ពលរដ្ឋ​ស្នើ​អភិបាល​ខេត្ត​សៀមរាប​ជួយ​អន្តរាគមន៍​បញ្ឈប់​ការ​រុះរើ​សំណង់​ថ្មីៗ​ក្នុង​តំបន់​អង្គរ

0:00 / 0:00

មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​សីហា កម្លាំង​របស់​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ចុះ​រុះរើ​សំណង់​ថ្មីៗ​ដែល​សង់​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​បាន​ជាង ៦០​ខ្នង ព្រម​ទាំង​ម្ចាស់​សំណង់​ស្ម័គ្រ​ចិត្ត​រុះរើ​ដោយ​ខ្លួន​ឯង​បាន​ជាង ៤០​ខ្នង​ផ្សេង​ទៀត។

ការ​រុះរើ​សំណង់​ថ្មីៗ​នេះ កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​ដែល​ជា​ម្ចាស់​សំណង់​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ ជ្រួលច្របល់ ព្រម​ទាំង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ទីជម្រក​របស់​ពួក​គេ។

ពលរដ្ឋ​ប្រមាណ ១០០​នាក់​នៅ​ភូមិ​ចំនួន​៧ ក្នុង​ក្រុង​សៀមរាប និង​ស្រុក​បន្ទាយស្រី បាន​លើក​គ្នា​មក​សាលា​ខេត្ត​សៀមរាប បំណង​ជួប​ជាមួយ​មន្ត្រី ហើយ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​នេះ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​អប្សរា ឲ្យ​ផ្អាក​ការ​រុះរើ​សំណង់​ថ្មីៗ​នៅ​ក្នុង​តំបន់​អង្គរ​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​ឲ្យ​ពួក​គេ​មាន​ទីជម្រក​រស់នៅ។

ក្រុម​ពលរដ្ឋ​ទាំងនោះ​មក​ពី​ភូមិ​វាល ភូមិ​ត្រពាំងសេះ ភូមិ​ខ្វៀន ភូមិ​គោកតាចាន់ នៃ​សង្កាត់​គោកចក ភូមិ​មណ្ឌល៣ សង្កាត់​ស្លក្រាម ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប និង​ភូមិ​ព្រះដាក់ ឃុំ​ព្រះដាក់ ស្រុក​បន្ទាយស្រី។

ស្ត្រី​ម្នាក់​នៅ​ភូមិ​វាល ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត គឺ​លោកស្រី លីម ពៅ។ លោកស្រី​មាន​ប្រសាសន៍​ក្នុង​ពេល​រង់ចាំ​ជួប​អាជ្ញាធរ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​សីហា ថា គោល​បំណង​របស់​គាត់ គឺ​ចង់​ឲ្យ​អភិបាល​ខេត្ត​ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​អប្សរា ឲ្យ​បញ្ឈប់​ការ​រុះរើ​សំណង់​ថ្មីៗ​តទៅទៀត។ ស្ត្រី​ដដែល​ទទួល​ស្គាល់​ថា គាត់​បាន​សង់​ផ្ទះ​ទទឹង ៨​ម៉ែត្រ និង​បណ្ដោយ ១០​ម៉ែត្រ នៅ ១០​ថ្ងៃ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ មក​ដល់៖ « កុំ​ឲ្យ​អាជ្ញាធរ​អប្សរា​រុះរើ​ផ្ទះ​របស់​ខ្ញុំ​ទាំងអស់​គ្នា ពីព្រោះ​ខ្ញុំ​អត់​ មាន​អី​ ទីពឹង​ទេ​ រាល់​ថ្ងៃ។ ប្ដី​ក៏​ឈឺ អត់​ មាន​លុយ​ឲ្ យ​កូន​ទៅ​រៀន »

អ្នក​ភូមិ​វាល ម្នាក់​ទៀត លោកស្រី អ៊ូច ចាន់នី មាន​ប្រសាសន៍​ថា លោកស្រី​ខំ​ខ្ចី​ប្រាក់​គេ​មក​ធ្វើ​ផ្ទះ​សម្រាប់​រស់នៅ ប៉ុន្តែ​ពេល​នេះ​អាជ្ញាធរ​បាន​ចែក​សេចក្តី​ជូន​ដំណឹង​ឲ្យ​គាត់​រុះរើ​វិញ​ហើយ៖ « ខ្ញុំ​បារម្ភ​ខ្លាច​អាជ្ញាធរ​អប្សរា​ ទៅ​ រុះ​ផ្ទះ សូម​ឲ្យ ​សម្ដេច ហ៊ុន សែន ជួយ​ឲ្យ ​អាជ្ញាធរ​បញ្ឈប់​ ការ​អនុវត្ត​ចុះ​រុះរើ ចាប់​ពី​ពេល​នេះ ​តទៅ »

កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ សីហា អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ជួប​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ដែល​លើក​គ្នា​មក​ទាំងនោះ។

អភិបាល​រង​ខេត្ត​សៀមរាប លោក លី សំរិទ្ធ ដែល​ជួប​ពិភាក្សា​នោះ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​សៀមរាប ទទួល​យក​សំណូមពរ​ចំនួន ២​ចំណុច​របស់​ប្រជាពលរដ្ឋ ដូចជា​ពលរដ្ឋ​ខ្លះ​ដែល​មាន​ផ្ទះ​ចាស់ សុំ​ច្បាប់​សាងសង់​ទៅ​អាជ្ញាធរ​អប្សរា​ហើយ តែ​អាជ្ញាធរ​អប្សរា​មិន​ទាន់​ឆ្លើយ គាត់​ទៅ​ធ្វើ​ផ្ទះ និង​ទី​២ គឺ​បញ្ហា​លំនៅឋាន​ខ្លះ​ដែល​នៅ​ឆ្ងាយ​ពី​អង្គរ ប៉ុន្តែ​មាន​លិខិត​ឲ្យ​រុះរើ ជាដើម គឺ​លោក​នឹង​ទៅ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​អប្សរា​ឡើង​វិញ។ ប៉ុន្តែ​ចំពោះ​សំណង់​ថ្មីៗ​នៅ​ក្នុង​ឧទ្យាន​អង្គរ ហើយ​មក​សុំ​ឲ្យ​បញ្ឈប់​ការ​រុះរើ​ពេល​នេះ គឺ​អាជ្ញាធរ​ខេត្ត​មិន​អាច​បញ្ឈប់​បាន​ឡើយ៖ « ពី​ថ្ងៃ ​នេះ​ទៅ ខ្ញុំ​ សូម​ប្រកាស​ថា អ្នក​ណា ​ប្រព្រឹត្ត​អំពើ​មិន​ត្រឹមត្រូវ​ តាម​ច្បាប់ គឺ​ សុំ​ឲ្យ មាន​ការ ទទួល​ខុស​ត្រូវ ហើយ »

អាជ្ញាធរ​អប្សរា​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា គឺ​មាន​សំណង់​ថ្មីៗ​ខុស​ច្បាប់​ក្នុង​តំបន់​ការពារ​បេតិកភណ្ឌ​កើត​ឡើង​ជាង ៥២០​កន្លែង។ សំណង់​ថ្មីៗ​ទាំងនេះ​កំពុង​គំរាម​កំហែង​ដល់​អង្គរ ដែល​ប្រឈម​មុខ​នឹង​ការ​លុប​ចេញ​ពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

មន្ត្រី​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​សីហា អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ចុះ​រុះរើ​សំណង់​ថ្មីៗ​ទាំងនោះ​បាន​ជាង ៦០​ខ្នង និង​ម្ចាស់​សំណង់​បាន​ស្ម័គ្រ​ចិត្ត​រុះរើ​ដោយ​ខ្លួន​ឯង​បាន​ជាង ៤០​ខ្នង​ផ្សេង​ទៀត​នៅ​ក្នុង​ស្រុក​ចំនួន​៣ និង​ក្រុង​១។

លោក ឡុង កុសល បញ្ជាក់​ថា ជំហរ​អាជ្ញាធរ​អប្សរា​មិន​ទទួល​យក​សំណូមពរ​ដែល​សុំ​ឲ្យ​បញ្ឈប់​ការ​រុះរើ​សំណង់​ថ្មីៗ​ខុស​ច្បាប់​ទាំងនោះ​ឡើយ គឺ​ត្រូវ​តែ​បន្ត​រុះរើ​ឲ្យ​ទាល់​តែ​អស់​ជា​ស្ថាពរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។