេះដូចដើមវិញ៖ « អាជ្ញាធរត្រូវជួយដោះស្រាយបើករបងបន្លាលួសដែលក្រុមហ៊ុនស្ករអំពៅបានបិទ នៅឃុំជីខលើ ស្រុកស្រែអំបិល ជូនពលរដ្ឋប្រើប្រាស់ដូចដើមវិញ និងអាចឲ្យពួកគាត់ដឹកកសិផលទៅកាន់ទីផ្សារ ព្រោះពលរដ្ឋភាគច្រើនបានខ្ចីដើមទុនមកធ្វើចម្ការពីធនាគារ ជាដើម។ ដូច្នេះ បើផលដំណាំរបស់ពួកគាត់ត្រូវខូចខាត និងមិនមានផ្លូវដឹកទៅកាន់ទីផ្សារនាំឲ្យពួកគាត់ជំពាក់បំណុលគេវណ្ឌកថែមទៀត។ សូមឲ្យរដ្ឋាភិបាលពិចារណាលើបញ្ហានេះ ដើម្បីជួយសម្របសម្រួលជាមួយក្រុមហ៊ុន ឲ្យបើករបងឲ្យពលរដ្ឋប្រើប្រាស់ដូចដើមវិញ »។
ទាក់ទិនបញ្ហានេះ វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុនស្ករអំពៅកោះកុង (Koh Kong Sugar) និងក្រុមហ៊ុន ផ្លែនថេសិន អ៊ីនដាសស្ទ្រី (Plantation Industry) ដើម្បីបំភ្លឺទៅលើពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋបានទេ នៅថ្ងៃពុធ ទី៦ ខែកក្កដា។ ប៉ុន្តែករណីនេះ កងសន្តិសុខប្រចាំក្រុមហ៊ុនស្ករអំពៅទាំងពីរ ស្នើមិនបង្ហាញអត្តសញ្ញាណ បានឲ្យដឹងថា ការដែលក្រុមហ៊ុននេះធ្វើរបងបន្លាលួសបិទផ្លូវលំចេញចូលទៅភូមិអ្នកស្រុកនៅមូលដ្ឋាននេះ គឺដើម្បីការពារសត្វពាហនៈមានគោ ក្របី ជាដើម កុំឲ្យចូលទៅស៊ីដំណាំអំពៅរបស់ក្រុមហ៊ុនដែលដាំនៅជុំវិញតំបន់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
