ប្រជាពលរដ្ឋប្រមាណ ៣០នាក់ តំណាងឲ្យពលរដ្ឋជាង ៥០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣ កុម្ភៈ នាំគ្នាតវ៉ានៅមុខសាលាក្រុង ដើម្បីដាក់សម្ពាធឲ្យអាជ្ញាធរ ដោះស្រាយផ្ដល់សំណងជូនពួកគាត់ឲ្យបានឆាប់រហ័ស។
ការតវ៉ានេះ កើតមានបន្ទាប់ពីប្រជាពលរដ្ឋ ទាមទារឲ្យអាជ្ញាធរដោះស្រាយចំនួន ១៣លើកមកហើយ តែពុំទទួលបានលទ្ធផល។
បន្ទាប់ពីការតវ៉ារបស់ប្រជាពលរដ្ឋប្រមាណ ១ម៉ោង អាជ្ញាធរក្រុងប៉ោយប៉ែត អនុញ្ញាតឲ្យក្រុមអ្នកតវ៉ា ចូលជួបពិភាក្សានៅសាលប្រជុំសាលាក្រុង ដើម្បីដោះស្រាយបញ្ហានេះ តែពុំមានច្រកចេញនៅឡើយ។
តំណាងប្រជាពលរដ្ឋនៅក្នុងប៉ោយប៉ែត គឺលោកស្រី វ៉ាន់ហឿត លីណា ថ្លែងថា ពួកគេតវ៉ានេះជាលើកទី១៤ ហើយ បន្ទាប់ពីអាជ្ញាធរពុំបានដោះស្រាយសំណងផលប៉ះពាល់ផ្លូវរថភ្លើងសមរម្យ ដែលពួកគាត់អាចយកទៅសង់ទីលំនៅថ្មីបាន។ លោកស្រីបន្ថែមថា កន្លងមក អាជ្ញាធរពាក់ព័ន្ធបានសន្យាថា នឹងដោះស្រាយសំណងជូនពួកគាត់តាមការជាក់ស្ដែង។ ផ្ទុយទៅវិញ គឺអាជ្ញាធរពុំបានផ្ដល់សំណងអ្វីជូនពួកគាត់នោះឡើយ៖ «អាជ្ញាធរគាត់និយាយថា អ្នកតវ៉ាពុំមែនជាអ្នកប៉ះពាល់ផ្លូវរថភ្លើង ជារឿងមិនត្រូវនោះឡើយ ព្រោះពួកខ្ញុំសុទ្ធតែជាអ្នកនៅចាស់ ខ្លះរស់នៅតាំងពី ១៩៩៦ និងខ្លះទៀតតាំងពី ២០០២ រហូតមក»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន មានប្រសាសន៍យ៉ាងខ្លីថា អាជ្ញាធរក្រុងពុំមានចេតនាមិនដោះស្រាយសំណងប៉ះពាល់ជូនពលរដ្ឋនោះទេ។ លោកថា បញ្ហានេះដោយសារជាការទទួលខុសត្រូវរបស់អន្តរក្រសួង៖ «បាទ! យើងបានប្រជុំលើកហេតុផលប្រាប់ពួកគាត់ហើយ ថាអន្តរក្រសួងគាត់ចុះមកដោះស្រាយនៅសប្ដាហ៍ក្រោយ ព្រោះរឿងនេះ អាជ្ញាធរក្រុងយើងអត់មានសិទ្ធិដោះស្រាយជូនពួកគាត់ គឺយើងបានសម្របសម្រួលឲ្យពួកគាត់ប៉ុណ្ណោះ»។
យ៉ាងណា មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវរថភ្លើងធ្វើការតវ៉ានេះ ដោយសារពួកគាត់ជួបការលំបាក បន្ទាប់ពីអាជ្ញាធរបណ្ដេញពួកគាត់ចេញពីដីទាំងបង្ខំ ដោយពុំមានផ្ដល់សំណងជូនពួកគាត់នោះទេ។ លោកអះអាងថា បញ្ហានេះ អាជ្ញាធរក្រុង និងមន្ត្រីពាក់ព័ន្ធ អាចដោះស្រាយសម្រួលពួកគាត់បាន ប្រសិនបើអាជ្ញាធរមានចេតនាពិតប្រាកដក្នុងការដោះស្រាយជូនប្រជាពលរដ្ឋនោះ៖ «មន្ត្រីអាជ្ញាធរក្រុងប៉ោយប៉ែត គិតតែឆ្លើយយករួចខ្លួន ពុំបានដោះស្រាយជូនពលរដ្ឋ ធ្វើប៉ះពាល់ជាខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគាត់។ ការដោះស្រាយកន្លងមក អាជ្ញាធរច្រើនលួងលោមប្រជាពលរដ្ឋដោយការសន្យាខ្យល់»។
គម្រោងសាងសង់ផ្លូវរថភ្លើងនៅកម្ពុជា ឧបត្ថម្ភថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី អេ.ឌី.ប៊ី (ADB) សាងសង់ផ្លូវដែកចំនួនពីរខ្សែ គឺពីភ្នំពេញទៅក្រុងព្រះសីហនុ និងពីភ្នំពេញទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កន្លងមក ប្រជាពលរដ្ឋនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដែលរងផលប៉ះពាល់ពីគម្រោងនេះប្រមាណ ៥០គ្រួសារ ធ្លាប់តវ៉ាឲ្យអាជ្ញាធរក្រុង និងមន្ត្រីពាក់ព័ន្ធ ដោះស្រាយជាបន្តបន្ទាប់។ កន្លងទៅ តំណាងអ្នកតវ៉ាមួយចំនួន ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួន ដោយចោទប្រកាន់ថា ពួកគាត់តវ៉ាអូសរូបទីងមោងបង្កភាពអនាធិបតេយ្យក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។