ប្រជាពលរដ្ឋរស់នៅលើកោះរ៉ុង ស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយពន្លឿនសកម្មភាពចុះវាស់ដីផ្ដល់ប្លង់ប័ណ្ណកម្មសិទ្ធិចេញពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ជូនពួកគាត់ឲ្យបានឆាប់ ព្រោះកំពុងប្រឈមក្រុមហ៊ុនរំលោភយក។ អាជ្ញាធរជំនាញអះអាងថា កំពុងចុះពិនិត្យស្រង់ស្ថិតិចំនួនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ មុននឹងឈានចុះវាស់កាត់ឆ្វៀលដីចេញពីគម្រោងក្រុមហ៊ុនជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋ ៥ភូមិ សរុបមានប្រមាណ ៥០០គ្រួសារ រស់នៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានស្នើសុំជាថ្មីម្ដងទៀតឲ្យប្រមុខដឹកនាំរដ្ឋាភិបាលជួយជំរុញឲ្យមន្ត្រីក្រោមឱវាទ ចុះកាត់ឆ្វៀលដីតាមរូបមន្តស្បែកខ្លាចេញពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឈានដល់ចេញប្លង់កម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់។
ក្រុមប្រជាពលរដ្ឋបារម្ភខ្លាចដីលំនៅឋាន និងដីចម្ការដំណាំដែលពួកគាត់អះអាងថា ធ្លាប់រស់នៅជិត ២០ឆ្នាំ ឬច្រើនជាងនេះ ត្រូវក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រើអំណាចរំលោភយកដោយសំអាងទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល៖ «ដីចម្ការពួកខ្ញុំមួយចំនួនត្រូវក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឈូសបំផ្លាញផលដំណាំស្ទើរទាំងស្រុង និងហាមពលរដ្ឋពួកខ្ញុំមិនឲ្យចូលទៅធ្វើចម្ការ ឬដាំដំណាំនៅលើដីចម្ការនោះទេ។ សូមសំណូមពរសម្ដេច ហ៊ុន សែន ឬរដ្ឋាភិបាលឲ្យជួយបញ្ជូនមន្ត្រីចុះកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ និងកំណត់ដីក្រុមហ៊ុនឲ្យបានច្បាស់លាស់ ដើម្បីងាយក្នុងការប្រកបរបរចិញ្ចឹមជីវិតកុំឲ្យមានវិវាទជាមួយគ្នាតទៅទៀត»។
ក្រុមប្រជាពលរដ្ឋបានអះអាងថា ក្នុងចំណោមពលរដ្ឋប្រមាណ ៥០០គ្រួសារ ដែលបានមកតាំងទីលំនៅនៅលើកោះរ៉ុង គឺពលរដ្ឋភាគច្រើនបានមកតាំងទីលំនៅលើកោះរុង ពីឆ្នាំ១៩៩៣ ខ្លះឆ្នាំ១៩៩៥ មកម្ល៉េះ ដែលកាលណោះពួកគាត់ទ្រាំរស់នៅលំបាកវេទនា ហើយប្រឈមជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ។ ប៉ុន្តែពេលមូលដ្ឋានកោះរ៉ុង មានភ្ញៀវទេសចរចេញចូលមកកម្សាន្តច្រើន បែរជាមានវត្តមានក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប មកហាមឃាត់ពួកគាត់ មិនឲ្យកាប់ឆ្ការព្រៃ ឬចូលទៅធ្វើចម្ការនៅលើដីធ្លាប់រស់នៅទៅវិញ។
ពលរដ្ឋចោទថា សព្វថ្ងៃនេះក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រើគ្រឿងចក្រឈូសឆាយផ្លូវតាមប្របឆ្នេរសមុទ្រ និងជីកកកាយថ្មភ្នំចាក់ចូលសមុទ្រ ដើម្បីសង់កំពង់ផែ នាំឲ្យប៉ះពាល់ដល់បរិស្ថានឆ្នេរសមុទ្រធ្ងន់ធ្ងរ។ ជាងនេះទៀត សកម្មភាពរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កន្លងមក បានប្រើកម្លាំងប្រដាប់អាវុធ មានកងរាជអាវុធហត្ថជាដើម មកហាមពលរដ្ឋមិនឲ្យចូលទៅធ្វើចម្ការនៅលើដីធ្លាប់ដាំដំណាំមានដូចជា ស្វាយ ដូង និងខ្នុរជាដើម។
ប្រជាពលរដ្ឋចំនួន ៥ភូមិ រស់នៅសង្កាត់កោះរុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលកំពុងព្រួយបារម្ភបាត់បង់ដីលំនៅឋាន និងដីចម្ការភាគច្រើនរស់នៅភូមិព្រែកស្វាយ ភូមិដើមថ្កូវ ភូមិកោះតូច និងភូមិសុខសាន្ត។
ចៅសង្កាត់កោះរ៉ុង លោក អ៊ួង និត បដិសេធមិនធ្វើអត្ថាធិប្បាយម្ដងជាពីរដងជុំវិញកង្វល់ពលរដ្ឋនាមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។ ចៅសង្កាត់រូបនេះក៏ត្រូវប្រជាពលរដ្ឋរស់នៅសង្កាត់កោះរ៉ុង ចោទថា មិនសកម្មក្នុងការងារចុះជួបប្រជាពលរដ្ឋដែលមានកង្វល់ទាក់ទងការរំលោភដីធ្លី និងបញ្ហាផ្សេងៗទៀត។
តំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប លោកឧកញ៉ា ឈុន ប៊ុនថា មានប្រសាសន៍ខ្លីថា ការងារចុះកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋក្នុងសង្កាត់កោះរ៉ុង គឺជាបន្ទុករបស់មន្ត្រីជំនាញរដ្ឋាភិបាល មិនមែនជាការងាររបស់ក្រុមហ៊ុនត្រូវចុះអនុវត្តនោះទេ។
រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិវិនិយោគទៅឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍នៅលើកោះរ៉ុង រយៈពេល ៩៩ឆ្នាំ។
ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ហៅកាត់ ស៊ី.អ៊ិន.រ៉ូ (CNRO) សាខាខេត្តព្រះសីហនុ លោក សុខ សុខុម ដែលចុះអង្កេតផ្ទាល់នៅលើកោះរ៉ុង មានប្រសាសន៍ថា មន្ត្រីជំនាញត្រូវពន្លឿនការងារចុះកាត់ឆ្វៀលដីតាមរូបមន្តស្បែកខ្លា ដែលប្រមុខដឹកនាំបានដាក់ឲ្យអនុវត្តជូនប្រជាពលរដ្ឋចេញពីគម្រោងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឲ្យបានឆាប់។ មន្ត្រីសិទ្ធិមនុស្សរូបនេះបានសំណូមពរឲ្យប្រមុខដឹកនាំរដ្ឋាភិបាល ជួយចុះពិនិត្យសកម្មភាពអភិវឌ្ឍន៍របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលកំពុងធ្វើសកម្មភាពនៅលើកោះរ៉ុង ថាតើបានអនុវត្តស្របតាមកិច្ចព្រមព្រៀងដែរ ឬយ៉ាងណា ព្រោះបើតាមការសង្កេតជាក់ស្ដែង គឺក្រុមហ៊ុននេះកំពុងធ្វើសកម្មភាពបំផ្លាញបរិស្ថានឆ្នេរសមុទ្រនៅលើកោះរ៉ុង ធ្ងន់ធ្ងរ និងបន្តធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋរស់នៅតំបន់នោះជាបន្តបន្ទាប់។
លោក សុខ សុខុម៖ «ថ្មីៗនេះនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយទៀតដើម្បីកាត់ឆ្វៀលដីនៅលើកោះរ៉ុង តាមរូបមន្តស្បែកខ្លា ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ដំណើរការដោះស្រាយនៅតែមានការយឺតយ៉ាវដដែល ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភបាត់បង់ដីចម្ការ និងដីលំនៅឋានជាខ្លាំង»។
ទាក់ទិនបញ្ហានេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា មន្ត្រីជំនាញកំពុងចុះពិនិត្យជាក់ស្ដែងនៅតាមភូមិនានា ដែលមានប្រជាពលរដ្ឋរស់នៅ មុននឹងឈានដល់បន្តនីតិវិធីចុះវាស់កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋចេញពីគម្រោងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ ប៉ុន្តែត្រង់ថា នៅថ្ងៃណា ក្រុមការងារនេះនឹងចុះវាស់ដីជូនពលរដ្ឋឲ្យពិតប្រាកដ គឺមិនទាន់កំណត់ទេ ព្រោះមន្ត្រីជំនាញកំពុងចុះប្រមូលទិន្នន័យ ឬចំនួនប្រជាពលរដ្ឋរស់នៅជាក់ស្ដែងឲ្យបានត្រឹមត្រូវជាមុនសិន។
សង្កាត់កោះរ៉ុង ស្ថិតក្នុងក្រុងព្រះសីហនុ ចែកជា ៥ភូមិ គឺភូមិព្រែកស្វាយ ភូមិដើមថ្កូវ ភូមិកោះតូច ភូមិសុខសាន្ត និងភូមិកោះរ៉ុងសន្លឹម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។