កម្មករ​ស៊ី​ឈ្នួល​ធ្វើ​របង​ក្រុមហ៊ុន​នៅ​ភូមិ​ឡពាង​ដាក់​ញត្តិ​ឲ្យ​ជួយ​រក​យុត្តិធម៌

0:00 / 0:00

តំណាង​កម្មករ​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ចំនួន ៦​រូប និង​អ្នក​គាំទ្រ​ជាង ២០០​នាក់ ដាក់​ញត្តិ​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន ដើម្បី​ឱ្យ​ជួយ​រក​យុត្តិធម៌​ដល់​ពួក​គាត់​ដែល​រង​បួស។ ក្រុម​កម្មករ​ទាំង​នេះ ក៏​តវ៉ា​ចំពោះ​ការ​ដោះ​លែង​អ្នក​ភូមិ​ឡពាង ៥​នាក់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង។

តំណាង​កម្មករ​សំណង់​នៅ​ការដ្ឋាន​របស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី ចំនួន ៦​រូប នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង កំពុង​ស្វែង​រក​យុត្តិធម៌​ដែល​គាត់​អះអាង​ថា បាន​រង​របួស​ដោយសារ​អ្នក​ភូមិ​ឡពាង គប់​ដុំ​ថ្ម និង​បាញ់​ចម្ពាម​កៅស៊ូ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា។ ពួក​គាត់​មិន​ពេញ​ចិត្ត​ទៅ​នឹង​ការ​ដោះ​លែង​អ្នក​ភូមិ​ឡពាង ៥​នាក់ កាល​ពី​ថ្ងៃ​២៩ សីហា ទេ។

តំណាង​កម្មករ និង​ជា​អ្នក​របួស​មួយ​រូប​ឈ្មោះ ស៊ិន ឃីម ថ្លែង​នៅ​ថ្ងៃ​ទី​៣០ សីហា ថា ការ​ដោះ​លែង​អ្នក​ភូមិ ៥​នាក់​នោះ ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួក​លោក ព្រោះ​លោក​មិន​ទាន់​បាន​ទទួល​សំណង​សម្រាប់​ការ​រង​របួស៖ «គឺ​មិន​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​ទេ។ បើ​សិន​ជា​ដោះ​លែង​ក៏​យើង​ត្រូវ​តែ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់ កុំ​ឱ្យ​យើង​ដោះ​លែង​ជន​ដៃ​ដល់​អ៊ីចឹង មាន​ន័យ​ថា ពួក​ហ្នឹង​ប្រព្រឹត្ត​បទល្មើស អ៊ីចឹង​ហើយ​បែរ​ជា​អត់​មាន​ទទួល​ខុស​ត្រូវ​អ្វី ដែល​ខ្លួន​បាន​ធ្វើ​អ៊ីចឹង​វា​ពិបាក និង​ក្លាយ​ជា​ប្រទេស​អត់​ច្បាប់»

លោក ស៊ិន ឃីម ថ្លែង​ថា ពួក​លោក ៦​នាក់​បាន​រង​របួស ក្នុង​ពេល​ដែល​កំពុង​ធ្វើ​របង​ឱ្យ​ក្រុមហ៊ុន ខេ.ឌី.ស៊ី ថ្ងៃ​ទី​២២ ខែ​កក្កដា ហើយ​មាន​អ្នក​ភូមិ​ឡពាង ប្រហែល ៣០​នាក់ មក​វាយ​ទម្លុះ​របង គប់​ដុំ​ថ្ម និង​បាញ់​ចម្ពាម​កៅស៊ូ​លើ​ពួក​លោក។

ក្រោយ​ហេតុការណ៍​នោះ អ្នក​ភូមិ​ឡពាង ៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង ជា​បន្តបន្ទាប់ ដោយ​ចោទ​ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ អ្នក​ភូមិ​ទាំង ៥​នាក់ ត្រូវ​បាន​តុលាការ​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ នៅ​រសៀល​ថ្ងៃ​ទី​២៩ សីហា ដែល​ខាង​កម្មករ​ហៅ​ថា​អយុត្តិធម៌។

លោក ស៊ិន ឃីម ហៅ​ការ​បង្ក​របួស​ស្នាម​លើ​រូប​លោក​ថា ជា​ការ​ប្រមាថ​ជីវិត​លោក ហើយ​សន្យា​ថា នឹង​បន្ត​ការ​តវ៉ា​របស់​ពួក​លោក​រហូត​ដល់​មាន​ដំណោះស្រាយ៖ «ខ្ញុំ​នៅ​តែ​តវ៉ា​រហូត ដូច លោកស្រី អ៊ុំ សុភី អ៊ីចឹង គាត់​ថា​គាត់​តវ៉ា​ទាល់​តែ​ប្ដី​គាត់​បាន​ចេញ​ពី​ពន្ធនាគារ អ៊ីចឹង​ខ្ញុំ​តវ៉ា​ទាល់​តែ​មាន​ដំណោះស្រាយ​ឱ្យ​ខ្ញុំ​ដូច​គ្នា»

លោក​អំពាវនាវ​ដល់​អង្គការ​សិទ្ធិ​មនុស្ស​នានា រាប់​ទាំង​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ផង ដែល​លោក​បាន​ដាក់​ញត្តិ​ឱ្យ​ជួយ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់ និង​រក​យុត្តិធម៌​ដល់​ពួក​លោក​ផង។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) នៅ​ភ្នំពេញ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការិយាល័យ​របស់​លោក​បាន​ទទួល​ញត្តិ​របស់​កម្មករ ខេ.ឌី.ស៊ី នោះ​ហើយ។ លោក​បញ្ជាក់​ថា ខាង​លោក​កំពុង​ពិនិត្យ​មើល​បញ្ហា​នេះ ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ទេ។ ក្នុង​នាម​ជា​អង្គការ​សិទ្ធិ​មនុស្ស គឺ​ខាង​លោក​នឹង​ការពារ​ដូច​គ្នា៖ «ប៉ុន្តែ​អ្វី​ដែល​សំខាន់ យើង​មើល​ឫសគល់ គឺ​ឫសគល់​នៃ​ការ​បង្ក​ឱ្យ​មាន​អ្នក​រងគ្រោះ។ អ៊ីចឹង​ឫសគល់​នៃ​ការ​បង្ក​ឱ្យ​មាន​អ្នក​រងគ្រោះ គឺ​ចេញ​អំពី​បញ្ហា​ដីធ្លី ដែល​ក្រុមហ៊ុន​មិន​ព្រម​ធ្វើ​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ។ ប៉ុន្តែ​ចំណែក​ពលរដ្ឋ និង​កម្មករ យើង​ចាត់​ទុក​ថា​ជា​ជន​រងគ្រោះ​ដូច​គ្នា»

លោក​ទាមទារ​ឱ្យ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ និង​តុលាការ ឱ្យ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​ក្រុមហ៊ុន​មិន​ព្រម​ដោះស្រាយ​កន្លង​មក ជា​ជាង​ការ​បង្ក​ឱ្យ​មាន​ការ​រងគ្រោះ​ដល់​ប្រជាពលរដ្ឋ និង​កម្មករ​ជា​បន្ត​ទៅ​ទៀត៖ «បើ​សិន​ជា​អនុសាសន៍ និង​ប្រសាសន៍​របស់​សម្ដេច ដែល​បាន​ចេញ​បទបញ្ជា ហើយ​មិន​ព្រម​ដោះស្រាយ​ទេ ឬ​ក៏​ក្រុមហ៊ុន​ណា​មិន​អនុវត្ត អាជ្ញាធរ​ណា​មិន​អនុវត្ត ហ្នឹង​ត្រូវ​តែ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​មន្ត្រី​ទាំងអស់​នោះ ជា​ជាង​ដែល​យើង​ទៅ​គាប​សង្កត់​ទៅ​លើ​ប្រជាពលរដ្ឋ ឬ​ក៏​កម្មករ​នោះ»

បញ្ហា​ហិង្សា​នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង គឺ​ទាក់ទង​នឹង​ជម្លោះ​ដី​ធ្លី​ទំហំ ១៨២​ហិកតារ ដែល​អូស​បន្លាយ​អស់​រយៈពេល​ជិត ១០​ឆ្នាំ​មក​ហើយ រវាង​អ្នក​ភូមិ និង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ដែល​ជា​ភរិយា​របស់ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។ ភាគី​ជម្លោះ​នៅ​ពេល​នេះ បាន​កើន​ឡើង​ទៅ​ជា​បី​ភាគី គឺ​រវាង​អ្នក​ភូមិ និង​ក្រុមហ៊ុន អំពី​ការ​រឹប​អូស​ដីធ្លី និង​រវាង​អ្នក​ភូមិ និង​ក្រុម​កម្មករ អំពី​បញ្ហា​ហិង្សា​នៅ​ក្នុង​ពេល​តវ៉ា​ទាមទារ​ដីធ្លី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។