ប្រជាពលរដ្ឋនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្អូញត្អែរពីភាពលំបាកក្នុងការដឹកជញ្ជូនផលិតផលកសិកម្ម ដូចជាដំឡូង ពោត ពីស្រែចម្ការមកកាន់លំនៅឋានរបស់ខ្លួន។ បញ្ហាប្រឈមនេះ កើតឡើងក្រោយពេលក្រុមហ៊ុនចិន បានបិទផ្លូវសាធារណៈដែលអ្នកភូមិធ្លាប់ឆ្លងកាត់កន្លងទៅ មិនឲ្យចេញចូលពីភូមិទៅកាន់ដីស្រែចម្ការរបស់ខ្លួនបាន។
អាជ្ញាធរឃុំបញ្ជាក់ថា នឹងចុះពិនិត្យមើលបញ្ហានេះក្រោយពេលចូលកាន់តំណែង និងបែងចែកតួនាទីជាផ្លូវការ។
ប្រជាកសិករនៅឃុំត្រពាំងព្រីង នាំគ្នាទិញទូកដើម្បីដឹកជញ្ជូនផលិតផលកសិកម្មរបស់ខ្លួនពីចម្ការតាមផ្លូវទឹកវិញម្តង។ ការផ្លាស់ប្ដូរពីផ្លូវគោកមកផ្លូវទឹកវិញនោះ គឺដោយសារផ្លូវគោកដែលអ្នកភូមិធ្លាប់ធ្វើដំណើរឆ្លងកាត់ពីភូមិទៅចម្ការ និងពីចម្ការមកភូមិ ត្រូវបានក្រុមហ៊ុនចិន មួយឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) បិទមិនឲ្យពលរដ្ឋឆ្លងកាត់ទេ ក្រោមហេតុផលថាដើម្បីរក្សាសន្តិសុខ។
ប្រជាសហគមន៍នៅឃុំត្រពាំងព្រីង លោក ផុន ឈឿន មានប្រសាសន៍ថា បញ្ហាប្រឈមរបស់កសិករនៅឃុំរបស់លោក គឺកើតឡើងផ្ទួនៗគ្នា ដូចជាតម្លៃកសិផលថោក និងត្រូវប្រឈមបញ្ហាគ្មានផ្លូវសម្រាប់ដឹកផលិតផលកសិកម្មពីចម្ការចូលភូមិថែមទៀត។ ពលរដ្ឋរូបនេះបញ្ជាក់ថា បច្ចុប្បន្ន អ្នកភូមិនាំគ្នាដឹកដំឡូង ពោត ពីចម្ការចូលភូមិតាមផ្លូវទឹក ព្រោះតែក្រុមហ៊ុនចិន បានបិទផ្លូវមួយខ្សែដែលជាផ្លូវរទេះគោ កាត់តាមដីក្រុមហ៊ុនចិន មិនឲ្យអ្នកភូមិធ្វើដំណើរឆ្លងកាត់ទៀតឡើយ៖ « វាហាក់ធ្វើបាបប្រជាពលរដ្ឋឯង ដើម្បី មិនឲ្យ ពលរដ្ឋហ្នឹង គាត់រស់បាន »។
ផ្លូវមួយខ្សែដែលអ្នកភូមិអះអាងថា ក្រុមហ៊ុនចិន បិទមិនឲ្យពួកគាត់ធ្វើដំណើរមានប្រវែងប្រមាណ ៣គីឡូម៉ែត្រស្ថិតនៅក្នុងភូមិជីទ្រុន ដែលមានពលរដ្ឋបីភូមិឆ្លងកាត់ រួមមានភូមិជីទ្រុន ភូមិបុស្នោរ និងភូមិស្រែប្រាំង។ ផ្លូវមួយខ្សែនេះជាអតីតផ្លូវរទេះគោរបស់អ្នកភូមិ ប៉ុន្តែក្រុមហ៊ុនចិន បានឈូសឆាយ និងជួសជុលថ្មី ដោយមានចាក់ក្រួសក្រហមកាលពីឆ្នាំ២០១១ ហើយនៅឆ្នាំ២០១៥ បន្ទាប់ពីអ្នកភូមិដាក់ពាក្យប្ដឹងទាមទារដីសហគមន៍ ដែលក្រុមហ៊ុនមួយនេះបានរំលោភយកត្រឡប់មកវិញ ខាងក្រុមហ៊ុនចិន តែងតែបិទផ្លូវនោះជាបន្តបន្ទាប់។
អ្នកភូមិជីទ្រុន មួយរូប លោក សែម ចំណាន មានប្រសាសន៍ថា ការបិទផ្លូវមិនឲ្យពលរដ្ឋឆ្លងកាត់ដឹកកសិផលបាន គឺប្រៀបដូចជាការបិទដង្ហើមដកចេញចូលរបស់ពួកគាត់។ មិនតែប៉ុណ្ណោះ ធ្វើឲ្យកសិករត្រូវចំណាយដើមទុន កម្លាំង និងពេលវេលាកាន់តែច្រើនទ្វេដង ដើម្បីប្រមូលកសិផលរបស់ខ្លួន៖ « សូមស្នើទៅ រាជរដ្ឋាភិបាល ជួយកែតម្រូវ ជួយ ពិនិត្យមើល ដើម្បីរកដំណោះស្រាយជូន ពលរដ្ឋដើម្បីឲ្យ ពលរដ្ឋមានផ្លូវដើរស្រួលបួលផង »។
ទាក់ទងបញ្ហានេះ មេឃុំថ្មីឃុំត្រពាំងព្រីង លោក មុំ សាប៊ុន មានប្រសាសន៍ថា ខាងលោកនៅមិនទាន់ទទួលបានព័ត៌មាននេះទេ ប៉ុន្តែលោកថាកន្លងទៅ ក្រុមហ៊ុនបិទផ្លូវ គឺដើម្បីការពារសន្តិសុខនៅបរិវេណក្រុមហ៊ុនរបស់ពួកគេ។ យ៉ាងនេះក្តី បន្ទាប់ពីមានកិច្ចប្រជុំ និងបែងចែកការងារ ព្រមទាំងតួនាទីនៅរដ្ឋបាលឃុំរួច ខាងលោកនឹងចុះដោះស្រាយបញ្ហានេះ។
ក្រុមហ៊ុនចិន ហាមិនីវេន អ៊ិនវេសមេន គឺជាក្រុមហ៊ុនមួយទទួលបានដីវិនិយោគដាំដំណាំកសិកម្មនៅឃុំត្រពាំងព្រីង មានទំហំផ្ទៃដីជិត ១ពាន់ហិកតារ។ ក្រុមហ៊ុននេះ មិនមែនទទួលបានដីវិនិយោគតាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលទេ ប៉ុន្តែពួកគេទទួលបានដីធ្វើកសិកម្មតាមរយៈប្រមូលទិញដីសហគមន៍ពីប្រជាពលរដ្ឋ ដោយមានអាជ្ញាធរមូលដ្ឋាន ដូចជាភូមិ ឃុំ ស្រុក ជាអ្នកចូលរួមឃុបឃិតគ្នា។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត បញ្ជាក់ថា ការបិទផ្លូវសាធារណៈ គឺជារឿងខុសច្បាប់ ព្រមទាំងរំលោភសិទ្ធិប្រជាពលរដ្ឋថែមទៀតផង។ លោកថា តាមច្បាប់ អ្នកចូលរួមលក់ដីសាធារណៈរបស់រដ្ឋឲ្យទៅឈ្មួញក្តី ឬក្រុមហ៊ុនក្តី ត្រូវមានទោស ព្រោះវាជាបទល្មើសព្រហ្មទណ្ឌ៖ « ប្រសិនបើ សមត្ថកិច្ចគាត់មានប្រយោជន៍ក្នុងសាច់រឿងទំនាស់ គឺ មិនអាច ដោះស្រាយ បានទេ ។ រឿងនៅខេត្តត្បូងឃ្មុំ ពិសេសនៅស្រុកតំបែរ នេះ បើសិនឲ្យសមត្ថកិច្ចស្រុកតំបែរ សមត្ថកិច្ចខេត្ត មួយចំនួន យើងទៅ ដោះស្រាយ គឺដោះស្រាយអត់ចេញទេ »។
មន្ត្រីសិទ្ធិមនុស្សដដែលមើលឃើញថា វិបត្តិដីសហគមន៍នៅឃុំត្រពាំងព្រីង គឺប្រៀបដូចជាដំបៅរលួយស្អុយមួយ ដែលរាជរដ្ឋាភិបាលត្រូវកាត់ចេញជាបន្ទាន់ ជៀសវាងធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿចិត្តលើអាជ្ញាធររដ្ឋបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។